ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេដឹកនាំ​សាសនា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នានា​ចាត់​វិធានការ​លើ​ការ​ប្រែប្រួល​អាកាសធាតុ


សេចក្តី​ថ្លែង​ការណ៍​រួម​ស្តីពី​អាកាសធាតុ​របស់​មេដឹកនាំ​សាសនា ត្រូវ​បាន​ប្រគល់​ជូន​ទៅ​លោក Mogens Lykketoft ដែល​ជា​ប្រធាន​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ។ (រូបថតដោយ: Alex Price, GreenFaith)

មេដឹកនាំ​សាសនា​ល្បីល្បាញ​ចំនួន​២៥០​នាក់ ​រួម​ទាំង​សម្តេច​ Dalai Lama និង​សកម្មជន​សិទ្ធិ​ពល​រដ្ឋ​​អាហ្វ្រិក​ខាងត្បូង ​លោក ​Desmond Tutu​ បាន​ចុះ​ហត្ថលេខា​​លើ​ឯកសារ​ ដែល​ជំរុញ​ឲ្យ​​ប្រមុខ​រដ្ឋ​ចុះ​ហត្ថលេខា​ផ្តល់​សច្ចាប័ន​និង​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ទី​ក្រុង​ប៉ារីស​​ឲ្យ​បាន​ឆាប់រហ័ស។

នៅ​ថ្ងៃ​ទិវា​ផែនដី​ «Earth Day» ដែល​ត្រូវ​នឹងថ្ងៃ​សុក្រ​ទី​ ២២​ខែ​មេសា​ មេដឹកនាំពិភពលោក ​នឹង​ជួបជុំ​គ្នា​ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀងអាកាសធាតុ​ពិភពលោក​ ដែល​ត្រូវ​បាន​ចរចានៅ​ទីក្រុង​ប៉ារីស​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅនេះ។ ពិធី​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ទី​ស្នាក់​ការ​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក​នោះ​គឺ​ជាជំហាន​ដំបូង​នៃ​ដំណើរ​ការ​ផ្តល់​សច្ចាប័ន។ ​មេដឹកនាំ​សាសនា​ជា​ច្រើន​បាន​នាំ​គ្នា​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដែល​សម្តែងនូវ​សាមគ្គីភាព​ជាមួយ​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ​នោះ ហើយ​នឹង​សេចក្តី​ត្រូវការ​ឲ្យ​មាន​វិធានការឆាប់​រហ័សដើម្បី​អនុវត្ត។

ក្រុម​មេ​ដឹកនាំ​សាសនា​បាន​នាំ​គ្នា​ធ្វើ​ការ​បួង​សួងនៅ​មជ្ឈមណ្ឌល​ព្រះវិហារ​សាសនា​របស់​អង្គការ​សហប្រជាជាតិ​។ ពួក​គេ​បាន​អះអាង​បញ្ជាក់​ពី​ភាព​ឧត្តុងឧត្តមនៃ​ភព​ផែនដី។ មេដឹកនាំ​ទាំង​អស់​នេះ​មក​ទី​នេះ ​ដើម្បី​ផ្តល់​ជូន​នូវ​សេចក្តី​ថ្លែងការណ៍​អន្តរ​សាសនា​មួយ​ដែល​ទាក់ទង​ទៅ​នឹង​អាកាសធាតុ​ទៅកាន់​ប្រធាន​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​។

មេដឹកនាំ​សាសនា​ល្បីល្បាញ​ចំនួន​២៥០​នាក់ ​រួម​ទាំង​សម្តេច​ Dalai Lama និង​សកម្មជន​សិទ្ធិ​ពល​រដ្ឋអាហ្វ្រិក​ខាងត្បូង ​លោក ​Desmond Tutu​ បាន​ចុះ​ហត្ថលេខាលើ​ឯកសារ​ ដែល​ជំរុញ​ឲ្យប្រមុខ​រដ្ឋ​ចុះ​ហត្ថលេខា​ផ្តល់​សច្ចាប័ន​និង​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ទី​ក្រុង​ប៉ារីសឲ្យ​បាន​ឆាប់រហ័ស។ ប្រជាពលរដ្ឋ​ប្រហែល​ ៥ពាន់នាក់​ និង​អង្គភាព​ចំនួន ៩០ផ្សេង​ទៀត​នៅ​ទូទាំង​ពិភពលោក​ក៏​បាន​ចុះ​ហត្ថលេខា​ទៅ​លើ​សេចក្តី​ថ្លែងការណ៍​ផង​ដែរ។​

លោក​ Fletcher Haper​ ជា​នាយកប្រតិបត្តិ​នៃ​សម្ព័ន្ធ​ GreenFaith ​ដែល​ជា​សម្ព័ន្ធ​អន្តរ​សាសនា​មួយ ដែល​បាន​ជួយ​រៀប​ចំ​ពិធី​នេះ។ លោក​បាន​ថ្លែងថា ​សេចក្តី​ថ្លែងការណ៍​នេះ​ឆ្លុះ​បញ្ចាំងនូវ​សេចក្តី​ថ្លៃ​ថ្នូរ​ខាង​សាសនានិង​សីលធម៌ ដែល​មាន​ក្នុង​ប្រពៃណី​ទាំង​អស់។

«យើង​ត្រូវ​ចាត់​ទុក​ផែនដី​ជា​អំណោយ​មួយ​ ហើយ​មិន​មែន​គ្រាន់​តែ​ជា​វត្ថុ​មួយ​ដែល​អាច​ទិញ​ឬ​លក់​បាន​តាម​ចិត្តនោះទេ​។ ប៉ុន្តែ​ជា​អំណោយ​ដែល​យើង​ត្រូវ​ស្រឡាញ់​និង​ការពារ ​មិន​មែន​ត្រឹម​តែសម្រាប់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​រយៈពេល​ខ្លី​ប៉ុណ្ណោះទេ​ តែ​សម្រាប់​ការ​ការពារ​ជីវិតក្នុង​រយៈពេល​វែង​ផង​ដែរ»។

នៅ​ក្នុង​វិហារ​របស់អង្គការ​សហប្រជាជាតិ ​ក្រុម​មេដឹកនាំសាសនា​ បាន​នាំ​គ្នា​ចេញ​មុខដើម្បីសម្តែង​សាមគ្គីភាព​ជាមួយ​នឹង​សេចក្តីថ្លែងការណ៍ស្តីពី​ អាកាសធាតុ។ ក្នុង​ចំណោម​ពួក​គេ​គឺ​លោក​ស្រី ​Kiran Bali​ ប្រធាន​សាកល​នៃ​គំរោង​ផ្តួចផ្តើម​សាសនា​សហប្រជាជាតិ​ (United Religion Intiative) ដែល​ជា​អង្គការ​អន្តរសាសនាធំ​ជាង​គេ​បំផុតនៅ​លើ​ពិភពលោក ដែល​មាន​ភាព​សកម្មនៅ​ក្នុង​ប្រទេស​ចំនួន​ ៩៤​។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា ​គ្រោះរាំង​ស្ងួត​ដែលមាន​សភាព​កាន់​តែ​ធ្ងន់​ធ្ងរឡើង កង្វះខាត​ស្បៀងអាហារ​ និង​ការ​ផុតពូជ​សត្វ​នានា​ កាន់​តែ​មាន​ភាព​ធ្ងន់​ធ្ងរឡើង ដោយ​សារ​ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​ជា​បរាជ័យ​របស់​មនុស្ស​ និង​បរាជ័យ​ខាង​សាសនា។

«ខ្ញុំមកទីនេះ​ដើម្បី​សុំ​ឱ្យ​អ្នក​រាល់គ្នា​រួបរួម​ក្នុង​នាម​អ្នក​ដែល​មាន​ជំនឿសាសនា​ ​ដែល​ជឿ​លើ​តម្លៃ​នៃ​ភាព​រួម​គ្នា​ ការ​គោរពគ្នា​ និង​ការ​ថែរក្សា​បរិស្ថាន​ ហើយ​ពិតជា​ជួយ​ស្រោចស្រង់ភពផែន​ដី​របស់​យើង» ។

ក្រុម​មេដឹកនាំសាសនា​បាន​អំពាវនាវ​ឲ្យរដ្ឋាភិបាល​ផ្លាស់ប្តូរ​ពី​ប្រភព​ប្រេងឥន្ធនៈ​ ​ទៅប្រើថាមពល​ដែល​អាច​ផលិតឡើងវិញ​បាន។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​ទប់ស្កាត់​ការ​បំភាយ​ឧស្ម័ន​ដែល​បង្ក​ឲ្យ​មាន​ការ​ឡើង​កំដៅ ​និង​រក្សា​កំណើន​សីតុណ្ហភាពផែនដី​ឲ្យនៅ​ក្រោម​២​អង្សាសេ​ ប្រៀប​ទៅ​នឹង​សម័យ​មុន​ឧស្សាហកម្ម៕

ប្រែ​សម្រួល​ដោយ​ ផន បុប្ផា

XS
SM
MD
LG