ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មនុស្ស​ម្នាក់​ស្លាប់​និង​មាន​របួស​និង​ចាប់ខ្លូន​ច្រើន​នាក់​ក្នុង​ការប៉ះ​ទង្គិច​រវាង​បាតុករ​និង​ប៉ូលិស

  • សុខ ខេមរា

លោក​សម រង្ស៊ី និង​លោក​កឹម សុខា​ មេដឹកនាំ​គណបក្ស​​សង្គ្រោះជាតិ​​អង្គុយ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​​ពេល​​ដឹកនាំ​​បាតុកម្ម​ថ្ងៃ​១៥ កញ្ញា២០១៣។​
អំពើ​ហិង្សា​ពីរ​កន្លែង​ផ្សេង​គ្នា​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ផ្ទុះឡើង​រវាង​អាជ្ញាធរ​និង​ពលរដ្ឋ​ក្រោយ​ពេល​ក្រុម​ប្រជា​ពលរដ្ឋ​ខឹង​សម្បារ​នឹង​អាជ្ញាធរ​ចំពោះ​ការ​បិទផ្លូវ​មិន​ឲ្យ​ពួកគេ​ធ្វើ​ដំណើរ​ទៅផ្ទះ ​ឬឆ្លង​កាត់​ដោយ​បាន​ធ្វើឲ្យ​យ៉ាងតិច​មាន​មនុស្ស​ម្នាក់​ស្លាប់ ​និង​របួស​៧នាក់​ ហើយ​នឹង​ចាប់ខ្លួន​ជាច្រើន​នាក់​ទៀត។​

ព្រឹត្តិ​ការណ៍​នេះ​កើតឡើង​ក្រោយ​មួយ​ថ្ងៃ​នៃ​កិច្ច​ចរចា​រវាង​ដៃគូ​ប្រជែង​នយោបាយ​ទាំងពីរ​គឺ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស​ និង​លោក​សម រង្ស៉ី​នៃ​គណបក្ស​ជំទាស់​មិន​អាច​ទម្លុះ​ទម្លាយ​ភាពទាល់​ច្រក​ផ្នែក​នយោបាយ​ បាន។ ការប៉ះ​ទង្គិច​កើតឡើង​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​នេះ​បាន​បន្ត​ដល់​យប់​ជ្រៅ​ថ្ងៃ​ដដែល​នោះ​គឺ​កើត​ឡើង​មួយ​ថ្ងៃមុន​ពេល​មេដឹកនាំ​នយោបាយ​កំពូលៗ​ ត្រូវ​ជួប​ប្រជុំ​គ្នា​ជា​លើក​ទី២​នៅ​ថ្ងៃនេះ។​

កង​កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​ពាន់នាក់​បាន​ដាក់​ពង្រាយ​ពាសពេញ​ទីក្រុង​ ភ្នំពេញ​ចំថ្ងៃ​ដែល​គណបក្ស​ជំទាស់​បាន​ចាប់ផ្តើម​ធ្វើ​បាតុកម្ម​អហិង្សា​ថ្ងៃ​ដំបូង​នៃ បាតុកម្ម​៣ថ្ងៃ ​ដើម្បី​ទាមទារ​ឲ្យមាន​ការ​បង្កើត​គណៈ​កម្មាការ​ឯករាជ្យ​ដោះស្រាយ ភាព​មិនប្រក្រតី​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ដែល​គេ​ចាត់ទុក​ថា ​ធ្វើ​ឲ្យ​លទ្ធផល​ប្រែប្រួល​នោះ។​ ពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅតាម​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន​មិន​ ត្រូវ​គេ​ឲ្យ​ចូល​ទៅផ្ទះ​ ឬធ្វើ​ដំណើរ​ចេញ​ចូល​មួយ​រយៈពេល​ខ្លី​ ដូចជា​តាម​ផ្លូវ​មាត់​ទន្លេ​ មុខវាំង​ ផ្លូវ​នរោត្តម​ជាដើម។​ បញ្ហានេះ​បង្ក​ជា​រឿង​ហិង្សា​កើត​ឡើង ​ដែល​នាំ​ឲ្យ​មាន​ការ​បង្រ្កាប​ដោយ​អំពើ​ហិង្សា​ផង​ដែរ។​

