ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​បង្កើត​ថ្មី​ Startup និង​ក្រុមហ៊ុន​ធំៗ​នៅ​ម៉ាឡេស៊ី​ចាប់​ដៃគូ​​ដើម្បី​​រៀន​សូត្រ​​ពី​គ្នា


ស្ត្រី​ម្នាក់​ដើរ​កាត់​បញ្ជរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia នៅ​ក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​គូឡាឡាំពួ កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។
ស្ត្រី​ម្នាក់​ដើរ​កាត់​បញ្ជរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia នៅ​ក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​គូឡាឡាំពួ កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។

គំរូ​ផ្គូផ្គង​​ក្រុមហ៊ុន​នេះ​អាច​ក្លាយ​ជា​និន្នាការ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ដោយ​ម៉ាឡេស៊ី​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ខ្លាំង​បំផុត​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ បន្ទាប់​ពី​​ប្រទេស​សិង្ហបុរី។

ប្រទេស​ម៉ាឡេស៊ីមាន​គំនិត​មួយដែល​អាច​នឹង​ជួយ​ក្រុមហ៊ុន​បង្កើត​ថ្មី startups ដែល​ជា​ធម្មតា​មិន​មាន​មូលនិធិ ឬ​បទពិសោធន៍​ច្រើន ហើយ​ក៏​អាច​ជួយ​ដល់​ក្រុមហ៊ុន​បង្កើត​យូរយារ​មក​ហើយ​កាន់​តែ​ច្រើន ដែល​ក្រុមហ៊ុន​ទាំង​នោះ​ភាគច្រើន​ខ្លាច​ថា នឹង​មាន​គូប្រជែង​ថ្មី។

ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេសអាស៊ីអាគ្នេយ៍​មួយ​នេះ​កំពុង​ចាប់​ដៃ​គូ​គ្នា​ ដោយ​ក្រុមហ៊ុន​ថ្មី និង​ក្រុមហ៊ុនចំណាស់ចូល​រួម​ជា​មួយ​គ្នា ​ដើម្បី​ទទួល​បាន​ប្រយោជន៍​ពី​ចំណុច​ខ្លាំង​របស់ភាគី​ទាំង​សងខាង និង​អាច​ជួយ​គ្នា​គេច​ផុត​ពី​ចំណុច​ខ្សោយ​របស់​ពួកគេ។ គំរូ​នេះ​អាច​ក្លាយ​ជា​និន្នាការ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ដោយ​ម៉ាឡេស៊ី​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ខ្លាំង​បំផុត​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ បន្ទាប់​ពីប្រទេស​សិង្ហបុរី។ ម៉ាឡេស៊ី​ជា​កន្លែង​នៃ​ការ​បង្កើត​ក្រុមហ៊ុន​ជាច្រើន ដែល​បាន​ពង្រីក​ប្រតិបត្តិការ​របស់​ពួកគេ​ទៅ​ប្រទេស​ផ្សេង​ទៀត រាប់​ចាប់​ពី​ក្រុមហ៊ុន​បង្កើត​ថ្មី ដូចជា​ក្រុមហ៊ុន​ផ្តល់​សេវា​ដឹក​អ្នក​ដំណើរ Grab រហូត​ដល់​ក្រុមហ៊ុន​ធំៗ​ដូចជា​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia។

ជា​ឧទាហរណ៍​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ពហុជាតិសាសន៍​ដែល​មាន​ឈ្មោះ​ថា PwC (PricewaterhouseCoopers) បាន​ចាប់​ដៃគូ​ជាមួយ​នឹង​ក្រុមហ៊ុន​បង្កើត​ថ្មី​ដូចជា ក្រុមហ៊ុន Supahands ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ម៉ាស៊ីន​ចេះ​រៀន​ដើម្បី​ជួយ​អតិថិជនក្នុង​ការ​វិភាគ​ទិន្នន័យ​ទំហំ​ធំ Big Data ក្រុមហ៊ុន​ពាណិជ្ជកម្ម​អនឡាញ​ឈ្មោះ Dropee និង​ក្រុមហ៊ុន​សិក្សា​ទីផ្សារ​ឈ្មោះ Involve Asia។​

លោក Sridharan Nair ដែល​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន PwC ក្នុង​ប្រទេស​ម៉ាឡេស៊ី​ និយាយ​ពី​ក្រុមហ៊ុន​បង្កើត​ថ្មី​ថា៖ «ពួកគេ​បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញាចិត្ត និង​ការ​តាំង​ចិត្ត​ក្នុង​ការ​រៀនសូត្រ និង​ផ្លាស់ប្តូរ​ចំណេះដឹង​ជាមួយ​នឹង​ដៃគូ​របស់ PwC ដែល​ពួកគេ​ត្រូវ​បាន​រើស​ឱ្យ​ធ្វើ​ការ​ជាមួយ។ ការ​យល់​ដឹង​ដែល​ពួកគេ​បាន​ចែក​រំលែក​ជាមួយ​នឹង​ដៃគូ​របស់​យើង​នៅ​ក្នុង​កម្មវិធី​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់ PwC ដោយសារ​តែ​វា​ជួយ​ធ្វើ​ឱ្យ​ការ​យល់​ដឹងរបស់​យើង​មាន​ភាព​ស៊ីជម្រៅ​ចំពោះ​ការ​វិនិយោគ​ដែល​ពួកគេ​បាន​ចាប់ផ្តើម​ក្នុង​ការ​ធ្វើ​ឌីជីថលនីយកម្ម​អង្គភាព​របស់​ពួកគេ និង​វិធីសាស្ត្រ​របស់​ពួកគេ​ក្នុង​ការ​ប្រឡូក​ក្នុង​ការ​ធ្វើ​ជំនួញ​បែប​ថ្មី»។​

ក្រុមហ៊ុន​បង្កើត​ថ្មី​អាច​ប្រើប្រាស់​ជំនាញ​របស់​ដៃគូ PwC ដូចជា ហិរញ្ញប្បទាន និង​ការ​បោះផ្សាយ​លក់​ភាគហ៊ុន​ជា​សាធារណៈ​ជា​លើក​ដំបូង។ នៅ​ពេល​ជាមួយ​គ្នា វា​មាន​សារៈសំខាន់​សម្រាប់​ក្រុមហ៊ុន​ធំៗ​ដើម្បី​ពួកគេ​អាច​មើល​ឃើញ​ថា ​តើ​ក្រុមហ៊ុន​តូចៗ​ជាង​ពួកគេធ្វើ​ការ​ពិសោធន៍​ថ្មី​យ៉ាង​ដូច​ម្តេច។ ដោយ​ការ​ផ្តោត​អារម្មណ៍​ខ្លាំង​លើ​អនុលោមភាព ដំណើរការ​ក្រុមហ៊ុន​ដូចជា​ PwC ត្រូវអនុញ្ញាត និង​ឆ្លង​កាត់​ដំណើរការ​ការិយាល័យធិបតេយ្យ​ច្រើន​ជាង ដែល​មិន​អាច​ធ្វើ​ឱ្យ​ពួកគេ​មាន​សកម្មភាព​បាន​លឿន​ដូច​ក្រុមហ៊ុន​បង្កើត​ថ្មី​នោះ​ទេ។ ​

អ្នក​គាំទ្រ​មើល​ឃើញ​ថា​ ការ​ប្រឹក្សា​គ្នាទៅ​វិញ​ទៅ​មកនេះ ​ជា​វិធី​មួយ​សម្រាប់ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង (emerging markets) អាចអភិវឌ្ឍ​បន្ត​ឡើង។

លោក Norhizam Abdul Kadir ជា​អនុប្រធានផ្នែក​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​កំណើន​សេដ្ឋកិច្ចនៅ​ក្រុមហ៊ុន Malaysia Digital Economy Corp ដែល​ជា​ទីភ្នាក់ងារ​រដ្ឋាភិបាល និង​មាន​គោលដៅ​ក្នុង​ការ​លើក​កម្ពស់​សេដ្ឋកិច្ច​ឌីជីថល។

ភាព​ជា​ដៃគូ​ជា​គំនិត​មួយ​ក្នុង​ការ​ផ្តួចផ្តើម​ជំរុញ​កំណើន​សេដ្ឋកិច្ច។ ការ​ប្រើប្រាស់​និង​ការ​នាំចេញ​ត្រីមាស​ទី​៣របស់​ម៉ាឡេស៊ី​មិន​រីកចម្រើន​ខ្លាំង​ដូច​អ្វី​ដែល​អ្នក​សុទិដ្ឋិនិយម​បាន​សង្ឃឹម​ទុក​នោះ​ទេ ហើយ​ប្រទេស​នេះ​កំពុង​រង់ចាំ​ឱ្យ​សហរដ្ឋ​អាមេរិក និង​ចិន​ដោះស្រាយ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម ដែល​ប៉ះពាល់​ដល់​តម្រូវការ​នៃ​ផលិតផល​ម៉ាឡេស៊ី។

នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ម៉ាឡេស៊ី​បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ខ្លួន និង​កំពុង​បោះជំហាន​ទៅ​រក​ឋានៈ​ផ្លូវ​ការ​ក្នុង​នាម​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់។ តួនាទី​របស់​ម៉ាឡេស៊ី​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​កិច្ចសហការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ឆ្នាំ​ក្រោយ​នឹង​អាច​ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​ឥទ្ធិពល​កាន់​តែ​ច្រើន​ទៅ​លើ​និន្នាការ​នានា​នៅ​អាស៊ីអាគ្នេយ៍។

លោក Nic Chambers ដែល​ជា​នាយក​ថ្នាក់​តំបន់​របស់​ក្រុមហ៊ុន Michael Page Malaysia ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សាយោបល់​ធនធាន​មនុស្ស​បាន​និយាយ​ថា៖ «នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​របស់អង្គារ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) ​ប្រទេស​ម៉ាឡេស៊ី​ទទួល​បាន​ចំណាត់ថ្នាក់​ទី៣​នៅ​ក្នុង​ពិភពលោក​សម្រាប់​ក្រុមហ៊ុន​ដែល​បានត្រៀម​ខ្លួន​ទទួល​យក​គំនិត​ច្នៃប្រឌិត​ថ្មីៗ និង​ទី៤​ជារួម​សម្រាប់​វប្បធម៌​សហគ្រិនភាព​របស់​ខ្លួន។ សហគមន៍​អាជីវកម្ម​ក្នុង​ស្រុក​ទទួល​បាន​ប្រយោជន៍​ពី​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល ដូចជា​ឧស្សាហកម្ម៤.០ ដែល​លើក​កម្ពស់​ដំណើរការ​ស្វ័យប្រវត្តិកម្ម និង​ទាក់ទាញ​ការ​វិនិយោគ​ថ្មីៗ​ទៅ​ក្នុង​ប្រទេស»៕

XS
SM
MD
LG