ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តី​ព្រាង​ច្បាប់​តឹងតែង​ស្តីពី​អ៊ីនធឺណិតត្រូវ​រិះគន់


យុវជន​ខ្មែរ​កំពុង​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ហាង​កាហ្វេ​មួយ​នៅ​​ក្នុង​ទី​ក្រុង​ភ្នំពេញ​​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​ឧសភា​ឆ្នាំ​២០១០។
យុវជន​ខ្មែរ​កំពុង​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ហាង​កាហ្វេ​មួយ​នៅ​​ក្នុង​ទី​ក្រុង​ភ្នំពេញ​​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​ឧសភា​ឆ្នាំ​២០១០។
សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​អ៊ីនធឺណិត​ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ពុធ​នេះ​បង្ហាញ​ថា ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ណា​ដែលបង្ហោះ​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​មាន​ចរិត​ញុះញុង់​ ឬ​ប្រាសចាក​ពី​ការណ៍​ពិត អាច​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ និង​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​១​ឆ្នាំ​ទៅ​៣​ឆ្នាំ។ ​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ និង​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​បាន​រិះគន់​សេចក្តី​ព្រាងច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ។​

ក្រុម​មន្ត្រី​រដ្ឋា​ភិបាល ​មន្ត្រី​អង្គការ​ជាតិ​ និង​អន្តរជាតិ​កំពុង​ជជែក​ពិភាក្សា​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រងប្រព័ន្ធ​អ៊ីនធឺណិត ​ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​រិះគន់។​ នេះ​បើយោង​តាម​ប្រភព​ពី​មន្ត្រី​ជាន់ខ្ពស់​រដ្ឋា​ភិបាល​ដែល​បាន​ឲ្យ​ដឹង​នៅថ្ងៃ​ពុធ​នេះ។​

ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​ដ៏​សម្ងាត់​ និង​ចម្រូងចម្រាស​នេះ​ ត្រូវ​បាន​ស្នើ​ឡើង​នៅ​ខែ​ឧសភា​ឆ្នាំ​២០១២ ​និង​ត្រូវ​បាន​បកប្រែ​ជា​ភាសា​អង់គ្លេស​ក្រៅ​ផ្លូវ​ការ ​និងបង្ហោះ​លើ​គេហទំព័រ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ នៅ​ថ្ងៃ​ពុធ​នេះ។ ​សេចក្ដីព្រាង​ច្បាប់​នេះ​ ប្រសិន​បើ​អនុម័ត​ជា​ផ្លូវ​ការ​ នឹង​រឹត​បន្តឹង​សេរីភាព​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា។​

លោកផៃ ស៊ីផាន ​រដ្ឋលេខធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី ​ថ្លែង​ប្រាប់​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​ថា​ នៅ​ពេល​នេះ​ច្បាប់​នេះ​កំពុង​ស្ថិត​ក្រោម​ការពិភាក្សា​នៅ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ដោយ​មាន​ការ​ចូលរួម​ពី​សង្គម​ស៊ីវិល។​

«ជា​បឋម​ អ្នក​ផ្តើម​ហ្នឹង​គឺ​ក្រសួង​ទូរគមនាគមន៍។ ​នៅ​ក្នុង​ដំណាក់កាល​នេះ​គឺ​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា​នៅ​ឡើយ​ទេ ​នៅ​មិន​ទាន់​ចេញ​ជា​ទ្រង់ទ្រាយ​នៅ​ឡើយ​ទេ​ គឺ​កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​ជាមួយ​អង្គការ​អន្តរជាតិ ​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន»។​ ​

សេចក្តី​ព្រាង​ច្បាប់​នោះចែង​ថា​ រាល់​ការ​បង្ហោះ ​ឬ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មាន​ចរិត​ញុះញង់​ឱ្យ​ប្រកាន់​ពូជសាសន៍ ​ពណ៌​សម្បុរ ​និង​ភេទ ​ឬ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ និង​ស្ថាប័ន​រដ្ឋាភិបាល ​ឬ​ប៉ះពាល់​ដល់​អធិបតេយ្យ​ភាព​ និង​បូរណភាព​ដែន​ដី​កម្ពុជា ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​មួយ​ឆ្នាំ​ទៅ​៣​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ចន្លោះ​ពី​២​ទៅ​៦​លាន​រៀល។​

ខ្លឹមសារ​នេះ​គឺ​ហាក់​ដូចជា​ផ្ទុយ​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​នា​ពេល​កន្លង​មក ​ដែល​ថា ​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​មិន​មាន​គោល​ដៅ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​ទេ។​

លោកស្រី​ចក់ សុភាព ​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ចាត់​ទុក​សេចក្តី​ព្រាង​ច្បាប់​នេះ​ថា ​ជា​ការ​រឹត​ត្បិត​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។​

