ក្នុងនាមជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាឬភូមា លោកស្រីអង់សាន ស៊ូជីបានថ្លែងនៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ប្រទេសហូឡង់ក្នុងសប្តាហ៍នេះ។ អតីតអ្នកគាំទ្រអ្នកស្រីជាច្រើនបានឃ្លាំមើលដោយស្រងាកចិត្ត ខណៈម្ចាស់ពានរង្វាន់ណូប៊ែលសន្តិភាពបានបដិសេធការចោទប្រកាន់ដែលថា យោធាភូមាបានធ្វើអំពើឃោរឃៅប្រឆាំងប្រជាជនម៉ូស្លីមរ៉ូហ៊ីងយ៉ា។
ក្រុមមេធាវីអយ្យការនិយាយថា សកម្មភាពរបស់យោធាភូមាមានចរិតប្រល័យពូជសាសន៍ហើយអ្នករិះគន់អ្នកស្រីអង់សានស៊ូជីនិយាយថា លោកស្រីមានការទទួលខុសត្រូវខ្លះចំពោះការបន្តធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចម៉ូស្លីមដែល៣ភាគ៤នៃប្រជាជនមួយលាននាក់បានភៀសខ្លួនចេញពីប្រទេស។
ក្រុមសិទ្ធិមនុស្សគូសបញ្ជាក់ពីការបន្តឃុំខ្លួនជនជាតិរ៉ូហ៊ីងយ៉ានៅទូទាំងប្រទេសភូមាដោយចោទប្រកាន់ពីបទធ្វើដំណើរដោយខុសច្បាប់នៅក្នុងប្រទេស។
លោក John Quinley ទី៣នៃក្រុមយុទ្ធនាការសិទ្ធិមនុស្ស Fortify Rights និយាយថា «ជនជាតិរ៉ូហ៊ីងយ៉ាមិនត្រូវបានផ្តល់សេរីភាពក្នុងការធ្វើដំណើរទេ។ យើងបានចងក្រងឯកសារអំពីការបង្ខំឲ្យជនជាតិរ៉ូហ៊ីងយ៉ាធ្វើពលកម្មនិងការរឹតត្បិតលើសិទ្ធិទទួលបានសញ្ជាតិ។ យើងជឿជាក់ថាតុលាការយុត្តិធម៌អន្តរជាតិគួរតែដាក់ចេញវិធានការបណ្តោះអាសន្នជាបន្ទាន់ដើម្បីបញ្ចប់ការធ្វើទុក្ខបុកម្នេញនិងអំពើហិង្សាដែលកំពុងកើតមានលើជនជាតិរ៉ូហ៊ីងយ៉ានៅរដ្ឋ Rakhine។
លោកស្រីអ៊ុងសានស៊ូជីបានការពារយោធាភូមាចំពោះការចោទប្រកាន់ដែលថា យោធាភូមាបានធ្វើអំពើប្រល័យពូជសាសន៍ជនជាតិរ៉ូហ៊ីងយ៉ា បន្ទាប់ពីប្រទេសហ្គំប៊ីបានដាក់ពាក្យបណ្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ។ លោកស្រីបាននិយាយថា សកម្មភាពរបស់យោធាគឺជាការឆ្លើយតបស្របច្បាប់ចំពោះអំពើភេរវកម្ម៕