ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​​ឥណ្ឌា​​រងគ្រោះ​​ដោយសារ​រលក​កំដៅ​ដ៏​ប្រល័យ​​បំផុត​ទី​ប្រាំ​ក្នុង​ពិភព​លោក


បុរស​អ្នក​ដំណើរ​ម្នាក់​​ងូតទឹក​នៅ​ក្បែរផ្លូវ​រថភ្លើង​​ក្នុង​ក្រុង​Jammu ប្រទេស​ឥណ្ឌា កាលពីថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០១៥។ រលកកម្តៅក្នុង​ប្រទេសឥណ្ឌា​បាន​ឡើង​ដល់​៤៨ដឺក្រេ។
បុរស​អ្នក​ដំណើរ​ម្នាក់​​ងូតទឹក​នៅ​ក្បែរផ្លូវ​រថភ្លើង​​ក្នុង​ក្រុង​Jammu ប្រទេស​ឥណ្ឌា កាលពីថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០១៥។ រលកកម្តៅក្នុង​ប្រទេសឥណ្ឌា​បាន​ឡើង​ដល់​៤៨ដឺក្រេ។

រលក​កំដៅ​ដ៏​ធ្ងន់ធ្ងរ​ដែល​កំពុង​កើត​មាន​ក្នុង​ប្រទេស​ឥណ្ឌា​ជា​រលក​កម្ដៅ​ដ៏​ប្រល័យ​បំផុត​ទីពីរ​ ដែល​ប្រទេស​នេះ​បាន​ជួប​ប្រទះ​និង​ជា​រលក​កម្ដៅ​ដ៏​ប្រល័យ​បំផុត​ទី​ប្រាំ​ក្នុង​ពិភពលោក។​ នៅ​ពេល​ដែល​ចំនួន​មនុស្ស​ស្លាប់​ឡើង​ដល់​២​ពាន់​នាក់​ហើយនោះមាន​កំណើន​ការ​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​ចាត់​វិធានការ​ថែម​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​សីតុណ្ហភាព​ឡើង​ខ្លាំង​បែបនេះ។​

ការ​ធ្លាក់​ភ្លៀង​ឯណេះ​បន្តិច​ឯណោះ​បន្តិច​បាន​នាំ​ឱ្យ​មាន​ភាព​ធូរស្រាល​នៅ​ក្នុង​កន្លែង​មួយ​ចំនួន​តូច​ដែលមាន​សីតុណ្ហភាព​ក្តៅ​ខ្លាំងជិត​ពីរ​សប្តាហ៍​មក​ហើយ​នៅ​ភាគច្រើន​នៃ​ប្រទេស​ឥណ្ឌា។​ ក៏​ប៉ុន្តែ​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៃ​ប្រទេស​ឥណ្ឌា​គ្មាន​សញ្ញា​ថា​ មាន​ការ​ថម​ថយ​កំដៅ​ទេ។​

មជ្ឈ​មណ្ឌល​ទិន្នន័យ​ព្រឹត្តិការណ៍​គ្រា​មាន​អាសន្ន​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​Emergency Events Database ​ដែល​ជា​មជ្ឈមណ្ឌល​ខាង​មហន្តរាយ​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​ Brussels ​បាន​ហៅ​កំណើន​កំដៅ​នេះ​ថា ​ជា​រលក​កំដៅ​ដ៏​ប្រល័យ​បំផុត​ទី​ប្រាំ​នៅ​ក្នុង​ពិភពលោក។​

លោក ​Chandra Bhushan ​ជា​នាយក​រង​នៃ​មជ្ឈ​មណ្ឌល​សម្រាប់​វិទ្យាសាស្ត្រ​និង​បរិស្ថាន​ដែល​ភាសា​អង់គ្លេសហៅ​ថា​ Center for Science and Environment មាន​មូលដ្ឋាន​ក្នុង​ក្រុង ​New Delhi។ ​លោក​និយាយ​ថា ​ទោះណា​ជា​ប្រទេស​ឥណ្ឌា​ធ្លាប់​ស៊ាំ​នឹងសីតុណ្ហភាព​ខ្ពស់​ក៏​ដោយ​ ក៏​កំដៅ​នៅ​រដូវ​ក្តៅ​នេះ​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​មុន​ ពី​ព្រោះ​សីតុណ្ហ​ភាព​កើន​ឡើង​ឆាប់​រហ័ស។​

«ជា​ទូទៅ​មាន​កំណើន​សីតុណ្ហភាព​យឺតៗ​ ក៏​ប៉ុន្តែ​សីតុណ្ហភាព​មិន​កើន​យឺត​អញ្ចឹង​ទេ ​នៅ​ពេល​នេះ។​ យើង​មាន​ធាតុ​អាកាស​ត្រជាក់​និង​សើម​មិន​ធម្មតា​ក្នុង​ខែ​មីនា​ និង​ខែមេសា ​ហើយ​ចាប់​តាំង​ពី​សប្តាហ៍​ទី​មួយ​នៃ​ខែ​ឧសភា​មក ​សីតុណ្ហ​ភាព​បាន​ចាប់​ផ្តើម​កើនឡើង​ឆាប់​រហ័ស​ណាស់។​ នេះ​មាន​ន័យ​ថា​ ក្នុង​រយៈពេល​ខ្លី​បំផុត​ សីតុណ្ហ​ភាព​បាន​កើន​ឡើង​ពី​១៥​ទៅ​២០​អង្សា​ Celsius»។​

នៅ​ក្នុង​តំបន់​មាន​ផល​ប៉ះពាល់​អាក្រក់​បំផុត​ដូច​ជា​រដ្ឋ​ Andhra Pradesh ​ជា​ដើម​នោះ ​អាជ្ញាធរ​បាន​ចេញ​ផ្សាយ​ការ​ណែនាំ​ឱ្យ​ប្រជារាស្ត្រ​ឋិត​នៅ​ក្នុង​ម្លប់។

ក៏​ប៉ុន្តែ​មាន​មនុស្ស​ក្រីក្រ​ច្រើន​នាក់​ ដូចជា​ក្រុម​កម្មករ​សំណង់ ​ពួក​អ្នក​ពពាយនាយ​លក់​ឥវ៉ាន់​ និង​ក្រុម​អ្នក​លក់​ទំនិញ​នៅ​ក្រៅ​អាគារ​ដែល​ពឹងពាក់​លើ​ប្រាក់​បៀវត្សរ៍​ប្រចាំ​ថ្ងៃ​ មិន​អាច​ធ្វើតាម​ការណែនាំ​នេះ​បាន​ទេ។​ ទុក្ខវេទនា​នៃ​ក្រុម​មនុស្សរស់​នៅ​ក្នុង​ក្រុង​មាន​ប្រជារាស្ត្រ​ណែន​ក្តន់​មាន​ភាព​ធ្ងន់ធ្ងរថែម​ទៀត​ដោយសារ​ការខ្វះ​ដើម​ឈើ​ដើម្បី​ជ្រក ​ហើយ​កន្លែង​មាន​ចាក់​កៅស៊ូ​និង​មាន​ក្រាល​ស៊ីម៉ង់​ធ្វើ​ឱ្យ​មាន​សីតុណ្ហ​ភាព​ខ្ពស់​ថែម​ទៀត។​ នៅ​ក្នុង​កន្លែង​ជាច្រើន​សីតុណ្ហ​ភាព​បាន​ឡើង​ដល់​៤៥​អង្សា Celsius៕​

ប្រែសម្រួល លោក​ឈឹម​ សុមេធ​

XS
SM
MD
LG