ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម​បី​យប់​បី​ថ្ងៃ

  • ម៉ែន​ គឹមសេង

ម្ចាស់ឆ្នោត​ដែល​ទាម​ទារ​ឲ្យមាន​ការស៊ើប​អង្កេត​រឿង​លួច​បន្លំ​ក្នុង​ការបោះឆ្នោត​មកដេកនៅ​សួង​ប្រជា​ធិបតេយ្យ​​នៅយប់ថ្ងៃ​សៅរ៍​​ចាំធ្វើ​បាតុកម្ម​​នៅថ្ងៃ​​អាទិត្យ។ ​
គណបក្ស​សង្គ្រោះជាតិ​ចាប់​ធ្វើ​បាតុកម្ម​អហិង្សា​រយៈ​ពេល​បី​ថ្ងៃ​ នៅថ្ងៃ​អាទិត្យ​នេះ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះស្រាយ​ផ្តល់​យុត្តិធម៌​នៅ​ក្រោយ​ពី​ការ​បោះឆ្នោត​មួយ​ដែលគេ​យល់​ថា​ មាន​កា​រលួច​បន្លំ ​ហើយ​បាន​ផ្តល់​ជ័យ​ជំនះ​ទៅ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​

បើ​ទោះ​បី​ជា​មាន​ការខិត​ខំ​ប្រឹង​ប្រែង​របស់​ព្រះ​មហា​ក្សត្រ​ខ្មែរនរោត្តម​ សីហមុនី​ដើម្បី​បន្ធូរបន្ថយ​ភាព​តាន​តឹង ​ប៉ុន្តែ​កិច្ច​ប្រជុំ​ដែល​បាន​ធ្វើ​ក្នុង​ព្រះ​រាជ​វាំង​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញរវាង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​និង​លោក​សម រង្ស៊ី​មិន​បាន​ចេញ​ជា​លទ្ធផល​អ្វី​ទេ។​

កិច្ច​ប្រជុំ​ដែល​កោះ​អញ្ជើញ​ដោយ​ព្រះ​មហាក្សត្រ​ ហើយដែល​បាន​ធ្វើ​ឡើង​មិន​ដល់​កន្លះម៉ោង​រវាង​មេដឹកនាំ​ទាំងពីរ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ បាន​នាំ​មក​នូវ​ការ​ខកចិត្ត​ជាង​អ្វី​ដែល​មនុស្ស​រាប់​លាន​នាក់​ទន្ទឹង​រង់ចាំ។ ​កិច្ច​ប្រជុំនោះ​មិន​បាន​សម្រេច​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​ទេ​ ក្រៅ​តែ​ពី​ទទួល​បាន​ការ​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ​ខ្មែរ​ឱ្យ​អ្នក​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​ទាំង​១២៣នាក់​ដែល​មាន៦៨​នាក់មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​៥៥​នាក់​មក​ពីគណបក្សសង្គ្រោះ​ជាតិ​ចូលរួម​ស្បថ​ស្បែរ​ដើម្បី​ផ្តល់​សុពលភាព​ដល់​សភាជាតិ​នៅ​ថ្ងៃទី​២៣​ខែ​កញ្ញា​ខាង​មុខ​នេះ។​

លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​និង​លោក​កឹម​សុខា​ ជា​អនុប្រធាន​បាន​អំពាវនាវ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួននៅ​ក្រោយ​ពី​កិច្ច​ប្រជុំ​នោះឱ្យ​អ្នក​គាំទ្រ​ទាំង​ព្រះ​សង្ឃ​និង​ពលរដ្ឋ​សាមញ្ញ​ចូលរួម​ក្នុង​មហា​បាតុកម្ម​នោះ។​

