ក្នុងការប្រារព្ធ«ទិវាគ្រូបង្រៀនពិភពលោក»នាឆ្នាំនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ទាមទារសាជាថ្មីទៀត ឱ្យរដ្ឋាភិបាលធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់គ្រូបង្រៀន ដោយត្រូវដំឡើងប្រាក់ខែគ្រូឱ្យបានសមរម្យ លុបបំបាត់អំពើពុករលួយក្នុងប្រព័ន្ធអប់រំ និងបើកលម្ហសិទ្ធិសេរីភាពរបស់គ្រូបង្រៀនក្នុងការចូលរួមបង្កើតសមាគមជាដើម។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រាប់អ្នកចូលរួមក្នុងការប្រារព្ធទិវាគ្រូបង្រៀននោះថា សមាគមបានស្នើទៅស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងអប់រំ រដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឱ្យបង្កើនការយកចិត្តទុកដាក់លើវិស័យអប់រំ ជាពិសេសជីវភាព និងសេរីភាពរបស់គ្រូបង្រៀន ដើម្បីលើកកម្ពស់គុណភាពអប់រំ។
អ្នកស្រីថ្លែងថា៖ «អ៊ីចឹងអ្វីដែល ប្រាក់បៀវត្សរ៍របស់ពួកគាត់ ហាក់បីជានៅទាបបំផុត យើងមើលហេតុអ្វីបានសមាគម ដាក់យក១ភាគ៤នៃប្រាក់ខែ[រដ្ឋ]សភា ហើយសួរថាសភាធ្វើការអី្វខ្លះ? បើលះបង់មិនដូចគ្រូបង្រៀនទេ។ ប៉ុន្តែគ្រូបង្រៀនលះបង់ខ្លាំង អ៊ីចឹងគ្រូបង្រៀនត្រូវការប្រាក់បៀវត្សរ៍រស់នៅសមរម្យ ដើម្បីគាត់មានទឹកចិត្តក្នុងការផ្តល់ចំណេះដឹងដល់សិស្សានុសិស្ស ជាពិសេសយុវជនជំនាន់ក្រោយ ដើម្បីឱ្យគាត់ទទួលបានការអប់រំដ៏មានប្រសិទ្ធិភាព»។
មេដឹកនាំសមាគមរូបនេះ ចង់ឃើញវិស័យអប់រំមានឯករាជ្យភាព ដោយមិនត្រូវបានដាក់ឱ្យស្ថិតនៅក្រោមឥទ្ធិពលគណបក្សកាន់អំណាច ឬគណបក្សណាមួយនោះទេ ដើម្បីធានាថា បុគ្គលិកអប់រំអាចបំពេញការងារទៅតាមឯកទេសរបស់ខ្លួន ហើយមិនស្ថិតក្រោមគំនាបនយោបាយ។
គ្រូបង្រៀន ពលរដ្ឋ និងសកម្មជននយោបាយប្រមាណ២០០នាក់ បានមកប្រមូលផ្តុំគ្នា នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាសកលមួយនេះ ដែលតែងតែធ្វើឡើងនៅថ្ងៃទី៥ ខែតុលាជារៀងរាល់ឆ្នាំ។
ក្នុងការជួបជុំនោះ គេក៏ឃើញមានអាជ្ញាធរខណ្ឌស្លៀកពាក់ឯកសណ្ឋាន និងអាជ្ញាធរស្លៀកពាក់ស៊ីវិលជាច្រើន ឃ្លាំមើលសកម្មភាពនានារបស់សមាគមដែលរៀបចំកម្មវិធីនោះ។
ទោះស្ថិតក្រោមការឃ្លាំមើលរបស់អាជ្ញាធរមានសមត្ថកិច្ចចម្រុះក្តី ក៏សមាគមបានដាក់ញត្តិទៅក្រសួងអប់រំ យុវជននិងកីឡា រដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីទាមទារដំឡើងបៀវត្សរ៍មូលដ្ឋានអប្បបរមាគ្រូបង្រៀនឱ្យស្មើ១ភាគ៤នៃប្រាក់ខែតំណាងរាស្ត្រ ដំឡើងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ក៏ដូចជាបើកលម្ហសេរីភាពនៅក្នុងការចងក្រងសមាគម។
សមាគមបានលើកឡើងក្នុងញត្តិរបស់ខ្លួនថា៖ «សេរីភាពសមាគម បានធ្លាក់ចុះយ៉ាងខ្លាំង ដោយមានការរើសអើង និងរឹតបន្តឹងសិទ្ធិសេរីភាពជួបជុំ សម្តែងមតិ ប្រជុំជាមួយសមាជិក យើងដឹងហើយថាបច្ចុប្បន្នគ្រូបង្រៀនរស់នៅក្នុង និងក្រោយសម័យកូវីដ១៩ ទំនិញគ្រប់មុខលើទីផ្សារមានតម្លៃខ្ពស់ធ្វើឱ្យគ្រូបង្រៀនជួបការលំបាកចំពោះជីវភាពរស់នៅប្រចាំថ្ងៃ និងត្រូវសងបំណុលធនាគារថែមទៀតផង»។
ក្រៅពីនេះ សមាគមនេះ បានទាមទារឱ្យស្ថាប័នទាំង៣ គិតគូរផងដែរ លើការពន្យារពេល២ឆ្នាំក្នុងការសងប្រាក់ធនាគារ ផ្តល់នីតិសម្បទានដល់លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ដោះលែងសកម្មជនសិទ្ធិមនុស្សកញ្ញា សេង ធារី មេដឹកនាំសហជីពកញ្ញា ឈឹម ស៊ីថរ និងអ្នកជាប់ពន្ធនាគារ ដោយសារមនសិការទាំងអស់ឱ្យមានសេរីភាព និងត្រូវដោះស្រាយវិវាទការងារនៃបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ជាដើម។
គ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាបាក់ខែង ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លោក ជីវ ប៊ុនថេង អាយុ៤៦ឆ្នាំស្នើឱ្យក្រសួងអប់រំកែទម្រង់កម្មវិធីសិក្សាថ្នាក់បឋមមុនគេ ព្រោះវាជាគ្រឹះអប់រំដ៏សំខាន់របស់កុមារគ្រប់រូប។
លោកបន្ថែមថា បច្ចុប្បន្ននៅតាមសាលារៀនមួយចំនួនដែលស្ថិតនៅតាមជាយក្រុង និងជនបទ មិនទាន់មានគ្រូបង្រៀនគ្រប់គ្រាន់នៅឡើយទេ ហើយថ្នាក់បង្រៀនខ្លះ ក៏មានចំនួនសិស្សច្រើនហួសចំណុះផងដែរ។
លោកបញ្ជាក់ថា៖ «ឧទាហរណ៍ជាក់ស្តែង ថ្នាក់ទី១ [កូនសិស្ស] ឡើងដល់៧០នាក់ ឬ៨០នាក់ អ៊ីចឹងអ្នកគ្រូឬលោកគ្រូមានតែម្នាក់ក្នុងបន្ទប់ថ្នាក់ ដល់ពេលអ៊ីចឹងការបង្រៀនអត់គ្រប់គ្រាន់តែ មើលការខុសត្រូវអត់បានល្អទេ ព្រោះអីសិស្សច្រើនពេក។ អ៊ីចឹងធ្វើឱ្យគុណភាពអប់រំ ពីថ្នាក់មូលដ្ឋាន ពីតូចហ្នឹង គឺអត់ល្អ។ អត់ល្អ ឡើងទៅបន្ទាប់បន្តទៅ គឺគុណភាពនឹងអត់ល្អតែម្តង»។
លោក ជីវ ប៊ុនថេង ក៏ចង់ឱ្យក្រសួង រៀបចំឱ្យគ្រូម្នាក់បង្រៀនសិស្សកុំឱ្យលើសពី៤០នាក់ក្នុងមួយថ្នាក់ ហើយត្រូវដំឡើងបៀវត្សរ៍ឱ្យបានសមស្របទៅតាមតម្លៃនៅលើទីផ្សារដែលចេះតែបន្តកើនឡើង។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក អ៊ុង បូរ៉ាត បាននៅឡើយទេ។
ដោយឡែក រដ្ឋាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ ក៏បានរៀបចំ ប្រារព្ធទិវាគ្រូបង្រៀនផងដែរ។ ការប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា ការបង្កើតកម្មវិធីទំនាក់ទំនង រវាងគ្រូនិងឪពុកម្តាយឱ្យមានភាពជិតស្និទ្ធរវាងគ្នាគឺជារឿងសំខាន់សម្រាប់លើកស្ទួយគុណភាពវិស័យអប់រំ។
លោកថា ការអប់រំ ក៏ត្រូវមានការចូលរួមពីសហគមន៍ ដែលរួមមានអាជ្ញាធរមូលដ្ឋានផងដែរ ដើម្បីសាលារដ្ឋ ក្នុងរយៈពេល១០ឆ្នាំក្រោយនឹងមានគុណភាពល្អ។
លោកបន្តថា៖ «អញ្ចឹង ខ្ញុំជឿថាកម្មវិធីនេះនឹងអាចជោគជ័យ ប៉ុន្តែត្រូវមានការចូលរួមពីលោកគ្រូអ្នកគ្រូ ពីនាយក ពីឪពុកម្តាយ ពីសហគមន៍ ហើយយើងនឹងអនុវត្តគម្រោងនេះ ហើយយើងនឹងខិតខំ។ អ៊ីចឹងវិស័យអប់រំ បើយើងធ្វើអាហ្នឹងបាន ក្នុង១០ឆ្នាំទៀត សាលារដ្ឋយើង គឺជាសាលាដែលទំនើបកម្មក៏ទំនើប ប៉ុន្តែមនុស្សមិនទំនើបកម្មរហូតដល់បាត់បង់នូវសីលធម៌ តម្លៃ និងឥរិយាបថនោះទេ មានទាំង២ វិន័យ សណ្តាប់ធ្នាប់កូនយើងកាន់តែរឹងមាំ នេះគឺជាដែលជាវិធានការ គន្លឹះ២ ដែលខ្ញុំដាក់ចេញក្នុងវិស័យអប់រំពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ដែលយើងត្រូវធ្វើ»។
លោក ហ៊ុន ម៉ាណែត ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ស្តង់ដារសាលារៀនគំរូ និងពានរង្វាន់សាលាគំរូសម្តេចមហាបវរធិបតី សម្រាប់សាលារៀនដែលសម្រេចបានស្តង់ដារសាលារៀនគំរូ ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ ដើម្បីធ្វើឱ្យសាលារៀនមានគណនេយ្យភាពជាមួយសហគមន៍ និងសម្រេចបានស្តង់ដារជាសាលារៀនគំរូជាដើម ដែលនឹងធ្វើឱ្យវិស័យមួយនេះកាន់តែមានភាពល្អប្រសើរ៕