ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះជាតិ​ប្រកាន់​ជំហរ​មិន​ចូល​ប្រជុំ​សភា​ដំបូង​ បើ​មិន​ទទួល​បាន​យុត្តិធម៌​ពី​ការបោះឆ្នោត


លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ដៃ​អ្នកគាំទ្រ​គណបក្ស​របស់​លោក។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ដៃ​អ្នកគាំទ្រ​គណបក្ស​របស់​លោក។
ភ្នំពេញ៖ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​រក្សា​ជំហរ​មិន​ចូល​ប្រជុំ​សភា​ជា​លើក​ដំបូង​ដដែល ថ្វី​បើ​ការ​ចរចា​ថា្នក់​កំពូល​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ហាក់​ដូចជា​ ទទួល​បាន​ផល​វិជ្ជមាន​មួយ​ចំនួន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ក្តី។

កិច្ច​ប្រជុំ​សភា​លើក​ដំបូង​ គឺ​ជា​គន្លឹះ​យ៉ាង​សំខាន់​ដែល​នឹង​បើក​ផ្លូវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ត្រូវ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ប្រកាស​ថា​ជា​គណបក្ស​ឈ្នះ​ឆ្នោត​ជា​ផ្លូវការ​ដើម្បី​ផ្តល់​សុពល​ភាព​ដល់​រដ្ឋ​សភា​ថ្មី និង​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​ស្រប​ច្បាប់។

លោក កឹម​ សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ទៅ​កាន់​ក្រុម​បាតុករ​ជិត​មួយ​ម៉ឺន​នាក់​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ដោយ​ដាក់​លក្ខខណ្ឌ​ដើម្បី​ចូល​ប្រជុំ​សភា​នោះ។

«ខ្ញុំ​សូម​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ជូន​ដល់​បាតុករ​យើង​ថា យើង​មិន​ដូរ​គោល​ជំហរ​យើង​ទេ។ បើ​គ្មាន​បាន​យុត្តិធម៌​ទេ យើង​នៅ​តែ​មិន​ចូល​ប្រជុំ​សភា​ថ្ងៃ​ទី​២៣​ទេ»។

ក្នុង​កិច្ច​ចរចា​រយៈ​ពេល​ប្រាំ​ម៉ោង​នៅ​ថ្ងៃច័ន្ទ​នេះ គណបក្ស​ប្រជែង​គ្នា​ទាំងពីរ​បាន​យល់​ព្រម​ជាមួយ​គ្នា​ជា​គោលការណ៍​ថា បញ្ឈប់​រាល់​អំពើ​ហិង្សា​តាម​គ្រប់​រូប​ភាព បង្កើត​យន្តការ​ដើម្បី​កែ​ទំរង់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។ ហើយ​គណបក្ស​ទាំង​ពីរ​នឹង​បន្ត​ជួប​ចរចារ​គ្នា​តាម​គ្រប់​កម្រិត​ដើម្បី​ដោះស្រាយ​បញ្ហា។

ទាំង​លោក​សម ​រង្ស៊ី​ ទាំង​លោក​កឹម ​សុខា​ ថ្លែង​ទៅ​កាន់​អ្នកគាំ​ទ្រ​របស់ខ្លួន​ថា​នេះ​គឺ​ជា​«ជោគ​ជ័យ»​មួយ​ ប៉ុន្តែ​អ្នក​នយោបាយ​ទាំង​ពីរ​បាន​ប្រកាស​ថា​នឹង​បន្ត​ធ្វើ​បាតុកម្ម​តាម​រូបភាព​ផ្សេងៗ​ទៀត ដើម្បី​ទាមទារ​យុត្តិធម៌​សម្រាប់​ការបោះឆ្នោត។

ដំណាល​គ្នា​នេះ​លោក​កឹម​ សុខា ​ក៏បាន​អះអាង​ដែរ​ថា​មាន​ចំណុច​មួយ​ចំនួន​ដែល​គណបក្ស​ទាំង​ពីរ​មិន​បាន​ព្រមព្រៀង​គ្នា​នៅ​ឡើយ។

លោក សម​ រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ចាត់​ទុក​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា។

