រ៉ុកកែតទម្ងន់ធ្ងន់បំផុតរបស់ឥណ្ឌាដែលទើបតែផលិតឡើង ត្រូវបានបាញ់ចូលទៅក្នុងអវកាសកាលពីល្ងាចថ្ងៃចន្ទ ដោយពាំនាំយកផ្កាយរណបសម្រាប់ទំនាក់ទំនងមួយដែលមានទម្ងន់ជាង៣តោន ពីកោះ Sriharikota ដែលស្ថិតនៅប៉ែកខាងកើតប្រទេសឥណ្ឌា។
នេះគឺជាដំណើរវិវត្តន៍ដ៏សំខាន់មួយទៀតសម្រាប់កម្មវិធីអវកាសដ៏មហ្ឆិចតារបស់ប្រទេសនេះ និងធ្វើឲ្យឥណ្ឌាបោះជំហានទៅមុខមួយជំហានទៀតក្នុងការបញ្ជូនអវកាសយានិកទៅកាន់អវកាស។
លោក Aluru Seelin Kiran Kumar ប្រធានអង្គការស្រាវជ្រាវអវកាសឥណ្ឌាបាននិយាយទាំងញញឹមក្រោយពីការបាញ់គ្រាប់រ៉ុកកែតនេះថា៖ «ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្រ្ត... យើងអាចបង្ហោះផ្កាយរណបនៅក្នុងគន្លងគោចរបានហើយ»។
អ្នកវិទ្យាសាស្រ្តខាងអវកាសលើកឡើងពីអត្ថប្រយោជន៍ជាច្រើននៃរ៉ុកកែត (GSLV) Mk III ដែលអាចផ្ទុកទម្ងន់បានដល់ទៅ៤តោនទៅកាន់គន្លងគោចរ។ គ្រាប់រ៉ុកកែតនេះនឹងជួយកាត់បន្ថយការពឹងផ្អែករបស់ឥណ្ឌាទៅលើទីភ្នាក់ងារអវកាសបរទេស ក្នុងការបញ្ជូនផ្កាយរណបធ្ងន់ៗទៅកាន់អវកាស ដោយជួយសន្សំសំចៃប្រាក់យ៉ាងច្រើន ហើយនៅពេលខាងមុខឥណ្ឌានឹងអាចបញ្ជូនបេសកកម្មអវកាសយានិកដើម្បីទៅរុករកក្នុងអវកាសដែលកាន់តែជ្រៅ។
លោកនាយករដ្ឋមន្ត្រី Narendra Modi បានបង្ហោះសារមួយលើបណ្តាញសង្គម Tweeter ថា៖ «បេសកកម្មនេះធ្វើឲ្យឥណ្ឌាមានសមត្ថភាពយានអវកាសនិងផ្កាយរណបកាន់តែទំនើប។ ប្រទេសឥណ្ឌាមានមោទនភាពណាស់!»
ថ្វីដ្បិតតែឥណ្ឌាមានមហ្ឆិចតាខ្ពស់ទៅលើកម្មវិធីអវកាសដូចជាចង់បញ្ជូនបេសកកម្មអវកាយានិកទៅកាន់អវកាសនិងបេសកកម្មទៅកាន់ភពសុក្រនិងភពព្រហស្បតិ៍ក៏ដោយ ក៏ឥណ្ឌានៅខ្វះបច្ចេកវិទ្យាក្នុងការបាញ់រ៉ុកកែតទម្ងន់ធ្ងន់ទៅកាន់ភពទាំងនោះ៕