លោក​សម រង្ស៊ីបាន​ពន្យល់​ថា៖ ​«ការចូលរួម​របស់​បងប្អូន​ទាំងអស់​គឺ​ជា​ការ​ចាំ​បាច់​ ពីព្រោះ​ប្រជារាស្រ្ត​ខ្មែរ​ដែល​ទាម​ទារ​យុត្តិធម៌​ត្រូវ​តែ​បង្ហាញ​ឆន្ទៈ​របស់​លោក​គឺ​ទាម​ទារ​យុត្តិធម៌​ដាច់​ខាត​ ហើយ​យើង​ត្រូវ​តែ​បង្ហាញ​កម្លាំង​យើង​ ពីព្រោះ​មិន​ទាន់​មាន​ដំណោះ ស្រាយ​នយោបាយ​ណាមួយ​នៅ​ឡើយ​ទេ​ មិន​ទាន់​ឃើញ​ពន្លឺ​យុត្តិធម៌​សម្រាប់​ម្ចាស់​ឆ្នោត​នៅ​ឡើយ​ទេ។​ ​ដូច្នេះ​ម្ចាស់​ឆ្នោត​ខ្លួន​ឯង​គឺ​បងប្អូន​ជន​រួម​ជាតិ​ម្នាក់ៗ​ត្រូវ​តែ​ចូលរួមក្នុង​មហា​បាតុកម្ម​នេះ​ដើម្បី​បង្ហាញ​អំពី​ទឹកចិត្ត​របស់​យើង​ ការប្តេជ្ញា​ចិត្ត​ដ៏​ខ្ពស់​របស់​យើង​ម្នាក់ៗ​ទាមទារ​រក​យុត្តិធម៌​ឱ្យ​ទាល់​តែ​បាន»។​

បាតុកម្ម​រយៈ​ពេល​បីថ្ងៃ​នេះ​ត្រូវ​បាន​អ្នក​រៀបចំ​រំពឹង​ថា​នឹង​មាន​អ្នក​ចូលរួម​ចន្លោះ​ពី​បី​ម៉ឺន​រហូតដល់​ប្រាំម៉ឺន​នាក់។​

លោក​យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ថា៖​ «មក​ដល់​ពេល​នេះ​គឺ​យើង​បាន​រៀបចំ​នៅ​ហ្នឹង​កន្លែង​ចាប់​ពី​ថ្ងៃ​ទី​១៥​រហូតដល់​ថ្ងៃទី​១៧​ ​ហើយ​អាស្រ័យ​ទៅលើ​ស្ថាន​ការណ៍​ជាក់​ស្តែង។​ យើង​មិន​ទាន់​សន្និដ្ឋាន​ថា ​យើង​អង្គុយ​មួយ​កន្លែង​រហូត ​ឬ​ក៏​យើង​មាន​ការ​ដើរ​ទៅ​ទីកន្លែង​ណា​គឺ​យើង​មិន​ទាន់​បាន​ជម្រាប​ជា​មុន​ទេ​ ​វាអាស្រ័យ​លើ​ស្ថាន​ការណ៍​ជាក់​ស្តែង​ដែល​កើត​មាន​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ»។

ស្ថាន​ការណ៍​ជាក់​ស្តែង​ដែល​លោក​យឹម សុវណ្ណ​និយាយ​យោងដល់​នេះ​គឺ​ការ​ជួប​ប្រជុំ​កំពូល​ជាលើក​ទីពីរ​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ និង​លោក​សម រង្ស៊ី​នៅ​វិមាន​សភាជាតិនា​ថ្ងៃ​ទី​១៦​ខែ​កញ្ញា​នេះ។ ​កិច្ច​ប្រជុំ​នេះ​មាន​តំណាង​៦​នាក់​មក​ពី​គណបក្ស​និមួយៗ។​ មន្ត្រី​ដែល​ស្និទ្ធ​នឹង​ការ​ចរចា​នេះ​មិន​អាច​បញ្ជាក់​បាន​ ថា​តើ​របៀបវារៈ​ប្រជុំ​នឹង​ផ្តោត​លើ​អ្វី​នៅ​ឡើយ​ទេ។ ប៉ុន្តែ​កន្លង​មក ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទូច​ចង់​ពិភាក្សា​ពី​រចនា​សម្ព័ន្ធ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​សភា​ជាតិ​ឱ្យ​បាន​ដាច់​ស្រឡះ​ ខណៈ​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​បាន​ទាមទារ​ឱ្យ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​មួយ​ដើម្បី​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​មុន​នឹង​សម្រេចថា ​អ្នក​ណា​ឈ្នះ​និង​អ្នក​ណា​ចាញ់​ មុន​នឹង​គិត​គូរ​ពី​ការ​បែង​ចែក​អំណាច​គ្នា។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ស្វាគមន៍​ជំនួបនៅ​ថ្ងៃ​ច័ន្ទ ប៉ុន្តែ​ផ្តល់​អនុសាសន៍​ឱ្យ​គណបក្ស​ទាំង​ពីរ​ត្រូវ​«ពិភាក្សា​លើ​របៀបវារៈ​ជា​កញ្ចប់»​ ដែល​បាន​ស្នើ​ឡើង​ដោយ​គណបក្ស​ទាំងពីរ​ ដោយ​មិន​ត្រូវ​បោះបង់​ចោល​របៀប​វារៈ​របស់​គណបក្ស​ណា​មួយ​ឡើយ។​

គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះឆ្នោត​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​បន្ទាន់​មួយ​នៅ​ព្រលប់​ថ្ងៃ​សៅរ៍​ដោយ​សម្តែង​ការ​ខក​ចិត្ត​របស់​ខ្លួន​ដែល​គណបក្ស​ប្រឆាំង​នៅ​បន្ត​ធ្វើ​បាតុកម្ម​ បន្ទាប់​ពី​បាន​ជួប​ប្រជុំ​នៅ​ក្នុង​ព្រះ​បរម​រាជវាំង។ ​ប៉ុន្តែ​គណៈ​បញ្ជាការ​នេះ​មិន​បាន​ចេញ​ការ​ហាម​ឃាត់​ ឬ​ព្រមាន​អ្វី​ទេ​ក្រៅ​ពី​អំពាវនាវ​ឱ្យ​អ្នក​ចូលរួម​បាតុកម្ម​ធ្វើ​ឡើង​ដោយ​សន្តិវិធី​និង​អហិង្សា​ ឬ​កុំ​បង្ក​ភាព​ចលាចល​ណាមួយ។ ​នេះ​បើតាម​សេចក្តី​ថ្លែង​ការ​ណ៍​ដោយ​មិន​បាន​ចុះ​លេខ ហើយផ្សាយ​នៅ​គេហទំព័រ​របស់​ក្រុម​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី។​

ការ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា​បង្ហាញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បាត់​បង់​អស់​អាសនៈ​ចំនួន​២២​ដោយ​ធ្លាក់​ពី​ចំនួន​៩០​ដែល​ខ្លួន​មាន​ក្នុង​អាណត្តិ​កន្លង​មក​ មកនៅ​ត្រឹម​៦៨​ ប៉ុន្តែ​ជា​ចំនួន​គ្រប់​គ្រាន់​មួយ​អាច​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​បាន។ ​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា ​គឺ​ខ្លួន​ជា​អ្នក​ឈ្នះ​ដោយ​ទទួល​បាន​អាសនៈ​ចំនួន​៦៣​ដែល​អាច​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​បាន​ដែរ។​

លោក​ជាម​ យៀប​ សមាជិក​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បញ្ជាក់​ថា​ មហា​បាតុកម្ម​នេះ​នឹង​មិន​មាន​ឥទ្ធិពល​អ្វី​ដល់​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។
លោក​និយាយថា៖ ​«ខ្ញុំ​សូម​ជម្រាប​ថា​ ជំហរ​របស់​គណបក្ស​ប្រជាជន​អត់​មាន​ផ្លាស់​ប្តូរ​អ្វី​បន្តិច​សោះ​ឡើយ ​ហើយ​សម្តេច​តេជោ​ហ៊ុន សែន​តាង​នាម​ឱ្យ​តំណាងរាស្រ្ត​ដែល​បាន​ជាប់​ឆ្នោត​ផង​នោះ​ បាន​ប្តេជ្ញា​ចិត្ត​ថា ​នឹង​ចូលរួម​នៅ​ថ្ងៃទី​២៣​នេះ ​ទាំង​៦៨​រូបនេះ ​នៅ​ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​មហាក្សត្រ​ នៅ​វិមាន​របស់​រដ្ឋ​សភា​ ហើយ​យើង​ខ្ញុំ​ក៏​សូម​ជម្រាប​ផង​ដែរ​ថា ​អ្វីៗ​ផ្សេង​ទៀត​យើង​នៅ​តែ​ទទួល​ស្គាល់​មុខ​ព្រះ​ករុណា​ជា​អង្គម្ចាស់​ជីវិត​ដម្កល់​លើ​ត្បូង​ក៏​ដូច​ជា​នៅ​មុន​ឯក​ឧត្តម​សម រង្ស៊ី​ដែល​ដឹកនាំ​គណបក្ស​ប្រតិភូ​កាលពី​ព្រឹកមិញ»។​

អ្នក​រៀបចំ​បាតុកម្ម​បាន​បញ្ជាក់​ថា​ គេ​បាន​រៀបចំ​ជំរំក្រណាត់ជាង​២០០​សម្រាប់​ក្រុម​បាតុករ​ស្នាក់​នៅ​ក្នុង​អំឡុង​ពេល​តវ៉ា​នេះ​និង​មាន​ការ​យាម​កាម​ពង្រឹង​សន្តិសុខ​យ៉ាង​យក​ចិត្ត​ទុក​ បន្ទាប់​ពីអាជ្ញា​ធរ​ប៉ូលិស​ក្រុង​ភ្នំពេញ​បាន​រក​ឃើញ​ គ្រាប់​រ៉ុកែ្កត​M៧៩​ចំនួន​៣​គ្រាប់នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ និង​ម្សៅរំសេវ​TNT​១​ប៊ីដុង​ធំ​ផ្សេង​ទៀតនៅខាង​មុខ​វិមាន​រដ្ឋសភា ​កាលពី​ថ្ងៃ​សុក្រ។​