«សំខាន់​សេចក្តី​ព្រាង​ច្បាប់​នេះ វា​មាន​បញ្ញត្តិ​មួយ​ចំនួន​ដែល​គួរ​ឱ្យ​បារម្ភ​ណាស់​ ដូច្នេះ​សំខាន់​បំផុត​វា​អាច​មាន​ផល​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​ ហើយ​ប្រសិន​បើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ក្នុង​ទម្រង់​បែប​នេះ ​ វា​គ្រោះថ្នាក់​បំផុត​សម្រាប់​សកម្មជន​សិទ្ធិ​មនុស្ស​ និង​បុគ្គល​ទូទៅ​ដែល​មាន​មតិ​ ឬ​គំនិត​ដែល​ផ្ទុយ​ពី​រដ្ឋាភិបាល​បច្ចុប្បន្ន»។​

វីអូអេ​បាន​ព្យាយាម​ទាក់ទងសុំ​ការ​បំភ្លឺ​ពីលោកខៀវ កាញ៉ារិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ និង​លោក​ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ​តែ​មិន​អាច​ទំនាក់​ទំនង​បាន​ទេ​នៅ​ថ្ងៃ​នេះ។​

លោកផៃ ស៊ីផាន​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំ​វិញ​សេចក្តី​ព្រាង​ច្បាប់​ដែល​បែក​ធ្លាយ​នេះ​ទេ ​រហូត​មាន​ការ​អនុម័ត​ជា​ផ្លូវ​ការ។​

«ខ្ញុំ​មិន​ផ្តល់​ការ​វិភាគ​ទៅ​លើ​អ្វី​ដែល​មិន​ទាន់​ជា​ផ្លូវ​ការ​ទេ ​កាល​ណា​វា​ជា​ផ្លូវ​ការ​យើង​អាច​ជជែក​គ្នា»។​

សព្វ​ថ្ងៃ​នេះ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា​អាច​បញ្ចេញ​មតិ​យោបល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដូចជា​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុកបាន​ដោយ​សេរី​តាម​រយៈ​ការ​បង្ហោះ ​និងការ​ចែក​រំលែក​ព័ត៌មាន​ និង​មតិ​ផ្ទាល់​ខ្លួន​ជុំ​វិញ​បញ្ហា​រសើប​នានា​ដូចជា​ការ​រិះគន់​រដ្ឋាភិបាល ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ការ​រំលោភ​សិទ្ធិ មនុស្ស បញ្ហា​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ ​និង​បញ្ហា​សង្គម​ផ្សេងៗ​ទៀត។ ​ព័ត៌មាន​ទាំង​នេះ ​ជា​ទូទៅ​ មិន​អាច​ទទួល​បាន​តាម​រយៈ​ទូរទស្សន៍ វិទ្យុ និង​កាសែត​ក្នុង​ស្រុក​ភាគ​ច្រើន​ ដែល​មាន​និន្នាការ​ទៅ​កាន់​គណបក្ស​កាន់​អំណាច​នោះ​ទេ។​

លោកឡុញ សាមឌី ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​សកម្ម​ម្នាក់​ក្នុង​ក្រុង​ភ្នំពេញ​បារម្ភ​ថា​ ​សេចក្តី​ព្រាង​ច្បាប់​នេះ​អាច​នឹងប៉ះពាល់​ដល់​សិទ្ធិ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ខ្លួន។​

«បើ​សិន​ជា​មាន​ច្បាប់​គ្រប់គ្រង​ការ​ប្រើប្រាស់​ កុំ​ឱ្យ​មាន​មនុស្ស​ខូច​ខិល​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នោះ​ វា​ក៏​ជា​ការ​ល្អ​មួយ​ដែរ។ ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​ច្បាប់​ហ្នឹង​ គេ​ធ្វើ​មក​ដើម្បី​រឹត​បន្តឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ នោះ​ជា​រឿង​មួយ​ដែល​មិន​ល្អ​សម្រាប់​សង្គម​ខ្មែរ​យើង ​ដែល​ដើរ​ទៅ​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ ហើយ​អ៊ីនធឺណិត​ហ្នឹង​ជា​មធ្យោបាយ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ការ​បញ្ចេញ​មតិ»។​

បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​រដ្ឋាភិបាល​នា​ពេល​កន្លង​មក​ ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អ៊ីនធឺណិត​ដ៏​ចម្រូង​ចម្រាស​នេះ​អាច​នឹង​ត្រូវ​អនុម័ត​ក្នុង​អាណត្តិ​ទី​៥​នេះ។​

យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ត្រឹម​ឆ្នាំ​២០១៣ ​កម្ពុជា​មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​៤​លាន​នាក់ ​ដែល​កើន​ឡើង​៤២​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១២៕​
XS
SM
MD
LG