ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខេត្ត​ Aceh របស់​ឥណ្ឌូនេស៊ី​ដើរ​តួ​ជា​ជម្រក​បណ្តោះ​អាសន្ន​របស់​ជន​ភៀស​ខ្លួន​តាម​ទូក


រូបថតឯសារ៖ ពួក​ជន​ទេសន្តរប្រវេស​រង់ចាំ​ការ​ជួយ​សង្គ្រោះ​ពី​ពួក​អ្នក​នេសាទ​ខេត្ត​ Aceh នៅ​ក្នុង​សមុទ្រ​នៃ​ខេត្ត​ Aceh ភាគ​ខាង​កើត ប្រទេស​ឥណ្ឌូនេស៊ី​ កាលពីថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ២០១៥។
រូបថតឯសារ៖ ពួក​ជន​ទេសន្តរប្រវេស​រង់ចាំ​ការ​ជួយ​សង្គ្រោះ​ពី​ពួក​អ្នក​នេសាទ​ខេត្ត​ Aceh នៅ​ក្នុង​សមុទ្រ​នៃ​ខេត្ត​ Aceh ភាគ​ខាង​កើត ប្រទេស​ឥណ្ឌូនេស៊ី​ កាលពីថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ២០១៥។

ខេត្ត​ Aceh ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ទទួល​តួនាទី​សំខាន់​ជា​អ្នក​ជួយ​សង្គ្រោះមនុស្ស​រត់​តាម​ទូក​របស់​អាស៊ី​រាប់​រយ​នាក់​ឲ្យ​រស់​នៅ​ជា​បណ្ដោះអាសន្ន​នៅ​ក្នុង​ជំរំ​ជន​ភៀសខ្លួន​ បន្ទាប់​ពី​ពួកគេ​បាន​ធ្វើ​ដំណើរ​តាម​សមុទ្រ​យ៉ាង​គ្រោះថ្នាក់។​ ក្រុម​ការងារ​មនុស្សធម៌និង​សង្គ្រោះ​និយាយ​ថា ​ជនជាតិ​ Rohingya​ ជា​ច្រើន​ទំនង​នឹង​ប្រថុយ​ធ្វើ​ដំណើរ​គ្រោះថ្នាក់​តាម​សមុទ្រ​នៅ​ក្នុង​ខែ​ខាង​មុខ ​បន្ទាប់​ពី​ខែ​បុណ្យ​សាសនា​របស់​អ៊ីស្លាម​ Ramadan។

នៅ​ខេត្ត ​Aceh ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ មាន​ការ​ផ្តល់​ទី​កន្លែង​ដល់​ជន​ភៀសខ្លួន​ ២.០០០​នាក់​មក​ពី​ប្រទេស​បង់ក្លាដែស​និង​ជនជាតិ​ភាគ​តិច​កាន់​សាសនា​អ៊ីស្លាម​ Rohingya មក​ពី​មីយ៉ាន់ម៉ាដែល​កំពុង​ត្រូវ​ដាក់​ក្នុង​ជំរំ​បន្ទាប់​ពី​ក្រុម​អ្នក​នេសាទ​នៅ​តំបន់​នេះ​បាន​ជួយ​សង្រ្គោះ​ពួកគេ​ពី​ក្នុង​សមុទ្រ។​ នៅ​ក្នុង​កិច្ច​ព្រមព្រៀង​របស់​តំបន់​ ជនជាតិ​ Rohingya ​នឹង​អាច​នៅក្នុង​ជំរំ​នេះ​រយៈពេល​មួយ​ឆ្នាំ​ ខណៈ​ពេល​ដែល​ជនជាតិ​បង់ក្លាដែស​នឹង​ត្រូវ​បញ្ចូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ។

សម្រាប់​ជនជាតិ​ Rohingya ខេត្ត Aceh ជា​ឱកាស​ចុងក្រោយ​របស់​ពួកគេ​សម្រាប់​ការ​ជ្រកកោន​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​បោះ​បង់​ចោល​ដោយ​ពួក​រត់​ពន្ធ​មនុស្ស​នៅ​ក្នុង​សមុទ្រ។

លោកស្រី Lillian Fan សមាជិក​ក្រុម​មនុស្សធម៌និង​ជា​អ្នក​ស្រាវជ្រាវ​ក្នុង​ខេត្ត Aceh បាន​និយាយ​ថា ​មាន​តែ​អ្នក​នេសាទ​ក្នុង​តំបន់​នេះ​ទេ​ដែល​ព្រម​ជួយ​សង្គ្រោះ​ជនជាតិ​Rohingya។

«ទី​កន្លែង​ដូច​ជា​ខេត្ត Aceh ត្រូវ​បាន​ប៉ះពាល់​ដោយ​ជម្លោះ​ប្រដាប់​អាវុធ​អស់​រយៈ​ពេល ៣០ ឆ្នាំ គឺ​ប្រហែល​ជា​កន្លែង​តែ​មួយ​គត់​ដែលស្វាគមន៍​ជនជាតិ​ Rohingya នេះ​ជា​ការ​ស្វាគមន៍​ពិត​ប្រាកដ​ជាមួយ​នឹង​ស្មារតី​មនុស្សធម៌​មែន។ ខ្ញុំ​ពិត​ជា​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​មេ​ដឹកនាំ​នៅ​ក្នុង​តំបន់​នេះ គឺ​ថ្នាក់​អន្តរជាតិ​ ថ្នាក់​តំបន់​ ថ្នាក់​ជាតិ​ គឺ នៅ​ក្នុង​លក្ខខណ្ឌកង្វះសមត្ថភាព​ពេញលេញ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​សង្គ្រោះ​ជីវិត​មនុស្ស​នៅ​ក្នុង​ហានិភ័យ»។

ប្រជាជន​នៃ​ខេត្ត Aceh ​ជា​អ្នក​ស្គាល់​ការ​លំបាក។ ខេត្ត​នេះ​ប្រឈម​មុខ​នឹង​អំពើ​ហិង្សា​បែកបាក់​រយៈ​ពេល ៣០ ឆ្នាំ​ហើយ​ក្នុង​ឆ្នាំ ២០០៤ គឺ​ជា​ចំណុច​កណ្តាល​នៃ​ការ​រញ្ជួយ​ដី​និង​ស៊ូណាមី​មហាសមុទ្រ​ឥណ្ឌា​ដែល​រួម​គ្នា​គេ​អះអាង​ថា​បាន​ឆក់​ជីវិត​ប្រជាជនឥណ្ឌូនេស៊ីរហូត​ដល់​ទៅ ១៥០.០០០ នាក់​ខេត្ត Aceh ​តែ​មួយ។

លោកស្រី​ Fan បាន​និយាយ​ថា ​អ្នក​នេសាទ​មិន​ស្តាប់​បង្គាប់​នឹង​ក្រុម​មន្រ្តី​ដែល​បាន​ប្រាប់​ពួកគេ​មិន​ឱ្យ​ធ្វើ​អន្តរាគមន៍​ជួយ​សង្រ្គោះប្រជាជន​លើ​ទូក​នោះ។ ​លោកស្រី​បាន​និយាយ​ថា ៖ កង​ទ័ព​ជើង​ទឹក​ឥណ្ឌូនេស៊ី​ ដំបូង​ផ្ដន្ទា​ទោស​អ្នកនេសាទ​ដោយ​ដកហូត​ទូក​របស់​ពួកគេ​មួយ​ចំនួននិងលិខិត​អនុញ្ញាត​របស់​ពួកគេ។ ប៉ុន្តែ​អ្នកនេសាទ​នៅ​តែ​បន្ត​ស្វែងរក។

«នេះ​ជា​ចំណុច​ល្អ​មួយ​ដែល​មនុស្ស​ធម្មតា​មាន​ ដូចជា​ អ្នក​នេសាទ​ អ្នក​ភូមិ ​និង​អ្នក​ដែល​នៅ​ក្នុង​ខេត្ត Acehនេះ​ ដែល​ធ្លាប់​ជា​ជនរងគ្រោះ​នៃ​ជម្លោះ​ដែរ​ ហើយ​ការ​ពិត​ពួកគេ​មិនគ្រាន់​តែ​ជួយ​សង្គ្រោះ​នោះ​ទេ ប៉ុន្តែ​ពួកគេ​ស្វែងរក​និង​ជួយ​សង្គ្រោះ ​ព្រោះគេ​ដឹង​ថា​មាន​មនុស្ស​នៅទីនោះ»។

