ប្រធានាធិបតីស៊ូដង់ អូម៉ា អាល់ បាស៊ៀ (Omar al-Bashir) បានលាឈប់ពីមុខ តំណែងជាប្រធានគណបក្សគ្រប់គ្រងប្រទេស។ គណបក្ស The National Congress Party ហៅកាត់ NCP បានប្រកាសពីការលាឈប់នេះកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានបាតុកម្មជាច្រើនសប្តាហ៍ប្រឆាំងនឹងការដឹកនាំរបស់លោក បាស៊ៀ។
លោកប្រធានាធិបតី បានផ្ទេរតួនាទីប្រធានគណបក្សលោកទៅជូនអនុប្រធាន គណបក្ស NCP អាម៉េដ ហារូន (Ahmed Harun) រហូតដល់ពេលមានសន្និបាត គណបក្សលើកក្រោយ។
សន្និបាតគណបក្សពេលនោះនឹងជ្រើសរើសប្រធានគណបក្ស NCP ថ្មី។ នេះជាការ បញ្ជាក់ឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សគ្រប់គ្រងប្រទេស NCP។ ការបរិច្ឆេទនៃសន្និបាតបក្សនៅមិនទាន់មានការកំណត់ពេលណានៅឡើយទេ។
ការជ្រើសតាំងលោក ហារូនជាប្រធានគណបក្សបានកើតឡើងនៅប៉ុន្មានថ្ងៃថ្មីៗនេះ។ លោក អាម៉េដ ហារូន ដូចជា លោក អូម៉ា អាល់ បាស៊ៀ ដែរ ស្ថិតក្នុងបញ្ជីតាមចាប់ខ្លួន របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ក្រោមបទចោទប្រកាន់ថាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ក្នុងតំបន់ ដាហ្វ័រ (Darfur) នៃប្រទេសស៊ូដង់។
លោក បាស៊ៀ ថ្មីៗនេះ បានដាក់ប្រទេសស៊ូដង់ឲ្យស្ថិតក្នុងភាពអាសន្នក្រោយពីមានរលកនៃការតវ៉ាប្រឆាំងនឹងការឡើងថ្លៃទំនិញលើទីផ្សារ ហើយក្រោយមកបានទាមទារឲ្យលោកចុះចេញពីមុខតំណែងនោះ៕