«យើង ​បោះឆ្នោត​ឲ្យ​(គណបក្ស)​សង្គ្រោះ​ជាតិ។ ​(គណបក្ស)​សង្គ្រោះ​ជាតិ​ត្រូវ​តែ​ឈ្នះ​រឿង​អី​សង្គ្រោះ​ជាតិ​ចាញ់​យើង​អត់​សុខ​ចិត្ត​ទេ។ ដូច្នេះ​យើង​ត្រូវ​តែ​ទាមទារ​យុត្តិ​ធម៌​ឲ្យ​ទាល់​តែ​បាន»។​

លោក​សម​ រង្ស៊ី ​ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា​នឹង​មិន​ចូល​ប្រជុំ​សភា​បើក​ឆាក​លើក​ដំបូង​ទេ ប្រសិន​បើ​គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ស្វែង​រក​យុត្តិធម៌​សម្រាប់​ការ​បោះឆ្នោត​បាន។

គណបក្ស ​ជំទាស់​បាន​ប្រកាន់​ថា មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ក្នុង​ការ​បោះឆ្នោត​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សម្លេង​ឆ្នោត ហើយ​នឹង​អសនៈ​ដែលខ្លួន​ត្រូវ​ទទួល​បាន។ ហើយ​ចាត់​ទុក​ថា​នេះ​គឺជា​អំពើ​អយុត្តិធម៌​សម្រាប់​អ្នក​បោះឆ្នោត។

លោក ​សម​ រង្ស៊ី ​បាន​បញ្ជាក់​ជំហរ​ឡើង​វិញ​ពី​ការ​ទាមទារ​ចង់​ឲ្យ​មាន​ការរាប់​សន្លឹក​ឆ្នោត និង​បោះឆ្នោត​ឡើង​វិញ​ដើម្បី​ជា​ការផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត។

កាលពី​ថ្ងៃ​ទី​៨​ខែ​កញ្ញា​នេះ គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រកាស​លទ្ធផល​បោះឆ្នោត​ជ្រើស​ តាំង​តំណាង​រាស្ដ្រ​ជា​ផ្លូវ​ការ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន​៦៨​ អសនៈ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥៥​អសនៈ។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត ​នេះ​ទេ ដោយ​សំអាង​លើ​ភាព​មិន​ប្រក្រតី​ដែល​មិន​បាន​ដោះស្រាយ។

លោក​ បណ្ឌិត ឡៅ​ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​មាន​ប្រសាសន៍​ថា​ការ​ទាមទារ​ឲ្យ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​របស់​គណបក្ស​ជំទាស់​នេះ និង​ការ​មិន​ព្រម​ចូល​ប្រជុំ​សភា​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ជា​ចំណុច​គន្លឹះ។

យោង​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា កិច្ច​ប្រជុំ​សភា​ដំបូង​ត្រូវ​មាន​សមាជិក​សភា​យ៉ាង​តិច​បំផុត​ចំនួន​១២០​រូប។

លោក ​បណ្ឌិត​ឡៅ ​ម៉ុងហៃ​ យល់​ឃើញ​ថា គួរ​បង្កើត​យន្តការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នេះ ទើប​អាច​នាំ​ឲ្យ​ចៀស​ផុត​ពី​ភាព​ជាប់​គាំង​នយោបាយ​នា​ពេល​ខាង​មុខ​បាន។

ភាព​ជាប់​គាំង​អាច​នឹង​កើត​ឡើង​ដោយសារ​ការ​ប្រជុំ​សភា​ដំបូង​មិន​អាច​ធ្វើ​ទៅ​បាន​ និង​ដោយសារ​ការ​មិនអាច​បង្កើត​រដ្ឋាភិបាលថ្មី​ស្រប​ច្បាប់​ពេញ​មុខ​ពេញ​មាត់ ​បាន។

យ៉ាងណា​ក៏ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទាត់​ចោល​ជាថ្មី​ ម្តង​ទៀត​ក្នុង​កិច្ច​ប្រជុំ​កំពូល​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ័​នេះ​នូវ​សំណើរ​ របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បង្កើត​គណកម្មការ​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​នោះ៕
XS
SM
MD
LG