ប្រជា​ពលរដ្ឋ​មក​ពី​ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា​បាន​វេចបាយ​មក​ផ្ទាល់​ខ្លួន​ដើម្បី​ចូល​រួម ហើយ​មាន​អ្នក​ខ្លះ​បាន​មក​ស្នាក់​នៅ​ជំរំនោះ​តាំង​ពី​យប់​ថ្ងៃ​សៅរ៍។​

បាតុករ​ម្នាក់​ ដែល​អញ្ជើញ​មក​ពី​ខេត្ត​សៀម​រាប​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «ការ​មក​ចូលរួម​ទីនេះ​ដោយសារ​តែ​បញ្ហា​បោះឆ្នោត​វា​មាន​ភាព​អយុត្តិធម៌ ​ហេតុ​ដូច្នេះ​ខ្ញុំ​ចង់​បាន​យុត្តិធម៌​ ចង់​បាន​សន្តិភាព។ ​ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ឮ​ថា​ទីលាន​ប្រជា​ធិបតេយ្យ​មាន​ការ​បង្កៃ​គ្រាប់​បែក។ ​ទោះបី​ឮព័ត៌មាន​យ៉ាង​ណា​ក៏ដោយ​ ប៉ុន្តែ​ខ្ញុំ​ ដើម្បី​ជាតិ​ នៅ​តែ​ខ្ញុំ​ពុះ​ពារ​មក​ដើម្បី​រក​យុត្តិធម៌​និង​សន្តិភាព​សម្រាប់​ប្រជាជាតិ​ខ្មែរ»។​

តាម​ការ​បើក​កញ្ចប់​ពិនិត្យ​កន្លង​មក​ ដែល​ធ្វើ​តាម​បញ្ជា​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​ដោះស្រាយ​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ បាន​រក​ឃើញ​ថា ​មាន​កញ្ចប់​សុវត្ថិភាព​«ក»​មួយ​ចំនួន​បាន​ចំហ​ដោយ​មិន​បាន​បិទត្រឹមត្រូវ​តាម​បច្ចេក​ទេស​ទេ ហើយ​ផ្ទាំង​ក្រដាស់​ធំ​សម្រាប់​កត់​ត្រា​មាន​ការ​កែ​តួរលេខ​ជាដើម។​

ប៉ុន្តែ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ថា​ ភាព​មិន​ប្រក្រតី​ទាំងនោះ​មិន​អាច​នឹង​ផ្លាស់​ប្តូរ​លទ្ធផល​ឆ្នោត​ទេ ​ហើយ​គ្រាន់​តែ​ដាក់​ឱ្យ​ដាក់​ពិន័យ​ដល់​មន្ត្រី​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ដែល​មាន​បញ្ហា​ប៉ុណ្ណោះ។​ ក្រុម​ប្រឹក្សា​នេះ​ក៏​បាន​ព្រមាន​ដែរ​ថា​ ជន​ណា​ដែល​មិន​គោរព​តាម​សេចក្តី​សម្រេច​របស់​ខ្លួន​អាច​នឹង​ត្រូវ​ចាប់​ខ្លួនដាក់​ពន្ធនាគា​រយៈ​ពេល​ធ្ងន់​ធ្ងរ​ ដល់​មួយឆ្នាំ​ និង​ពិន័យ​ជាប្រាក់​៦០​ម៉ឺន​រៀល។​

លោក​ហ៊ុន សែន​បាន​កាន់​អំណាច​ជិត​៣០ឆ្នាំ​ហើយ​ ហើយ​ការ​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​នេះ​ធ្វើ​ឱ្យ​លោក​ក្លាយ​ជានាយក​រដ្ឋ​មន្ត្រី​ដែល​កាន់​អំណាច​យូរ​ជាង​គេ​នៅ​អាស៊ី។ ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គ្រប់​គ្រង​លើ​ស្ថាប័ន​រដ្ឋ​ទាំង​អស់​ តាំងពី​តុលាការ​ ​កងកម្លាំង​ប្រដាប់​អាវុធ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG