ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​អង្គការ​សហប្រជាជាតិ​ជំរុញ​ពិភពលោក​ឱ្យ​បញ្ឈប់​សង្គ្រាម​ក្នុង​អំឡុង​ការ​ប្រកួត​កីឡា​អូឡាំពិក


រូបឯកសារ៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ថ្លែងទៅកាន់អ្នកសារព័ត៌ំាន​នៅទីក្រុង Brussels កាលពីថ្ងៃទី​២១​ មីនា ឆ្នាំ២០២៤។
រូបឯកសារ៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ថ្លែងទៅកាន់អ្នកសារព័ត៌ំាន​នៅទីក្រុង Brussels កាលពីថ្ងៃទី​២១​ មីនា ឆ្នាំ២០២៤។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ជំរុញ​ឱ្យ​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​បញ្ឈប់​សង្គ្រាម ដែល​ការ​ជំរុញ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ផ្អាក​សង្គ្រាម​ដើម្បី​កីឡា​អូឡាំពិក (Olympic Truce) នៅ​ពេល​ដែល​កីឡា​អូឡាំពិក​នៅ​ក្រុង​ប៉ារីស ប្រទេស​បារាំង ឆ្នាំ ២០២៤ នេះ​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​សុក្រ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

លោក Guterres បាន​ជួប​ជាមួយ​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) លោក Thomas Bach និង​បាន​និយាយ​ថា កីឡា​គឺជា​ឱកាស​សម្រាប់​សន្តិភាព។

លោក Guterres បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​សម្តែង​នូវ​ការ​គាំទ្រ​ទាំងស្រុង​របស់​អង្គការ​សហប្រជាជាតិ​ចំពោះ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ។ យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​បែកបាក់​ដែល​ជម្លោះ​កំពុង​កើនឡើង​យ៉ាង​ខ្លាំង។ ...ការ​ឈឺចាប់​ដ៏​គួរឱ្យ​រន្ធត់​បំផុត​នៅ​ក្នុង​តំបន់​ហ្កាហ្សា សង្គ្រាម​ដែល​ហាក់​ដូចជា​គ្មាន​ទីបញ្ចប់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ការ​ឈឺចាប់​ដ៏​អាក្រក់​ចាប់ពី​ប្រទេស​ស៊ូដង់​រហូត​ដល់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ និង​ពី​តំបន់ Sahel រហូត​ដល់​ប្រទេស​មីយ៉ាន់ម៉ា»។

លោក​បាន​បន្ថែម​ថា៖ «ក្នុង​ពេល​ដែល​កីឡា​អូឡាំពិក​ចាប់ផ្តើម វា​ជា​ពេល​ដែល​ត្រូវ​រំឭក​ដល់​ពិភពលោក​អំពី​សារៈសំខាន់​នៃ​កិច្ច​ផ្អាក​សង្គ្រាម​ដើម្បី​កីឡា​អូឡាំពិក​និង​ដើម្បី​ធ្វើ​ឱ្យ​ពិភពលោក​យល់​ថា​យើង​ត្រូវតែ​បញ្ឈប់​ស្នូរ​កាំភ្លើង»។

ក្នុង​អំឡុង​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក​ក្នុង​ប្រទេស​ក្រិក​កាលពី​បុរាណ សង្គ្រាម​ទាំងអស់​ត្រូវ​បាន​បញ្ឈប់​ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត​កីឡា​នេះ​ដើម្បី​អនុញ្ញាត​ឱ្យ​ការ​ប្រកួត​ដំណើរការ​ទៅមុខ។

កីឡា​អូឡាំពិក​រដូវក្ដៅ​ឆ្នាំ​នេះ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​សុក្រ​ហើយ​នឹង​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី ១១ ខែ​សីហា​ខាងមុខ ដោយ​មាន​វត្តមាន​ចូលរួម​ពី​អត្តពលិក​ជាង ១០.៥០០ នាក់​មកពី​ប្រទេស​និង​ដែនដី​ចំនួន ២០៦៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG