កម្មវិធី«គំនិតផ្តួចផ្តើមចងក្រងបញ្ជីកំណែទម្រង់» (Reform Inventory Initiative) នៃមូលនិធិអាស៊ី (The Asia Foundation) បានរកឃើញកំណែទម្រង់សំខាន់ៗក្នុងវិស័យចំនួនបីរបស់រាជរដ្ឋាភិបាលកម្ពុជា។ អ្នកតាមដានគណនេយ្យភាពរបស់រដ្ឋាភិបាលយល់ថា ការកែទម្រង់នេះ ជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថា រដ្ឋាភិបាលកម្ពុជាកំពុងពង្រឹងសេវាសាធារណៈ ដើម្បីបម្រើសាធារណជនទៅតាមការសន្យារបស់ខ្លួននៅដើមអាណត្តិទីប្រាំនេះ។
រាជរដ្ឋាភិបាលកម្ពុជានៅក្នុងឆ្នាំ២០១៦នេះ បានធ្វើការកែទម្រង់វិស័យសំខាន់ៗចំនួនបីដែលមានដូចជា វិស័យអប់រំ សេដ្ឋកិច្ច និងឧស្សាហកម្ម ដើម្បីជាប្រយោជន៍សាធារណជនកម្ពុជាទូទៅ និងជាការបន្តរក្សាកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស។ នេះបើយោងទៅតាមការរកឃើញរបស់កម្មវិធី «គំនិតផ្តួចផ្តើមចងក្រងបញ្ជីកំណែទម្រង់» នៃមូលនិធិអាស៊ី ដែលបានចេញផ្សាយជាផ្លូវកាលពីថ្ងៃសុក្រកន្លងទៅនេះ។
កំណែទម្រង់ដែលបានចងក្រងទុកទាំងនោះ រួមមានការកែទម្រង់គោលនយោបាយផែនការសកម្មភាពគ្រូបង្រៀន ការកែទម្រង់របបបង់ពន្ធ និងការផ្គត់ផ្គង់ទឹកនៅក្នុងតំបន់ទីក្រុង។
យោងទៅតាមការរកឃើញនេះបានឲ្យដឹងថា ការសម្រេចចិត្តរបស់ក្រសួងអប់រំ ក្នុងការកែទម្រង់ការប្រឡងបាក់ឌុប បានធ្វើឲ្យអត្រាអ្នកជាប់ការប្រឡងនេះ បន្តកើនឡើងពី៥៥.៩%នៅក្នុងឆ្នាំ២០១៥ ដល់ ៦២.២%នៅឆ្នាំ២០១៦នេះ។
ការកែទម្រង់របបបង់ពន្ធពីរបបម៉ៅការ ដែលម្ចាស់ក្រុមហ៊ុនអាចប្រកាសពន្ធទៅតាមការប៉ាន់ស្មានរបស់ពួកគេ មកជារបបស្វ័យប្រកាសតាមប្រកាសរបស់រដ្ឋាភិបាលកាលពីខែធ្នូឆ្នាំទៅនេះ បានធ្វើឲ្យការប្រមូលពន្ធកើនឡើង២០.២% នៅក្នុងរយៈពេល១០ខែ នៃឆ្នាំ២០១៦ ធៀបទៅនឹងឆ្នាំមុនក្នុងរយៈពេលដូចគ្នានេះ។
ដោយឡែកការផ្គត់ផ្គង់ទឹក ក្រុមអ្នកចងក្រងការកែទម្រង់ បានរកឃើញថា ៨០%នៃប្រជាជននៅក្នុងរាជធានីភ្នំពេញនិងតំបន់ទីក្រុងផ្សេងទៀត ទទួលបានការផ្គត់ផ្គង់ទឹកដែលមានសុវត្ថិភាព អាចលៃលកបាន និងមានចីរភាព។ បើធៀបនឹងរយៈពេលប្រាំឆ្នាំមុន មានប្រជាជនក្នុងតំបន់ទីក្រុងតែ៦២% ប៉ុណ្ណោះដែលទទួលបានទឹកប្រើប្រាស់។
ការពង្រីកបណ្តាញផ្គត់ផ្គងទឹកនេះគឺជាផ្នែកមួយនៃគោលដៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានកំណត់ថា ប្រជាជននៅក្នុងតំបន់ទីក្រុងនឹងទទួលបានទឹកប្រើប្រាស់១០០% នៅឆ្នាំ២០២៥។ ការផ្គត់ផ្គង់ទឹកនេះ បានទៅដល់តំបន់ទីក្រុងនៃខេត្តអាទិភាពមួយចំនួន រួមមានខេត្តកំពង់ចាម កំពង់ធំ កំពត ពោធិ៍សាត់ ស្វាយរៀង ព្រះសីហនុ និងសៀមរាប។
ជោគជ័យនៃការផ្គត់ផ្គង់ទឹកក្នុងវិសាលភាពធំធេងនេះ គឺបានមកពីការកាត់បន្ថយថ្លៃដើម និងការបង្កើនប្រតិបត្តិការនានា។
អ្នកស្រី Erika Boak ប្រធានផ្នែកកិច្ចការអប់រំនៃអង្គការ Unicef ដែលបានធ្វើការវិភាគលើកំណែទម្រង់ក្នុងវិស័យអប់រំ បានចាត់ទុកការកើនឡើងអត្រានៃសិស្សប្រឡងជាប់ថា្នក់មធ្យមសិក្សាថា ជាដំណឹងដ៏ល្អមួយ ក៏ប៉ុន្តែអ្នកស្រីបានមើលឃើញពីចំណេះដឹងរបស់គ្រូនៅកម្រិតបឋមសិក្សាថា នៅមានកម្រិតទាប និងមិនសមល្មមដើម្បីធ្វើជាគូ្របង្រៀននោះទេ។
អ្នកស្រី Erika ថ្លែងថា នាពេលបច្ចុប្បន្ននេះ មានការកំណត់ថា អ្នកដែលអាចធ្វើជាគ្រូបង្រៀនថ្នាក់បឋមបាន គឺត្រូវតែជាអ្នកដែលទទួលបានការអប់រំរយៈពេល១២ឆ្នាំ និងទទួលបានការបណ្តុះបណ្តាលធ្វើជាគ្រូបង្រៀនរយៈពេលពីរឆ្នាំ។ អ្នកស្រីបញ្ជាក់ថា ការណ៍នេះមិនគ្រប់គ្រាន់ ហើយត្រូវតែមានការកែទម្រង់។
«ការកំណត់គុណវុឌ្ឍិថ្មីរបស់គ្រូបង្រៀននឹងត្រូវជាការកំណត់ថា គ្រូបង្រៀនចាំបាច់ត្រូវមានបរិញ្ញាបត្រ ដែលមានរយៈពេលបួនឆ្នាំ ហើយបើអាចធ្វើបាន គឺត្រូវទទួលការបណ្តុះបណ្តាលធ្វើជាគ្រូបង្រៀនរយៈពេលមួយឆ្នាំ។ តាមការប៉ាន់ស្មានទុកជាមុនរបស់យើង នាពេលបច្ចុប្បន្ននេះគឺថា នៅត្រឹមឆ្នាំ២០២៥ នឹងមានគ្រូបង្រៀនកម្រិតបឋមសិក្សាតែ៥ភាគរយប៉ុណ្ណោះ ដែលនឹងទទួលបានគុណវុឌ្ឍិនេះ ប្រសិនបើយើងនៅបន្តផ្អែកលើការកំណត់គុណវុឌ្ឍិចាស់ដដែលនោះ។ ហេតុនេះហើយ យើងត្រូវធ្វើការកែទម្រង់»។
