ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​អាស៊ីអាគ្នេយ៍​​ចាប់​ដើរ​តាម​គន្លង​​​​ចិន​ បង្ក្រាប​ការ​បញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម

  • Steve Herman

នៅ​ក្នុង​រូបថត​ថ្ងៃ​ទី​២៧ កញ្ញា ២០១២ នេះ សិស្ស​វៀតណាម​ពីរ​រូប​ប្រើ​បណ្តាស​សង្គម Facebook នៅ​ហាង​អ៊ីនធឺណិត​កាហ្វេ​មួយ​នៅ​ក្បែរ​អន្តេវាសិកដា្ឋន។
ការ​បង្រាបរបស់​ប្រទេស​ចិនទៅ​លើការបញ្ចេញ​មតិ​ជា​សាធារណៈ​នៅ​តាមបណ្តាញ​សង្គម អំពី​រឿង​នយោបាយ​និង​ប្រធានបទ​ផ្សេង​ទៀត ត្រូវគេដឹង​ជា​ទូទៅ​ហើយ។ ប៉ុន្តែ​ក៏​មាន​ប្រទេស​អាស៊ី​អាគ្នេយ៍មួយ​ចំនួន​ហាក់​ចាប់​ផ្តើម​យក​គំរូ​តាមការ​បង្រាប​តាម​អ៊ីនធឺណិត​របស់​ចិន​នេះដែរ។

ការ​ព្រមាន​ពី​អាជ្ញាធរ​និង​បទ​បញ្ជា​ថ្មីៗ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូច​ជា​ប្រទេស​ថៃ​និង​វៀតណាម ប្រហែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​រារែក​ក្នុង​ការ​សរសរ​បញ្ចេញ​មតិ ឬសូម្បីតែ​ចុច​ពាក្យ «Like» នៅ​ក្នុង​បណ្តាញ​ ហ្វេសប៊ុក (Facebook) ដ៏​មាន​ប្រជាប្រិយភាព។

ប្រទេស​ថៃ​មាន​អ្នក​ប្រើប្រាស់ Facebook ​ចំនួន​១៥​លាន​នាក់ គឺ​ស្មើ​នឹង​ជាង​១​ភាគ​៥​នៃ​ប្រជាជនសរុប​របស់​ប្រទេស​ថៃ។ ម៉្យាង​ទៀត នៅ​ប្រទេស​វៀតណាម​មាន​ពលរដ្ឋ​រហូត​ដល់​ប្រមាណ​៤០%​ប្រើប្រាស់​អ៊ីនធឺណិត ដោយ​សារ​មាន​កំណើនយ៉ាង​ខ្លាំង​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ទំនើប (smartphones)។​ បណ្តាញ​សង្គម​ដូច​ជា​ Facebook និង Zing Me មាន​អ្នក​ប្រើប្រាស់រៀងៗ​ខ្លួន​ប្រមាណ​១២​លាន​នាក់​នៅ​ក្នុង​ប្រទេស​វៀតណាម។

យោង​តាម​លោក Shawn Crispin តំណាងប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​របស់​អង្គការ​គណៈកម្មាធិការ​ដើម្បី​ការពារ​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​មាន​ការ​បញ្ចេញ​ទស្សនៈ​កាន់​តែ​ច្រើននៅ​ក្នុង​បណ្តាញ​សង្គម រដ្ឋាភិបាល​រនៅ​ក្នុង​តំបន់នេះ​កាន់តែ​យក​គំរូ​តាម​ជោគជ័យ​របស់​ប្រទេស​ចិន​ក្នុង​ការ​គ្រប់គ្រង​ការ​ពិភាក្សា​ក្នុង​បណ្តាញ​អ៊ីនធឺណិត។

លោក​ថ្លែង​ថា៖ «បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំង​នេះ ហើយ​ខ្ញុំ​សំដៅ​ទៅ​ប្រទេស​ដូច​ជា​ថៃ វៀតណាម និង​ម៉ាឡេស៊ី គឺ​កាន់​តែ​យក​គំរូ​តាម​វិធីនិងយុទ្ធសាស្ត្ររបស់​ប្រទេស​ចិន​ក្នុង​ការ​បង្រ្កាប​សេរីភាព​តាម​អ៊ីនធឺណិត ហើយ​ការណ៍​នេះ​ក៏​កាន់​តែ​កើត​មាន​ក្នុង​បណ្តាញ​សង្គម​ផង​ដែរ។»

លោក Sermsuk Kasitipradit អ្នក​យក​ព័ត៌មាន​ជាតិ​ថៃ​ដ៏​ល្បី​មួយ​រូប​ដែល​គេ​ស្គាល់​តាម​ឈ្មោះ «Pepsi» ដែល​ជា​ឈ្មោះ​លោកជា​អ្នក​សរសេរ​គេហទំព័រ​ប្លក់ (blog) ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​អាជ្ញាធរ​ថៃចុច​មុខនា​ពេល​ថ្មីៗ​នេះ ដើម្បី​សួរ​ចម្លើយ​ទាក់ទង​ការ​សរសេររបស់​លោក​នៅ​ក្នុង Facebook។ និពន្ធ​ជាន់​ខ្ពស់រូប​នេះ​ដែល​បម្រើការនៅ​ទី​ភ្នាក់ងារ​ផ្សាយ​សារធាណៈ​របស់​ថៃ Thai PBS និយាយ​ថា នគរបាល​កំពុង​ព្យាយាម​យក​ករណី​លោក​ធ្វើ​ជា​ឧទាហរណ៍​ ដោយ​យក​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​កុំព្យូទ័រ​ឆ្នាំ​២០០៧ មក​អនុវត្ត​ជា​លើក​ដំបូង។

លោក​ Sermsuk និយាយ​ថា៖ «តាម​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ នេះ​គឺ​ជា​ទម្រង់​មួយ​នៃ​ការ​គំរាមកំហែង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម។ រឿង​នេះ​មិន​ដែល​ធ្លាប់​មានពី​មុន​ទេ​នៅ​ក្នុង​ប្រទេស​ថៃ។»

លោក Sermsuk និយាយ​ថា ការ​សរសរ​តាម​អ៊ីនធឺណិត​របស់​លោក​ក្នុង​រឿង​នេះ គួរ​តែ​កាត់​បន្ថយ​សេចក្តី​បារម្ភ​របស់​អាជ្ញាធរ​ទៅ​វិញ​ទេ ព្រោះ​លោក​បាន​ជួយបំបាត់​ពាក្យ​ចចាម​អារ៉ាម​អំពី​រដ្ឋប្រហារ​ថ្មី​មួយ​នៅ​ប្រទេស​ថៃ។ លោក​បាន​សរសេរ​ក្នុង Facebook ថា រដ្ឋប្រហារ​មុន​ដែល​ធ្វើ​បាន​សម្រេច​សុទ្ធ​តែ​អាស្រ័យ​ការ​គាំទ្រ​ពី​មេបញ្ជាការ​កងទ័ព។

លោកSermsuk ពន្យល់​ថា៖ «ដូច្នេះ​ខ្ញុំ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ក្នុង​សំណេរ​ថា រឿង​រដ្ឋប្រហារ​នេះ​មិន​អាចកើត​ឡើង​ទេ កុំ​បារម្ភ​អី។ លោក​មេបញ្ជាការ​នឹង​មិនយក​ខ្លួន​ឲ្យ​មក​ជាប់ទាក់ទង​នឹង​រឿង​បែប​នេះ​ទេ។»

អាជ្ញាធរ​ថៃ​ក៏​បាន​ធ្វើ​ការ​ព្រមាន​ដល់​សាធារណជន​ថា ការ​ចែក​រំលែក ឬ share ទស្សនៈ​អ្នក​ដទៃ​លើ​អ៊ីនធឺណិត ឬ​សូម្បី​ការ​ចុច​ពាក្យ Like ទៅ​លើសំណេរ​ក្នុង Facebook អាច​ធ្វើ​ឲ្យ​ពួក​គេ​ប្រឈម​នឹង​ទណ្ឌកម្ម​ដូច​អ្នក​សរសេរ​ដែរ ប្រសិន​បើ​គេ​រក​ឃើញ​ថា​មតិ​ដើម​ខុស​ច្បាប់។

លោក Sermsuk មិន​យល់​ស្រប​នឹង​ការ​ព្រមាន​នេះ​ទេ៖ «ខ្ញុំ​គិត​ថា​នេះ​ជា​ការ​យល់ឃើញ​ឆ្កួតៗ។ ការ​ព្រមាន​បែប​នេះ​មិន​គួរ​មាន​ទេ ពី​បណ្តាញ​សង្គម​គួរ​តែ​ជា​មធ្យោបាយ​សម្រាប់​ឲ្យ​ពលរដ្ឋ​អាច​បញ្ចេញ​មតិ​របស់​ពួក​គាត់​ដោយ​សេរី សូម្បី​តែ​ចំពោះ​រឿង​នយោបាយ​ក៏​ដោយ។»

លោក Shawn Crispin នៃគណៈកម្មាធិការ​ដើម្បី​ការ​ពារ​អ្នកយក​ព័ត៌មាន​និយាយ​ថា ប្រទេស​ថៃ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​បែកបាក់កាន់តែ​ខ្លាំងខាង​ផ្នែក​នយោបាយ​នោះ នៅ​មិន​ទាន់មាន​ករណី​ការ​ចាប់​ខ្លួន​នរណា​ម្នាក់​ចំពោះ​ការ​គាំទ្រ​មតិ​លើ​អ៊ីនធឺណិត​របស់​ជន​ម្នាក់​ទៀត​នៅ​ឡើយទេ។
លោក​ថា៖ «ប្រសិន​បើ​កើត​មានការ​ចាប់​ខ្លួនបែបនេះ​មែន នោះ​ប្រទេស​ថៃ​អាច​ធ្លាក់​ខ្លួន​ទៅ​ស្ថិត​នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដែល​ជាអ្នក​រំលោភសេរីភាព​តាម​អ៊ីនធឺណិត​ខ្លាំង​បំផុត​ក្នុង​ពិភពលោក។»

ការិយាល័យ​ទទួល​បន្ទុក​ការ​បង្រ្កាប​ឧក្រិដ្ឋកម្ម​ខាង​បច្ចេកវិទ្យា​របស់នគរបាល​ថៃ ក៏​បាន​សម្តែង​ឆន្ទៈចង់​ឃ្លាំ​មើល​គេហទំព័រ​ជជែក​លេង (chat) ឈ្មោះ Line ដ៏​ពេញ​និយម​បំផុត​នៅ​ប្រទេស​ថៃ ​ជា​ក្រុមហ៊ុន​ជប៉ុន​កើត​ពី​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​មួយ ហើយ​ដែល​មាន​អ្នក​ប្រើប្រាស់​រហូត​ដល់​១៥​លាន​អ្នក​នៅ​ក្នុងប្រទេស​ថៃ។

វិចារណកថា​មួយ​នៅ​ក្នុង​សារព័ត៌មាន​ The Nation ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​បាងកក​ប្រទេស​ថៃ និយាយ​ថា ប្រសិន​បើ​រដ្ឋាភិបាល​ចាប់ផ្តើម​កម្មវិធី​ឈ្លប​មើល​បែប​នេះ​មែន​ នោះ«វា​នឹង​ទៅ​ជា​ការ​ចំអក​មួយ»។

នៅ​ប្រទេស​វៀតណាម​វិញ ការ​ផ្តោត​អារម្មណ៍​នៅ​ពេល​នេះ​គឺ​ទៅ​លើក្រឹត្យ​លេខ​៧២ ដែល​ទើប​ត្រូវ​អនុម័ត ហើយ​ដែល​ហាក់​ដូច​ហាមប្រាម​រាល់​ការ​បង្ហោះ​ព័ត៌មាន​នានានៅ​លើគេហទំព័រ​ផ្ទាល់​ខ្លួន (blog) ឬ​ក្នុង​បណ្តាញ​សង្គម។ ច្បាប់​នេះ​ក៏​តម្រូវ​ឲ្យ​គេហទំព័រ​អន្តរជាតិពេញ​និយមដូច​ជា Google Facebook និង Yahoo បង្កើត​កុំព្យូទ័រ​មេ (server) នៅ​ក្នុង​ប្រទេស​វៀតណាម។

​ក្រឹត្យ​លេខ​៧២​កម្រិត​ការសរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម Twitter Facebook និង​គេហទំព័រ​ផ្សេង​ទៀត ឲ្យ​នៅ​ត្រឹម​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។ លោក Crispin កត់​សម្គាល់​ថា​ក្រឹត្យ​លេខ​៧២​នេះ អាច​នាំ​ឲ្យ​ការ​បិទ​បណ្តាញ​សង្គម​ទាំង​នេះ​តែ​ម្តង​នៅ​ក្នុង​ប្រទេស​វៀតណាម។

លោក Crispin ពន្យល់​ថា៖ «ការ​ស្រាវជ្រាវ​របស់​យើង​បាន​រក​ឃើញ​ថា មាន​ទី​ភ្នាក់ងារ​មួយ​ចំនួន​របស់​រដ្ឋាភិបាលកំពុង​បង្កើត​គេហទំព័រ​ថ្មីៗ ជា​ភាសា​ជាតិ ដែល​អាចជំនួស​ឲ្យ​ Facebook ឬ Google។ ប្រសិន​បើ​គេហទំព័រ (បរទេស) ទាំង​នេះ​ត្រូវ​គេ​បិទ​ជា​ផ្លូវការ​មែន​នោះ​ ពួក​គេ​ប្រាកដ​ជា​សង្ឃឹម​ថា​ គេហទំព័រ​ថ្មីៗ​ទាំង​នេះដែល​រដ្ឋាភិបាល​បាន​បង្កើត នឹង​អាចបំពេញ​តម្រូវការជា​ជំនួស​វិញ ហើយ​វា​ប្រាកដ​ណាស់​ថា​គេហទំព័រ​ថ្មី​ទាំង​នេះ​នឹង​ត្រូវ​គ្រប់គ្រង​និង​ឃ្លាំ​មើល​ដោយ​រដ្ឋាភិបាល។ ដូច្នេះ​មើល​ទៅ​ទំនង​ជា​នឹង​មាន​ការ​ប្រឈម​មុខ​គ្នា​រវាង​ក្រុមហ៊ុនបច្ចេកវិទ្យា​អន្តរជាតិ​ទាំង​នេះ​ជាមួយ​នឹង​អាជ្ញាធរ​វៀតណាម នៅ​ពេល​ខាង​មុខ។»

នៅ​ក្នុង​ឆ្នាំ​នេះ ប្រទេស​វៀតណាម ដែល​មាន​ប្រព័ន្ធ​នយោបាយ​ឯកបក្ស បាន​ចាប់​អ្នក​សរសេរ​ប្លុក​រាប់​សិប​នាក់​ដាក់​ពន្ធនាគារ​ចំពោះសកម្មភាព​ប្រឆាំង​រដ្ឋាភិបាល។

ចំណែក​ប្រទស​ថៃ​វិញ តែង​អនុវត្ត​ច្បាប់​ហាមឃាត់​ការ​ប្រមាទ​រាជវង្សានុវង្ស​ ទាំង​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត និង​នៅ​ក្រៅ​ពី​បណ្តាញ​អ៊ីនធឺណិត។

នៅ​ប្រទេស​ម៉ាឡេស៊ី ថ្វី​បើ​រដ្ឋាភិបាល​បាន​សន្យា​ថា​នឹង​មិន​មាន​ការ​ត្រួតពិនិត្យ​លើ​បណ្តាញ​អ៊ីនធឺណិត​ក្តី ក៏​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​បានត្អូញត្អែរ​ថា គេហទំព័រ​មួយ​ចំនួន​ គណនី Facebook និង​គេហទំព័រ​ផ្សេង​ទៀត ត្រូវ​គេ​សម្រាំង​សេចក្តី ហើយ​អ្នក​ចូល​មើល​គេហទំព័រ​ទាំង​នោះ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ឈ្លប​មើល។

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ច្បាប់ប្រឆាំង​ឧក្រិដ្ឋកម្ម​តាម​អ៊ឺនធឺណិត​ដែល​កំពុង​ត្រូវ​គេ​ពិនិត្យ​ បាន​រង​ការ​រិះគន់​ថា​ជា​ការ​គំរាម​កំហែង​ដល់​សេរីភាព​បញ្ចេញ​មតិ។

ចំណែក​ប្រទេស​ភូមា ឬ មីយ៉ាន់ម៉ារ​វិញ មក​ដល់​ពេល​ថ្មីៗ​នេះ​បាន​ជាប់​ឈ្មោះ​មិន​ល្អ​ចំពោះ​ការដាក់​ពន្ធនាគារ​អ្នក​សរសេរ​ប្លុក អ្នក​យកព័ត៌មាន និង​កវី។ ប៉ុន្តែ​កំណែ​ទម្រង់​ខាង​ប្រជាធិបតេយ្យ​បាន​នាំ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ឈប់​ធ្វើ​ការ​បិទ​បណ្តាញ​ Facebook ដែលបណ្តាញ​សង្គម​នេះ​បានលេច​មុខជាគេហទំព័រ​ដ៏មាន​ប្រជាប្រិយភាព​មួយសម្រាប់​អ្នក​សរសេរ​ប្លុក និង​ការ​ចែកចាយ​ព័ត៌មាន៕

ប្រែសម្រួល​ដោយ សឹង សុផាត
XS
SM
MD
LG