ប្រទេសឥណ្ឌានិងចិនបានចាប់ផ្តើមការចរចាព្រំដែនជុំទី១៨ ក្នុងរដ្ឋធានីញូវដែលីនៅថ្ងៃច័ន្ទនេះ នៅក្នុងកិច្ចខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះទឹកដីដ៏យូរអង្វែង។
ការចរចាអំពីខ្សែបន្ទាត់ត្រួតត្រាពិតប្រាកដជាលើកដំបូងចាប់តាំងពីលោកនាយករដ្ឋមន្រ្តី Nerandra Modi បានចូលកាន់តំណែងកាលពីឆ្នាំទៅមក។
ប្រទេសទាំង២មានជម្លោះទឹកដីដ៏ល្វីងជូរចត់ជាយូរយាណាស់មកហើយ។ ការវាយប្រហារតូចៗកើតមានឡើងជាញឹកញយដោយឆ្លងកាត់ខ្សែបន្ទាត់ត្រួតត្រាពិតប្រាកដ ជាព្រំដែនដែលមានការការពារប្រវែង៤ពាន់គីឡូម៉ែត្រកាត់តាមភ្នំហេមពាន្តហើយពាក់ព័ន្ធនឹងទឹកដីនៃតំបន់ដាច់ស្រយាលដ៏ធំល្វឹងល្វើយ។
ប្រទេសចិនបានទាមទារទឹកដីប្រហែល៩ម៉ឺនគីឡូម៉ែត្រការ៉េនៅខាងផ្នែកខាងកើតនៃភ្នំហេមពាន្ត ដែលឥណ្ឌាប្រឆាំង។ ផ្នែកនៃទឹកដីនោះគឺស្ថិតនៅក្នុងរដ្ឋ Arunachal Pradesh នៃប្រទេសឥណ្ឌា។
កាលពីឆ្នាំទៅ ឥណ្ឌានិងចិនបានដោះស្រាយភាពតានតឹងអំពី ពីរសប្តាហ៍នៃភាពមិនចាញ់មិនឈ្នះនៅក្នុងតំបន់។
ជម្លោះព្រំដែនបាននាំឲ្យមានសង្គ្រាមរយៈពេលខ្លីរវាងប្រទេសដ៏ធំបំផុតរបស់ទ្វីបអាស៊ីនៅឆ្នាំ១៩៦២៕