ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ធំៗ​ទាំង​ពីរ​នៃ​ប្រទេស​កម្ពុជា​ព្រមព្រៀង​បញ្ឈប់​អំពើ​ហិង្សា


លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​ថ្វាយ​បង្គំ​ព្រះមហា​ក្សត្រ ក្នុង​ឱកាស​​ជំនួប​កំពូល​ ដែល​​លោក​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុងបន្ទប់​​​ប្រជុំ​មុន ហើយ​​ក្រោយមក​ទើប​គណបក្ស​ប្រជាជន​កម្ពុជា​ចូល​តាម​ក្រោយ។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​ថ្វាយ​បង្គំ​ព្រះមហា​ក្សត្រ ក្នុង​ឱកាស​​ជំនួប​កំពូល​ ដែល​​លោក​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុងបន្ទប់​​​ប្រជុំ​មុន ហើយ​​ក្រោយមក​ទើប​គណបក្ស​ប្រជាជន​កម្ពុជា​ចូល​តាម​ក្រោយ។
ភ្នំពេញ៖ គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ព្រម​ព្រៀង​គ្នា​មួយ​អន្លើ​ថា បញ្ឈប់​រាល់​អំពើ​ហិង្សា​តាម​គ្រប់​រូប​ភាព​តាម​ព្រះរាជ​តម្រិះ​របស់​ ព្រះមហា​ក្សត្រ នេះ​បើ​តាម​ការ​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នៃ​គណបក្ស​ទាំង​ពីរ​ដែល​បាន​ចែក​ផ្សាយ​បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល។

គណបក្ស​គូ​ជម្លោះ​ទាំង​ពីរ​បាន​បើក​កិច្ចប្រជុំ​កំពូល​បិទទ្វារ​មួយ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ នៅ​មន្ទីរ​រដ្ឋសភា​ជាតិ​ដោយ​ប្រើ​ពេល​វេលា​ប្រមាណ​ជិត​៥​ម៉ោង ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះឆ្នោត។

នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​កំពូល​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ លោក​ ស ខេង​ លោក សាយ ឈុំ​ និង​សហការី​របស់​លោក​បី​រូប​ទៀត។ ចំណែក​ខាង​គណបក្ស​សង្គ្រោះជាតិ​វិញ​ដឹកនាំ​ដោយ​លោក​ សម រង្ស៊ី​ លោក​ កឹម សុខា​ និង លោក ប៉ុល ហំម​ ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ចំនួន​បី​រូប​ផ្សេង​ទៀត។

គណប្រតិភូ​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ ក្នុងបន្ទប់​នៃ​កិច្ច​ប្រជុំ​មុន ហើយ​ក្រោយ​មក​ទើប​គណបក្ស​ប្រជាជន​កម្ពុជា​ចូល​តាម​ក្រោយ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៏​រួម​ដែល​បាន​ចែក​ជូន​ក្រុម​អ្នក​សារព័ត៌មាន បាន​ឲ្យ​ដឹង​ថា គណបក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​លើ​ចំណុច​បី ដែល​រួម​មាន៖​ ការសន្យា​ថា​ នឹងបញ្ឈប់​រាល់​អំពើ​ហឹង្សា​គ្រប់​រូប​ភាព​ ដែល​រួម​មាន​ការ​គប់​ដុំថ្ម​ និង​ការ​ប្រើ​ប្រាស់​អាវុធ​ដែល​បាន​បណ្តាល​ឲ្យ​ជន​រងគ្រោះ​ម្នាក់​ស្លាប់​ និង​រង​របួស​ជាច្រើន​នាក់​កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

ភាគី​ទាំង​ពីរ​ បាន​ព្រមព្រៀង​គ្នា​ថា​ នឹង​បង្កើត​យន្តការ​មួយ​ដើម្បី​កែ​ទម្រង់​ការបោះឆ្នោត​នា​ពេល​ខាង​មុខ តែ​មិន​មែន​កែប្រែ​សមាសភាព​គ.ជ.ប.​ទេ គឺ​កែប្រែ​និតិវិធី​បោះឆ្នោត​ដ៏​ស្មុគស្មាញរបស់​គ.ជ.ប.​តែ​ប៉ុណ្ណោះ និង​ចំណុច​ចុងក្រោយ​ភាគី​ទាំង​ពីរ​នឹង​បន្ត​ជួប​ចរចាគ្នា​តាម​គ្រប់​កំរិត ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ។

នៅ​ក្នុង​កម្មវិធី Hello VOA នៅ​យប់​ថ្ងៃ​ច័ន្ទ​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា ការ​ប្រជុំ​ដើម្បី​ចរចា​គ្នាជា​បន្ត ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន នឹង​ធ្វើ​ឡើង​នៅ​វេលា​ថ្ងៃ​អង្គារ​នេះ ​នៅ​រដ្ឋ​សភា​ជាតិ ដែល​នឹង​មាន​ការ​ចូល​រួម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូច​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ច័ន្ទ​ដែរ។

ការ​ចរចា​នៅ​ព្រឹក​ថ្ងៃ ​ច័ន្ទ​នេះ ​គណបក្ស​ទាំង​ពីរ​មិន​ទាន់​ជជែក​ដល់​ការ​ចូល​រួមបើកកិច្ច​ប្រជុំ​សភា​ដំបូង ​តាម​ការ​កោះ​អញ្ជើញ​របស់​ព្រះ​មហា​ក្សត្រ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៣​ កញ្ញា​ខាង​មុន​នេះ និង​ការចូលរួម​បង្កើត​រដ្ឋាភិបាល​ចំរុះ ព្រមទាំង​ការបែងចែក​តំណែង​ក្នុង​រដ្ឋសភា​នៅ​ឡើយ​ទេ។
លោក​ យឹម សុវណ្ណ អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​ក្នុង​សន្និសិទ​ការ​សែត​ ក្រោយ​ពី​បញ្ចប់​កិច្ច​ប្រជុំ​ថា​នៅ​សល់​ពេល​មួយ​សប្តាហ៍​ទៀត​ដែល​ត្រូវ​ ពិចារណា។

«វា​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​។ ​យើង​នៅ​មាន​ពេល​៧​ថ្ងៃ​ទៀត​ដើម្បី​រិះ​រក​មធ្យោបាយ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ភាគី ​ទាំង​សង្ខាង​ទទួល​យក​បាន»។

គណបក្ស​សង្គ្រោះជាតិ​បាន​ទាមទារ​ឲ្យ​ រដ្ឋា​ភិបាល​បង្កើត​គណកម្មការ​ចម្រុះ​មួយ​ដើម្បី​ស៊ើប​អង្កេត​លទ្ធផល​បោះឆ្នោត​ដោយ​មានការ​ចូល​រួម​ពី​អង្គការ​សហ​ប្រជាជាតិ តែត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ទាត់​ចោល​ចំពោះ​សំណើរ​នេះ។

លោក ប្រាក់ សុខុន​ មន្ត្រី​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​បញ្ជាក់​ថា​ សំណើរ​នេះ​មិន​អាច​ទៅ​រួច​ទេ។​

«គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​ជា​ស្ថាប័ន​ កំពូល​មាន​អណត្តិ​នៅ​ក្នុង​ការ​វិនិច្ឆ័យ​អំពី​លទ្ធផល​នៃ​ការបោះឆ្នោត ហើយ​គឺថា​បាន​ធ្វើ​សេច​ក្តី​សម្រេច​របស់​ខ្លួន​ហើយ គឺ​ប្រគល់​អសនៈ​៦៨​កៅអី​ជូន​គណបក្ស​ប្រជាជន​និង​៥៥​កៅអី​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ។ យើង​មិន​អាច​ហើយ​មិន​មាន​សិទ្ធិបក​ថយ​ក្រោយ​នោះ​ទេ»។

លោក​បណ្ឌិត​ ឡៅ ម៉ុង​ហៃ អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​បាន​បញ្ជាក់​ថា ​ការបដិសេធ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ចង់​ឲ្យ​បង្កើត​គណកម្មការ​ដោះស្រាយ​ភាពមិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ដោយសារ​តែ​មាន​ការ​ពិត​ខ្លះ​ដែល​ត្រូវ​បាន​លាក់​បាំង។

ក៏ប៉ុន្តែ ​លោក​បាន​សង្កត់​ធ្ងន់​ថា ការ​ចរចា​នេះ​មិន​មាន​ភាគី​ណា​មួយ​ទៅ​បង្ខំ​គេ​ឲ្យ​ធ្វើ​តាម​១០០%​ បាន​ទេ ហើយ​ក៏មិន​អាច​បដិសេធ ​១០០%​ បាន​ដែរ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ​ បាន​ឲ្យ​ដឹង​ថា ​ការ​ចរចានៅ​ថ្ងៃ​ច័ន្ទ​នេះ​ អាច​ទទួល​យក​បាន​នូវ​យន្ត​ការ​កែ​ទម្រង់​គ.ជ.ប. ដែល​លោក​ជឿជាក់​ថា​អាច​នឹង​ពិនិត្យ​មើល​នូវ​ភាព​មិន​ប្រក្រតី​បោះ​ឆ្នោត​បាន៕
XS
SM
MD
LG