លោក​ចាន់ សុវ៉េត ​មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​អះអាង​ថា​ អាជ្ញាធរមិន​គួរ​ប្រើ​អំពើ​ហិង្សា​ដែលនាំ​ឲ្យ​ពលរដ្ឋ​កាន់តែ​មាន​កំហឹងនោះ​ទេ។​

លោក​និយាយថា៖ ​«អំពើ​ហិង្សានេះ​កើតឡើង​ដោយសារ​ការ​ដាក់​បារ៉ាស់​បិទផ្លូវ​ហ្នឹង​តែម្តង​ បាទ!។ ​ការបិទ​ផ្លូវសំខាន់ៗ​មួយ​ចំនួន​នេះ​វាធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចរាចរ​របស់​ពលរដ្ឋ​ដែល​ជាម្ចាស់​ផ្ទះ។ ​ពេល​ហ្នឹង​ឯង​មាន​ក្រុម​យុវជន​មួយ​ចំនួន​ស្រែក​វូសវាស់​ដោយ​សារ​តែ​ការ​បិទផ្លូវនេះ។​ ដល់​ពេល​ហ្នឹង​មាន​ការ​រុះរើ​ទាញ​យក​បន្លា​លួស​របស់​ប៉ូលិស​ ទម្លាក់ទឹកទៅ​ វាបង្ក​ឲ្យ​មាន​ការ​បង្ក​ឲ្យ​កើតជា​អំពើ​ហិង្សា​តែ​ម្តង។​ មាន​ការ​ប្រើ​ប្រាស់​ឡានទឹក​ បាញ់គ្រាប់​បែកផ្សែង ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ បាញ់​គ្រាប់​ពិត​ឡើង​លើ»។​

លោក​សូវ៉េត​បានបន្ថែម​ថា៖ ​«ហើយមាន​ការបះទង្គិច​គ្នា​រហូត​ដល់មាន​មនុស្ស​របួស​ មាន​មនុស្ស​ស្លាប់។​ ប៉ុន្តែ​ស្លាប់​យើង​មិន​ដឹង​ថា​ ស្លាប់​ប៉ុន្មាន​ទេ។ ​តែ​យើង​គ្រាន់តែ​ដឹង​ថា​កូន​ក្មេង​មួយ​ស្លាប់ ​ហើយ​ថតរូប​បាន។​ ហើយ​អ្នក​របួស​ទៀត​សោត​បាញ់​ធ្លាយ​ពោះ​អញ្ចឹង​ មាន​អ្នក​ត្រូវ​ចាប់ខ្លួន ​ដោយ​សារ​កង​កម្លាំង​ប្រដាប់​អាវុធ​បាន​ប្រើប្រាស់​អាវុធ​បាញ់»។​

អ្នកស្លាប់​ម្នាក់​អាយុ​ប្រមាញ​៣០​ឆ្នាំ ​ អ្នក​របួស​ និង​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​នោះ​មិនត្រូវ​គេ​ផ្តល់​អត្ត​សញ្ញាណ​ភ្លាមៗ​ទេ។​

លោក​បណ្ឌិត ​ឡៅ ម៉ុងហៃ​ អ្នកវិភាគ​ឯករាជ្យ​ម្នាក់​បាន​អះអាង​ថា​ បាតុកម្ម​និង​ ការ​បង្រ្កាប​នេះ​ជាការ​ដំឡើង​កម្លាំង​ឲ្យ​ដឹង​រៀងខ្លួន ​ដូចកីឡា​ប្រដាល់​មុន​ប្រកួត​ឬ ​ក៏​ការ​ប្រជល់​មាន់។

លោក​និយាយថា៖​ «យើង​នេះ​មិន​លោត​ចាក់គ្នា​ទេ​គឺ​មុន​កិច្ច​ចរចា​គ្នា​នេះ​គឺ​ភាគី​ទាំង​ពីរ​សម្លក់សម្លឹង​ ​រឹង​រៀង​ខ្លួន»។​

លោក​បាន​បន្ថែម​ថា ​បើសិន​ជាគ្មាន​ដំណោះ​ស្រាយ​ទេ ​កិច្ច​ប្រជុំ​សភា​ដំបូង​ដើម្បី បង្កើត​សភា​និង​រដ្ឋាភិបាល​ថ្មី​នោះ​នឹង​មាន​ភាព​រអាក់​រអួល។​

លោក​និយាយថា៖​ «ដូច្នេះ​ខ្ញុំថា​ ដូចជា​ពិបាក​បង្ខំ​ព្រះ​មហាក្សត្រ​ឲ្យ​បើក​សម័យ​ប្រជុំ​ ប្រសិន​ជាភាគី​ទាំងពីរ​អត់ទាន់​មានការ​មូលមាត់​អីគ្នា ​ព្រោះ​លោក​បាន​សរសេរ​ក្នុង​សារ​លិខិត​អញ្ជើញ​ហ្នឹង​ថា ​អញ្ជើញ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ។​ ​ឥឡូវ​មិនទាន់​ដោះស្រាយ​អី​សោះ ​តើយាង​ព្រះ​ករុណា​ឲ្យ​បើក​ម៉េច​កើត ​បើ​នៅ​ស្រកេក​ស្រកាក​នៅ​ឡើយ»។​

លោក​បណ្ឌិត​សុខ ទូច​ សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ​ បាន​ថ្លែង​ ប្រាប់​វីអូអេ​ពី​កន្លែង​បាតុកម្ម​នៅ​ក្បាល​ថ្នល់​មក​ថា ​គណបក្ស​ទាំងពីរ​បាន​លើក​យក​បញ្ហា​រៀងខ្លួន​មក​និយាយ​ តែមិន​គិត​ពី​បញ្ហា​ប្រទេស​ជាតិ​ទេ គឺម្ខាង​នៅតែ​ពឹង​ថា ​គ.ជ.ប.​ប្រកាស​តាម​ច្បាប់​ពី​ជ័យ​ជម្នះ​ ​តែម្ខាងៗ​នៅតែ​ប្រកាស​រឿង​យុត្តិធម៌​មក​ដល់​ពេល​នេះ។​

លោក​និយាយថា៖​ «ទាំង​អស់នេះ​ហើយ​ដែលជា​ចំណង​ចងឲ្យ​មាន​ការ​បង្ហូឈាម​ថ្ងៃ​នេះ។​ យើង​ឃើញ​ហើយ​បាតុកម្ម​អហិង្សា។ ​ឥឡូវ​មកដល់​ពេល​នេះ​ ខ្ញុំកំពុង​តែ​ឈរ​នៅ​លើ​បញ្ហា​ហ្នឹង​ ហើយ​មិនមែន​អហិង្សាទេ​គឺចូល​លក្ខណៈ​ហិង្សា​ហើយ។​ លោក​ឮ​ច្បាស់ទេ​ គ្រាប់​កាំភ្លើង​កំពុង​តែ​បាញ់។​ នេះហើយ​ជា​ការ​ចង​អ្នក​នយោបាយ​ដែល​អ្នក​នយោបាយ​គ្មាន​កម្រិត​នៃ​ការ​ដោះស្រាយ»។​

លោក​ថ្លែង​យ៉ាងដូច្នេះ​ប្រាប់​វីអូអេ​ពេលលោក​បាន​ចូលរួម​សង្កេត​ការណ៍​នៅ​ កន្លែង​ធ្វើបាតុកម្ម​នៅក្បាល​ថ្នល់​ ចាក់អង្រែ​ នៅ​រាជធានី​ភ្នំពេញ ​ពេល​កំពុង​មាន​ការ​បង្រ្កាប​លើហ្វូង​ប្រជា​ពលរដ្ឋ។​

លោក​សុខ​ទូច​អះអាងថា​ បើសិន​ជា​ការ​ចរចា​មិនត្រូវគ្នា​ថ្ងៃច័ន្ទ​នេះ​ទេ ​ពេល​នេះ នឹង​មាន​ការ​ប្រឈម​មុខ​ស្លាប់​រស់រវាង​អាជ្ញាធរ​នឹង​ម្ចាស់​ឆ្នោត។​ គេមិន​ទាន់​អាច​ គិត​ដល់​ការប្រជុំ​សភា​ដំបូង​បាន​ទេ​ ស្ថិត​ក្នុង​ស្ថាន​ការណ៍​នេះ។​

លោក​និយាយថា៖​ «ដោយសារ​ថា​ ឥឡូវ​នេះ​មានរឿង​ខ្លាំង​ណាស់។​ ហើយ​បើ​មាន​ការ​ប្រជុំ​សភា​ណា​មួយ​កើតឡើង​ ប្រជាជន​អាច​តវ៉ា​ធ្ងន់ធ្ងរ​ជាង​នេះ។​ឥឡូវ​នេះ​គ្រាន់តែ​អត់​ប្រជុំ​សភា​ផង​ មាន​សន្ទុះ​បណ្ណឹង​ទៅ​ហើយ។​ ស្នងការ​ប៉ូលិសក្រុង​ភ្នំពេញ​ លោក​ឧត្តម​សេនីយ៍​ឯក​ជួន សុវណ្ណ​បាន​ចោទ​ប្រកាន់​ថា​ ពលរដ្ឋ​ជា​បាតុករ​បាន​រំលោភ​ទៅ​លើ​របាំង​ការពារ​សន្តិសុខ​របស់​អាជ្ញាធរ ហើយ​នឹង​ចោទ​ប្រកាន់​គណបក្ស​ជំទាស់​ថា​ មិន​អាច​គ្រប់គ្រង​បាតុករ​បាន​ផង។​

លោក​និយាយថា៖​ «ពេល​នោះ​ខ្ញុំបាន​នៅជាប់​ជាមួយ​ឯកឧត្តម​ប្រធាន​សម រង្ស៉ី ​ហើយ​ក៏​យើង​យល់​អំពី​សំណូមពរ​គាត់​ ដែលគាត់​ថា​ សុំទៅ​អុចធូប​បួងសួង។​ យើង​ក៏​បាន​ការពារ​គាត់​ដើម្បី​ឲ្យកាត់​បំពេញ​បំណង​របស់​គាត់។ ​ហើយ​គាត់​សន្យា​ថា​ គាត់​នឹង​ត្រឡប់​មក​វិញ។​ ដូច្នេះ​ឯកឧត្តម​សម រង្ស៉ី​បាន​ត្រឡប់​មកវិញ។​ ទាំងអស់​គ្នា​ឃើញ​ហើយ ​គាត់​បាន​អញ្ជើញ​ចេញ​ត្រឡប់​មកវិញ។​ ប៉ុន្តែ​សួរ​ថា​ ប្រជា​ពលរដ្ឋ​ដែល​ជា​បាតុករ ​ត្រឡប់​ទៅវិញ ទេ? គឺ​គាត់​អត់​ត្រឡប់​ទៅ​វិញ​ទេ។​ មួយ​ចំនួន​ធំ​ គេ​ត្រឡប់​ទៅវិញ​ទៅតាម​ឯក​ឧត្តម​ប្រធាន​សម​ រង្ស៉ី​ តែមួយ​ចំនួន​ទៀត​គឺគេ​បង្កការ​អុកឡុក​នៅ​ទីនេះ។ ​អញ្ចឹង​យើង​អាច​ដាក់​សំណួរ​ថា ​តើ​គេ​នៅ​ទីនេះ​មាន​បំណង​អ្វី?»​

ទោះជា​យ៉ាងណា​ក៏ដោយ ​លោក​យឹម សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ ជាតិ​បាន​បដិសេធមិន​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ហិង្សា​ទេ​ ហើយ​អំពាវនាវ​ឲ្យ សមត្ថកិច្ច​ចាត់វិធាន​ការ​ចំពោះ​រឿងនេះ។​ លោក​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា​ បាតុករ​គណបក្ស​សង្គ្រោះជាតិ​នៅទីលាន​ប្រជា​ធិបតេយ្យ​មាន​ក្រម​សីលធម៌ ​និង​ច្បាប់​ និង​គោរពច្បាប់​ត្រឹមត្រូវ ​ដោយ​តវ៉ា​តាម​គោល​ការណ៍​អហិង្សា។​

លោក​និយាយថា៖​ «ព្រោះ​បាតុករ​យើងជា​បាតុករ​អហិង្សា ​ហើយ​យើង​ធ្វើនៅ​ទីលាន​ប្រជាធិប​តេយ្យ។​ ចំណែក​អ្នកណា​ផ្សេងទៀត​ដែល​ទៅ​បង្ក​បញ្ហា​អ្វី​ បង្កើត​ឲ្យ​មាន​ការ​ប៉ះទង្គិច​ជា​មួយនឹង​ប៉ូលិស​ ​ឬ​មួយ​ក៏ប៉ះពាល់​ទៅ​ដល់​ទ្រព្យ​សម្បត្តិ​សារធារណៈ​ រឿង​ហ្នឹង​ជាការ​ទទួល​ខុសត្រូវ​របស់​បុគ្គល​នោះ»។

លោក​គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ខុមហ្រ្វែល​ បាន​ថ្លែង​ថា​ គណៈកម្មការបន្ទប់​ស្ថានការណ៍​ ដែល​មាន​ក្រុមអង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ បាន​ផ្តល់​អនុសាសន៍​ថា ​អ្នក​នយោបាយ​ត្រូវ​មើល​ពីការ​ផ្លាស់ប្តូរ​អាកប្បកិរិយា​របស់​ប្រជា​ពលរដ្ឋ​ដែល​មាន​ការ​ប្រែប្រួល​ច្រើន ​ហើយ​គួរ​ទទួល​យក​របៀប​វារៈ​គណបក្ស​ទាំងពីរ​មក​ជជែក​និង​ដោះស្រាយ​រួមគ្នា​ ដោយ​មិន​ត្រូវ​ទាត់​ចោល​របៀប​វារៈ​គណបក្ស​ណា​មួយ​ទេ។​

លោក​និយាយថា៖​ «បើ​ធ្វើ​អញ្ចឹង​បាន​វាជួយ​ឲ្យ​ស្ថាន​ការណ៍​អាច​ប្រសើរ​ឡើង​វិញ​ហើយ​នឹង​មាន​ដំណោះ​ស្រាយ​នយោបាយ»។​

ការ​ប្រជុំ​សភា​អាច​ធ្វើ​បាន​លុះត្រា​តែមាន​ការ​ដោះស្រាយ​បញ្ហា​របៀប​វារៈ​ដែល គណបក្ស​ទាំងពីរ​បានដាក់​ជូនគ្នា​ទៅវិញ​ទៅមក ​ហើយ​ទទួល​យក​ទាំងសង​ខាង។​

លោក​និយាយថា៖​ «ប្រសិន​ជា​មាន​ការ​ដោះស្រាយ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​គណបក្ស​សង្គ្រោះ​ជាតិ​លើកឡើង​ មានការយល់ព្រម ​ឬក៏​គណបក្ស​ប្រជា​ជន​គាត់ស្នើ​ឡើង​ ហើយ​គណបក្ស​សង្គ្រោះជាតិ​ក៏​យក​មក​ពិចារណា​ ធ្វើឲ្យ​មាន​ការស្រុះ​ស្រួល​គ្នា ​ប្រហែល​ជាអាច​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​ត្រឡប់​មកធម្មតា​វិញ​ក្នុង​ការ​ចូលរួម​ពេញ​លេញ»។​

ក្រុម​អ្នក​វិភាគ​នយោបាយ​នៅ​មាន​ក្តីរំពឹង​ថា ​ភាគី​ទាំងពីរ​ដែល​ត្រូវ​ចរចា​គ្នា​ក្រោម ព្រះរាជ​អធិបតី​ភាព​របស់​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបរុមនាថ​ នរោត្ត សីហមុនី​នោះ អាច​នឹងធ្វើ​ឲ្យមាន​ការ​ជឿនលឿន​ជាង​កិច្ច​ចរចា​ថ្ងៃទី១​ដោយ​សារ មាន​ក្រុម​ជំនាញ​នៃ​គណបក្សនីមួយៗ​នឹង​ចូលរួម​ជាមួយ​មេដឹកនាំ​រៀងៗ​ខ្លួន​ផង​ ដែរ​ក្នុង​កិច្ច​ចរចា​កំពូល​ ដែល​ព្រះ​មហាក្សត្រ​សម្តេច​ព្រះបរុម​នាថ​ នរោត្តម សីហមុនី​គង់ជាព្រះរាជ​អធិបតី​ក្នុង​ចំណោម​គណបក្ស​ទាំងពីរ​ដែល​ប្រកាន់ជ័យ​ជម្នះរៀងខ្លួន ​ក្រោយ​ការ​បោះឆ្នោត​ថ្ងៃទី ​២៨​ខែក្កដា​ឆ្នាំ​២០១៣៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG