ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រជុំ​ក្នុង​វាំង​រវាង​គណបក្ស​ប្រឆាំង​និង​គណបក្ស​កាន់​អំណាច​​អត់​លទ្ធផល


លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​គាល់ព្រះមហាក្ស​​ពេល​ចូល​រួម​កិច្ច​ប្រជុំ​លើកដំបូង​ក្រោយការបោះឆ្នោត។​
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​គាល់ព្រះមហាក្ស​​ពេល​ចូល​រួម​កិច្ច​ប្រជុំ​លើកដំបូង​ក្រោយការបោះឆ្នោត។​
កិច្ច​ប្រជុំ​លើក​ដំបូង​ក្រោម​អធិបតី​ភាព​ព្រះ​មហាក្សត្រ​ដើម្បី​ទម្លុះ​ទម្លាយវិបត្តិ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​មិន​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ទេ បន្ទាប់​ពី​កិច្ច​ប្រជុំ​នេះ​មាន​រយៈ​ពេល​កន្លះ​ម៉ោង​តែ​ប៉ុណ្ណោះ​ហើយ​បាន​បិទ​បញ្ចប់​ទៅ​វិញ​យ៉ាង​ឆាប់។​

ភាគី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ដឹក​នាំ​ដោយ​លោកហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​ជិត​ផុត​អាណត្តិ​ និង​សហការី​របស់​លោក​ពីរ​នាក់​ផ្សេង​ទៀត​គឺ​លោក​ស ខេង​ និង​លោកសាយ ឈុំ។ ​ចំណែក​ឯខាង​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​ដោយ​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​ លោក​កឹម សុខា​ អនុប្រធាន​គណបក្ស​ និង​លោក​កួយ ប៊ុនរឿន។

លោក​សម រង្ស៊ី​ទទួល​ព្រះរាជសារ​អញ្ជើញ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ប្រជុំ​សភា​ថ្ងៃទី​២៣​កញ្ញានេះ។​
លោក​សម រង្ស៊ី​ទទួល​ព្រះរាជសារ​អញ្ជើញ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ប្រជុំ​សភា​ថ្ងៃទី​២៣​កញ្ញានេះ។​
មេ​ដឹកនាំ​គណបក្ស​ទាំង​ពីរ​បាន​ជិះ​រថយន្ត​ទំនើបៗ​រៀងៗ​ខ្លួន​ចូល​ក្នុង​ព្រះ​បរម​រាជ​វាំង​ក្រោម​ការ​រិត​បន្តឹង​សន្តិសុខ​យ៉ាង​មាំទាំ។​ ប៉ុន្តែ​មិន​ដល់​កន្លះ​ម៉ោង​ផង​ មេដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ​បាន​បើក​រថ​យន្ត​ចេញ​ពី​ព្រះ​បរម​រាជវាំង​រៀងៗ​ខ្លួន​វិញ។​

គ្មាន​មន្ត្រី​គណបក្ស​ណាម្នាក់​និយាយ​ជាមួយអ្នក​កា​សែត​ទេ​ ក្រោយ​ពី​បញ្ចប់​កិច្ច​ប្រជុំ។ ​ក៏ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀប​សន្និសីទកា​សែត​ភា្លមៗ​នៅ​ទី​ស្នាក់​ការ​របស់​ខ្លួន។

គណបក្ស​សង្គ្រោះជាតិ​បាន​ហៅ​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​ព្រះ​មហាក្សត្រ​ថា​ បើទោះ​បី​ជា​មិន​ទាន់​ទទួល​លទ្ធផល​តាម​ការ​ចង់​បាន​ក៏ដោយ ​ក៏​នេះ​ជា​ជំហាន​វិជ្ជមាន​មួយ​ដែល​អាច​ទទួល​យក​បាន។​

លោក​គួយ ប៊ុនរឿន​ អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទទួល​បន្ទុក​កិច្ចការ​បោះ​ឆ្នោត​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ បានបញ្ជាក់​ប្រាប់​ក្នុង​អង្គសន្និសីទ​កាសែតថា​ កិច្ច​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍នេះ​ដំបូង​ឡើយ​មេដឹកនាំ​ទាំង​ពីរ​បាន​ថ្វាយ​អំណរ​គុណ​ដល់​ព្រះ​មហា​ក្សត្រ​ដែល​បាន​កោះ​ប្រជុំ​នៃ​មេដឹក​នាំ​គណបក្ស​ទាំង​ពីរ។​

លោក​បាន​និយាយ​ថា ​ក្រោយ​មក​បន្ទាប់​ពី​លោក​សម រង្ស៊ី​បាន​រាយ​ការណ៍ថ្វាយ​ព្រះ​មហា​ក្សត្រ​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ និង​ទាម​ទារ​ឲ្យបង្កើត​គណៈ​កម្មការ​ពិសេស​ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នេះ​ ទើប​បណ្តាល​ឲ្យកិច្ច​ប្រជុំ​ឆាប់​ចប់​ដោយ​សារ​មិន​ទាន់​មាន​ការ​ឯក​ភាព​ពី​គណបក្ស​គ្រប់​គ្រង​អំណាច​ ដោយ​គណបក្ស​នេះមិន​ចង់​ឲ្យបង្កើត​គណៈកម្មការ​នេះ​ឡើងទេ។

លោក​និយាយ​ថា៖​ «ខ្ញុំ​ថា​ នេះ​ជា​សញ្ញា​មួយ​ល្អ​ មួយ​ជំហាន​ដែល​ថា ​រាល់​ដំណោះ​ស្រាយ​ទាំង​អស់​ កាល​ណា​តែ​យើង​មាន​ការ​ជជែក​គ្នា​ វា​ទទួល​បាន​លទ្ធផល​ ហើយ​កាល​ណា​បើ​យើង​អត់​មាន​ការ​ជជែក​គ្នា​ទេ​ យើង​មិន​អាច​រក​ចំណុច​ណាមួយ​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​បាន​ទេ»។​

ក្រោយ​ពីកិច្ច​ប្រជុំ​បាន​បញ្ចប់។​ ព្រះ​មហា​ក្សត្រ​បាន​ប្រទាន​លិខិត​អញ្ជើញ​ដល់​មេដឹក​នាំ​នៃ​គណបក្ស​ទាំង​ពីរ​ឲ្យ​ដឹក​នាំ​អ្នក​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​ចំនួន​១២៣​រូប​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​សភា​ដំបូង​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៣​ខាង​មុខ​នេះ។​
​លោកកឹម សុខា​ អនុប្រធាន​គណ​សង្គ្រោះជាតិ​បាន​បញ្ជាក់​ប្រាប់​ក្នុង​អង្គ​សន្និសីទកាសែត​ថា​ គណបក្ស​របស់​លោក​នៅ​តែ​ប្រកាន់​ជំហរ​មិន​ចូល​រួម​ប្រជុំ​តាម​ការ​កោះ​អញ្ជើញ​របស់​ព្រះ​មហា​ក្សត្រ​ទេ​ ដរាប​ណា​យុត្តិ​ធម៌​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ។

លោក​និយាយ​ថា៖​ «ឯក​ឧត្តម​ប្រធាន​សម រង្ស៊ី​បាន​បញ្ជាក់​ទូល​ថ្វាយ​ព្រះ​ករុណា​ហើយ​ថា​ គណបក្ស​សង្គ្រោះជាតិ​មិន​អាច​ទទួល​យក​បាន​ទេ​នូវ​ភាព​មិន​ប្រក្រតី​យ៉ាង​ធ្ងន់​ធ្ងរ​តាំង​មុន​បោះ​ឆ្នោត​និង​ក្រោយ​បោះ​ឆ្នោត។​ ដូច្នេះ​ហើយ​គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​ទទូច​ទាមទារ​រក​យុត្តិ​ធម៌​ជួន​ដល់​ប្រជា​ពលរដ្ឋ»។​

គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ បើ​ទោះបី​ជា​កិច្ច​ប្រជុំ​ក្រោម​អធិបតេយ្យ​ភាព​ពីព្រះ​មហា​ក្សត្រ​មិន​ទទួល​បាន​លទ្ធផល​ក៏ដោយ ក៏គណបក្ស​ទាំង​ពីរ​បាន​និយាយ​ថា​ នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​នេះ​នឹង​មាន​កិច្ច​ប្រជុំ​ថ្នាក់​កំពូល​នៃ​មេដឹក​នាំ​ទាំង​ពីរ​ ដែល​មាន​សមាសភាព​ម្ចាងៗ​ចំនួន​៦​រូប។​
ទាញ​យក​ពី​តំណភ្ជាប់​ដើម

កិច្ច​ប្រជុំ​រវាង​ថ្នាក់​ដឹក​នាំ​កំពូល​នេះ​នឹង​ធ្វើ​នៅ​ឯ​មន្ទីរ​រដ្ឋ​សភាជាតិ​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ដាក់​គ្រាប់​បែក​បង្កៃកាល​ពី​ថ្ងៃ​សុក្រ។

លោក​ឧត្តម​សេនីយ៍​ឯក​ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​ហៅ​កិច្ច​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍នេះ​ថា ​ជា​ជំហាន​វិជ្ជាមាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​រដ្ឋាភិបាល​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយក្រោយ​ការ​បោះ​ឆ្នោត។​ ក៏​ប៉ុន្តែ​ជំហរ​របស់​គណបក្ស​សង្គ្រោះជាតិ​វិញ​នៅ​តែទាម​ទារ​ឲ្យមាន​យុត្តិ​ធម៌​សម្រាប់​ម្ចាស់​ឆ្នោត។​

លោកសម រង្ស៊ី​ ប្រធាន​គណបក្ស​បាន​អះអាង​ថា ​បើ​ទោះបី​ជា​គណបក្ស​ទាំង​ពីរ​បាន​ព្រម​ព្រាង​គ្នា​ថា ​នឹង​មាន​ជំនួប​កំពូល​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​ក៏​ដោយ​ ក៏​ការ​ធ្វើ​មហា​បាតុកម្ម​រយៈ​ពេល​បី​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​អាទិត្យ​ស្អែក​នេះ​ ថ្ងៃ​ច័ន្ទ​ និង​ថ្ងៃ​អង្គារ​ខាង​មុន​នេះ​មិន​បាន​ផ្លាស់​ប្តូរ​ទេ។

លោក​និយាយ​ថា​ មហា​បាតុកម្ម​លើក​ទីពីរ​នេះ​នឹង​មាន​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ជាង​លើក​ទី​មួយ​ ហើយ​ក្រុម​បាតុករ​ទាំង​អស់​មក​ពី​តាម​បណ្តា​ខេត្ត​ និង​ប្រមូល​ផ្តុំ​គ្នា​ដើរ​ហែ​ក្បួន​ពាស​ពេញ​ទី​ក្រុង​ភ្នំពេញ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG