ឥណ្ឌានឹងចំណាយប្រាក់ ១៣៧ពាន់លានដុល្លារលើការស្តារឡើងវិញនូវបណ្តាញផ្លូវរថភ្លើងយ៉ាងធំរបស់ខ្លួន ដែលជាបណ្តាញផ្លូវរថភ្លើងធំបំផុតទីបួននៅលើពិភពលោក។ ការផ្តោតទៅលើការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានធ្វើឡើងនៅស្របពេលមានការព្យាករណ៍ប្រកបដោយសុទិដ្ឋិនិយមថា កំណើនសេដ្ឋកិច្ចនៅឥណ្ឌានឹងមានដល់ប្រាំបីភាគរយនៅឆ្នាំបន្ទាប់។
តួលេខនោះ គឺពិតមិនគួរឲ្យជឿ៖ ផ្លូវរថភ្លើងបានដឹកអ្នកដំណើរ ២៣លាននាក់ជារៀងរាល់ថ្ងៃ និងដឹកជញ្ជូនទំនិញបីលានតោនតាមបណ្តាញមួយ ដែលមានប្រវែង ៦៤.០០០ គីឡូម៉ែត្រ។ ជាមួយនឹងបុគ្គលិក ១,៣លាននាក់ ស្ថានីយរថភ្លើងជានយោជកធំជាងគេបង្អស់មួយនៅឥណ្ឌា។
ប៉ុន្តែទោះបីជាផ្លូវរថភ្លើងត្រូវបានហៅថាជាខ្សែស្រោចស្រង់ប្រទេសក្តី ភាគច្រើននៃហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកកំពុងមានការប្រេះស្រាំ និងចាស់គំរិល។ គ្រោះថ្នាក់ផ្សេងៗបានឆក់យក ជីវិតមនុស្សរាប់សិបនាក់ជារៀងរាល់ឆ្នាំ រថភ្លើងមានអ្នកធ្វើដំណើរកកកុញ ហើយផ្លូវដែកខូចខាតបានបន្ថយល្បឿនរថភ្លើង។
ដោយបន្ទោសបញ្ហានោះទៅលើ «ការវិនិយោគមិនពេញលេញដ៏ញាំញ៉ីអស់រយៈពេលយ៉ាងយូរមួយ» មន្រ្តីផ្លូវដែក លោក Suresh Prabhu បាននិយាយថា នៅក្នុងរយៈពេលប្រាំឆ្នាំខាងមុខ រដ្ឋាភិបាលនឹងធ្វើទំនើបភាវូបនីយកម្មរថភ្លើង នាំយករថភ្លើងល្បឿនលឿននៅតាមផ្លូវសំខាន់ៗ បង្កើតខ្សែផ្លូវដែកបន្ថែម និងធ្វើការកាត់ផ្តាច់ពីផ្លូវដែកសម្រាប់ដឹកទំនិញ។ លោកបានធ្វើការបង្ហាញនូវកញ្ចប់ថវិកាសម្រាប់ផ្លូវដែកប្រចាំឆ្នាំ។
«ការចំណេញនៅក្នុងសេដ្ឋកិច្ចនឹងមានច្រើនមហិមា៖ សេវាកម្មប្រសើរជាងមុន ការលើកកម្ពស់ទំនាក់ទំនងសម្រាប់ប្រជាជនគ្រប់រូប ដែលក្នុងនោះរួមមានប្រជាជនក្រីក្រនៅក្នុងសង្គម តម្លៃទាបជាងមុន និងការជំរុញភាពប្រកួតប្រជែងឲ្យកាន់តែខ្លាំងក្លាជាងមុន។ ការវិនិយោគនៅក្នុងផ្លូវដែក នឹងមានឥទ្ធិពលរីកសាយភាយយ៉ាងធំមួយសម្រាប់សេដ្ឋកិច្ចទាំងមូល»។
ការវិនិយោគនឹងមានជាផ្នែកតាមរយៈការសន្សំ ដោយសារតែមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងតម្លៃប្រេងម៉ាស៊ូតនៅក្នុងឆាកអន្តរជាតិ ដែលត្រូវបានប្រើសម្រាប់រថភ្លើងនៅឥណ្ឌា។ មូលនីធិផ្សេងៗនឹងត្រូវរៃអង្គាសពីក្រុមអ្នកផ្តល់កម្ចីពហុភាគី មូលនីធិហេដ្ឋារចនាសម្ព័ន្ធ និងប្រាក់ចូលនិវត្តន៍ ក៏ដូចជាអ្វីដែលរដ្ឋាភិបាលហៅថា «ការដាក់ទ្រព្យអយស្ម័យយានក្នុងទម្រង់ជារូបិយបណ្ណ»។
ក្រុមអ្នកជំនាញបានស្នើឲ្យមាននូវការផ្តោតថ្មីមួយ។ ទោះបីជាមាននូវការកោះហៅជាបន្ទាន់ឲ្យមានការស្តារឡើងវិញនូវបណ្តាញផ្លូវរថភ្លើង រដ្ឋាភិបាលអណត្តិមុនៗបានជ្រើសការចំណាយប្រាក់លើការនាំយកនូវរថភ្លើងថ្មីៗ ដើម្បីបំពេញតម្រូវការដឹកជញ្ជូននៅក្នុងតម្លៃថោក។
អ្នកសេដ្ឋកិច្ចមួយរូបនៅមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយឯករាជ្យមួយនៅទីក្រុង New Dehli លោក Rajiv Kumar បាននិយាយថា ការវិនិយោគនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវការយ៉ាងខ្លាំងដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
«ការវិនិយោគ គឺត្រូវការនាថ្ងៃមុន ហើយវាក៏ត្រូវការនាថ្ងៃម្សិលម្ង៉ៃផងដែរ ដូចនេះវាជាអ្វីមួយដែលបំពេញចិត្តមនុស្សទូទៅ។ ខ្ញុំពិតជាសង្ឃឹមថា ការវិនិយោគនឹងកើនហួស ១៣៧ពាន់លានដុល្លារ។ ពីព្រោះ ការវិនិយោគពិតជាអ្វី ដែលត្រូវការមួយដើម្បីធ្វើឲ្យផ្លូវដែកនៅឥណ្ឌាមានលក្ខណៈប្រសើរដូចប្រព័ន្ធផ្លូវដែកដទៃទៀតនៅអាស៊ី និងនៅលើពិភពលោក ដែលកាលពី៣០ឆ្នាំមុន ផ្លូវដែកនៅឥណ្ឌាមានលក្ខណៈប្រហាក់ប្រហែលនឹងផ្លូវដែកប្រទេសដទៃទៀត តែពេលឥឡូវនេះប្រព័ន្ធផ្លូវដែកនៅឥណ្ឌាឋិតនៅពីក្រោយប្រព័ន្ធផ្លូវដែកនៅប្រទេសដទៃយ៉ាងខ្លាំង»។
ការជំរុញរបស់រដ្ឋាភិបាលនៅក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានធ្វើឡើងនៅខណៈដែលការស្ទង់មតិសេដ្ឋកិច្ចចុងក្រោយបង្អស់ បានព្យាករណ៍កំណើនពីប្រាំបី ទៅប្រាំបីកណ្តក់សញ្ញាប្រាំភាគរយនៅក្នុងឆ្នាំសារពើពន្ធបន្ទាប់។ នេះនឹងធ្វើឲ្យប្រទេសឥណ្ឌាក្លាយជា ប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត នៅក្នុងចំណោមសេដ្ឋកិច្ចធំៗនៅលើពិភពលោក។
ដោយនិយាយថា ប្រទេសឥណ្ឌាបានឈានដល់ «ចំណុចដ៏ប្រពៃមួយ» របាយការណ៍បានលើកឡើងថា ប្រទេសឥណ្ឌាកំពុងស្ថិតនៅលើផ្លូវក្នុងការទទួលបានកំណើនសេដ្ឋកិច្ចពីរខ្ទង់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
ចំនួននោះ គឺផ្អែកទៅលើរបៀបថ្មីមួយនៅក្នុងវាស់វែងកំណើនសេដ្ឋកិច្ច ដែលត្រូវបានចោទសួរដោយក្រុមអ្នកជំនាញមួយចំនួន។ ក្រុមអ្នកជំនាញទាំងនោះបាននិយាយថា ទោះបីជាសេដ្ឋកិច្ចកំពុងមានភាពរុលទៅមុខ វិស័យមួយចំនួននៅតែមានភាពថមថយ ហើយត្រូវការពេលវេលាដើម្បីរើបឡើងវិញពីការធ្លាក់ចុះរយៈពេលវែងមួយ៕
ប្រែសម្រួលដោយ៖ ណឹម សុភ័ក្រ្តបញ្ញា