ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​វៀតណាម​ចង់​កម្រិត​ម៉ោង​ធ្វើការ​ត្រឹម​៤០ម៉ោង​ក្នុង​មួយ​សប្តាហ៍


កម្មករ​ធ្វើការប្រើ​កម្លាំង​បាយ ​តួយ៉ាង​កម្មករសំណង់​ ចង់​ធ្វើការ​ត្រឹមតែ៦​ថ្ងៃក្នុងមួយ​សប្តាហ៍​ក្នុងប្រទេស​វៀតណាម។
កម្មករ​ធ្វើការប្រើ​កម្លាំង​បាយ ​តួយ៉ាង​កម្មករសំណង់​ ចង់​ធ្វើការ​ត្រឹមតែ៦​ថ្ងៃក្នុងមួយ​សប្តាហ៍​ក្នុងប្រទេស​វៀតណាម។

គ្រួសារ​ដែល​មាន​សុភមង្គល​មាន​លក្ខណៈ​ដូចៗគ្នា​។ នេះ​ជា​សម្ដី​របស់​កវី​ប្រលោម​លោក​ Tolstoy រុស្ស៊ី​ ដ៏​ល្បី​ល្បាញ។ គ្រួសារ​គ្មាន​សុភមង្គល​ គឺ​ដោយសារ​តែ​សមាជិក​គ្រួសារ​ធ្វើការ​លើស​កម្រិត​។ នេះ​បើ​យោង​តាម​សម្ដី​របស់​លោក​ Nguyen Thien Nhan ជា​មន្រ្តី​មួយ​រូប​ក្នុង​ចំណោម​ក្រុម​អ្នក​តស៊ូ​ទាមទារ​ឱ្យ​កាត់បន្ថយ​ម៉ោង​ធ្វើការ​មក​ត្រឹម​៤០​ម៉ោង​ក្នុង​មួយ​សប្តាហ៍​នៅ​ក្នុង​ប្រទេស​វៀតណាម។

ក្នុងនាម​ជា​ប្រទេស​កុម្មុយនិស្ត​មួយ​ក្នុង​ចំណោម​ប្រទេស​កុម្មុយនិស្ត​មួយ​ចំនួន​ដែល​នៅ​សេសសល់​ក្នុង​ពិភពលោក​នេះ​ ​វៀតណាម​មាន​ម៉ោងធ្វើការ​ស្របច្បាប់​៤៨​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ និង​ត្រូវ​ធ្វើការ​៦ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ ខណៈ​ដែល​ប្រទេស​ផ្សេងទៀតបន្ត​ទៅ​ពិចារណា​ទៅ​លើ​ប្រសិទ្ធភាព​ការងារ​របស់​បុគ្គលិក ​ដែល​តម្រូវ​ឲ្យ​ធ្វើការ​តែ​៨ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ឬ​៤០​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​រួច​ទៅ​ហើយ។ ប្រទេស​មួយ​ចំនួនក្នុង​ពិភពលោក​ ដូចជា​ប្រទេស​ឈីលី​ និងអូស្រ្តាលី​ បាន​កាត់​បន្ថយ​ម៉ោង​ធ្វើការ​មក​នៅ​ត្រឹម៣៥​ម៉ោង​ប៉ុណ្ណោះ។ ប្រទេស​វៀតណាម​ កំពុង​ជំរុញ​ក្រុមហ៊ុន​នានា​ឲ្យ​កាត់​បន្ថយ​ម៉ោង​ធ្វើការ​មក​នៅ​ត្រឹម​៤០ម៉ោង​ក្នុង​មួយ​សប្តាហ៍​ និង​គ្រោង​ចេញ​ជា​ច្បាប់​តែ​ម្តង​នៅ​ពេល​អនាគត។

ក្នុង​ចំណោម​អ្នក​តស៊ូ​មតិ​ តួយ៉ាង​លោក​ Nhan បាន​ទាមទារ​ថា ការណ៍​ដែល​តម្រូវ​ឲ្យ​បុគ្គលិក​ធ្វើការ​ច្រើន​ម៉ោង​មិនបាន​បង្កើន​ប្រសិទ្ធភាព​ការងារ​ទេ។ លោក​ក៏​បាន​លើកឡើង​ថា ការ​ធ្វើ​ការងារ​ច្រើន​ម៉ោង​ធ្វើ​ឱ្យ​មាន​បញ្ហា​សម្ពាធ​ផ្លូវចិត្ត​ដល់​ក្រុម​គ្រួសារ ដោយ​សារ​តែ​ការងារ​ផ្ទះ​របស់​ពួកគេ​ត្រូវ​ទុក​ចោល​សិន ​ប្រសិនបើ​សមាជិក​គ្រួសារ​ម្នាក់​ត្រូវ​ចេញ​ទៅ​ធ្វើការ​អស់​ពាក់កណ្ដាល​ថ្ងៃ។

លោក​ Nhan ដែល​ជា​លេខា​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម​ប្រចាំ​ទីក្រុង​ហូជីមិញ បាន​មាន​ប្រសាសន៍​ថា៖ ​«តើអ្នក​ចង់ឱ្យ​ស្វាមី​ឬភរិយា​ កូនៗ​ និង​បងប្អូន​របស់​អ្នកធ្វើការ​ពី​៩​ទៅ១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ ពេញ​មួយ​ឆ្នាំ​ ឬ​ពី​១០​ទៅ១២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ក្នុងរយៈ​ពេល៦​ខែ​ឬ? យើង​ត្រូវ​ឆ្លើយ​នឹង​សំណួរ​នេះ​រៀង​ៗខ្លួន​ជា​មុន​សិន​ មុន​នឹង​យើង​បន្ដ​ពិភាក្សា​ត​ទៅ​ទៀត​»។

លោក​ Nhan និង​មិត្តរួម​ការងារ​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើការ​៨ម៉ោង​ក្នុង​មួយ​ថ្ងៃ​បាន​ចាក់​ឫស​ក្នុង​ចំណោម​ជន​សង្គម​និយម ដែល​បាន​ប្រឹងប្រែង​ឱ្យ​មាន​សិទ្ធិ​ការងារ​នៅ​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​លើកទី២​ដ៏​ល្បីឈ្មោះ​កាលពី​ឆ្នាំ១៨៨៩។ លោក​បាន​បន្ថែម​ថា វា​គឺ​ជា​សិទ្ធិ​ ហើយ​វា​ក៏​ត្រូវ​បាន​ទទួលស្គាល់​ពី​ប្រទេស​ប្រកាន់​របប​មូលធន​និយម​ដែរ​។ជាក់ស្តែង​មាន​បាតុកម្ម​តវ៉ា​សិទ្ធិ​ការងារ​ឆ្នាំ១៨៨៦​ នៅ​ទីក្រុង​ Chicago សហរដ្ឋ​អាមេរិក​ ដើម្បី​ទាមទារ​ម៉ោង​ធ្វើការ​ត្រឹម​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ហើយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ Henry Ford របស់​អាមេរិក​ សម្រេច​អនុវត្ត​តាម​ម៉ោង​ធ្វើការ​នេះ។

វា​លំបាក​ខ្លាំងណាស់​ក្នុង​ការ​ធានា​បាន​នូវ​សិទ្ធិ​ការងារ​បែបនេះ​ ប៉ុន្តែ​ពេល​នេះ ​ប្រទេស​មួយ​ចំនួន​កំពុង​ចោទ​សួរ​ថា​ តើ​ស្ថានភាព​ការងារ​បែប​ហ្នឹង​ល្មម​គ្រប់គ្រាន់​ហើយ​ឬនៅ? ក្រុមហ៊ុន​ Microsoft Japan របស់​ជប៉ុន​ កំពុង​សាកល្បង​ឲ្យ​បុគ្គលិក​ធ្វើការ​រយៈពេល​បួន​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍។ ក្រុមហ៊ុន​បច្ចេក​វិទ្យា​ Rheingans របស់​អាល្លឺម៉ង់​ បាន​កំណត់​ឱ្យ​បុគ្គលិក​ធ្វើការ​ត្រឹម​តែ​៥ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ ប្រទេស​បារាំង​បាន​ហាមប្រាម​មិន​ឲ្យ​ផ្ញើ​អ៊ីមែល​ទាក់ទង​នឹង​ការងារដល់​បុគ្គលិក​នៅ​ក្រៅ​ម៉ោង​ធ្វើការនោះ​ទេ។

ការ​ពិត​គឺ​ថា ប្រសិទ្ធភាព​ការងារ​ពិត​ប្រាកដ​កើត​មាន​តែ​ក្នុង​អំឡុង​ពេល​មួយ​រយៈ​នៃ​ម៉ោង​ធ្វើការ​ទាំង​មូល​តែប៉ុណ្ណោះ​ ដែល​មនុស្ស​ទូទៅ​ម្នាក់​អាច​ធ្វើ​បាន។

អ្នកធ្វើ​ការ​ឯករាជ្យ​មួយ​រូប​ អ្នកស្រី​ Lizzie Wade បាន​សរសេរ​បញ្ចេញ​គំនិត​របស់​អ្នកស្រី​នៅ​ក្នុង​អត្ថបទ​សារព័ត៌មាន​មួយ បន្ទាប់​ពី​តាម​ដាន​ប្រសិទ្ធភាព​ការងារ​របស់​អ្នកស្រី​ដោយ​ប្រើប្រាស់ software។ អ្នកស្រី​បាន​និយាយ​ថា៖​ «វា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​ផ្ដោត​ធ្វើការ​បាន​ពេញ​ទាំង៨​ម៉ោង​ក្នុង​១​ថ្ងៃ​នោះ»។

លោកស្រី​ Nguyen Thi Xuan ដែល​ជា​សមាជិក​សភា​វៀតណាម​ បាន​សម្ដែង​ការព្រួយ​បារម្ភ​ថា មាន​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ឲ្យ​បុគ្គលិក​ធ្វើការ​លើស​ម៉ោង​ ទោះ​ជា​ពួកគេ​ត្រូវ​ធ្វើការ​ដល់៤៨ម៉ោង​ក្នុង​មួយ​សប្តាហ៍​ហើយ​ក៏​ដោយ។ លោក​ស្រី​និយាយ​ថា ប្រជាជន​វៀតណាម​ធ្វើការ​លើស​ម៉ោង​ជាង​ប្រទេស​ផ្សេងៗ​ដែល​ជា​ដៃគូ។ លោកស្រី​ Xuan ដែល​ជា​អ្នក​តំណាងរាស្រ្ត​មណ្ឌល​ Dak Lak ដែល​ជា​ទីក្រុង​កសិកម្ម​នៅ​តំបន់​ខ្ពង់​រាប​កណ្តាល​ប្រទេស​បាន​និយាយ​ទៀត​ថា​ អាជ្ញាធរ​មានសមត្ថកិច្ច​ត្រូវ​គាំពារ​សុខភាព​ និង​ស្តង់ដារ​រស់នៅ​របស់​បុគ្គលិក។

ការ​ធ្វើការ​៤៨ម៉ោង​ក្នុង​មួយ​សប្តាហ៍​គឺ​ជា​រឿង​ធម្មតា​សម្រាប់​កម្មករ​ប្រើ​កម្លាំង​នៅ​ប្រទេស​វៀតណាម​ ចំណែក​ឯ​ក្នុង​ស្ថាប័នរដ្ឋ​និង​បុគ្គលិក​ធ្វើការ​ទូទៅ​ត្រូវ​ធ្វើការ​៤០​ម៉ោង​ក្នុង​មួយ​សប្ដាហ៍។

ស្រប​ពេល​ដែល​លោក​ Nhan និង​អ្នកដទៃ​ទៀត​ កំពុង​ទាមទារ​ឱ្យ​កម្រិត​ម៉ោង​ធ្វើការ​ត្រឹម​៤០​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ ពួកគេ​ក៏ត្រូវ​មាន​ភាព​អំណត់​ក្នុង​ការ​រង់ចាំ​ដែរ ដែល​អាច​ត្រូវ​ចាំ​រហូត​ដល់​រយៈពេល​មួយ​ទសវត្សរ៍​ឯណោះ។ ពួកគេ​បាន​លើក​ឡើង​ថា​ គណបក្ស​កុម្មុយនិស្ត​វៀតណាម​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៣០។ ពួកគេ​សង្ឃឹម​ថា នៅ​ពេល​គម្រប់​ខួប​១០០ឆ្នាំ​របស់​គណបក្ស​នេះ ថ្នាក់​ដឹកនាំ​គណបក្ស​នឹង​ផ្ដល់​កាដូ​ខួប​កំណើត​សម្រាប់​កម្មករ​និង​បុគ្គលិក។​ បើ​ទោះ​ជា​កាដូ​នោះ​មិន​ផ្ដល់​ផល​ប្រយោជន៍​ខ្លាំង​ចំពោះ​បុគ្គលិក​ក៏​ដោយ ក៏​ពួកគេ​សង្ឃឹម​ថា យ៉ាងហោចណាស់ ពួកគេ​អាច​ធ្វើ​ការ​តិច​ម៉ោង​ជាង​មុន​ក្នុង​មួយ​សប្ដាហ៍​៕

ប្រែសម្រួល​ដោយ​ កោះ​ សុគន្ធី

XS
SM
MD
LG