ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​ផ្តើម​ជាលើក​ទី២


ប៉ូលិស​ប្រើកាណុង​បាញ់​ទឹក​បំបែក​ហ្វូង​បាតុករ​នៅ​មុខ​វត្ត​ឧណ្ណាលោម ភ្នំពេញថ្ងៃ​អាទិត្យ​ទី​១៥​កញ្ញា​២០១៣។
គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​មហា​បាតុកម្ម​ជាលើកទី​២​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដោយ​មានអ្នក​គាំទ្រ​ចូលរួមជាច្រើន​ម៉ឺននាក់។​ បាតុកម្ម​បាន​ប្រព្រឹត្ត​ទៅ​ដោយ​អហិង្សា​នៅ​ពេល​ព្រឹក ប៉ុន្តែ​មាន​ការប៉ះទង្គិច​គ្នា​មួយរវាង​ក្រុម​បាតុករនិង​សមត្ថកិច្ច​ប្រដាប់អាវុធ​នៅ​ពេល​រសៀល​ ដោយ​បណ្តាល​ឲ្យ​មាន​របួស​មនុស្ស​យ៉ាង​តិច​បីនាក់។​

លោក​សម រង្ស៊ី​បាន​ប្រកាសថា៖ «មិនចូល​ប្រជុំសភា​នៅថ្ងៃ​២៣កញ្ញា​ហ្នឹង​គឺ​អត់​ចូល​ទេ​ ដរាបណា​អត់ផ្តល់​យុត្តិធម៌ជូន​ម្ចាស់ឆ្នោត»។

មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សង រង្ស៊ី បាន​ដឹកនាំ​មហា​បាតុកម្ម​អហិង្សា​ជាលើក​ទី​២ ​នៅ​ថ្ងៃ​អាទិត្យ​ទី​១៥​ ខែ​កញ្ញា​ បន្ទាប់​ពី​ការទាម​ទារ​របស់​លោក​ឲ្យ​មាន​គណៈ​កម្មការ​ឯករាជ្យ​មួយ​ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ មិន​ទាន់​ទទួល​បាន​ជោគជ័យ​នៅ​ឡើយ​នោះ។​

លោក​សម រង្ស៊ី ​និង​អនុ​ប្រធាន​របស់​លោក​គឺ​លោក​កឹម សុខា​បាន​ដើរ​ពី​ទី​ស្នាក់ការរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ស្ថិត​នៅ​ទីតាំ​ង​ពីរ​ផ្សេង​គ្នា ​មក​ជួបជុំ​គ្នានៅ​ទីលាន​ប្រជា​ធិបតេយ្យក្នុង​រាជ​ធានី​ភ្នំពេញ​នេះ ​ដើម្បី​ថ្លែង​សារ​នយោបាយ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ជា​ច្រើន​ម៉ឺន​នាក់។​

លោក​សម រង្ស៊ី​និយាយ​ថា៖​ «អត់មាន​និយាយ​រឿង​ចែក​អំណាច​ទេ​ និយាយ​ពី​រឿង​រក​យុត្តិធម៌​ជូន​ប្រជារាស្ត្រ​ខ្មែរ​ជា​មិន​សិន»។​

លោក​ស៊ា សុផុន​គឺ​ជា​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​មហា​បាតុកម្ម​អហិង្សា​នេះ។​

លោក​និយាយថា៖​ «ខ្ញុំ​មិន​ខ្វល់​ថា ​គណបក្ស​នយោបាយ​ណា​មួយ​ឈ្នះ​នោះ​ទេ​ សំខាន់​ឲ្យ​មាន​យុត្តិធម៌​ ដោយ​សារ​តែ​ខ្ញុំ​អត់​ឃើញ​មាន​យុត្តិធម៌​ហ្នឹង​ហើយ​បាន​ជា​ខ្ញុំ​មក​ចូលរួម​បាតុកម្មនេះ»។​

ក្រៅ​ពី​គ្រហស្ថ​ក៏​មាន​វត្ត​មាន​ព្រះសង្ឃ​ជាច្រើន​អង្គ​ ​នៅក្នុង​មហា​បាតុកម្ម​នេះ​ដែរ​ ទោះបី​ជា​មាន​ការ​ហាមប្រាម​ពី​សម្តេច​សង្ឃទាំង​ពីរ​គណៈ ​មិន​ឲ្យ​ព្រះសង្ឃ​ចូល​រួម​ក្នុង​បាតុកម្ម​នេះ​ក៏ដោយ។​

