រដ្ឋមន្ត្រីការពារប្រទេស កម្ពុជា ឡាវនិងវៀតណាមបានជួបប្រជុំគ្នានៅរដ្ឋធានីហាណូយក្នុងសប្តាហ៍នេះ ដើម្បីពង្រឹងសម្ព័ន្ធភាពសន្តិសុខនៅតំបន់ត្រីកោណ ដែលមានឡើងតាំងពីសម័យសង្គ្រាមត្រជាក់។
ប្រមុខការពារជាតិប្រទេសឡាវ និងប្រទេសកម្ពុជា ត្រូវបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីចូលរួមពិធីបុណ្យអបអរខួប៧៥ឆ្នាំ នៃការបង្កើតកងទ័ពប្រជាជនវៀតណាមនាថ្ងៃទី២២ ខែធ្នូខាងមុខនេះ។ ប្រព័ន្ធផ្សព្វផ្សាយដែលស្និទ្ធនឹងកងទ័ពវៀតណាម បានផ្សាយថារដ្ឋមន្ត្រីការពារជាតិទាំងបីប្រទេស បានសម្ដែងភាពស្និទ្ធស្នាល និងបំពាក់មេដាយនិងគ្រឿងឥស្សរិយយសឱ្យគ្នាទៅវិញទៅមកថែមទៀតផង។
កាសែតប្រជាជន (Nhan Dan) ដែលជាប្រព័ន្ធឃោសនានៃបក្សកុម្មុយនីស្ដវៀតណាម បានធ្វើសេចក្តីរាយការណ៍ថា លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោកចាន់សាមន្ត ចាន់ញ៉ាល័ត (Chansamone Channhalat) រដ្ឋមន្ត្រីការពារប្រទេសឡាវ បានជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ នៅវិមានរដ្ឋាភិបាលក្រុងហាណូយ។
នៅចំពោះមុខរដ្ឋមន្ត្រីការពារជាតិនៃប្រទេសជិតខាងទាំងពីរ នាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា «នៅក្នុងបរិបទនៃដំណើរវិវត្តដ៏ស្មុគស្មាញនិងឥតព្រាងទុក» ប្រទេសទាំងបី កម្ពុជា ឡាវនិងវៀតណាមកំពុងប្រឈមនឹងការគំរាមកំហែងផ្នែកសន្តិសុខ បង្កឡើងដោយបញ្ហានានារួមមាន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស «ចំណាកស្រុកដោយសេរី» ការរត់ពន្ធឆ្លងព្រំដែន ការធ្វើចំណាកស្រុកដោយគ្មានការគ្រប់គ្រង និង«ការបំផ្លិចបំផ្លាញពីសំណាក់កម្លាំងអមិត្តនានា»។ នេះជាការដកស្រង់សម្ដីរបស់ប្រព័ន្ធឃោសនាវៀតណាម Nhan Dan។
កាសែតដដែលមិនបានបញ្ជាក់ច្បាស់លម្អិតទេ ថាលោកនាយករដ្ឋមន្ត្រី វៀតណាម ចង់សម្ដៅលើក្រុមណា ឬប្រទេសណានៅពេលលោកលើកឡើងអំពី«កម្លាំងអមិត្ត»យ៉ាងដូច្នោះ។ កាសែតនិងបណ្ដាញផ្សព្វផ្សាយដែលអមនិងស្និទ្ធជាមួយកងទ័ពនិងរដ្ឋអំណាចខាងឡាវ និងកម្ពុជា មិនបានរាយការណ៍អ្វីឱ្យបានក្បោះក្បាយអំពីជំនួបខាងលើទេ។
រដ្ឋមន្ត្រីការពារជាតិកម្ពុជាលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ បានលើកឡើងក្នុងអង្គប្រជុំនោះផងដែរអំពីលទ្ធផលនៃការធ្វើលំហាត់សមយុទ្ធជួយសង្គ្រោះគ្រោះមហន្តរាយនិងព្រំដែនគោកកម្ពុជាវៀតណាម លើកទីមួយ ដែលបានប្រព្រឹត្តទៅនៅសប្ដាហ៍នេះ ក្នុងឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀងរបស់កម្ពុជា និងមានការចូលរួមពីសំណាក់ទាហានទាំងពីរប្រទេស។ នេះបើយោងតាមកាសែតប្រជាជនវៀតណាម Nhan Dan។
កាសែតដដែលបានដកស្រង់សម្ដីរដ្ឋមន្ត្រីការពារជាតិឡាវ ដែលបានលើកឡើងក្នុងជំនួបថា ទីក្រុងវៀងច័ន្ទ ត្រៀមខ្លួនរួចរាល់គាំទ្រទីក្រុងហាណូយ ដើម្បីសម្រេចឱ្យបានជោគជ័យការធ្វើជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២០ខាងមុខ។
បណ្ដាក្រុមអ្នកតាមដានរំពឹងថា ប្រទេសវៀតណាមដែលនឹងរៀបចំការប្រជុំកំពូលអាស៊ាននានានៅ ឆ្នាំ២០២០នឹងផ្តោតលើរបៀបវារៈរសើបមួយចំនួនដូចជា ការប្រកួតប្រជែងរវាងមហាអំណាច និងជម្លោះនៅសមុទ្រចិនខាងត្បូង។ វៀតណាមក៏ត្រូវបានគេដឹងថាជារដ្ឋភាគីមួយដ៏ស្វិតស្វាញក្នុងការឈរតតាំងជាមួយចិន ដែលទាមទារចង់បានដែនសមុទ្រយុទ្ធសាស្ត្រខាងលើស្ទើរតែទាំងស្រុង។
នៅក្នុងសៀវភៅសការពារជាតិឆ្នាំ២០១៩របស់ខ្លួន ដែលទើបនឹងបានចេញផ្សាយកាលពីពេលថ្មីៗនេះ ទីក្រុងហាណូយបានដាក់អាទិភាពសំខាន់លើដែនឥទ្ធិពលជាប្រពៃណីរបស់ខ្លួននៅតំបន់ឥណ្ឌូចិន ដោយហៅទំនាក់ទំនងជាមួយទីក្រុងភ្នំពេញ និងវៀងច័ន្ទ ដែលថ្មីៗនេះហាក់ងាកទៅជិតស្និទ្ធជាមួយនឹងក្រុងប៉េកាំង ថាជាទំនាក់ទំនង«យុទ្ធសាស្ត្រពិសេស» ខណៈខ្លួនកំពុងត្រៀមលក្ខណៈតាំងជាមួយនឹងចិន នៅក្នុងរឿងសមុទ្រចិនខាងត្បូងនេះ៕