ទឹកជំនន់រយៈពេល៣ថ្ងៃក្នុងប្រទេសណេប៉ាល់និងតំបន់ខាងជើងប្រទេសឥណ្ឌា បានសម្លាប់មនុស្សជិត២រយនាក់។
ភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីសប្តាហ៍មុន បានធ្វើឲ្យបាក់ដី ហើយទឹកជំនន់បានបំផ្លាញភូមិទាំងមូល និងធ្វើឲ្យមនុស្សរាប់ពាន់នាក់ជាប់គាំងនិងបំផ្លាញផ្លូវថ្នល់ទូទាំងតំបន់វាលទំនាបភាគខាងលិចនៃប្រទេសណេប៉ាល់និងផ្នែកនានានៃប្រទេសឥណ្ឌាដែលជាប្រទេសជិតខាង។
នៅក្នុងប្រទេសណេប៉ាល់ មនុស្សជាង១រយនាក់ បានស្លាប់ហើយនឹងជាង១២០នាក់ទៀត កំពុងបាត់ខ្លួន។
ពួកមន្រ្តីរដ្ឋាភិបាល បានបញ្ជូនឧទ្ធម្ភាគចក្រ៤គ្រឿងដោយមានម្ហូបអាហារ គ្រឿងផ្គត់ផ្គង់ក្នុងគ្រាអាសន្ន ថ្នាំពេទ្យនិងបុគ្គលិកសុខាភិបាលទៅកាន់តំបន់ដែលរងផលប៉ះពាល់នោះ៕