នៅពេលសកម្មជនអាយុ ៣១ ឆ្នាំ ឈ្មោះ Trupti Desai បានឈានជើងចូលកន្លែង ដែលអាទិទេពនៃព្រះវិហារShani Shingnapur ត្រូវបានដាក់នៅទីនោះ ការឈានជើងចូលវិហារនោះត្រូវបានគេសាទរថា ជាជ័យជម្នះដ៏ធំនៃសមភាពយេនឌ័រនៅក្នុងប្រទេសមួយដែលស្រទាប់ធំៗនៃសង្គមនៅតែស្ថិតក្រោមការគ្រប់គ្រងដោយបុរស។
ការដើរចូលនាង Desai ទៅក្នុងភូមិ Ahmednagar ដែលស្ថិតនៅភាគខាងលិចរដ្ឋ Mahasrashtra កាលពីខែមេសា ជាមួយនឹងស្រ្តីមួយក្រុមតូចផ្សេងទៀត បានកំណត់ទីបញ្ចប់នៃយុទ្ធនាការមួយ ដែលនាងបានចាប់ផ្តើមធ្វើកាលពី៥ខែមុន នៅពេលដែលនាងបានឮថា អាចារ្យជាច្រើនបានប្រារព្ធពិធីជម្រះកាយនៅក្នុងព្រះវិហារ បន្ទាប់ពីស្រ្តីម្នាក់បានធ្វើការអធិដ្ឋានដល់អាទិទេព។
បន្ទាប់ពីប៉ូលិសបានបញ្ឈប់ការប៉ុនប៉ងរបស់នាង Desaiពីការលោតឆ័ត្រយោងពីឧទ្ធម្ភាគចក្រមួយទៅក្នុងទីធ្លានៃព្រះវិហារកាលពីដើមឆ្នាំនេះ ស្រី្តសកម្មជននានាបានប្រមូលផ្តុំគ្នាធ្វើការតស៊ូផ្លូវច្បាប់ប្រឆាំងនឹងបម្រាមនោះ។
តុលាការកំពូលក្រុងបុមបៃ (Mumbai) បានសម្រេចឲ្យស្ត្រីទាំងនោះឈ្នះ ដោយនិយាយថា វាគឺជាសិទ្ធិមូលដ្ឋានរបស់ស្រ្តីក្នុងការចូលទៅកន្លែងគោរពបូជាណាមួយ ដែលបុរសត្រូវបានអនុញ្ញាតឲ្យចូលបាន។ ហើយអាជ្ញាធរគួរតែជួយសម្រួលពួកគេឲ្យចូលទៅក្នុងព្រះវិហារដែលហាមឃាត់មិនឲ្យស្រ្តីចូល។
បន្ទាប់ពីការប្រឆាំងតបត ទីបំផុតអ្នកតំណាងព្រះវិហារបានបើកទ្វារផ្នែកខាងក្នុងនៃកន្លែងពិសិដ្ឋឲ្យស្រ្តីចូល។ វាមិនបានកើតឡើងដោយស្រួលៗ នោះទេ។ សកម្មជនស្រ្តីត្រូវតែយកលិខិតបញ្ជាពីតុលាការទៅជាមួយ និងត្រូវមានការពារដោយក្រុមប៉ូលិសដោយសារពួកគេប្រឈមនឹងការតវ៉ាប្រឆាំងតបវិញពី ប្រជាជនដែលចង់ការពារព្រះវិហារ ហើយជឿថា វាជាការប្រមាថដោយស្រ្តី។
បន្ទាប់ពីបានទទួលជ័យជម្នះនាង Desai បាននិយាយថា «មនុស្សជាច្រើននាក់បាននិយាយថា ដរាបណាព្រះអាទិត្យ ព្រះច័ន្ទនិងតារានៅតែមាន អ្នកនឹងគ្មានឱកាសបានជាន់ទីនេះទេ។ ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលអំណាចស្រ្តីបានឈ្នះហើយប្រពៃណីបានចាញ់»។
នាងបាននិយាយថា ចលនារបស់នាងមិនបានសំដៅទៅរកការអនុវត្តសាសនានោះទេ។ ចលនានេះប្រឆាំងនឹងគំនិតដែលថា ស្រ្តីមានឋានៈទាបជាងគេ។ ព្រះវិហារហិណ្ឌូភាគច្រើនអនុញ្ញាតឲ្យស្រ្តីចូល បុន្តែព្រះវិហារសំខាន់ៗមួយចំនួនធំមិនអនុញ្ញាតឲ្យពួកគេចូលនោះទេ។
ខណៈដែលយុទ្ធនាការដើម្បីផ្លាស់ប្តូរសភាពការណ៏ទាក់ទាញចំណាប់អារម្មណ៍ជាច្រើន ស្រ្តីនានាបានតាមដានព្រះវិហារផ្សេងៗទៀតដែលមានបម្រាមស្រដៀងៗគ្នានេះ។ យ៉ាងហោចណាស់មានព្រះវិហារល្បីៗចំនួន២ គឺព្រះវិហារ Trimbakeshwar នៅក្នុងទីក្រុង Nashik និងព្រះវិហារ Mahalaxmi នៅទីក្រុង Kolhapur បញ្ចប់ការហាមប្រាមស្រ្តីកាលពីខែមុននេះ។
ប៉ុន្តែការតស៊ូនេះមិនទាន់ចប់នៅឡើយទេ នៅពេលដែលអ្នកតវ៉ាស្រដៀងគ្នានេះកំពុងធ្វើយុទ្ធនាការនៅតំបន់ផ្សេងៗទៀតនៅក្នុងប្រទេស។ យុទ្ធនាការដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ ការតវ៉ាដើម្បីចូលទៅក្នុងព្រះវិហារSabarimala Ayyappa ដ៏ល្បីល្បាញនៅរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា ដែលមិនអនុញ្ញាតឲ្យស្រ្តីនៅក្នុងវ័យបន្តពូជចូលក្នុងព្រះវិហារនោះ។ បម្រាមនេះកើតចេញពីជំនឿដែលថា ស្រ្តីដែលកំពុងមករដូវ គឺមិនបរិសុទ្ធ។
តុលាការកំពូល ដែលនឹងសម្រេចលើការរតស៊ូផ្លូវច្បាប់ទៅទំនៀមទម្លាប់ចំណាស់ដែលមានរាប់សតវត្សរ៍នេះ បាននិយាយថា ខ្លួននឹងធ្វើការសាកល្បងទៅលើបម្រាមនេះផ្អែកលើរដ្ឋធម្មនុញ្ញ។
ចៅក្រមម្នាក់ក្នុងចំណោមចៅក្រមបីនាក់គឺលោក Justice Dipak Misra បានមានប្រសាសន៍ថា «តើព្រះវិហារមានសិទ្ធិអ្វីក្នុងការហាមឃាត់ស្រី្តមិនឲ្យចូលក្នុងព្រះវិហារ? តើអ្នកអាចបដិសេធសិទ្ធិរបស់ស្រ្តីដើម្បីឡើងភ្នំអេវើរេសទេ? ហេតុផលក្នុងការហាមអ្វីមួយត្រូវតែអនុវត្តដល់អ្នកគ្រប់គ្នាទាំងអស់»។
អាជ្ញាធររបស់ព្រះវិហារបានការពារប្រពៃណីនេះដោយនិយាយថា អាទិទេពដែលកំពុងបូជាគឺនៅលីវ។
មិនមែនមានតែព្រះវិហារហិណ្ឌូប៉ុណ្ណោះទេ ដែលរងការគៀបសង្កត់ឲ្យអនុញ្ញាតស្រ្តីឲ្យចូល។អ្នកដាក់ញ្ញត្តិ ដែលជាស្រ្តីជនជាតិមូស្លីមក៏បានតស៊ូផ្លូវច្បាប់ប្រឆាំងនឹងបម្រាមដែលដាក់ទៅលើពួកគេនៅក្នុងចេតិយកាលពីសតវត្សទី១៥ នៅឯព្រះវិហារ Haji Ali Dargah ដែលជាព្រះវិហារដ៏ល្បីមួយក្នុងចំណោមព្រះវិហារឥស្លាមល្បីៗដទៃទៀតក្នុងប្រទេស នៅទីក្រុងបុមបៃ ក៏ដូចជាកន្លែងប្រវត្តិសាស្រ្តដ៏ល្បីឈ្មោះមួយផងដែរ។ បម្រាមទាំងនោះត្រូវបានគេដាក់ក្នុងឆ្នាំ២០១១ដោយអ្នកតំណាងព្រះវិហារដែលនិយាយថា ការអនុញ្ញាតឲ្យស្រ្តីចូលមកជិតផ្នូរនៃបុគ្គលជាទីសក្ការៈគឺជា «បាបកម្មដ៏អាក្រក់មួយ» ក្នុងសាសនាឥស្លាម។
អ្នកស្រី Zakia Soman សហស្ថាបនិកនៃអង្គការសិទ្ធិនារីមូស្លីម (Bharatiya Muslim Mahila Andolan) បានចោទសួរអំពីបម្រាមនេះ ដោយលើកឡើងថា ទាំងបុរសនិងស្រ្តីត្រូវអនុញ្ញាតឲ្យមានសិទ្ធិចូលទៅកាន់កន្លែងពិសិដ្ឋបំផុតសម្រាប់ជនមូស្លីមទាំងអស់នៅទីក្រុង Mecca។
អ្នកស្រីបាននិយាយថា ពួកគេបានទៅតុលាការបន្ទាប់ពីការព្យាយាមជួបសន្ទនាជាមួយអ្នកតំណាងព្រះវិហារគ្មានដំណើរការដែលមានន័យថា នៅពេលដែលស្រ្តីបញ្ចេញសំឡេងដើម្បីសមភាព «មនុស្សទាំងនេះកាន់តែខឹងសម្បារ។ យើងមិនអាចអនុញ្ញាតឲ្យវាហួសទៅដោយមិនមានអ្វីកើតឡើងនោះទេ យើងត្រូវតែប្រយុទ្ធដើម្បីសិទ្ធិនេះ»។
អ្នកគាំទ្រសិទ្ធនារីបានពណ៌នាចលនាដើម្បីចូលទៅ កាន់ទីកន្លែងគោរពបូជាជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការស្វែងរកសមភាពយេនឌ័រ។ ពួកគេនិយាយថា អ្វីដែលសំខាន់នោះគឺយុទ្ធនាការនេះកើតឡើងនៅក្នុងទីក្រុងដ៏តូច ជាកន្លែងដែលការតស៊ូបែបនេះត្រូវបានធ្វើឡើង មិនមែននៅទីក្រុងធំៗនោះទេ។
សាស្រ្តាចារ្យផ្នែកសង្គមវិជ្ជានៅសាកលវិទ្យាល័យក្រុងដេលី (Delhi University) អ្នកស្រី Mala Shankar Das Kapoor បានចង្អុលបង្ហាញថា យុទ្ធនាការទាំងនេះបានទាក់ទាញការចាប់អារម្មណ៍ជាច្រើនទូទាំងប្រទេស។
អ្នកស្រីបាននិយាយថា «មនុស្សកាន់តែច្រើននឹងដឹងថាការដាក់បម្រាមទាំងនេះត្រូវតែបញ្ឈប់ ដូច្នេះស្រ្តីដែលអស់កម្លាំងចិត្តនឹងក្រោកឈរដើម្បីសិទ្ធិរបស់ពួកគេ ហើយបង្ហាញពីអ្វីដែលពួកគេចង់បាន។ ទាំងអស់នេះនឹងជួយជំរុញភាពជឿជាក់របស់ស្រ្តីក្នុងការទាមទារនូវសមភាព៕
ប្រែសម្រួលដោយ ទុំ ម្លិះ