អស់រយៈពេលជិត៦ទសវត្សរ៍មកហើយ ដែលមេដឹកនាំសាសនាទីបេបានរត់ភៀសខ្លួនចេញពីទឹកដីកំណើតរបស់ខ្លួន។ សម្តេច Dalai Lama បានជួបគ្នាម្តងទៀតជាមួយនឹងអ្នកយាមព្រំដែនម្នាក់ ដែលបានជូនដំណើរសម្តេចចូលក្នុងប្រទេសឥណ្ឌា កាលពីសម្តេចមានជន្មាយុទើបតែ២៣ព្រះវស្សា។
សម្តេចសង្ឃពុទ្ធសាសនា ដែលឥឡូវនេះមានព្រះជន្ម៨១វស្សា បានជួបនឹងអ្នកយាមព្រំដែនឈ្មោះ Naren Chandra Das អាយុ៧៩ឆ្នាំ ក្នុងរដ្ឋធានី Guwahati នៃរដ្ឋ Assam ដែលស្ថិតនៅភាគឦសានប្រទេសឥណ្ឌា នៅក្នុងពិធីមួយរៀបចំដោយរដ្ឋាភិបាលនៃរដ្ឋនេះ។
កាលពីឆ្នាំ១៩៥៩ សម្តេចសង្ឃ Dalai Lama បានធ្វើដំណើរឆ្លងកាត់ជួរភ្នំហិមាល័យអស់រយៈពេលពីរសប្តាហ៍ដោយបន្លំខ្លួនជាទាហានម្នាក់និងបានស្នើសុំសិទ្ធិជ្រកកោនក្នុងប្រទេសឥណ្ឌា បន្ទាប់ពីការបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ចិននៅតំបន់ទីបេបានបរាជ័យ។
កាលពីថ្ងៃអាទិត្យទី០២ខែមេសា នៅពេលដែលសម្តេចកំពុងឱបលោក Das ដែលបាននាំដំណើរសម្តេចចូលក្នុងប្រទេសឥណ្ឌា មេដឹកនាំសាសនាតំបន់ទីបេរូបនេះបានមានប្រសាសន៍ថា លោកសប្បាយចិត្តណាស់ដែលបានជួបលោក Das។ សម្តេចបានមានប្រសាសន៍កំប្លែងលេងថា «ដល់ពេលមើលមុខអ្នក ឥឡូវទើបខ្ញុំដឹងថា ខ្ញុំពិតជាចាស់ខ្លាំងដែរហើយ»។
នោះគឺជាលើកទីមួយហើយ ដែលអ្នកទាំងពីរបានជួបនិយាយគ្នា។ លោក Das នៅចាំបានថា លោកនិងអ្នកយាមពីរបីនាក់ទៀតដែលនាំដំណើរសម្តេច Dalai Lama ត្រូវបានគេបញ្ជាមិនឲ្យនិយាយជាមួយមេដឹកនាំរូបនេះទេនៅពេលឆ្លងកាត់ទៅក្នុងប្រទេសឥណ្ឌា។ អ្នកទាំងពីរមិនដែលបានជួបគ្នាទៀតទេតាំងពីពេលនោះមក។
ក្រោយមក លោក Das បានប្រាប់អ្នកសារព័ត៌មានថា លោកពោរពេញដោយភាពកក់ក្តៅនៅពេលលោកបានជួបសម្តេច Dalai Lama។
មេដឹកនាំសាសនានៅតំបន់ទីបេរូបនេះ ដែលបានមកដល់ទីក្រុង Guwahati តាមផ្លូវទៅកាន់វត្តពុទ្ធសាសនា Tawang ក្នុងរដ្ឋ Arunachal Pradesh បានមានប្រសាសន៍ថា អារម្មណ៍របស់លោកដិតជាប់ជាមួយនឹងតំបន់នេះ ដែលធ្វើឲ្យលោកនឹករឭកដល់ពេលដែលលោករត់ភៀសខ្លួនពីតំបន់ទីបេ។
សម្តេចសង្ឃDalai Lama បានរំឭកពីពេលដែលឥណ្ឌាបញ្ជូនមន្រ្តីមួយចំនួនមកព្រំដែនឥណ្ឌា ដែលពួកគេបានយល់ព្រមរួចជាស្រេចថានឹងអនុញ្ញាតឲ្យសម្តេចនិងអ្នកនាំដំណើរទាំងនោះចូល។
«ប៉ុន្មានថ្ងៃមុនពេលខ្ញុំមកដល់ប្រទេសឥណ្ឌា គឺពោរពេញដោយភាពតានតឹងហើយក្តីបារម្ភតែមួយគត់នោះគឺសុវត្ថិភាព ប៉ុន្តែអារម្មណ៍ខ្ញុំពោរពេញដោយសេរីភាព នៅពេលដែលប្រជាជននិងមន្រ្តីនានាស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅអស់ពីបេះដូង ហើយទំព័រថ្មីមួយក្នុងជីវិតខ្ញុំបានចាប់ផ្តើមឡើង»។ នេះបើយោងតាមសម្តីរបស់សម្តេច Dalai Lama ដកស្រង់ដោយកាសែត Press Trust of India។
ទស្សនកិច្ចរបស់លោកក្នុងសប្តាហ៍នេះបានធ្វើឲ្យចិនមិនពេញចិត្ត។ រដ្ឋាភិបាលក្រុងប៉េកាំង ដែលហៅសម្តេច Dalai Lama ថា ជាជនបំបែកខ្លួនដ៏គ្រោះថ្នាក់ម្នាក់ បានតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលឥណ្ឌាក្នុងការរៀបចំទទួលសម្តេច Dalai Lamaនាពេលថ្មីៗនេះនៅតំបន់ព្រំដែនដែលងាយរងការប៉ះទង្គិចគ្នារបស់រដ្ឋ Arunachal Pradesh ដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្រុងញូវដេលី និងដែលត្រូវបានទាមទារដោយរដ្ឋាភិបាលក្រុងប៉េកាំងផងដែរ។
រដ្ឋាភិបាលឥណ្ឌាបានឆ្លើយតបដោយនិយាយថា នេះជាទស្សនកិច្ចបែបសាសនា ហើយមិនពាក់ព័ន្ធនឹងនយោបាយនោះទេ។ សម្តេច Dalai Lama បានហៅការតវ៉ាពីសំណាក់ប្រទេសចិននេះថាជា «រឿងធម្មតា»៕
ប្រែសម្រួលដោយ ទុំ ម្លិះ