ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​កាទូត​ឥណ្ឌា​និង​ប៉ាគីស្ថាន​ជួប​ពិភាក្សា​គ្នា​រឿង​ភេរវកម្ម​និង​អំពី​តំបន់​កាស្មៀរ


លោក Subramanyam Jaishankar (ឆ្វេង) រដ្ឋលេខាធិការ​កិច្ចការ​បរទេស​ឥណ្ឌា​ និង​លោក Aizaz Ahmad Chaudhry រដ្ឋលេខាធិការ​កិច្ចការ​បរទេស​របស់​ប្រទេស​ប៉ាគីស្ថាន​ ចាក​ចេញ​ពី​កិច្ច​ប្រជុំ​នៅ​ក្នុង​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា​ ឆ្នាំ២០១៦។
លោក Subramanyam Jaishankar (ឆ្វេង) រដ្ឋលេខាធិការ​កិច្ចការ​បរទេស​ឥណ្ឌា​ និង​លោក Aizaz Ahmad Chaudhry រដ្ឋលេខាធិការ​កិច្ចការ​បរទេស​របស់​ប្រទេស​ប៉ាគីស្ថាន​ ចាក​ចេញ​ពី​កិច្ច​ប្រជុំ​នៅ​ក្នុង​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា​ ឆ្នាំ២០១៦។

ក្នុង​រយៈ​ពេល​ជិត​បួន​ខែ​ក្រោយ​ពី​ការ​វាយ​ប្រហារ​មួយ​ដោយ​ពួក​ជន​សកម្ម​ប្រយុទ្ធ​ប្រដាប់​អាវុធ​ក្នុង​មូលដ្ឋាន​មួយ​នៃ​កង​ទ័ព​អាកាស​ឥណ្ឌាដែល​បាន​ធ្វើឱ្យ​អន្តរាយ​ដល់​ការ​សន្ទនា​គ្នា​រវាង​ប្រទេស​ឥណ្ឌា​និង​ប្រទេសប៉ាគីស្ថាន​ ដែល​ជា​គូប្រជែង​គ្នា​នោះ​ ​ពួក​អ្នក​ការទូត​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​នេះ​បាន​ធ្វើ​ការ​ចរចា​គ្នា​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌា​អំពី​បញ្ហា​មួយ​ចំនួន​ដែល​ធ្វើឱ្យ​មាន​ការ​ល្អក់​កករ​ក្នុង​ទំនាក់ទំ​នង​រវាង​ប្រទេស​ទាំង​ពីរ​នេះ ដូច​ជា​បញ្ហា​ដែន​ដី​កាស្មៀរ (Kashmir) ​និង​បញ្ហា​ភេរវកម្ម​ជាដើម។​

ជំនួប​រវាង​លោក ​Subrahmanyam Jaishankar ​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌា​ និង​សមភាគី​ប៉ាគីស្ថាន​របស់​លោក​គឺ​លោក​ Aizaz Ahmad Chaudhry​ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​អង្គារ​នៅ​ខាង​ក្រៅ​សន្និសីទ​ក្នុង​តំបន់​មួយ​អំពី​ប្រទេស​អាហ្វហ្គានីស្ថាន។

សេចក្តី​ថ្លែងការណ៍​មួយ​ពី​អគ្គស្នងការ​ប៉ាគីស្ថាន​ ប្រចាំ​ក្រុង​ញូវដេលី​ បាន​និយាយ​ថា​ លោក​ Chaudhry​ បាន​គូស​បញ្ជាក់​ថា​ ដែន​ដី​កាស្មៀរ​ នៅ​តែ​ជា​បញ្ហា​ស្នូល​ដែល​តម្រូវ​ឱ្យ​មាន​ការដោះ​ស្រាយ​មួយ​ដោយ​យុត្តិធម៌។​ ដែន​ដី​ត្រូវ​បែង​ចែក​នេះ​ក្នុង​តំបន់ភ្នំ​ហិម៉ាល័យ​ នៅ​តែ​ជា​បញ្ហា​នាំ​ឱ្យ​មាន​ការ​មិន​ស្រុះ​ស្រួល​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ ដែល​ជា​គូ​ប្រជែង​គ្នា​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។​

រដ្ឋាភិបាល​ក្រុង​ញូវ​ដេលី​ ផ្តោត​ការ​យក​ចិត្តទុក​ដាក់​លើ​កង្វល់​ធំបំផុត​របស់​ខ្លួន​ហើយ​បាន​និយាយ​ថា ​រដ្ឋាភិបាល​ក្រុង​ Islamabad ​មិន​អាច​ប្រកែក​បាន​ទេ​អំពី​ផល​ប៉ះ​ពាល់នៃ​ភេរវកម្ម​ទៅ​លើការ​ទាក់ទង​គ្នា​រវាង​ប្រទេស​ទាំង​ពីរ។​

សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​ក្រសួង​ការបរទេស​ឥណ្ឌា​បាន​និយាយ​ថា​ ក្រសួង​នេះ​បាន​គូស​បញ្ជាក់​អំពី​សេចក្តី​ត្រូវការ​ឱ្យ​មាន​ការជឿន​លឿន​«យ៉ាង​ឆាប់​រហ័ស​និង​ច្បាស់​លាស់»​នៃ​ការ​ស៊ើបអង្កេត​អំពីការ​វាយ​ប្រហារ​កាល​ពី​ខែ​មករា​នៅ​ឯ​មូលដ្ឋាន​កង​ទ័ព​អាកាស​ Pathankot ​និង​អំពី​ការ​កាត់ក្តី​ដែល​កំពុង​មាន​ធ្វើ​ទាក់​ទិន​នឹង​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្នុង​ក្រុង Mumbai កាលពី​ឆ្នាំ​២០០៨៕

XS
SM
MD
LG