ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតីស៊ូដង់​ចុះចេញ​ពី​តំណែង ក្រោ​យ​ពី​មាន​ការ​ធ្វើ​បាតុកម្ម​អស់​ពេល​ជា​ច្រើន​ខែ


រូបឯកសារ៖ លោក​ប្រធានាធិបតី​ស៊ូដង់ Omar al-Bashir អង្គុយនៅអំឡុងពេលជំនួបមួយនៅវិមានប្រធានាធិបតីក្នុងរដ្ឋធានីខាទុំ ប្រទេសស៊ូដង់ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។ 

លោក al-Bashir ត្រូវ​តុលាការ​ឧក្រិដ្ឋ​កម្មអន្តរជាតិ​រក​ចាប់​ខ្លួន ក្នុង​បទ​ចោទ​ថា​ បាន​ប្រព្រឹត្ត​អំពើឧក្រិដ្ឋ​កម្ម​​សង្គ្រាម ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​លោក និង អំពើ​ប្រល័យ​ពូជ​សាសន៍ ពាក់​ព័ន្ធ​និង​ការ​សម្លាប់​យ៉ាង​រង្គាល​ក្នុង​តំបន់ Darfur ​ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​ស៊ូដង់។

បណ្តាញ​ផ្សាយ​ព័ត៌មាន​នានា​រាយការណ៍​ថា លោក​ប្រធានាធិបតី​ស៊ូដង់ Omar al-Bashir ​បានចុះ​ចេញ​ពី​តំណែង ក្រោយ​ពី​មាន​ការ​ធ្វើ​បាតុកម្ម​អស់​ពេល​ជិត​៤​ខែ​ប្រឆាំងនឹង​ការ​កាន់​អំណាច​ផ្តាច់​ការ​របស់​លោក​អស់​ពេល ​៣០ ឆ្នាំ។

ទី​ភ្នាក់ងារព័ត៌មាន Associated Press និង Reuters និយាយ​ថា ​ពួកគេ​បាន​ដឹង​ពី​ប្រភព​រដ្ឋាភិបាល​ផ្សេងៗ​ថា​ មេដឹកនាំ​ដែល​មានអាយុ​ ៧៥ ​ឆ្នាំរូប​នេះ​ នឹង​ចុះ​ចេញ​ពី​តំណែង ហើយ​ថា​ កំពុង​តែ​មាន​ការ​ពិគ្រោះ​អំពី​ការ​បង្កើត​ទី​ប្រឹក្សាអន្តរ​កាល​មួយ។

របាយការណ៍​អំពី​ការ​ចេញ​ពី​តំណែង​របស់​លោក​ al-Bashir ​កើត​ឡើង​ប៉ុន្មាន​ម៉ោង​ក្រោយ​ពេល​ដែល​ប៉ុស្តិ៍​ទូរទស្សន៍​របស់​រដ្ឋាភិបាល​ស៊ូដង់ ​បាន​និយាយ​ថា ពួក​យោធា​នឹង​មានសេចក្តី​ថ្លែង​ការណ៍​សំខាន់​មួយ ​នៅ​ថ្ងៃ​ព្រហស្សតិ៍​នេះ ប៉ុន្តែ​មិន​បាន​និយាយ​លម្អិត​បន្ថែម​អំពី​សេចក្តី​ថ្លែង​ការណ៍​នោះ​ឡើយ។

ពលរដ្ឋនៅ​ក្នុង​ទីក្រុង​ Khartoum ​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​ចេញ​ដើរ​តាម​ផ្លូវ​ក្នុង​រដ្ឋ​ធានី​នៃ​ប្រទេស​ស៊ូដង់ ហើយ​បាន​នាំ​គ្នា​ដើរ​សំដៅ​ទៅ​កាន់​ទី​ស្នាក់​ការ​របស់​កង​យោធា ដែល​នៅ​ទី​នោះ ក្រុម​បាតុករ​បានអង្គុយ​តវ៉ា តាំង​ពី​ថ្ងៃ​សៅរ៍​មក។ ​មនុស្ស​យ៉ាង​ហោច​ណាស់​ ២២​ នាក់​បាន​ស្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កង​កម្លាំង​សន្តិសុខ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ក្រុម​សកម្ម​ជន។

មាន​សេចក្តី​រាយការណ៍​ដែល​និយាយ​ថា​ រថយន្ត​យោធា​ដែល​ដឹក​កងទ័ព​ជា​ច្រើន​ បាន​ហ៊ុំ​ព័ទ្ធ​វិមាន​ប្រធានាធិបតី ដែល​ស្ថិ​ត​នៅ​ក្នុង​បរិវេណទី​ស្នាក់​ការ​យោធា។ ទី​ភ្នាក់​ងារ​ព័ត៌មាន Reuters និង AFP របស់​បារាំង​រាយការណ៍​ថា កង​យោធា​បាន​លុក​លុយ​ចូល​ក្នុង​ទី​ស្នាក់​ការ​របស់​គណបក្ស​កាន់​អំណាច​របស់​លោក​ al-Bashir ។ បណ្តាញផ្សាយ​ព័ត៌មាន​របស់​រដ្ឋាភិបាល​ស៊ូដង់ ក៏​បាន​រាយការណ៍​ដែរ​ថា ទី​ភ្នាក់​ងារ​សន្តិសុខស៊ូ​ដង់​នឹង​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​អស់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

បាតុកម្ម​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី១៩ ធ្នូ ​ឆ្នាំ​២០១៨។ ក្រុម​បាតុករ​បាន​ចោទ​ថា រដ្ឋាភិបាល​ស៊ូដង់​គ្រប់​គ្រងសេដ្ឋ​កិច្ច​ប្រទេស​ជាតិ​ ដោយ​មិន​ត្រឹម​ត្រូវ នាំ​ឲ្យ​ទំនិញ​ឡើង​ថ្លៃ​កប់​ពពក នាំ​ឲ្យ​ខ្វះ​ប្រេង​ឥន្ទនៈ និង​រូបិយបណ្ណបរទេស។

លោក al-Bashir ដែល​បាន​ឡើង​កាន់​អំណាច​ក្នុង​អំឡុងរដ្ឋ​ប្រហារ​ឥស្លាម​មួយ​កាល​ពី​ឆ្នាំ ​១៩៨៩ ​នោះ បានប្រកាស​ដាក់​ប្រទេស​ស៊ូដង់ ក្នុង​ភាព​មាន​អាសន្ន​កាល​ពី​ថ្ងៃ​ទី​២២​កុម្ភៈ ក្នុង​កិច្ច​ប្រឹង​ប្រែង​មួយ ដើម្បី​គាប​សង្កត់​ក្រុម​បាតុករ ក្រោយ​ពីការ​បង្ក្រាប​នៅ​គ្រា​ដំបូង​មិន​បាន​ទទួល​ជោគជ័យ។

លោក al-Bashir ត្រូវ​តុលាការ​ឧក្រិដ្ឋ​កម្មអន្តរជាតិ​រក​ចាប់​ខ្លួន ក្នុង​បទ​ចោទ​ថា​ បាន​ប្រព្រឹត្ត​អំពើឧក្រិដ្ឋ​កម្មសង្គ្រាម ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​លោក និង អំពើ​ប្រល័យ​ពូជ​សាសន៍ ពាក់​ព័ន្ធ​និង​ការ​សម្លាប់​យ៉ាង​រង្គាល​ក្នុង​តំបន់ Darfur ​ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​ស៊ូដង់៕

XS
SM
MD
LG