ក្រុមអាជ្ញាធរប៉ាគីស្ថានបានចាប់ខ្លួនពួកជនសកម្មប្រយុទ្ធ ដែលសង្ស័យ៤៤នាក់ រួមទាំងសាច់ញ្ញាតិពីរនាក់របស់មេដឹកនាំក្រុមឥស្លាមនិយម ដែលប្រទេសឥណ្ឌាបានចោទប្រកាន់ថា បានដាក់គ្រាប់បែកអត្តឃាតនៅក្នុងឡាននៅតំបន់ Kashmir កាន់កាប់ដោយឥណ្ឌា។
ហេតុការណ៍ផ្ទុះដ៏ប្រល័យកាលពីថ្ងៃទី១៤ ខែកុម្ភៈនៅស្រុក Pulwama បានសម្លាប់កងកម្លាំងសន្តិសុខឥណ្ឌា៤០នាក់ និងស្ទើរតែបានធ្វើឲ្យឥណ្ឌា និងប៉ាគីស្ថានដែលជាគូប្រជែងនុយក្លេអ៊ែរផ្ទុះសង្គ្រាមដាក់គ្នាទាក់ទិននឹងការចោទប្រកាន់ទៅលើក្រុម Jaish-e-Mohammad មានទីតាំងនៅក្នុងប្រទេសប៉ាគីស្ថានថាជា អ្នកដែលបង្កឲ្យមានអំពើហិង្សានេះ។
លោក Shehryar Afridi រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប៉ាគីស្ថាន បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ពួកអ្នកជាប់ឃុំទាំងនោះរួមមាន លោក Mufti Abdul Rauf ជាបងប្អូនប្រុសរបស់លោក Massood Azhar មេដឹកនាំក្រុម Jaish-e-Mohammad ។ លោករដ្ឋមន្រ្តីក៏បានថ្លែងបន្ថែមថា កូនប្រុសរបស់លោក Massood Azhar ឈ្មោះ Hammad ក៏ស្ថិតក្នុងចំណោមអ្នកជាប់ឃុំទាំងនោះដែរ។
លោក Afridi បានថ្លែងថា លោក Rauf និងលោក Hammad Azhar មានឈ្មោះនៅក្នុងបញ្ជីជនសង្ស័យដែលក្រុងញ៉ូវដេលី បានផ្ញើរឲ្យក្រុងអ៊ីស្លាម៉ាបាដកាលពីសប្តាហ៍មុន ដែលជាផ្នែកមួយនៃឯកសារស៊ើបអង្កេតរបស់ពួកគេនៅក្នុងការវាយប្រហារនៅក្នុងស្រុក Pulwama។
លោករដ្ឋមន្រ្តីបានថ្លែងបន្តថា ប៉ាគីសា្ថននឹងមិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីប៉ាគីស្ថានប្រឆាំងនឹងប្រទេសនានាជាដាច់ខាត៕