ប្រធានាធិបតីចិនលោក Xi Jinping បានសន្យាលើកកម្ពស់ «សន្តិភាពពិភពលោក» នៅក្នុងសារឆ្នាំថ្មីផ្ញើទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនកាលពីថ្ងៃអង្គារ។
លោក Xi បាននិយាយថា៖ «មិនថាស្ថានការណ៍អន្តរជាតិប្រែប្រួលយ៉ាងណានោះទេ ប្រទេសចិននឹងនៅតែប្រកាន់ខ្ជាប់នូវកំណែទម្រង់ជ្រាលជ្រៅគ្រប់ជ្រុងជ្រោយ...និងលើកកម្ពស់សន្តិភាពពិភពលោកនិងការអភិវឌ្ឍ»។ នេះបើយោងតាមទូរទស្សន៍ CCTV របស់ចិន។
តាំងពីពេលដែលរុស្ស៊ីធ្វើការឈ្លានពានពេញទំហឹងលើអ៊ុយក្រែននៅខែកុម្ភៈ ឆ្នាំ ២០២២ មក ចិនបានស្វះស្វែងបង្ហាញខ្លួនឯងឲ្យឃើញថាជាភាគីអាព្យាក្រឹតខុសពីសហរដ្ឋអាមេរិកនិងបណ្ដាបស្ចិមប្រទេសផ្សេងទៀត។
ប៉ុន្តែ ចិននៅតែជាដៃគូនយោបាយនិងសេដ្ឋកិច្ចដ៏ជិតស្និទ្ធរបស់រុស្ស៊ី ដោយធ្វើឲ្យសមាជិកអង្គការអូតង់ (NATO) ខ្លះចាត់ទុកចិនថាជា «អ្នកជួយជំរុញ» ឲ្យមានសង្គ្រាមនៅអ៊ុយក្រែននេះកើតឡើង។ កន្លងមក ចិនមិនដែលថ្កោលទោសសង្គ្រាមនេះទេ។
បើយោងតាមទូរទស្សន៍ CCTV លោក Xi បានប្រាប់លោក Putin ថា៖ «នៅក្នុងការប្រឈមនឹងការប្រែប្រួលវិវត្តទៅមុខយ៉ាងលឿនមិនធ្លាប់មាននៅក្នុងមួយសតវត្សរ៍កន្លងមកនេះនិងស្ថានការណ៍អន្តរជាតិដ៏វីវក់ ចិននិងរុស្ស៊ីបានកាន់ដៃគ្នាធ្វើដំណើរទៅមុខដោយមិនបង្អាក់តាមមាគ៌ាត្រឹមត្រូវនៃការមិនចូលបក្សសម្ព័ន្ធ ការមិនប្រឈមមុខដាក់គ្នា និងការមិនដៅគោលដៅលើភាគីទីបីណាមួយ»។
លោក Xi និងលោក Putin មានទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងជិតស្និទ្ធ ដោយលោក Xi បានហៅលោក Putin ថាជា «មិត្តភក្ដិល្អបំផុត» ហើយលោក Putin បានហៅលោក Xi ថាជា «ដៃគូដ៏គួរឲ្យទុកចិត្ត»។
លោក Xi បានបញ្ជាក់ប្រាប់លោក Putin ថា ឆ្នាំ ២០២៤ គឺជាខួបទី ៧៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងរុស្ស៊ី «ដោយតំណាងឲ្យដំណាក់កាលសំខាន់ថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ»។ នេះបើយោងតាមទូរទស្សន៍ CCTV៕
ទីក្រុងប៉េកាំង ប្រទេសចិន —