ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ហ៊ុន សែន​នឹង​តំឡើង​ប្រាក់ខែ​គ្រូ​​​ដល់​ជាង​៩៥​ម៉ឺន​រៀល​នៅ​ឆ្នាំ​ក្រោយ ​តែ​អ្នក​វិភាគ​ថា​នៅ​មិន​សមាមាត្រ​នឹង​ទំនិញ​ឡើង​ថ្លៃ


រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

ទោះ​ជា​យ៉ាង​ណា​លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ថា ប្រាក់​ខែ​ដែល​ដំឡើង​នេះ​សម្រាប់​គ្រូ​បង្រៀន​ក្នុង​កម្រិត​ណា​នោះ​ទេ។

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​ដំឡើង​ប្រាក់ខែ​សម្រាប់​គ្រូ​បង្រៀន​ក្នុង​ឆ្នាំ​២០១៧​ ដល់​ជាង​៩៥​ម៉ឺន​រៀល ពី​ជាង​៨០​ម៉ឺន​រៀល​នៅ​ឆ្នាំ​២០១៦ ស្រប​ពេល​អ្នក​តាមដាន​សង្គម​យល់​ថា ការ​ដំឡើង​នេះ​នៅ​តែ​មិន​អាច​ជួយ​ឲ្យ​ជីវភាព​គ្រូ​បង្រៀន​បាន​ប្រសើរ​ឡើង​ ប្រសិន​បើ​រដ្ឋាភិបាល​មិន​ដោះស្រាយ​បញ្ហា​ឡើង​ថ្លៃ​ទំនិញ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​មួយ​ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​៣​ខែ​តុលា​ ឆ្នាំ២០១៦ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា ប្រាក់ខែ​អប្បបរមា​របស់​គ្រូបង្រៀន​ក្នុង​ឆ្នាំ​២០១៧ នឹង​ឡើង​ដល់​ចំនួន​៩៥៣,៥០០​រៀល (សើ្ម​ប្រហែល​២៣០​ដុល្លារ​អាមេរិក) ដោយ​មិនទាន់​បូក​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត។

លោក​ ហ៊ុន សែន បញ្ជាក់​ថា៖

«ប្រាក់ខែ​គ្រូ​បង្រៀន​របស់​យើង​នៅ​ឆ្នាំ​នេះ​មាន​ត្រឹម៨០ម៉ឺន​៥០០​រៀល នៅ​ខែ​មករា [ឆ្នាំ២០១៧] គ្រោង​នឹង​ឡើង​៨៥​ម៉ឺន​៣.៥០០​រៀល​ ដល់​ទៅ​ខែ​មេសា​នឹង​ឡើង​ទៅ​ដល់៩៥​ម៉ឺន​៣.៥០០​រៀល​ ដូច្នេះ​នៅ​ទី​ជនបទ​មួយ​ចំនួន​នឹង​រៀបចំ​ឲ្យ​មាន​ប្រាក់​តំបន់ ដែល​មាន​តំបន់​ខ្លះ មាន​៨​ម៉ឺន​ មាន​១០​ម៉ឺន និង​មាន​១២​ម៉ឺន»។

ទោះ​ជា​យ៉ាង​ណា​លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ថា ប្រាក់​ខែ​ដែល​ដំឡើង​នេះ​សម្រាប់​គ្រូ​បង្រៀន​ក្នុង​កម្រិត​ណា​នោះ​ទេ។

អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​ស្តី​ទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ប្រាប់ VOA ថា លោកស្រី​សាទរចំពោះ​ការ​ដំឡើងប្រាក់ខែ​ដល់​គ្រូ​បង្រៀន​ ប៉ុន្តែ​អ្នកស្រី​ថា ការ​ដំឡើង​ត្រឹម​ចំនួន​នេះ​នៅ​តែ​មិន​អាច​ជួយ​ឲ្យ​ជីវភាព​របស់គ្រូ​បង្រៀន​បាន​ប្រសើរ​ឡើង និង​ជៀស​ផុត​ពី​ការ​ប្រកប​មុខរបរ​ទី​ពីរ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​បង្រៀន​បាន​ដដែល។

លោក​ស្រី​មាន​ប្រសាសន៍​ថា៖

«ការ​ដែល​គាត់​មាន​ប្រាក់​បៀវត្សរ៍​តិចតួច​ធ្វើ​ឲ្យ​គាត់​អត់​មាន​ពេល​ក្នុង​ការ​ស្រាវជ្រាវ​រក​ចំណេះ​ដឹង​ថ្មីៗ ព្រោះ​គាត់​គិតតែ​មុខ​របរ​ទី​ពីរ​របស់​គាត់​ ដើម្បី​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​ នេះ​ហើយ​ជា​ការ​មួយ​ដែលធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំងមែន​ទែន​ក្នុង​ការ​អភិវឌ្ឍ ក៏​ដូចជាកែ​ទម្រង់​ឲ្យ​វិស័យ​អប់រំ ក៏​ដូច​ធ្វើ​ឲ្យ​ជាតិ​យើង​បាន​ប្រកួត​ប្រជែង​ជាមួយ​ឆាក​អន្តរជាតិ»។

លោកស្រី​បន្ថែម​ថា ប្រាក់ខែ​គ្រូ​បង្រៀន​ថ្នាក់​បឋម​ក្នុង​ពេល​បច្ចុប្បន្ន​ទាប​បំផុត​មាន​ចំនួន៤៦​ម៉ឺន​រៀល គ្រូ​អនុវិទ្យាល័យ​៥០​ម៉ឺន​រៀល និង​វិទ្យាល័យ​ជាង​៨០​ម៉ឺន​រៀល។ លោកស្រី​ក៏​បានស្នើឲ្យ​រដ្ឋាភិបាល​ផ្តល់​ប្រាក់​បៀវត្ស​អប្បបរមា​សម្រាប់​គ្រូ​បង្រៀន​ត្រឹម​១លាន​៥​សែន​រៀល​ក្នុង​ឆ្នាំ​២០១៧ ដើម្បី​សម្រួល​ដល់ជីវភាព​រស់នៅ​សមរម្យ ស្រប​ពេល​តម្លៃទំនិញ​លើ​ទីផ្សារ​ឡើង​ថ្លៃ​ជា​រៀងរាល់​ថ្ងៃ។

លោក​ សន​ ជ័យ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ (ANSA)​ ប្រាប់​ VOA​ ថា​ ការ​ដំឡើង​ប្រាក់​បៀវត្ស​គ្រូ​បង្រៀន​ត្រឹម​ជាង​៩០​ម៉ឺន​រៀល​នេះ ជា​ចំនួន​តិច​តួច​នៅ​ឡើយ ប្រសិន​បើ​រដ្ឋាភិបាល​មិន​ទប់​ស្កាត់​បញ្ហា​ទំនិញ​ឡើង​ថ្លៃ​។

លោក​ សន​ ជ័យ បញ្ជាក់​ថា៖

«បើ​យើង​យក​ស្តង់​ដារ​មួយ​លាន​រៀល​យក​មក​និយាយ ហើយ​បើ​ទំនិញ​នៅ​លើ​ទីផ្សារ​នៅ​តែ​ឡើង​ថ្លៃ ទោះ​បី​ឡើង​ប៉ុណ្ណា​ក៏​ដោយ​ក៏​នៅ​តែ​មិន​អាច​បំពេញ​នូវ​សេចក្ដី​ត្រូវការ​ហ្នឹង​បាន​ដែរ​ទេ។ អញ្ចឹង​ក្រៅ​តែ​ពី​ការ​ប្រកាស​ដំឡើង​ប្រាក់​ខែ​ឲ្យ​មន្រ្តី​រាជការ​ហ្នឹង ការ​ពិនិត្យ​មើល​ទៅ​លើ​តុល្យភាព គេ​ហៅ​ថា​រក​វិធានការ​នានា​របស់​រដ្ឋហ្នឹង​ដើម្បី​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ​ទំនិញ​នៅ​លើទីផ្សារ ទើបអាច​ជា​មធ្យោបាយ​មួយដើម្បី​ឲ្យ​ប្រាក់​ខែ​ដែល​ឡើង​ហ្នឹង​មាន​ប្រយោជន៍​ ហើយ​បញ្ហា​នៃ​ការ​ចំណាយហ្នឹង​មាន​ការ​ថយ​ចុះ​ដែរ​ ពេល​នោះ​ហើយ​ដែល​នាំ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​សម្រាប់​សេដ្ឋកិច្ច​របស់​គាត់»។

VOA បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន និង​អ្នកនាំ​ពាក្យ ​លោក រស់ សាលីន ប៉ុន្តែ​ទូរស័ព្ទ​មិនមាន​អ្នក​ទទួល។

កន្លង​មក​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ដាក់​ញត្តិ​ជូន​រដ្ឋសភា​ រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ​យុវជន និង​កីឡា ឲ្យ​ពិនិត្យ និង​ដោះស្រាយ​នូវ​ការស្នើសុំ​៩​ចំណុច ក្នុង​នោះ​រួមមាន​ការ​ស្នើ​ឲ្យដំឡើង​ប្រាក់​បៀវត្សរ៍​អប្បបរមា ១,៥​លាន​រៀល​ក្នុង​មួយ​ខែ​ជូន​គ្រូបង្រៀន ​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ និង​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​ក្នុង​ស្ថាប័ន​អប់រំ​គ្រប់​កម្រិត ព្រមទាំង​ទាមទារ​ដំឡើង​ប្រាក់​អត្ថ​ប្រយោជន៍ ​និង​បញ្ឈប់​ការរើសអើង ​ព្រមទាំង​ផ្តល់​សិទ្ធិ​សេរីភាព​ឲ្យគ្រូបង្រៀន​មាន​សិទ្ធិ​បង្កើត​សហជីព​ជាដើម​។​

រាជរដ្ឋាភិបាល​ក៏បាន​កំណត់​ដំឡើង​ប្រាក់ខែ​មន្ត្រី​រាជការ​រៀងរាល់​ឆ្នាំ​ទៅ​តាម​ចំណូល​ថវិកា​ជាតិ ​ក្នុង​នោះ​ប្រាក់ខែ​មន្ត្រីរាជការ ​គ្រូបង្រៀន​នៅក្រសួង​អប់រំ ​និង​ក្រសួង​សុខា​ភិបាល​មាន​អត្រា​ខ្ពស់​ជាង​គេ។ រាជរដ្ឋា​ភិបាល​ក៏បាន​កំណត់​គោ​លន​យោបាយដំឡើង​ប្រាក់ខែ​មន្ត្រី​រាជការ ​យ៉ាងតិច​១លាន​រៀល ក្នុង​ឆ្នាំ​២០១៨​៕​

XS
SM
MD
LG