ភិក្ខុនេត គន្ធា​និមន្ត​មក​ពី​វត្ត​សារាវ័ន្ត​ក្នុង​រាជធានី​ភ្នំពេញ។​ ព្រះអង្គ​មានសង្ឃដិកាថា៖ «ព្រះ​សង្ឃ​ក៏​ជា​ពលរដ្ឋ​ដែរ​ ហើយ​ចង់​បាន​យុត្តិធម៌។​ ដូច្នេះ​ទោះ​ជា​មាន​ការ​ហាម​ប្រាម​ពី​គណៈ​សង្ឃ​ទាំង​ពីរ​ក៏​ដោយ ​ក៏​ព្រះសង្ឃ​មក​ចូលរួម​បាតុកម្ម​នេះ​ដែរ»។

បន្ថែម​ពីលើ​ក្រុម​បាតុករ​ដែល​រស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ស្រាប់​ បាតុករ​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​មក​ពី​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស​ ដូចជា​កំពង់ចាម ​កណ្តាល​ កំពង់​ស្ពឺ​ ក្រចេះ​ និង​រហូត​ដល់​សៀម​រាប​ជាដើម។​

ការ​ធ្វើ​មហា​បាតុកម្ម​ជា​លើក​ទី​២នេះ​បាន​កើត​ឡើង​តែមួយ​ថ្ងៃ​ ក្រោយ​ពី​មេដឹកនាំ​គណបក្សឈ្នះ​ឆ្នោត​ទាំង​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ ​ខកខាន​មិន​បាន​ឈាន​ដល់​ការ​ព្រមព្រៀងគ្នា​ណាមួយ​លើ​ដំណោះស្រាយទាក់​ទង​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ​នៅពេល​ដែល​ពួកគេ​ជួបគ្នា​ក្នុង​កិច្ច​ប្រជុំ​កំពូល​មួយ​ជាមួយ​ព្រះ​មហាក្សត្រ​កាល​ពី​ថ្ងៃ​សៅរ៍។​

ក្រុម​បាតុករ​អះអាង​ថា ​បើទោះជា​មាន​ការ​ដាក់កំហិត​ពី​អាជ្ញាធរ​ឲ្យ​ពួកគេ​ធ្វើ​បាតុកម្ម​តែ​មួយ​ថ្ងៃ​និង​ត្រឹម​ម៉ោង​៦ល្ងាច​នេះ​ក៏​ដោយ​ ក៏​ពួកគេ​នឹង​បន្ត​ធ្វើ​បាតុកម្ម​ដោយ​អហិង្សានៅ​ទី​នេះ​រហូត​ដល់មាន​ដំណោះ​ស្រាយ​សមស្រប​ណាមួយទៅ​តាមការ​ទាមទារ​របស់​ពួកគេ។​

លោក​រស់ ប៊ុន​ធឿន​ជា​បាតុករ​ម្នាក់​មក​ពី​ខេត្ត​ព្រៃវែង។ ​លោក​និយាយថា៖​ «យើង​គិត​ថា​ យើង​ធ្វើ​ដើម្បី​សេរី​ភាព​និង​យុត្តិធម៌។ ​បើ​អាជ្ញាធរ​បង្រ្កាប​ ក៏​ពួក​យើង​ក៏​អត់​ខ្លាច​និង​នៅ​តែ​ប្រឈម»។​

លោក​គួយ ប៉ុនរឿន​គឺ​ជា​តំណាង​ម្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​ លោក​និយាយថា៖ ​«បើ​អាជ្ញាធរ​ហ៊ាន​បង្រ្កាប ​ខ្ញុំ​ជឿ​ថា​នឹង​មាន​ចលាចល​មិន​ខាន​ទេ»។​

ទោះ​បី​ជា​អ្នក​រៀបចំ​មហា​បាតុកម្ម​អះអាង​ថា ​មាន​ការ​ឃាត់​រថយន្ត​របស់​ក្រុម​បាតុករ​និង​ការ​ដាក់​បារ៉ាស់​រាំង​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន​ពី​សំណាក់​អាជ្ញាធរ​ ដើម្បី​កុំ​ឲ្យ​ក្រុមបាតុករបាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅទីលាន​ប្រជា​ធិបតេយ្យ​ក៏​ដោយ ​ក៏​ការ​ធ្វើ​មហាបាតុកម្ម​នៅ​ព្រឹក​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​អំពើ​ហិង្សា​ណាមួយ​កើត​ឡើងនោះ​ទេ។​

ប៉ុន្តែ​នៅ​ពេល​រសៀល​បាតុករ​មួយ​ក្រុម​ ដែល​បាន​ដើរ​ហែក្បួន​ឆ្ពោះ​ទៅកាន់​ព្រះ​អង្គ​ដង្កើរ​ជិត​ព្រះ​បរម​រាជវាំង​ បាន​ប៉ះទង្គិច​គ្នា​មួយ​ឈុត​ជា​មួយ​ក្រុម​អាជ្ញាធរ​ដែល​បាន​រារាំង​មិនឲ្យ​ក្រុម​បាតុករ​ធ្វើ​ដំណើរ​ទៅដល់​ពី​នោះ។​

ការ​ប៉ះទង្គិច​គ្នា​ដែល​ឈាន​ទៅ​ដល់​ការ​បាញ់​ទឹក​និង​គ្រាប់​បែក​ផ្សែង​បង្ហៀរ​ទឹកភ្នែក​ផង​នោះ ​បាន​បណ្តាល​ឲ្យ​បាតុករ​យ៉ាង​តិច​ពីរ​នាក់​និង​សមត្ថកិច្ច​ម្នាក់​រងរបួស ។​

លោក​ជួន សុវណ្ណ​គឺ​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។ ​លោក​ឲ្យដឹងថា៖ «យើង​មាន​កម្លាំង​រាប់​រយ​នាក់។​ យើង​អាច​បង្រ្កាប​ក្រុមបាតករ​តែ​ប្រមាណ​៥០​ឬ៦០​នាក់​នេះ​ដោយស្រួល ​ប៉ុន្តែ​យើង​មិន​បាន​បង្រ្កាប​ទេ។​ ការ​បាញ់​គ្រាប់​បែក​ផ្សែង​នេះគឺ​ជា​វិធី​ដ៏​ស្រាល​បំផុត​គឺ​ការ​គម្រាម​ដើម្បី​បំបែក​ហ្វូង​បាតុករ​ដែល​ចង់​ទម្លាយ​របាំង​ការពារ​របស់​សមត្ថ​កិច្ច​តែ​ប៉ុណ្ណឹង»។

រហូត​មក​ដល់​ម៉ោង​ជាង​៦ល្ងាច ​ក្រុមបាតុករខ្លះ​ដែល​មាន​កំហឹង​ចំពោះ​ការ​ដាក់បារ៉ាស់​រាំង​ផ្លូវ​របស់​ក្រុម​សមត្ថកិច្ច​ ហាក់​ទប់​កំហឹង​របស់​ពួកគេ​លែងបាន​ រហូត​ដល់​ទៅ​ទាញ​របាំង​ខ្លះ​មក​ជាន់​កម្ចេចចោល។​

លោកអ៊ូ វីរៈ​គឺ​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​បាន​ឃ្លាំមើល​ការ​ធ្វើ​មហា​បាតុកម្ម​នេះ។​
លោក​និយាយថា៖​ «យើង​តែង​តែ​បារម្ភ​ថា​ បាតុកម្ម​អាច​ឈាន​ដល់​ហិង្សា។ ​បើ​ឈាន​ដល់​ហិង្សា​ វា​គឺ​បរាជ័យ​សម្រាប់​ប្រទេស​កម្ពុជា​ និង​ជា​បរាជ័យ​សម្រាប់ភាគី​ទាំង​សងខាង។ ខ្ញុំ​សង្ឃឹម​ថា ​ភាគី​ទាំង​ពីរ​នឹង​បន្ទន់​ឥរិយាបទ​និង​មាន​ភាព​អត់​ធ្មត់»។

លោក​បន្ថែម​ថា​ លោក​សង្ឃឹម​ថា ​ជំនួប​ជាលើក​ទី​២​រវាង​ថ្នាក់​ដឹកនាំ​កំពូលនៃ​គណបក្ស​ទាំង​ពីរ​នៅ​ថ្ងៃ​ច័ន្ទ​ទី​១៦​ ខែ​កញ្ញា​នៅ​មន្ទីរ​រដ្ឋ​សភា​នោះ​នឹងនាំ​មក​នូវ​ដំណោះ​ស្រាយ​មួយ​ ដោយ​គោរព​តាម​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ជាធំ​ដើម្បីផល​ប្រយោជន៍​ជាតិ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG