ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​បាត់បង់​ទីលំនៅ​រាប់ពាន់នាក់ ប្រឈមនឹង​ភាពអត់ឃ្លាន​ដោយសារ​អំពើហិង្សា​នៅ​តំបន់ Darfur


រូបឯកសារ៖ ការខូចខាត​នៅក្នុង​ភូមិ Masteri ដែល​ស្ថិត​នៅ​ភាគខាងលិច​នៃ​តំបន់​ Darfur ប្រទេស​ស៊ូដង់ ក្រោយពី​រង​ការវាយប្រហារ​មួយ នៅ​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ ការខូចខាត​នៅក្នុង​ភូមិ Masteri ដែល​ស្ថិត​នៅ​ភាគខាងលិច​នៃ​តំបន់​ Darfur ប្រទេស​ស៊ូដង់ ក្រោយពី​រង​ការវាយប្រហារ​មួយ នៅ​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។

ទីភ្នាក់ងារ​នានា​របស់​អង្គការ​សហប្រជាជាតិ​បាន​ឲ្យដឹង​ថា មនុស្ស​ប្រមាណ ២៥០​នាក់ បាន​ស្លាប់ និង​ជាង១សែន​នាក់​ទៀត ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​ទីលំនៅ​របស់​ខ្លួន បន្ទាប់ពី​មាន​ការ​ប៉ះទង្គិចគ្នា​ដោយ​ហិង្សា​រវាង​កុលសម្ព័ន្ធ​អារ៉ាប់ និង​កុលសម្ព័ន្ធ​ Massalit កាល​ពី​ពាក់កណ្តាល​ខែ​មករា នៅ​តំបន់ Darfur ភាគខាង​លិច និង​ភាគ​ខាង​ត្បូង។

អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការ​សហ​ប្រជាជាតិ​រាយការណ៍​ថា មនុស្ស​ប្រមាណ​៧​ម៉ឺននាក់​នៅ​ក្នុង​ចំណោម​អ្នក​បាត់បង់​ទីលំនៅ មក​ពី​ក្រុង El-Geneina នៃ​តំបន់​ Darfur ភាគខាងលិច។ អ្នកនាំពាក្យ​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក លោក Tomson Phiri និយាយ​ថា មនុស្ស​ទាំងនោះ មាន​សុខភាព​រាងកាយ​ទន់ខ្សោយ ដែល​មួយចំនួន គឺ​ដោយកង្វះខាត​អាហារូបត្ថម្ភ​កម្រិត​មធ្យម ឬ​កម្រិត​ខ្លាំង។

លោក Phiri បាន​ថ្លែង​បន្ត​ថា កម្មវិធី​ស្បៀងអាហារ​ពិភពលោក បាន​ចាប់ផ្តើម​កម្មវិធី​ចែកចាយ​ស្បៀង​អាហារ​ជា​បន្ទាន់ ដែល​មក​ទល់​ពេល​នេះ​បាន​ទៅ​ដល់​មនុស្ស​ចំនួន​ប្រមាណជា​៤​ម៉ឺន​នាក់​នៅ​ក្នុង​មណ្ឌល​ចំនួន​៣០កន្លែង។

លោក Phiri ថ្លែងថា៖ «ជំនួយ​រួមមាន ការផ្តល់​អាហារ​ចាំបាច់​ប្រចាំថ្ងៃ។ យើង​ក៏​ផ្តល់​គ្រាប់ធុញ្ញជាតិ និង​អំបិល​ ដើម្បីអាច​ឲ្យ​ពួកគេ​យក​ទៅ​ធ្វើ​ជា​ម្ហូប​អាហារ ហើយ​យើង​ក៏​ផ្តល់​នំ​ប៊ីស្គីត​ដែល​ផ្តល់​ថាមពល​ខ្ពស់ ដែល​វា​អាច​ផ្តល់​ជីវជាតិ​ភា្លមៗ​ដល់​កុមារ និង​មនុស្ស​ពេញវ័យ​ ដោយ​មិន​ចាំបាច់​ត្រូវការ​ទឹក ឬ​ចម្អិន»។

លោក Phiri បាន​លើក​ឡើង​ថា កម្មវិធី​ស្បៀងអាហារ​ពិភពលោក គ្រោង​នឹង​ពង្រីក​កម្មវិធី​ស្បៀង​អាហារ​របស់​ខ្លួន​នៅ​ពេល​ការ​វាយតម្លៃ​បាន​បញ្ចប់ ហើយ​តម្រូវការ នឹង​ត្រូវ​បាន​ដឹងច្បាស់។ លោក​បាន​បន្ថែម​ថា អង្គការ​របស់​លោក​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​អំពី​អំពើ​ហិង្សា​ដែល​កំពុង​បន្ត​កើត​មានឡើង​នៅ​តំបន់ Darfur។

លោក Phiri បាន​កត់សម្គាល់​ថា មនុស្ស​ភាគច្រើន ជា​កសិករ​ធម្មតា​ដែល​ពឹង​ផ្អែក​លើ​ការ​ភ្ជួរ​រាស់​ដី​ដើម្បី​ទ្រទ្រង់​ជីវភាព​របស់​ពួកគេ។ លោក​បាន​បន្ថែម​ទៀត​ថា ​នៅ​ចន្លោះ​ខែ​វិច្ឆិកា និង​ខែមករា គឺជា​ពេល​ដាំដុះ​នៅ​រដូវ​ត្រជាក់ និង​ជា​រដូវ​ប្រមូលផល​ដំណាំ​ប្រភេទ​ខ្លះ​ផងដែរ។

លោក Phiri ថ្លែងថា៖ «ទោះជា​ការបង្អាក់​សកម្មភាព​ចិញ្ចឹម​ជីវិត​ក្នុង​រយៈពេល​ខ្លី​ក៏ដោយ ក៏​វា​អាច​មាន​ផល​ប៉ះពាល់​យូរ​អង្វែង​ដែរ។ ប្រសិន​បើ​ខកខាន​មិនបាន​ដាំដុះ ឬ​ប្រមូលផល គឺ​មិន​អាច​ធ្វើ​ឡើង​វិញ​នោះ​ទេ។ ប្រសិន​បើ​សត្វពាហនៈ មិន​អាច​ផ្លាស់ទី​ទៅ​រក​តំបន់​មាន​ស្មៅ ឬទឹក ពួកវា​អាច នឹង​មិន​រស់​ទេ»។

កម្មវិធី​ស្បៀង​អាហារ​ពិភពលោក បាន​ចូលរួម​ជាមួយ​ទីភ្នាក់ងារ​ដទៃទៀតក្នុង​ការ​អំពាវនាវ​សារជាថ្មី​ឲ្យ​មាន​ការ​បញ្ឈប់​អំពើ​ហិង្សា​នៅ​តំបន់ Darfur។ កម្មវិធី​ស្បៀង​អាហារ​ពិភពលោក បាន​ព្រមាន​ថា ការ​ប្រយុទ្ធ​គ្នា​កំពុង​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រជាជន​ក្នុង​ស្រុក ហើយ​ប្រសិន​បើ​នៅ​មាន​ជា​បន្ត នោះ​កង្វះ​ខាត​ស្បៀង​អាហារ និង​ភាព​អត់ឃ្លាន នឹង​មាន​កាន់​តែ​ខ្លាំង​ឡើង៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG