ក្នុងចំណាត់ការដ៏ខ្លាំងមួយ រដ្ឋាភិបាលជាតិនិយមហិណ្ឌូនៃប្រទេសឥណ្ឌា បានបោះចោលឋានៈស្វ័យភាពពិសេសដែលបានផ្តល់ឲ្យតំបន់ Kashmir អស់រាប់ទសវត្សរ៍ បានបណ្តាលឲ្យមានការភ័យខ្លាចពីប្រតិកម្មប្រឆាំងតបតវិញនៅក្នុងតំបន់ដែលមានអ្នកកាន់សាសនាឥស្លាមភាគច្រើននោះ។
ប៉ុន្មានម៉ោង បន្ទាប់ពីការបង្ក្រាបខាងសន្តិសុខដ៏ធំមួយនៅក្នុងរដ្ឋ លោក Amit Shah រដ្ឋមន្ត្រីមហាផ្ទៃ បានប្រាប់សភាកាលពីថ្ងៃចន្ទថា ប្រធានាធិបតី បានចុះហត្ថលេខាលើក្រឹត្យច្បាប់មួយដែលលុបចោលមាត្រា៣៧០។ វិធានការនោះបានអនុញ្ញាតឲ្យរដ្ឋធ្វើច្បាប់ដោយខ្លួនឯងហើយមានសិទ្ធិសម្រេចលើបញ្ហាទាំងអស់ លើកលែងតែកិច្ចការបរទេស ការពារប្រទេស និងគមនាគមន៍។
រដ្ឋាភិបាលឥណ្ឌា ក៏បានលុបចោលការហាមឃាត់ពលរដ្ឋដែលមិនមែនអ្នកស្រុករស់នៅក្នុងតំបន់ Kashmir មិនមានសិទ្ធិទិញទ្រព្យសម្បត្តិនៅក្នុងតំបន់នោះ ដោយបានអនុញ្ញាតឲ្យជនជាតិឥណ្ឌាមកពីក្រៅរដ្ឋនោះអាចតាំងទីលំនៅនៅទីនោះបាន ទិញដីនិងធ្វើការងារក្នុងរដ្ឋាភិបាលតំបន់នោះបាន។
តាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយបន្ទាប់ពីនិយាយតាមទូរស័ព្ទកាលពីរសៀលថ្ងៃចន្ទជាមួយលោក Mahathir Mohamad នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី លោក Imran Khan នាយករដ្ឋមន្ត្រីនៃប្រទេសប៉ាគីស្ថាន បាននិយាយថា ចំណាត់ការនេះ ជាការរំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដ៏ច្បាស់ក្រឡែត។
តំបន់ Kashmir ត្រូវបានបែងចែករវាងប្រទេសឥណ្ឌានិងប៉ាគីស្ថាន ក៏ប៉ុន្តែ បានទាមទារតំបន់ទាំងអស់ដោយប្រទេសទាំង២។ ការណ៍នេះ បានបណ្តាលឲ្យប្រទេសទាំង២ធ្វើសង្គ្រាមរវាងគ្នានិងគ្នាចំនួន៣លើក ហើយនៅតែប្រភពនៃការតានតឹងដដែល៕