ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឥណ្ឌា សហរដ្ឋ​អាមេរិក និង​ជប៉ុន​ធ្វើ​សមយុទ្ធ​ជើង​ទឹក​រួម​គ្នា​ដោយ​ផ្ដោត​លើ​ប្រទេស​ចិន

  • Anjana ​Pasricha

នាវា​ USS Kidd របស់​អាមេរិក​ទៅ​ដល់​ឆ្នេរ​សមុទ្រ​ឥណ្ឌា​ដើម្បី​ត្រៀម​ការ​ធ្វើ​សមយុទ្ធ Malabar ឆ្នាំ២០១៧។

ដើម្បី​ជា​សញ្ញា​នៃ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ឥណ្ឌា សហរដ្ឋ​អាមេរិក និង​ជប៉ុន ប្រទេស​ទាំង ៣ បាន​ដាក់​ពង្រាយ​នាវា​ចម្បាំង និង​នាវា​មុជ​ទឹក​ធំៗ​របស់​ខ្លួន​មួយ​ចំនួន​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា សម្រាប់​ការ​ធ្វើ​សមយុទ្ធ​កងទ័ព​ជើង​ទឹក​ប្រចាំ​ឆ្នាំ ដែល​ធ្វើ​ឡើង​ដោយ​ផ្ដោត​លើ​ប្រទេស​ចិន។

គេ​ឃើញ​មាន​ការ​បង្កើន​ការ​ធ្វើ​សមយុទ្ធ​កងទ័ព​ជើង​ទឹក​នេះ ក្នុង​រយៈពេល ២ ឆ្នាំ ចុង​ក្រោយ​នេះ ស្រប​ពេល​ដែល​មាន​ការ​កើន​ឡើង​នូវ​ក្ដី​បារម្ភ​អំពី​ការ​វាតទី​របស់​ប្រទេស​ចិន​ក្នុង​ការ​កាន់កាប់​ដែន​ទឹក ដែល​មិន​ត្រឹម​តែ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ផង​ដែរ។

សមយុទ្ធ​ដែល​មាន​ឈ្មោះ​ថា Malabar នេះ គឺ​ជា​សញ្ញា​បញ្ជាក់​យ៉ាង​ច្បាស់​ក្រឡែត​អំពី​ការ​ពង្រឹង​ទំនាក់ទំនង​សន្តិសុខ​របស់​រដ្ឋាភិបាល​ក្រុង​ញូវដេលី​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បាន​បញ្ជាក់​សារ​ជា​ថ្មី​ដោយ​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​លោក Narendra Modi និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump។

ការ​ពង្រីក​សមយុទ្ធ

សមយុទ្ធ​នៅ​លើ​ដែន​សមុទ្រ​អន្តរជាតិ​រយៈពេល​មួយ​សប្ដាហ៍​ក្នុង​ឆ្នាំ​នេះ ដែល​បាន​ចាប់ផ្ដើម​កាល​ពី​ថ្ងៃ​ទី ១០ កក្កដា កន្លង​ទៅ​នេះ មាន​ការ​ចូលរួម​ពី​នាវា​ចម្បាំង​ជាង ១៥ គ្រឿង ដែល​ក្នុង​នោះ​មាន​ដូចជា​នាវា​ដឹក​យន្តហោះ​ដំណើរការ​ដោយ​ថាមពល​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក USS Nimitz នាវា​ដឹក​យន្តហោះ​ចម្បាំង​ឥណ្ឌា INS Vikramaditya និង​នាវា​ចម្បាំង​ដ៏​ធំ​បំផុត​របស់​ជប៉ុន JS Izumo។

សមយុទ្ធ​នៅ​ក្នុង​ឆ្នាំ​នេះ មាន​គោល​បំណង​ផ្ដោត​លើ​សង្គ្រាម​ប្រឆាំង​នឹង​នាវា​មុជ​ទឹក។

បើ​យោង​តាម​សេចក្ដី​ប្រកាស​មួយ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក «សមយុទ្ធ​នេះ​មាន​ទំហំ​ធំ​ជាង​មុន និង​មាន​ភាព​ស្មុគស្មាញ​ជាង​មុន​ដើម្បី​ដោះស្រាយ​ការ​គំរាម​កំហែង​ជាច្រើន​ចំពោះ​សន្តិសុខ​នៅ​តាម​សមុទ្រ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​អាស៊ី​ប៉ាស៊ីហ្វិក ។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ កងទ័ព​ជើង​ទឹក​ឥណ្ឌា​បាន​កត់ត្រា​ពី​ការ​កើន​ឡើង​ខុស​ប្រក្រតី​នៃ​ចំនួន​នាវា​ចម្បាំង​របស់​ចិន​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា និង​បាន​តាមដាន​ឃើញ​នាវា​មុជ​ទឹក​របស់​ចិន​យ៉ាង​ហោច​ណាស់​ចំនួន ៧ គ្រឿង បាន​ចូល​មក​ក្នុង​តំបន់​នេះ​ចាប់​តាំង​ពី​ខែធ្នូ ឆ្នាំ ២០១៣ មក។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​តាមដាន​ស្ថានការណ៍​យោធា។ ពួកគេ​ជឿ​ថា នេះ​ជា​ការ​បង្អួត​សាច់ដុំ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក Vijay Sakhuja ដែល​ជា​នាយក​អង្គការ National Maritime Foundation នៅ​ក្នុង​ទីក្រុង​ញូដេលី ប្រទេស​ឥណ្ឌា បាន​និយាយ​ថា៖ «យើង​ដឹង​ថា នា​ពេល​បច្ចុប្បន្ន​នេះ មាន​នាវា​ចំនួន​ប្រមាណ​ជា ១៣ គ្រឿង​ផ្សេងៗ​គ្នា នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា មិន​ថា​នាវា​ទាំង​នោះ​មាន​គោល​បំណង​ប្រយុទ្ធ​ប្រឆាំង​នឹង​ចោរ​សមុទ្រ ឬ​ឈ្លប​យក​ការណ៍​នោះ​ទេ។ ដូច្នេះ​ប្រាកដ​ណាស់ គឺ​វា​ដូច​ទៅ​នឹង​ស្ថានការណ៍​ដែល​មាន​កងទ័ព​ជើង​ទឹក​ចិន​ស្ថិត​នៅ​ក្នុង​ដែនដី​របស់​អ្នក​ដូច្នេះ​ដែរ ហើយ​ចំណុច​នេះ​ហើយ គឺ​ជា​បញ្ហា​ព្រួយ​បារម្ភ​មួយ​នោះ»។

ការ​ផ្ដល់​ថវិកា និង​ការ​ជួយ​ជ្រោមជ្រែង​របស់​ចិន​សម្រាប់​ការ​សាងសង់​កំពង់​ផែ​នានា​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន និង​ស្រីលង្កា បាន​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌា​កាន់តែ​ព្រួយ​បារម្ភ​បន្ថែម​ទៀត​អំពី​ការ​វាយប្រហារ​ដែល​អាច​ធ្វើ​ឡើង​ដោយ​នាវា​ចិន។

ការ​ប្រយ័ត្ន​ប្រយែង​របស់​ចិន

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​តែ​មាន​មន្ទិល​សង្ស័យ​អំពី​កិច្ចសហប្រតិបត្តិការ​កងទ័ព​ជើង​ទឹក​ត្រី​ភាគី​នេះ ជាពិសេស​បន្ទាប់​ពី​កិច្ច​សហប្រតិបត្តិការ​នេះ​រួម​បញ្ចូល​ទាំង​ប្រទេស​ជប៉ុន​ផង​ដែរ ចាប់​តាំង​ពី​ឆ្នាំ ២០១៥ មក ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជឿ​ថា វា​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ខ្លួន។

មុន​ពេល​សមយុទ្ធ Malabar នៅ​ឆ្នាំ​នេះ បាន​ចាប់ផ្ដើម លោក Geng Shuang អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន បាន​និយាយ​ថា ទោះបីជា​ប្រទេស​ចិន​មិន​មាន​ការ​បដិសេធ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ធម្មតា​របស់​ប្រទេស​ទាំង​នេះ​ក៏​ដោយ ក៏ «ប្រទេស​ចិន​សង្ឃឹម​ថា ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​បែប​នេះ​នឹង​មិន​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ទី ៣ នោះ​ទេ ហើយ​កិច្ច​សហប្រតិបត្តិការ​បែប​នេះ​នឹង​នាំ​មក​នូវ​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់»។

