ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ស្នើ​ផ្ដល់​ការ​សម្របសម្រួល​ដល់​ជម្លោះ​នៅ​តំបន់ Kashmir


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​លោក Imran Khan នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​លោក Imran Khan នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ស្នើ​ផ្ដល់​ការ​សម្របសម្រួល​ដល់​ជម្លោះ​រវាង​ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន​ទាក់ទិន​នឹង​តំបន់ Kashmir។

លោក Trump បាន​និយាយ​នៅ​ឯ​សេតវិមាន​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ នៅ​ពេល​ដែល​លោក​ជួប​ពិភាក្សា​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក Imran Khan យ៉ាង​ដូច្នេះ​ថា៖ «ប្រសិនបើ​ខ្ញុំ​អាច​ជួយ ខ្ញុំ​ចង់​ធ្វើ​ជា​អ្នក​សម្របសម្រួល [សម្រាប់​ជម្លោះ​នៅ​តំបន់ Kashmir]។ លោក​បាន​បន្ថែម​ថា៖ «ប្រសិនបើ​ខ្ញុំ​អាច​ជួយ​អ្វី​បាន សូម​ឲ្យ​ខ្ញុំ​ដឹង​ផង‍»។

លោក Trump បាន​និយាយ​ថា នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ក៏​បាន​ស្នើ​លោក​ឲ្យ​ជួយ​ដោះស្រាយ​ជម្លោះ​នៅ​តំបន់ Kashmir ផង​ដែរ។ ប៉ុន្តែ ក្រសួង​ការបរទេស​ឥណ្ឌា​បាន​បញ្ជាក់​ថា លោក Modi មិន​បាន​ស្នើ​ដូច្នេះ​នោះ​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌា​លោក Raveesh Kumar បាន​សរសេរ​នៅ​លើ Twitter យ៉ាង​ដូច្នេះ​ថា៖ «យើង​បាន​ឃើញ​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថា លោក​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​សម្របសម្រួល​បញ្ហា​នៅ​តំបន់ Kashmir ប្រសិនបើ​ស្នើ​ដោយ​ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន។ លោក​នាយករដ្ឋមន្ត្រី Narendra Modi មិន​បាន​ស្នើ​ដូច្នេះ​ចំពោះ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នោះ​ទេ‍។

លោក Kumar បាន​បន្ថែម​ដូច្នេះ​ថា៖ «ឥណ្ឌា​បាន​ប្រកាន់​គោល​ជំហរ​ជា​បន្ត​រហូត​មក​ថា បញ្ហា​នានា​ដែល​មិន​ទាន់​ដោះស្រាយ​ជាមួយ​នឹង​ប្រទេស​ប៉ាគីស្ថាន​គឺ​នឹង​ត្រូវ​ពិភាក្សា​ដោយ​ទ្វេ​ភាគី​តែ​ប៉ុណ្ណោះ។ កិច្ច​ព្រមព្រៀង​ណា​មួយ​ជាមួយ​នឹង​ប្រទេស​ប៉ាគីស្ថាន​អាច​តម្រូវ​ឲ្យ​មាន​ការ​បញ្ចប់​អំពើ​ភេរវកម្ម​ឆ្លង​ព្រំដែន‍»។

ឥណ្ឌា​បាន​ទាមទារ​ឲ្យ​ប៉ាគីស្ថាន​ចាត់​វិធានការ​បំផ្លាញ​ចោល​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ឥស្លាម​នៅ​តំបន់ Kashmir។ ប៉ុន្តែ រដ្ឋាភិបាល​ប៉ាគីស្ថាន​បដិសេធ​ថា​ខ្លួន​មិន​បាន​គាំទ្រ​ក្រុម​ទាំង​នេះ​នោះ​ទេ។

អស់​រយៈពេល​ជា​យូរ​មក​ហើយ ប៉ាគីស្ថាន​បាន​ស្វែងរក​ការ​សម្របសម្រួល​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ជម្លោះ​នៅ​ក្នុង​តំបន់ Kashmir ប៉ុន្តែ​កាល​ពី​លើក​មុនៗ សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា បញ្ហា​នេះ​ត្រូវតែ​ដោះស្រាយ​ដោយ​ទ្វេ​ភាគី​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន៕

XS
SM
MD
LG