ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា​៖ ជន​​ធ្វើ​​ដំណើរ​​តាម​​ទូក​​នៅ​​តំបន់​​អាស៊ី​អាគ្នេយ៍​​ត្រូវ​​ការ​ «ការ​​សង្រ្គោះ​​ជា​​បន្ទាន់»


ស្ត្រីរ៉ូហ៊ីងយ៉ា​ដែល​ធ្វើ​ចំណាក​ស្រុក​ តាម​ទូក​បាន​មក​ដល់​​ខេត្ត Aceh ​ប្រទេស​ឥណ្ឌូនេស៊ី នា​ថ្ងៃទី២១​ ខែឧសភា ​ឆ្នាំ២០១៥។ ស.រ.អា​៖ ជន​​ធ្វើ​​ដំណើរ​​តាម​​ទូក​​នៅ​​តំបន់​​អាស៊ី​អាគ្នេយ៍​​ត្រូវ​​ការ​ «ការ​​សង្រ្គោះ​​ជា​​បន្ទាន់»។
ស្ត្រីរ៉ូហ៊ីងយ៉ា​ដែល​ធ្វើ​ចំណាក​ស្រុក​ តាម​ទូក​បាន​មក​ដល់​​ខេត្ត Aceh ​ប្រទេស​ឥណ្ឌូនេស៊ី នា​ថ្ងៃទី២១​ ខែឧសភា ​ឆ្នាំ២០១៥។ ស.រ.អា​៖ ជន​​ធ្វើ​​ដំណើរ​​តាម​​ទូក​​នៅ​​តំបន់​​អាស៊ី​អាគ្នេយ៍​​ត្រូវ​​ការ​ «ការ​​សង្រ្គោះ​​ជា​​បន្ទាន់»។

ស.រ.អា​និយាយ​ថា ​ជន​ចំណាក​ស្រុក​រាប់​ពាន់​នាក់ ​ដែល​បាន​រសាត់​នៅ​ផ្ទៃ​ទឹក​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ចាំបាច់ត្រូវ​ការ​ជួយ​សង្គ្រោះ​ជាបន្ទាន់។

លោកស្រី Anne Richard ឧបការី​រដ្ឋ​មន្រ្តី​ការបរទេស​ស.រ.អា​ ​បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​ក្នុង​ទីក្រុងបាងកក​នៅ​ថ្ងៃ​សុក្រ​នេះ​ថា «យើង​ត្រូវ​តែ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជា​បន្ទាន់‍»។

«យើង​ត្រូវ​តែ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជា​បន្ទាន់។ យើង​ត្រូវ​តែ​អភិវឌ្ឍ​មធ្យោបាយនៃ​ការ​ពិភាក្សា​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង និង​ជួប​គ្នា​ពិភាក្សា​អំពី​បញ្ហា​ទាំង​នេះ​ ក៏​ដូចជា​ចាត់​វិធានការណ៍​នៅពេលណា​ដែល​មនុស្ស​កំពុង​ស្ថិត​នៅ​ក្នុង​ទូក​កណ្តាល​សមុទ្រ​។ យើង​ចាំបាច់​ស្វែង​រក​មូលហេតុ​នៃឬស​គុល​ថា​តើ ហេតុអ្វី ​បាន​ជាមនុស្សទាំង​នោះ​គ្មាន​ជម្រើស ក៏ប៉ុន្តែ​ពួកគេ​បាន​រត់​គេចចេញ​ពី​ប្រទេស​របស់​ខ្លួន ហើយ​បាន​ធ្វើ​ដំណើរ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​យ៉ាង​នេះ»។

​លោកស្រី Richardបាន​ស្ថិត​នៅ​ក្នុង​ប្រទេសថៃ​ដើម្បី​ចូលរួម​សន្និសីទនៃ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ និង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ ដែល​មាន​រយៈ​ពេល​មួយ​ថ្ងៃ​ដែល​បានធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ​ជាផ្នែក​មួយ​នៃ​ការ​ខំ​ប្រឹងប្រែង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​មនុស្ស​ធ្វើ​ដំណើរតាម​ទូក​នៅ​ក្នុង​សមុទ្រ Andaman និង​សមុទ្រ Bengal។

«យើង​មិន​ទាន់​បាន​ព្រម​ព្រៀង​គ្នាដូច​ដែល​យើង​បាន​ស្វះស្វែងរក​ទេ ​ខ្ញុំ​គិតថា ​យើង​បាន​ខិតចូលជិត​គ្នា។ ​ការ​សំ​ខាន់​បំផុត គឺ​យើង​បាន​សហប្រតិបត្តិការ​គ្នា​ជាមួយ​ប្រទេស​ម៉ាឡេស៊ី ​ដូច្នេះមាន​យន្តហោះ​បានស្ថិត​នៅ​លើ​អាកាស ហើយ​កំពុង​ហោះឈ្លបមើល​តំបន់​នោះ ​ហើយ​ខ្ញុំ​គិតថា នេះ​ជា​ការណ៍​ល្អមួយ​ ហើយ​យើង​សង្ឃឹម​ថា ​យើង​អាច​ពង្រីក​កិច្ច​ប្រតិបត្តិការ​នេះ‍»។

លោក Tanasak Patimapragorn ឧបនាយករដ្ឋ​មន្រ្តី ​បាន​ជំរុញ​ឲ្យ​ប្រទេស​ទាំង​អស់​ និង​អង្គការ​ស្វែងរក​មធ្យោបាយ​នានា​ដើម្បី​បញ្ចៀស​ការ​រាលដាល​កាន់​តែ​ធំឡើង​នូវ​វិបត្តិ​មនុស្ស​ធម៌​នេះ។

«ទី​មួយ​ ដោះ​ស្រាយស្ថានភាពខាងមនុស្ស​ធម៌​ជា​បន្ទាន់​របស់​មនុស្ស​ដែល​ជាប់​គាំង​នៅ​កណ្តាល​សមុទ្រ។ ទីពីរ​ ប្រយុទ្ធបញ្ហា​យូរ​អង្វែងនៃ​ការ​ជួញ​ដូរ​ និង​រត់​ពន្ធ​មនុស្សដើម្បី​រារាំងចលនា​មិន​ប្រក្រតី​បន្ថែម​ទៀត។​ ទី​បី​ ​ដោះ​ស្រាយឬស​គុល​នៃ​មូលហេតុ​នោះ‍»។

លោក William Lacy ​នាយក​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ ​បាន​និយាយ​ថា គេ​ចាំបាច់​ចាត់​វិធានការ​ជា​បន្ទាន់​ ដើម្បី​យក​មនុស្ស​ដែល​ជាប់​គាំង​នៅ​ក្នុង​សមុទ្រ​ប្រហែល​៣.​៩០០​នាក់​នៅ​សមុទ្រ​មក​កាន់​ដីគោក។​ លោក​បាន​និយាយ​ទៀត​ថា ​លោក​សង្ឃឹម​ថា ​សន្និសីទ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ចាត់​វិធានការ​ដ៏​សុក្រិត្យ​ដើម្បី​ដោះ​ស្រាយបញ្ហា​ជន​ចំណាក​ស្រុក​នេះ។

​ក៏ប៉ុន្តែ ​លោក​បាន​បដិសេធ​ពុំ​ព្រម​រិះគន់​ប្រទេស​ភូមា​ចំពោះ​គោល​នយោបាយ​ដែល​ពួក​សកម្ម​ជន​ និយាយ​ថា ​បាន​ធ្វើ​ឲ្យ​ស្ថាន​ភាព​នោះ​កាន់​តែ​អាក្រក់​ឡើង​ៗ។​ជន​ចំណាក​ស្រុកជន​ជាតិ​ភាគតិច Rohingyaភាគ​ច្រើន ​ត្រូវ​បាន​គេ​បដិសេធ​ពុំ​ព្រម​ផ្តល់​សញ្ជាតិ​ឲ្យ​នៅ​ក្នុង​ប្រទេស​ភូមា ហើយ​ពួកគេ​កំពុង​រត់​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ៕

XS
SM
MD
LG