ការ​កើន​ឡើង​នៃ​ចំនួន​ជនជាតិ​ភាគ​តិច​កាន់​សាសនា​អ៊ីស្លាម​ Rohingya ដែល​រត់​ភៀស​ខ្លួន​ពី​ការ​ធ្វើ​ទុក​បុក​ម្នេញ​នៃ​អំពើ​ហិង្សា​និង​សង្គម​កាត់​កាល់​ចោល​នៅ​ក្នុង​រដ្ឋ​ Rakhine ​របស់​មីយ៉ាន់ម៉ា​ឬ​ភូមា​ដែល​នៅ​ទីនោះ​ជនជាតិ​នេះ​ភាគ​ច្រើនគឺ​ជា​មនុស្ស​គ្មាន​រដ្ឋ​។ ភាព​អស់​សង្ឃឹម​របស់​ជនជាតិ​ Rohingyaជា​កត្តា​ជំរុញ​ឱ្យ​ពួក​ទៅ​គេ​ទូក​រត់​ពន្ធ​របស់​ជនជាតិ​នេះ​ដើម្បី​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី។

ទូក​ជនជាតិ​ Rohingya ​ជា​លើក​ដំបូង​ត្រូវ​បាន​គេ​សង្រ្គោះ​នៅ​ភាគ​ខាង​កើត​ខេត្ត Aceh នៅ​ថ្ងៃ​ទី​១០ ​ខែ​ឧសភា​ ​លើក​ទី​ពីរ​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា។ នៅ​លើ​ទូក​មាន​ការ​ខ្វះ​ស្បៀង​អាហារ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រយុទ្ធ​ប្រឆាំងហិង្សា​រវាងជនជាតិ​ Rohingya​ និង​ប្រជាជន​បង់ក្លាដែស។ ក្រុម​មនុស្សធម៌​និយាយ​ថា ​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​សម្លាប់​ឬ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។ ទូក​ចុងក្រោយ​ត្រូវ​បាន​សង្គ្រោះ​នៅ​ក្នុង​ខេត្ត Aceh ​នៅ​ថ្ងៃ​ទី​ ២០ ខែ​ឧសភា។

រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​គាំទ្រ​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​ខេត្ត​ Aceh​ ដោយ​ចំណាយ​ប្រាក់ ១៧៤.០០០ ដុល្លារ​សម្រាប់​ជនជាតិ​បង់ក្លាដែស​និង ​Rohingya។ ប៉ុន្តែ​គេ​ក៏​សង្ឃឹម​ថា​មានការ​គាំទ្រ​ពី​អន្តរជាតិ​។

លោកស្រី ​Htike Htike ​អ្នក​ធ្វើ​ការ​ខាង​មនុស្សធម៌​ជាតិ ​Rohingya ​និង​ជា​សហ​ស្ថាបនិក​នៃ​មូលនិធិ​ Equality Harmony Together Foundationបាន​និយាយ​ថា​ជន​ភៀស​ខ្លួន​ជា​ច្រើន​នៅ​ក្នុង​ជំរំ​ព្រួយ​បារម្ភ​អំពី​អនាគត​និង​សមាជិក​ក្រុម​គ្រួសារ​ដែល​ពួក​គេ​បាន​ចាក​ចោល។

«សម្រាប់​ជនជាតិ ​Rohingya​ ​រដ្ឋាភិបាល [ឥណ្ឌូនេស៊ី] បាន​និយាយ​ថា​ពួក​គេ​មាន​ជំរក​សម្រាប់​រយៈពេល​មួយ​ឆ្នាំ​នៅ​ក្នុង​ខេត្ត Aceh ។ ប៉ុន្តែ​នៅ​តែ​មនុស្ស​គ្រប់គ្នា​ចង់​ដឹង​ថា​ តើ​មាន​អ្វី​បន្ទាប់​មក​ទៀត​សម្រាប់​ពួក​គេ។ ឬ​មួយ​ពួក​គេ​នឹង​ត្រូវ​និរទេស​ទៅ​ប្រទេស​ភូមា​សារ​ជា​ថ្មី​ម្តង​ទៀត ​ឬ​ពួក​គេ​មាន​ជម្រើស​ក្នុង​ការ​ស្នាក់​នៅ​ក្នុង​ខេត្ត Aceh ឬ​ការ​តាំង​ទីលំនៅ​ថ្មី​មួយ។ ដូច្នេះ​វា​ជា​រឿង​ធម្មតា​សម្រាប់​ពួក​គេ​មាន​សំណួរ​ទាំង​នេះ»។

ទោះ​បី​ជា​មាន​គ្រោះថ្នាក់​ក៏​ជនជាតិ Rohingya ​ជា​ច្រើន​ទៀត​ទំនង​ជា​ស្វែង​រក​ការ​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ លោកស្រី Htike បាន​និយាយ​ថា​ ស្ត្រី​មួយ​ចំនួន​នៅ​ក្នុង​ជំរំ​ខេត្ត Aceh មាន​ស្វាមី​ដែល​បាន​ចាកចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​ឆ្នាំ ២០១២ និង​ឆ្នាំ ២០១៣ ​ត្រូវ​បាន​គេ​ជឿ​ថា​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ពួក​គេ​អាច​ព្យាយាម​ដើម្បី​ធ្វើ​ដំណើរ​មក​ខេត្ត Aceh ដើម្បី​ជួប​ក្រុម​គ្រួសារ​របស់​ពួកគេ​បន្ទាប់​ពី​ខែ​ដ៏​ពិសិដ្ឋ​របស់ជនជាតិ​ម៉ូស្លីម​គឺ​បុណ្យ​ Ramadan។

អ្នក​ផ្សេង​ទៀត​នៅ​ដែល​រស់​នៅ​ក្នុង​រដ្ឋ Rakine របស់​ប្រទេស​មីយ៉ាន់ម៉ា​ក៏​អាចសម្លឹង​មើល​លទ្ធភាព​ការ​ប្រថុយ​ធ្វើ​ដំណើរ​ក្នុង​អំឡុង​ពេល​រដូវ​មូសុង​មុន​ពេល​សមុទ្រ​ស្ងប់​ស្ងាត់​ក្នុង​ខែ​តុលា។

«ពួក​គេចង់​ទៅ​ជួបជុំ​ជាមួយ​សមាជិក​ក្រុម​គ្រួសារ​គេ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ពួក​គេ​ភាគ​ច្រើន​ជា​ស្ត្រី​ដែល​មាន​ស្វាមីនៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។ ដូច្នេះ​មានលទ្ធភាព​ច្រើន​ដែល​ ពួកគេ​នឹង​ធ្វើ​ដំណើរ​តាម​ទូក​បន្តទៀត​បន្ទាប់​ពី​បុណ្យ ​Ramadan។ ដូច្នេះ​ពួកគេ​អាច​មក ​ដើម្បី​ជួប​ក្រុម​គ្រួសារ​នៅ​ក្នុង​ខេត្ត Aceh ពី​រដ្ឋ Rakine "។

បុគ្គលិក​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា​ បើ​មិន​មាន​ការ​ចាត់​វិធានការ​ពី​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​បន្ធូរ​បន្ថយ​ស្ថានភាព​របស់​ជនជាតិ Rohingya ​នៅ​ក្នុង​ប្រទេស​នេះ​ វា​នឹង​ធ្វើ​ឲ្យ​មាន​មនុស្ស​កាន់​តែ​ច្រើន​ទៀត​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​ដំណើរ​តាម​ទូក​លើ​នាយ​សមុទ្រក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ៕

ប្រែ​សម្រួល​ដោយ មាន ឥស្សរាយស

វីដេអូថ្មីៗបំផុត

XS
SM
MD
LG