អាជ្ញាធរឥណ្ឌាបានហាមមិនឲ្យចាក់ផ្សាយខ្សែភាពយន្តឯកសាររបស់ BBC ដោយសារតែមានការខឹងសម្បាពីមហាជន ចំពោះបទសម្ភាសន៍ដ៏ចម្រូងចម្រាស់ជាមួយនឹងជនដៃដល់ម្នាក់នៃករណីរំលោភសេពសន្ថទេវៈជាក្រុមដ៏សាហាវព្រៃផ្សៃមួយ ដែលបានបណ្តាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅប្រទេសឥណ្ឌាកាលពី២ឆ្នាំមុន។ អ្នកខ្លះយល់ថា ការហាមប្រាមនេះមិនមែនជាដំណោះស្រាយទេ ហើយថា ការផ្លាស់ប្តូរឥរិយាបថក្នុងសង្គមដែលមិនឲ្យតម្លៃស្ត្រីទៅវិញទេ ដែលជាដំណោះស្រាយ។
Mukesh Signh គឺជាជនដៃដល់ក្នុងចំណោមជនដៃដល់៦នាក់ ដែលបានរំលោភនិស្សិតស្រីផ្នែកព្យាបាលជំងឺដោយការហាត់ប្រាណ អាយុ២៣ឆ្នាំ កាលពីខែធ្នូ ឆ្នាំ២០១២ ដែលបាននិយាយថា ស្រ្តីដែលដើរក្រៅផ្ទះពេលយប់គួរតែទទួលខុសត្រូវលើកំហុសរបស់ខ្លួន។ Mukesh Singh បានប្រាប់ផលិតកររបស់ BBC ថា «ស្ត្រីមានការត្រូវទទួលខុសត្រូវលើការរំលោភសេពសន្ថទេវៈច្រើនជាងបុរសឆ្ងាយណាស់»។
Mukesh Singh កំពុងតែឋិតនៅក្នុងមន្ទីរឃុំឃាំង Tihar នៅក្រុង New Delhi ខណៈដែល Mukesh ប្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោសប្រហារជីវិតមកលើរូបគេសម្រាប់បទឧក្រិដ្ឋកម្មរំលោភសេពសន្ថទេវៈមកលើ Jyoti Singh នៅលើរថយន្តក្រុងមួយ ដែលនាងបានជិះ ក្រោយពេលដែលនាងបានមើលកុនចប់នៅពេលយប់នោះ។ ដោយគ្មានវិប្បដិសារីអ្វីសោះ Mukesh បានប្រាប់ផលិតករ Leslee Udwin ថា បើសិនជា Jyoti Singh មិនរឹងទទឹងនឹងការរំលោភពេលនោះ ពួកគេដែលជាជនដៃដល់នឹងមិនចាំបាច់វាយដំនាងរហូតដល់នាងស្លាប់នោះទេ។ Mukesh និយាយថា «នាងគួរតែនៅឲ្យស្ងាត់ស្ងៀមឲ្យយើងរំលោភតាមសម្រួល»។
ខ្សែភាពយន្តឯកសាររយៈពេល១ម៉ោងនេះ ដែលមានចំណងជើងថា «កូនស្រីឥណ្ឌា» និងដែលមានបទសម្ភាសន៍នេះក្នុងនោះដែរ នឹងគ្រោងចាក់ផ្សាយដោយស្ថានីយ៍ទូរទស្សន៍ BBC Four នៅថ្ងៃទី៨ ខែមិនា ខាងមុខនេះ ហើយស្ថានីយ៍ទូរទស្សន៍ឥណ្ឌាមួយគ្រោងនឹងចាក់ផ្សាយខ្សែភាពយន្តឯកសារនេះដែរ។
ក៏ប៉ុន្តែ ខណៈដែលមានការខឹងសម្បាពីមហាជនចំពោះអ្វីដែល Mukesh Singh បាននិយាយនោះ ប៉ូលិសបានចាត់វិធានការហាមមិនឲ្យផ្សាយបទសម្ភាសន៍របស់ Mukesh ដោយអះអាងថា បទសម្ភាសន៍នេះអាចនឹងបណ្តាលឲ្យមាន«បរិយាកាសនៃភាពភ័យខ្លាច និងភាពតានតឹងដែលអាចបណ្តាលឲ្យមានការប្រឆាំងជាសាធារណៈ»។ លើសពីនេះ ស្ថានីយ៍ទូរទស្សន៍ត្រូវបានណែនាំមិនឲ្យចាក់ផ្សាយខ្សែភាពយន្តឯកសារនេះ។
លោក Rajinath Singh រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចោទប្រកាន់ផលិតករថាបានបំពានល័ក្ខខ័ណ្ឌនៃការអនុញ្ញាតឲ្យធ្វើបទសម្ភាសន៍។
«យើងបានកត់សម្គាល់ឃើញថា ខែ្សភាពយន្តឯកសារនេះបង្ហាញពីការលើកឡើងរបស់ជនជាប់ចោទដែលជាការប្រមាថមើលងាយ និងតិះដៀលកិត្តិយសស្រ្តីយ៉ាងខ្លាំង»។
សកម្មជនស្រ្តីដ៏ឆ្នើមជាច្រើនបានយល់ឃើញដូចរដ្ឋាភិបាលដែរ ដោយបានជំទាស់ថា ខ្សែភាពយន្តឯកសារនេះប្រៀបដូចផ្តល់វេទិកាឲ្យជនដៃដល់ និងឃាតករ។
លោកស្រី Ranjana Kumari ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវសង្គមនៅក្រុង New Delhi បាននិយាយថា ការឆ្លើយតបរបស់ Mukesh Singh គឺជាឥរិយាបថទូទៅរបស់បុរសនៅឥណ្ឌា។
«ខ្ញុំយល់ថា យើងមិនអាចរកឃើញអ្វីថ្មី ដោយផ្អែកតាមអ្វីដែល Mukesh បាននិយាយនោះទេ។ នេះហើយគឺជាផ្នត់គំនិតអំពីបញ្ហានេះ។ បើបទសម្ភាសន៍ត្រូវតែធ្វើឡើង នោះវាគួរតែយកទៅប្រើប្រាស់ដោយវេជ្ជបណ្ឌិតចិត្តសាស្ត្រ ឬសង្គមវិទូដើម្បីវិភាគ។ ការយកបទសម្ភាសន៍នេះមកចាក់ផ្សាយបែបនេះ ខ្ញុំយល់ថា ជាទង្វើដែលមិនអាចទទួលយកបានទេ។ វាពិតជាការរំលោភបំពានលើកិត្តិយសរបស់ស្ត្រី»។
ការខឹងសម្បានេះគឺមិនមែនតែលើអ្វីដែលជនដៃដល់បាននិយាយទេ។ មានការសួរដោយខឹងសម្បាជាច្រើនថា ហេតុអ្វីបានជាផលិតករបរទេសនេះទទួលបានការអនុញ្ញាតឲ្យសម្ភាស Mukesh Singh និងជនដៃដល់ដ៏ទទៃទៀតនៅក្នុងមន្ទីរឃុំឃាំង។
ផលិតករ Udwin បានការពារខ្សែភាពយន្តនេះនៅក្នុងកម្មវិធីចាក់ផ្សាយខ្សែភាពយន្តដ៏ពិសេសមួយនៅក្រុង New Delhi កាលពីថ្ងៃអង្គារ មុនពេលខ្សែភាពយន្តនេះត្រូវបានហាមមិនឲ្យចាក់ផ្សាយ។ ក្នុងនាមជាជនរងគ្រោះនៃការរំលោភសេពសន្ថទេវៈម្នាក់ដែរ ផលិតករ Udwin និយាយថា លោកស្រីបានទទួលការអនុញ្ញាត ហើយសោកស្តាយដោយសារតែការហាមមិនឲ្យចាក់ផ្សាយខ្សែភាពយន្តនេះ។
ខ្សែភាពយន្តនេះ ដែលបង្ហាញពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងយប់នៃការរំលោភសេពសន្ទទេវៈដោយបុរសមួយក្រុម ក៏មានចាក់បង្ហាញបទសម្ភាសន៍ជាមួយនឹងឪពុកម្តាយរបស់ជនរងគ្រោះ មេធាវី និងគ្រូពេទ្យផងដែរ។
លោកស្រី Udwin ឲ្យដឹងថា លោកស្រីភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការយល់ឃើញរបស់ Mukesh Singh មកលើស្ត្រី។
«នេះគឺគួរឲ្យតក់ស្លុតមែនទែន។ អ្វីដែល Mukesh យល់ឃើញ ជាជាងអ្វីដែលគេបានប្រព្រឹត្ត បានជំរុញឲ្យ Mukesh ធ្វើបែបនោះ។ ហើយមិនមែនមានតែ Mukesh ទេដែលគិតបែបនេះ។ តាមពិត នេះគឺជាបញ្ហាសង្គមមួយ។ ក្នុងរយៈពេល១៦ម៉ោងនោះ គឺគ្មានការស្តាយក្រោយទាល់តែសោះ។ ហើយឥរិយាបថរបស់ Mukesh គឺជាមូលហេតុដែលបុរសយល់ខុសពីយើងដែលជាស្ត្រី ហើយមនុស្សគ្រប់គ្នាកំពុងតែយល់ឃើញដូចនេះ»។
ខណៈដែលមានការប្រឆាំង និងការខឹងសម្បានឹងបទសម្ភាសន៍នេះ មានអ្នកខ្លះបានចង្អុលបង្ហាញថា បញ្ហាដ៏ចម្បងមួយគឺថា អ្វីដែលខ្សែភាពយន្តឯកសារនេះចង់ឆ្លុះបង្ហាញកំពុងតែត្រូវបានបាត់បង់ ដែលនោះគឺ ផ្នត់គំនិតនៃសង្គមមួយដែលមិនផ្តល់តម្លៃឲ្យស្ត្រី។
លោក Javed Akhtar ផលិតករភាពយន្តដ៏ល្បីល្បាញម្នាក់ បានចោទសួរលើការខឹងសម្បាមកលើខ្សែភាពយន្តនេះ និងមកលើអ្វីដែលជនដៃដល់បាននិយាយ ដែលថា ស្ត្រីសមនឹងរងគ្រោះ បើសិនជាពួកគេនៅដើរចេញក្រៅផ្ទះនៅពេលយប់។
លោកនិយាយថា លោកពិតជាសប្បាយរីករាយដែលខ្សែភាពយន្តឯកសារនេះត្រូវបានចងក្រងឡើង ដើម្បីឲ្យបុរសឥណ្ឌារាប់លាននាក់អាចយល់ថា ពួកគេក៏គិតដូចគ្នានឹងជនដៃដល់នៃការរំលោភសេពសន្ថទេវៈនេះដែរ។ លោកលើកឡើងថា បើសិនជាបុរសទាំងអស់នេះមិនពេញចិត្តនឹងអ្វីដែល Mukesh Singh បាននិយាយ នោះពួកគេគួរតែផ្លាស់ប្តូរផ្នត់គំនិតរបស់គេ។
លោកស្រី Anu Aga សមាជិកព្រឹទ្ធសភា និងជាបុគ្គលិកសង្គមកិច្ច និងអ្នកជំនួញម្នាក់ បានយល់ឃើញស្រដៀងនេះដែរ។
«ណែនាំឲ្យមានការផ្តន្ទាទោសប្រហារជីវិតទៅ។ ហើយការហាមមិនឲ្យចាក់ផ្សាយខ្សែភាពយន្តនេះគឺមិនមែនជាដំណោះស្រាយនោះទេ។ យើងត្រូវតែប្រឈមនឹងបញ្ហានេះ ដែលថា បុរសនៅឥណ្ឌាមិនគោរពស្ត្រី ហើយពេលណាដែលមានករណីរំលោភសេពសន្ថទេវៈ កំហុសត្រូវបានទម្លាក់មកលើស្ត្រី ហើយថា ស្ត្រីស្លៀកពាក់មិនសមរម្យ និងជាអ្នកបង្កហេតុឲ្យបុរសប្រព្រឹត្តបែបនេះ។ នេះមិនមែនគ្រាន់តែជាទស្សនៈរបស់បុរសម្នាក់ដែលនៅក្នុងគុកនោះទេ។ នេះគឺជាទស្សនៈរបស់បុរសជាច្រើននាក់នៅក្នុងប្រទេសឥណ្ឌា។ យើងទាំងអស់គ្នាត្រូវតែស្វែងយល់ពីបញ្ហានេះ ហើយមិនគួរគិតថាគ្មានបញ្ហានោះទេ»។
ខណៈដែលករណីរំលោភសេពសន្ថទេវៈជាក្រុមដ៏ព្រៃផ្សៃនេះទទួលការចាប់អារម្មណ៍ម្តងទៀត មានអ្នកខ្លះ រួមទាំងឪពុកម្តាយរបស់ជនរងគ្រោះកំពុងតែចោទសួរថា ហេតុអ្វីបានជាករណីនេះមិនទាន់បានកាត់សេចក្តីឲ្យចប់ ក្នុងរយៈពេល២ឆ្នាំក្រោយហេតុការណ៍នេះបានកើតឡើង។ ស្របពេលដែលតុលាការបានចេញសាលក្រមដ៏លឿនមួយក្នុងរយៈពេល៩ខែ ក្នុងកំណត់ត្រារបស់ឥណ្ឌា ការប្តឹងឧទ្ធរណ៍របស់ជនដៃដល់កំពុងតែឋិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការកំពូលនៅឡើយ៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត