មនុស្សប្រហែល១០០នាក់បានស្លាប់ ហើយមនុស្សរាប់រយនាក់ផ្សេងទៀតបានរងរបួសនៅក្នុងអគ្គិភ័យដ៏សន្ធោសន្ធៅមួយ ដែលបានឆាបឆេះវិហារមួយនៅក្នុងរដ្ឋ Kerala កាលពីព្រឹកថ្ងៃអាទិត្យនេះ ដែលនៅទីនោះមានមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាដើម្បីមើលកាំជ្រួចនៅក្នុងពិធីបុណ្យសាសនាប្រចាំឆ្នាំមួយ។
សោកនាដកម្មនេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល៣ភ្លឺ ប៉ុន្មានម៉ោងបន្ទាប់ពីគេចាប់ផ្តើមបាញ់កាំជ្រួចក្បែរវិហារ Puttingal Devi នៅក្នុងក្រុង Paravur ក្នុងស្រុក Kollam ដែលស្ថិតនៅចម្ងាយប្រមាណ៧០គីឡូម៉ែត្រពីរដ្ឋធានី Thiruvananthapuram នៃរដ្ឋនោះ។
ក្រុមមន្រ្តីបាននិយាយថា កាំជ្រួចនោះបានឆេះយ៉ាងសន្ធោសន្ធៅមុនពេលដែលវាបែកផ្កាភ្លើងឡើងទៅលើ ដែលបានបណ្តាលឲ្យផ្ទុះយ៉ាងខ្លាំងជាបន្តបន្ទាប់គ្នា ហើយអគ្គិភ័យនោះបានរីករាលដាលយ៉ាងឆាប់រហ័ស។ ការិយាល័យរបស់វិហារនោះបានឆេះទៅជាគំនរបាក់បែក ហើយដំបូលរបស់វិហារនោះក៏បានបែកធ្លាយដែរ។ ផ្សែងខ្មៅងងឹតបានហោះឡើងទៅលើអាកាសយ៉ាងឆាប់រហ័ស។
មនុស្សម្នាបានរត់ជាន់គ្នាដោយសារការភ័យតក់ស្លុត ហើយមនុស្សជាច្រើនបានរងរបួសខណៈដែលពួកគេព្យាយាមរត់គេចពីអគ្គិភ័យនោះ។
ក្រុមជួយសង្គ្រោះបានទៅដល់ក្រុងនេះហើយ។ កងកម្លាំងប្រដាប់អាវុធកំពុងតែជួយបញ្ជូនជនរងគ្រោះនៅក្នុងហេតុការណ៍នេះទៅកាន់មន្ទីរពេទ្យ។
លោក D.K. Sharma អ្នកនាំពាក្យយោធាជើងទឹកបានថ្លែងប្រាប់ VOA ថា ឧទ្ធម្ភាគចក្រមួយចំនួន និងនាវាយោធាជើងទឹកចំនួន៣គ្រឿងត្រូវបានបញ្ជូនទៅទីនោះដើម្បីដឹកជញ្ជូនជនរងគ្រោះទៅកាន់ក្រុងដែលធំជាងនេះទៅក្នុងរដ្ឋនេះ៕