អ្នកស្រី Erika បានលើកឡើង នៅក្នុងការធ្វើបទបង្ហាញស្តីពីការកែទម្រង់វិស័យអប់រំដដែលនេះថា នៅខេត្តកែប គ្រូបង្រៀន៩០% មានគុណសម្បតិ្តគ្រប់គ្រាន់ក្នុងការធ្វើជាគ្រូបង្រៀន ខណៈដែលខេត្តមណ្ឌលគីរីមានគ្រូបង្រៀនតែ១៤ភាគរយប៉ុណ្ណោះ ដែលមានគុណសម្បត្តិគ្រប់គ្រាន់ ហើយបើគិតជាមធ្យមនៃកម្រិតថ្នាក់ជាតិ មានគ្រូបង្រៀន៥៧% ប៉ុណ្ណោះដែលមានគុណសម្បតិ្តគ្រប់គ្រាន់ក្នុងការធ្វើជាគ្រូបង្រៀន។
ទាក់ទិនទៅនឹងកិច្ចខិតខំកែទម្រង់របបបង់ពន្ធ លោក Blaise Killian ប្រធានតស៊ូមតិនៃសភាពាណិជ្ជកម្មសហភាពអឺរ៉ុប ថ្លែងថា ដោយសាររដ្ឋាភិបាលមិនចង់ធ្វើឲ្យខូចកិច្ចខិតខំធ្វើឲ្យមានកំណើនសេដ្ឋកិច្ចរឹងមាំ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ទើបរដ្ឋាភិបាលសម្រេចផ្លាស់ប្តូររបបបង់ពន្ធពីរបបម៉ៅការមកជារបបស្វ័យប្រកាស។
លោក Blaise Killian ពន្យល់ថា៖
«កំណែទម្រង់នេះ គឺមានគោលបំណងមួយសំខាន់ គឺធានាថា វិស័យឯកជនអ្នកជាប់ពន្ធ ជាពិសេសក្រុមហ៊ុនដែលពីមុនមិនមែនប្រកាសតាមការពិត ឬក៏ប្រកាសពន្ធ ឬក៏ប្រកាសតាមការប៉ាន់ស្មាន គឺតម្រូវឲ្យទាំងអស់គ្នា អាចប្រកាសពន្ធតាមការជាក់ស្តែងនឹងបង់ពន្ធចូលរដ្ឋ ដោយអគ្គនាយកដ្ឋានពន្ធដារមានសមត្ថភាពខ្ពស់ជាងមុខសម្រាប់ធ្វើសវនកម្ម និងធានាថា ការប្រកាសរបស់គាត់ គឺស្របទៅនឹងការពិតនៃការរកស៊ីរបស់គាត់»។
រីឯលោក Itsu Adachi ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា JICA បានហៅការពង្រីកបណ្តាញតភ្ជាប់ទឹកយ៉ាងទូលំទូលាយនេះថា ជាជោគជ័យមួយរបស់រដ្ឋាភិបាល ហើយថា អ្វីដែលកម្ពុជាសម្រេចបានក្នុងការផ្គត់ផ្គង់ទឹកស្អាតនេះ គឺមិនមានទេនៅបណ្តាប្រទេសផ្សេងទៀតក្នុងពិភពលោក។
លោកថ្លែងក្នុងន័យដើមថា៖
«ដូច្នេះ នេះជារឿងតែមួយគត់ដែលបានកើតឡើងនៅក្នុងវិស័យទឹករបស់ពិភពលោក»។
ឆ្នាំនេះគឺជាឆ្នាំទីពីរនៃការចងក្រងបញ្ជីកំណែទម្រង់របស់រដ្ឋាភិបាល បន្ទាប់ពីការសិក្សាស្រាវជ្រាវលើការកែទម្រង់របស់រដ្ឋាភិបាលត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០១៥។ នេះបើតាមការបញ្ជាក់របស់លោក ជី ទេរិទ្ធិ នាយកកម្មវិធីមូលនិធិអាស៊ី។
លោក ជី ទេរិទ្ធិ ថ្លែងប្រាប់ក្រុមអង្គការសង្គមស៊ីវិល នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រថា ការចងក្រងកំណែទម្រង់ថ្មីៗទាំងបីនេះ គឺបានមកពីការចូលរួមក្នុងការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការកែទម្រង់ពីសំណាក់មន្ត្រីរដ្ឋាភិបាលនៅតាមបណ្តាក្រសួងនានា ដែលធ្វើការក្នុងវិស័យទាំងបី ហើយនិងការស្រាវជ្រាវរកព័ត៌មានបន្ថែមនៅតាមគេហទំព័ររបស់ក្រសួងរដ្ឋាភិបាលនីមួយៗ ដើម្បីពិនិត្យផ្ទៀងផ្ទាត់សុក្រឹតភាពព័ត៌មានដែលបានផ្តល់ពីមន្ត្រីរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ទាំងនោះ។
លោក ជី ទេរិទ្ធិ ប្រាប់ VOA ក្រោយការប្រកាសលទ្ធផលនៃការរកឃើញកំណែទម្រង់ទាំងបីនេះថា ការធ្វើកំណែទម្រង់គឺជាដំណើរការមួយ ដែលត្រូវការពេលវេលាច្រើន ហើយសាធារណជនក៏មិនបានដឹងអំពីការវិវត្តនៃកំណែទម្រង់ដែលត្រូវបានធ្វើឡើងដោយសន្សឹមៗពីសំណាក់រដ្ឋាភិបាលនោះដែរ។ ដោយហេតុនេះហើយទើបមានការចងក្រងកំណែទម្រង់ទាំងនេះឡើង។
«យើងដឹងថា កំណែទម្រង់គឺវាកើតឡើង កើតឡើងយូរហើយ ហើយកំពុងតែកើតឡើងជានិច្ចដែរបាទ កំណែទម្រង់ជាទូទៅ វាស៊ីពេល។ បាទអញ្ចឹង យើងគិតថា អ្វីដែលខ្វះខាតគឺការកើតឡើងនៅតាមក្រសួងមន្ទីរផ្សេងៗហើយ ប៉ុន្តែព័ត៌មានដែលស្តីអំពីកំណែទម្រង់ហ្នឹងអត់បានទៅដល់ប្រជាពលរដ្ឋទេ ស្អីដែល តាមរយៈការស្ទាបស្ទង់ប្រជាពលរដ្ឋមក គាត់ គាត់ដឹងព័ត៌មានតិចស្តីអំពីកំណែទម្រង់ទាំងអស់ហ្នឹង»។
ទោះបីជាមានការរកឃើញលទ្ធផលវិជ្ជមានក្នុងការកែទម្រង់វិស័យទាំងបី អ្នកជំនាញខាងគណនេយ្យភាព លើកឡើងថា ក្រុមអ្នកស្រាវជ្រាវអំពីកំណែទម្រង់របស់រដ្ឋាភិបាលគួរតែធ្វើការស្ទង់មតិទៅលើសាធារណជន ដែលទទួលបានប្រយោជន៍ពីការធ្វើកំណែទម្រង់ទាំងបីនេះ។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ទទួលស្គាល់ពីការកែទម្រង់ក្នុងវិស័យទាំងនេះ ក៏ប៉ុន្តែលោកថា ការសម្លឹងមើលតែទៅលើសកម្មភាពវិជ្ជមានរបស់រដ្ឋាភិបាលនោះ គឺមិនគ្រប់គ្រាន់នោះទេ។
លោកនិយាយថា ក្រុមអ្នកចងក្រងការកែទម្រង់គួរធ្វើការស្ទង់មតិក្នុងចំណោមមហាជន ដើម្បីបញ្ជាក់ថា តើការកែទម្រង់ទាំងអស់នេះពិតជាផ្តល់ប្រយោជន៍ជាវិជ្ជមាន ឬក៏នៅតែមានការមិនពេញចិត្តពីសំណាក់មហាជនខ្មែរ។
លោកបានលើកឡើងអំពីវិស័យពន្ធដារថា ទោះបីជាមានការកែទម្រង់ក្នុងវិស័យនេះក្តី សាធារណជននៅប្រឈមនឹងបញ្ហាមួយចំនួន ក្នុងការចុះបញ្ជីឈ្មោះបង់ពន្ធ ដូចជាការបង់ពន្ធអចលនទ្រព្យជាដើម។
«គេមានការលំបាកនៅក្នុងការបង់ពន្ធ ដូចជាការបង់ពន្ធ អចលនទ្រព្យអីជាដើមហ្នឹង ឃើញថា មានការរអ៊ូរទាំ ពួកគេពិបាកនឹងរកការឆ្លើយតបនឹងការជួយសម្រួលដល់បច្ចេកទេស ឬក៏ទៅដល់នីតិវិធីនៃការបង់ពន្ធរបស់ប្រជាពលរដ្ឋហ្នឹង។ អញ្ចឹងវាមិនមែនជាអ្វីមួយដែលទាន់គេហៅថា ជាការសាទរពេញលេញនៅឡើយទេ។ វាត្រូវតែមានការកែលម្អ ហើយយើងចង់ឲ្យរដ្ឋាភិបាលមានឱកាសស្តាប់នូវសំណូមពរ ស្តាប់នូវតម្រូវការបន្ថែមទៀតពីអ្នកទទួលផលហើយនិងអ្នកចូលរួមនៅក្នុងការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលហ្នឹង»។
ការរកឃើញពីកំណែទម្រង់នៅក្នុងវិស័យទាំងបីនេះ បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកចងក្រងកំណែទម្រង់បានធ្វើការវាយតម្លៃលើកំណែទម្រង់កម្រិតក្រសួងនៅតាមក្រសួងចំនួន១៧នៅក្នុងឆ្នាំ២០១៦នេះ ដែលចំនួនក្រសួងនេះបានកើនឡើងពីចំនួន១២នៅក្នុងឆ្នាំ២០១៥។
លោក ជី ទេរិទ្ធិ នាយកកម្មវិធីមូលនិធិអាស៊ី បានឲ្យដឹងបន្តថា កាលពីឆ្នាំ២០១៥ ក្រុមអ្នកចងក្រងបញ្ជីកំណែទម្រង់បានកត់ត្រាកំណែទម្រង់របស់រដ្ឋាភិបាលចំនួន៥ រួមមានការត្រួតពិនិត្យការប្រឡងបាក់ឌុប ការបង្កើតនូវការប្រឡងចេញសម្រាប់អ្នកប្រកបវិជ្ជាជីវៈខាងផ្នែកសុខភាព ការដាក់ចេញយុទ្ធសាស្ត្រប្រមូលថវិកាជាតិ ការពង្រីកវិសាលភាពធានារ៉ាប់រងសុខភាពថ្នាក់ជាតិដល់ប្រជាជនក្រីក្រនៅក្នុងប្រទេស និងការបង្កើតកិច្ចសន្យាប្រឆាំងអំពើពុករលួយរបស់អង្គភាពប្រឆំាងអំពើពុករលួយ។
លោកបន្ថែមថា ក្រុមអ្នកចងក្រងបញ្ជីកំណែទម្រង់នឹងពិនិត្យលើកំណែទម្រង់រដ្ឋាភិបាលក្នុងការគ្រប់គ្រងធនធានធម្មជាតិ ច្បាប់គ្រប់គ្រងបុគ្គលិកអ្នកមានវិជ្ជាជីវៈពេទ្យ និងការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិនៅក្នុងឆ្នាំខាងមុខ៕