លោក Vijay Sakhuja បាន​និយាយ​ថា ប្រទេស​ទាំង ៣ កំពុង​ប្រើប្រាស់ «វិធីសាស្ត្រ​សម្របសម្រួល​មួយ មិន​មែន​ដើម្បី​ទប់ទល់ ឬ​ប្រឆាំង​នឹង​ចិន​នោះ​ទេ គឺ​គ្រាន់តែ​ដើម្បី​ធ្វើ​នាវាចរណ៍​ជុំវិញ​មហាសមុទ្រ​ឥណ្ឌា​ដើម្បី​តាមដាន​មើល​ថា​តើ​កងទ័ព​ជើង​ទឹក​ចិន​វិវឌ្ឍ​ខ្លួន​យ៉ាង​ណា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​តែ​ប៉ុណ្ណោះ»។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ខែ​មិថុនា​កន្លង​ទៅ​នេះ លោក​ប្រធានាធិបតី Donald Trump បាន​ហៅ​ភាព​ជា​ដៃគូ​ផ្នែក​សន្តិសុខ​រវាង​ប្រទេស​ទាំង​ពីរ​ថា «មាន​សារៈសំខាន់​ជា​ទី​បំផុត» ហើយ​ប្រទេស​ទាំង​ពីរ​សន្យា​ថា​នឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​តាម​សមុទ្រ។ ប្រទេស​ឥណ្ឌា​ក៏​កាន់តែ​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​នឹង​ប្រទេស​ជប៉ុន​នៅ​ក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ ផង​ដែរ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក Narendra Moid ទៅ​កាន់​ទីក្រុង​តូក្យូ កាលពី​ខែ​ឧសភា កន្លង​ទៅ​នេះ។ លោក Arun Jaitley រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​របស់​ប្រទេស​ឥណ្ឌា បាន​និយាយ​ថា ឥណ្ឌា​កំពុង​ស្វះស្វែង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​នឹង​ប្រទេស​ជប៉ុន។

ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​ញូវដេលី​បាន​បដិសេធ​សំណើ​របស់​ប្រទេស​អូស្ត្រាលី​ក្នុង​ការ​ចូលរួម​នៅ​ក្នុង​សមយុទ្ធ​ត្រី​ភាគី​នេះ។

នាវា​របស់​ប្រទេស​ទាំង ៣ នឹង​ធ្វើ​ដំណើរ​ទៅ​ក្នុង​ដែន​សមុទ្រ​អន្តរជាតិ ស្រប​ពេល​ដែល​ជម្លោះ​ដ៏​តានតឹង​រវាង​ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌា នៅ​តំបន់​ជួរ​ភ្នំ​ហិមាល័យ​មិន​មាន​សញ្ញា​ណា​បង្ហាញ​ឲ្យ​ឃើញ​ថា អាច​មាន​ភាព​ធូរស្រាល​នោះ​ទេ។

ទាហាន​របស់​ប្រទេស​ចិន និង​ឥណ្ឌា បាន​ប្រឈម​មុខ​ដាក់​គ្នា​ចាប់តាំង​ពី​ខែ​មុន​មក​ម្ល៉េះ ដែល​នៅ​ពេល​នោះ ទាហាន​ឥណ្ឌា​បាន​រារាំង​គម្រោង​សាងសង់​ផ្លូវ​របស់​ចិន​នៅ​តំបន់​វាល​ទំនាប​មួយ​ដែល​មាន​ជម្លោះ​រវាង​ប្រទេស​ចិន និង​ប៊ូតង់ ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​មួយ​របស់​ឥណ្ឌា។ ប្រទេស​ចិន​បាន​អំពាវនាវ​ជាច្រើន​លើក​ច្រើន​សារ​ឲ្យ​ប្រទេស​ឥណ្ឌា​ដក​កងទ័ព​របស់​ខ្លួន​ចេញ ប៉ុន្តែ​មក​ដល់​ពេល​នេះ ភាគី​ទាំង​សងខាង​នៅ​តែ​បដិសេធ​មិន​ព្រម​ដក​ថយ​ដដែល៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG