មន្ទីរពិសោធន៍មួយរបស់រដ្ឋាភិបាលនៅក្នុងប្រទេសឥណ្ឌាបានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនបានផលិតឧបករណ៍ចល័តមួយដែលអាចកំណត់ថាតើសំណាកមួយមានផ្ទុកសាច់គោក្នុងនោះឬអត់ក្នុងរយៈពេល៣០នាទី។
បច្ចេកវិទ្យានេះនឹងត្រូវប្រើប្រាស់នៅក្នុងស្នងការប៉ូលិសជាច្រើន ដើម្បីកាត់បន្ថយជាអប្បបរមាទៅលើការចាប់ខ្លួននិងឃុំខ្លួនអ្នកដែលគេសង្ស័យថា លក់ឬបរិភោគសាច់គោ។ សាច់គោត្រូវបានហាមឃាត់នៅក្នុងរដ្ឋមួយចំនួន ដោយសារតែសត្វគោត្រូវបានគេចាត់ទុកថាស័ក្តិសិទ្ធិសម្រាប់អ្នកកាន់សាសនាហិណ្ឌូភាគច្រើននៅក្នុងប្រទេសឥណ្ឌា។
ថ្មីៗនេះ គេត្រូវការពេលរាប់ថ្ងៃរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ដើម្បីកំណត់ថាតើមានវត្តមានសាច់គោនៅក្នុងសំណាកដែរឬទេ ដែលការណ៍នេះធ្វើឲ្យមនុស្សគ្មានកំហុសត្រូវជាប់ឃុំខ្លួនក្នុងពន្ធនាគាររង់ចាំលទ្ធផលតេស្ត។
ឧបករណ៍ចល័តថ្មីមួយត្រូវបានបង្កើតឡើងដោយមន្ទីរពិសោធន៍ Directorate of Forensic Science និងមានតម្លៃប្រមាណ១២០ដុល្លារ។
ការប្រកាសនេះត្រូវបានធ្វើឡើងខណៈដែលចំនួនឃាតករដែលតាំងខ្លួនថាជាអ្នកការពារសណ្តាប់ធ្នាប់សង្គមនិងបានសម្លាប់ជនសង្ស័យជាអ្នកជួញដូរសាច់គោ បានកើតឡើងយ៉ាងខ្លាំងក្នុងប្រទេសឥណ្ឌា។
ការរវ៉ាដែលមានឈ្មោះថា "Not in My Name" បានថ្កោលទោសការកើនឡើងអំពើហិង្សានេះ និងបានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី Narendra Modi ថ្កោលទោសទៅលើការកើនឡើងការវាយប្រហារលើអ្នកកាន់សាសនាឥស្លាម និងពួកអ្នកកាន់សាសនាហិណ្ឌូវណ្ណៈទាបចំពោះការជួញដូរឬបរិភោគសាច់គោនៅទូទាំងប្រទេសឥណ្ឌាកាលពីខែមុន។
ចាប់តាំងពីពេលនោះមក លោកនាយករដ្ឋមន្ត្រី Modi បានថ្កោលទោសអំពើហិង្សានេះ ដោយនិយាយថា ការសម្លាប់មនុស្សដោយសំអាងថាការពារសត្វគោគឺខុសច្បាប់។ ប៉ុន្តែមនុស្សជាច្រើនភ័យខ្លាចថា ពួកអ្នកតាំងខ្លួនថាជាអ្នកការពារសត្វគោទាំងនោះត្រូវបានផ្តល់អំណាចដោយគណបក្សជាតិនិយមហិណ្ឌូស្តាំនិយមរបស់លោកនាយករដ្ឋមន្ត្រី ចាប់តាំងពីការបោះឆ្នោតកាលពីឆ្នាំ២០១៤ មក៕