ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន​សិទ្ធិ​ការងារ​ទាមទារ​ឲ្យ​កម្មករ​ចូលរួម​ក្នុង​យុទ្ធនាការ​តំឡើង​ប្រាក់​បៀវត្ស

  • សុខ ខេមរា

អ្នកស្រី ឆន សុខា មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​ សហគមន៍​និង​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ពិភាក្សា​អំពី​ការ​ដោះស្រាយ​ប្រាក់ខែ​គោល​ជូន​កម្មករ​នៅ​​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៤។ (លឹម សុធី/វីអូអេ)

ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​ផល​ប្រយោជន៍​កម្មករ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​ពី​ កម្មករ​ឲ្យ​បាន​ច្រើន​ក្នុង​យុទ្ធនាការ​តំឡើង​ប្រាក់ខែ​គោល​ដល់​១៧៧​ដុល្លារ​សរអា​ ដល់​កម្មករ​ទោះ​ជា​បញ្ហា​នេះ​បង្ក​ការ​លំបាក​សម្រាប់​រដ្ឋាភិបាល​ក្តី។

ក្រុម​អ្នក​បញ្ជា​ទិញ​ចំនួន​៨​នៅ​លើ​ពិភពលោក​រួម​ទាំង​ H&M ​ផង​ត្រូវ​គេដឹង​បាន អន្តរាគមន៍​ឲ្យ​មាន​ការ​តំឡើង​ប្រាក់ខែ​អប្បបរមា​ដល់​១៧៧ដុល្លារ​ដល់​កម្មករ ​ ក្នុង​ពេល​ដែល​ភាគី​រដ្ឋាភិបាល​និង​និយោជក ​និង​តំណាង​កម្មករ​កំពុង​ពិភាក្សា​ដោះស្រាយ​អំពី​រឿង​នេះ​ ហើយ​នឹង​សម្រេច​នៅ​ថ្ងៃ​ទី​២៦​ខែកញ្ញា​នេះ​ក្នុង​ការ​កំណត់​ប្រាក់ខែ​គោល។

ថ្លែង​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ពេល​លោក​អញ្ជើញ​ជា​វាគ្មិន​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ លោក ​រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​ទទូច​ឲ្យ​កម្មករ​បន្ត​ការ​ ទាមទារ​ដើម្បី​ផល​ប្រយោជន៍​របស់​ខ្លួន​និង​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ឲ្យ​បាន​ ច្រើន។​ លោក​ថ្លែង​ថា​ អ្នក​ទិញ​អន្តរជាតិ​ចំនួន​ប្រាំបី​រួម​ទាំង​ H&M ​បាន​ចូលរួម​ យុទ្ធនាការ​តាំង​ពី​ចុង​ឆ្នាំ​ទៅ​ជាមួយ​កម្មករ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​តំឡើង​ប្រាក់​ឈ្នូល​អប្បរមា​នេះ។

លោក​ថ្លែង​ថា៖ ​«ហើយ​បើ​មិន​ដោះស្រាយ​នឹង​គ្មាន​ការ​កម្មង់​ទិញ​ដល់​រោងចក្រ​ភាគ​ច្រើន» ដែល​លោក​ថា​កម្ពុជា​ត្រូវ​គិត​បញ្ហា​ហ្នឹង​ដែរ។

លោក​បាន​យល់​ឃើញ​ដែរ​ពី​ការ​លំបាក​និង​ក្តី​បារម្ភ​របស់​រដ្ឋាភិបាល​ក្នុង​ការ​តំឡើង​ប្រាក់​ឈ្នួល​អប្បរមា​ដល់​កម្មករ​នេះ។

«ខាង​រដ្ឋាភិបាល​គេ​ខ្លាច​ការ​ផ្ទុះ​របស់​មន្ត្រី​រាជការ​ គ្រូបង្រៀន​ អញ្ចឹង​ទៅ​ឃើញ​ កម្មករ​ទាមទារ​ប្រាក់ខែ​ខ្ពស់​ជាង​មន្ត្រី​រាជការ​ ក៏​វា​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​មាន​ការ​ ពិបាក​ក្នុង​កា​សម្រេច​ចិត្ត​ក្នុង​ការ​តំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​ផង​ដែរ។​ តែ​យើង​ (កម្ពុជា)​ត្រូវ​តែ​តំឡើង​ព្រម​គ្នា​តែ​ម្តង​ទាំង​មន្ត្រី​រាជការ​ទាំង​កម្មករ​តែ​ម្តង»។

ថ្លែង​ក្នុង​ពេល​អញ្ជើញ​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ អ្នកស្រី ​ឆន សុខា ​មន្ត្រី​ កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​អះអាង​ថា​ ពលរដ្ឋ​កម្ពុជា​តាម​ច្បាប់​មាន​សិទ្ធិ​រស់​នៅ​ក្នុង​ជីវភាព​ថ្លៃថ្នូរ​ដែល​រដ្ឋ​ត្រូវ​ផ្តល់​ជូន​ដូច​ជា​ការ​ផ្តល់​ជូន​ប្រាក់ខែ​កម្មករ​សមរម្យ​ដែរ។

«នេះ​ជា​កាតព្វកិច្ច ​មិនមែន​ផ្អែក​លើ​ជំនាញ​ មិនមែន​ផ្អែក​ទៅ​លើ​សមត្ថភាព​កម្មករ​ ទេ​ឬ​មួយ​ក៏​លទ្ធភាព​របស់​និយោជក​ទេ»។

អ្នកស្រី​សង្កត់​ធ្ងន់​ថា​ ការ​ស្រាវជ្រាវ​រក​ឃើញ​ថា​ កម្មករ​សម​នឹង​ទទួល​បាន​ប្រាក់ បៀវត្សរ៍​ចាប់​ពី​១៥៥ ​ដល់​១៧៧ដុល្លារ​ពេល​គាត់​ចូល​ធ្វើការ។

«ហើយ​បើ​សិន​ជា​ចង់​ដឹង​ថា​តើ​ប្រាក់ឈ្នួល​អប្បរមា​ប៉ុណ្ណា​ដែល​អាច​រស់​នៅ​ឲ្យ​បាន​សមរម្យ​ ថ្លៃថ្នូរ​ ខាង​រដ្ឋាភិបាល​ក្តី​ ខាង​និយោជក​ក្តី​សាក​រស់​នៅ​ពីរ​បី​ខែ​ ហើយ​ចំណាយ​ត្រឹម​១០០ដុល្លារ​ហ្នឹង​មើល​ តើ​គាត់​ចាយ​យ៉ាង​ម៉េច​ដែរ»។

ប្រមុខ​រដ្ឋាភិបាល​លោក​ហ៊ុន សែន ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​នឹង​ចាប់​ ផ្តើម​តំឡើង​ប្រាក់ខែ​គ្រូបង្រៀន​និង​បុគ្គលិក​ពេទ្យ​មុន​ក្រសួង​ផ្សេងៗ​ចាប់​ពី​ដើម​ឆ្នាំ​២០១៥​ទៅ​ នៅ​ពេល​កម្ពុជា​មាន​ប្រព័ន្ធ​ប្រាក់​បៀវត្សរ៍​ពិត​ប្រាកដ​មួយ។

ក្រុម​កម្មករ​និង​មន្ត្រី​រាជការ​បាន​រអ៊ូរទាំ​ពី​ការ​ទទួល​បាន​ប្រាក់ខែ​តិច​តួច​មិន​ សមាមាត្រ​ទៅ​នឹង​តម្លៃ​ទំនិញ​ទីផ្សារ​ដែល​ជា​ការ​ពិបាក​ក្នុង​ការ​ចញ្ចឹម​ជីវភាព៕

XS
SM
MD
LG