ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសយកថ្ងៃទី ៩ ខែមករាជាថ្ងៃកាន់ទុក្ខថ្នាក់ជាតិសម្រាប់លោកអតីតប្រធានាធិបតី Jimmy Carter និងបានប្រកាសកាលពីថ្ងៃចន្ទថា ការិយាល័យរដ្ឋាភិបាលសហព័ន្ធទាំងអស់នឹងត្រូវបិទទ្វារនៅថ្ងៃនោះដើម្បីជាការបង្ហាញនូវការគោរពចំពោះប្រធានាធិបតីសហរដ្ឋអាមេរិកទី ៣៩ រូបនេះដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យក្នុងអាយុ ១០០ ឆ្នាំ។
លោក Biden បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសផ្លូវការមួយដែលបានចេញផ្សាយកាលពីយប់ថ្ងៃអាទិត្យថា៖ «ខ្ញុំអំពាវនាវដល់ពលរដ្ឋអាមេរិកាំងទាំងអស់ឱ្យប្រមូលផ្ដុំគ្នានៅថ្ងៃនោះនៅតាមកន្លែងសក្ការៈបូជានានារបស់ខ្លួនដើម្បីគោរពវិញ្ញាណក្ខន្ធលោក [អតីត] ប្រធានាធិបតី James Earl Carter Jr.។ ខ្ញុំអញ្ជើញប្រជាពលរដ្ឋទូទាំងពិភពលោកដែលរួមចំណែកនូវទុក្ខសោករបស់យើងឱ្យចូលរួមជាមួយយើងនៅក្នុងពិធីបុណ្យនេះ»។
ពិធីបុណ្យថ្ងៃទី ៩ មករានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននេះនឹងមានវត្តមានចូលរួមពីប្រធានាធិបតីអាមេរិកដែលនៅមានជីវិតទាំងអស់និងឥស្សរជនជាច្រើន។ លោក Biden ក៏បានបញ្ជាឱ្យបង្ហូតទង់ជាតិសហរដ្ឋអាមេរិកត្រឹមពាក់កណ្តាលដងនៅតាមអគារសាធារណៈ មូលដ្ឋានយោធា និងអគាររដ្ឋាភិបាលអាមេរិកនៅបរទេសរយៈពេល ៣០ ថ្ងៃចាប់ពីថ្ងៃមរណភាពរបស់លោក Carter មក។
លោក Biden បានអនុញ្ញាតឱ្យរៀបចំពិធីបុណ្យសពរបស់លោក Carterជាលក្ខណៈផ្លូវរដ្ឋ ដែលធ្វើឡើងជាច្រើនថ្ងៃនិងមាន ៣ ដំណាក់កាលនិងត្រូវសម្របសម្រួលដោយយោធាសហរដ្ឋអាមេរិក។ ពិធីបុណ្យសពនេះគឺធ្វើឡើងដោយរួមមានពិធីនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននិងពិធីនៅក្នុងរដ្ឋ Georgia ដែលជារដ្ឋកំណើតរបស់លោក Carter ផងដែរ។
លោក Carter បានបញ្ជាក់ម្តងហើយម្តងទៀតនៅពេលលោកនៅមានជីវិតអំពីបំណងប្រាថ្នារបស់លោកដែលចង់ឱ្យគេបញ្ចុះសពលោកនៅទីធ្លាមុខផ្ទះរបស់លោកក្នុងក្រុង Plains រដ្ឋ Georgia ក្បែរសពអ្នកស្រី Rosalynn ដែលជាភរិយារបស់លោកដែលបានរួមជីវិតអាពាហ៍ពិពាហ៍ជាមួយលោកបាន ៧៧ ឆ្នាំ។ អ្នកស្រី Rosalynn បានទទួលមរណភាពនៅឆ្នាំ ២០២៣។
លោក Carter បានស្ថិតក្រោមការមើលថែទាំអស់រយៈពេល ២ ឆ្នាំមុនពេលលោកស្លាប់នៅអាយុ ១០០ ឆ្នាំ ដែលបានធ្វើឱ្យលោកក្លាយជាអតីតប្រធានាធិបតីអាមេរិកដែលរស់បានយូរជាងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក៕