រដ្ឋាភិបាលនៃប្រទេសអាស៊ីអាគ្នេយ៍បានបន្តសម្តែងការមិនចង់ទទួលយកជនទេសន្តរប្រវេសន៍ និងជនភៀសខ្លួនតាមនាវាដែលពួកអ្នករត់ពន្ធមនុស្សបានទុកចោលក្នុងសមុទ្រ ហើយធ្វើឲ្យវិបត្តិមនុស្សធម៌ដ៏លំបាកមានភាពរិតតែធ្ងន់ធ្ងរខ្លាំងឡើងទៀត។
សកម្មជនកាក់ស្មានថាមានមនុស្សតាមនាវាប្រមាណ ៨ ពាន់នាក់នៅអណ្តែតក្នុងទឹកសមុទ្រ ភាគច្រើនឥតមានអាហារនិងទឹកគ្រប់គ្រាន់ បន្ទាប់ពីប្រទេសថៃបានចាប់ផ្តើមធ្វើការបង្ក្រាបលើក្រុមអ្នករត់ពន្ធមនុស្សដ៏ធំទូលំទូលាយមួយ ដែលបានបន្ទុចបង្អាក់បណ្តាញដឹកនាំឧក្រឹដ្ឋកម្មនេះ។
ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង ថៃ ដែលជាប្រទេសបីដែលជនទេសន្តរប្រវេសន៍ និងជនភៀសខ្លួនព្យាយាមធ្វើដំណើរទៅឡើងគោកនោះ បាននិយាយថា ជនទេសន្តរប្រទេសន៍ដ៏អស់សង្ឃឹមទាំងនោះមិនមែនជាការទទួលខុសត្រូវរបស់ខ្លួនទេ ហើយបានច្រានចោលសេចក្តីអំពាវនាវរបស់អង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្ស។
ជនជាតិ Rohingya និងជនទេសន្តរប្រវេសន៍ បង់ក្លាដែសជាង ៧០០ នាក់ បានទៅដល់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសុក្រនេះ បន្ទាប់ពីត្រូវបានសង្គ្រោះដោយនាវានេសាទ ពេលដែលនាវារបស់ពួកគេបានលិចនៅឆ្នេរសមុទ្រនៃខេត្ត Aceh៕