រដ្ឋាភិបាលឥណ្ឌាបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនបានព្រមព្រៀងជាមួយនឹងរដ្ឋាភិបាលចិនក្នុងការដកកងទ័ពចេញពីតំបន់ព្រំដែនជម្លោះ ដែលជាមូលហេតុនៃភាពតានតឹងចាប់តាំងពីខែមិថុនាមក។
ក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា រដ្ឋាភិបាលប្រទេសទាំងពីរបានយល់ព្រមក្នុងការដកកងទ័ពឲ្យបានឆាប់ជាទីបំផុតចេញពីតំបន់ជម្លោះនោះ បន្ទាប់ពីបានចរចាគ្នាអស់រយៈពេលប៉ុន្មានសប្ដាហ៍កន្លងមក។
ភាពជាប់គាំងដ៏តានតឹងរវាងកងកម្លាំងប្រទេសឥណ្ឌា និងកងកម្លាំងប្រទេសចិន នៅក្នុងតំបន់ស្ថិតនៅចន្លោះប្រទេសប៊ូតង់ និងប្រទេសចិន បានចាប់ផ្ដើមនៅពេលដែលឥណ្ឌាដាក់ពង្រាយទាហានរបស់ខ្លួនដើម្បីរារាំងគម្រោងសាងសង់ផ្លូវរបស់ប្រទេសចិននៅឯតំបន់វាលទំនាប Doklam។ តំបន់ដែលគេស្គាល់ថាមានរាងដូចកមាន់នេះ គឺជាតំបន់យុទ្ធសាស្ត្រដ៏ខ្លាំងក្លាសម្រាប់ប្រទេសឥណ្ឌា ដោយសារតែតំបន់នេះតភ្ជាប់ដែនដីចម្បងប្រទេសឥណ្ឌាជាមួយនឹងតំបន់ភាគឦសានរបស់ឥណ្ឌា។
ឥណ្ឌាបានលើកឡើងពីសន្ធិសញ្ញារបស់ខ្លួនជាមួយនឹងប្រទេសប៊ូតង់ ដែលជាប្រទេសដែលឥណ្ឌាមានទំនាក់ទំនងយោធា និងការទូតយ៉ាងជិតស្និទ្ធជាមួយ ថាជាមូលហេតុដែលខ្លួនរក្សាកងទ័ពរបស់ខ្លួននៅក្នុងតំបន់ជម្លោះនោះ ទោះបីជាមានការអំពាវនាវជាច្រើនលើកច្រើនសារពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំងឲ្យដកទ័ពចេញពីតំបន់ភ្នំនោះក៏ដោយ។
ភាពជាប់គាំងនេះ ត្រូវបានគេជឿថាជាការប្រឈមមុខដាក់គ្នាដ៏តឹងតែងរវាងប្រទេសមហាយក្សនៃទ្វីបអាស៊ីទាំងពីរ ដែលធ្លាប់បានប្រយុទ្ធគ្នានៅក្នុងសង្គ្រាមដ៏ខ្លីមួយនៅក្នុងឆ្នាំ ១៩៦២៕