ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ព្រមាន«មិន​អត់​ឱន»អ្នក​សារព័ត៌មាន​​បំពាន​​ច្បាប់​និង​មិន​គោរព​វិជ្ជាជីវៈ


រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅ​ក្នុង​​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់ តភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះពេជ្រ ទៅ​កាន់​ទីក្រុង​រណប​កោះ​នរា ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី ២៦ ខែតុលា ឆ្នាំ២០២០។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ព្រមាន​ថា ​រដ្ឋាភិបាល​របស់​លោក​នឹង «មិន​អត់​ឱន»​ ចំពោះ​អ្នក​សារព័ត៌មាន​ណា ដែល​បំពាន​ច្បាប់ និង​មិន​គោរព​តាម​វិជ្ជាជីវៈ​របស់​ខ្លួន ហើយ​ប្រើប្រាស់​តួនាទី​នេះ​ទៅ​ជម្រិត​ទារ​ប្រាក់​គេ។

នេះ​ជា​ការ​ព្រមាន​ចំៗ​របស់​លោក ហ៊ុន សែន នៅ​ក្នុង​សារ​៤​ទំព័រ ដែល​ជា​ការ​អបអរ​ខួប​ទី​៥ ​នៃ​ជំនួប​ជា​រៀងរាល់​ឆ្នាំ​រវាង​លោក​និងអ្នក​សារព័ត៌មាន ​ថ្ងៃ​ទី​១៤ ខែមករា ដែល​ឆ្នាំ​នេះ​មិន​មាន​ការ​ជួប​ជុំ​ទេ ដោយសារ​បារម្ភ​ខ្លាច​ជំងឺ​កូវីដ​១៩។

លោក ហ៊ុន សែន ដែល​ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​រិះគន់​ថា​ បាន «បង្ក្រាប​សារព័ត៌មាន» បាន​លើក​ឡើង​ថា ​ក្រុម​អ្នក​កាសែត​ដែល​បំពេញ​ការងារ​មិនស្រប​តាម​វិជ្ជាជីវៈ​និង​ក្រម​សីលធម៌​ តាម​រយៈ​ការ​យក​ឈ្មោះ​ជា​អ្នក​សារ​ព័ត៌មាន​ទៅ​គាប​សង្កត់​អ្នក​ដទៃ ជម្រិតទារ​ប្រាក់​គេ​ជា​ដើម នឹង​ត្រូវ​ឆ្លើយ​តប​មក​វិញ​ជាមួយ​វិធាន​ការ​ផ្លូវ​ច្បាប់។

លោក ហ៊ុន​ សែន ​បាន​ពណ៌នា​ថា​កាល​ពី​ឆ្នាំ​មុន «មាន​អ្នក​សារព័ត៌មាន​និង​ជន​ឱកាស​និយម​មួយ​ចំនួន​តូច​បាន ​និង​កំពុង​ប្រើប្រាស់​ស្ថាប័ន​ព័ត៌មាន​ធ្វើ​សកម្មភាព​ទុច្ចរិត​ទារ​ប្រាក់​ជា​ថ្នូរ​នឹង​ការ​មិន​ចុះ​ផ្សាយ ឬ​លុប​ព័ត៌មាន​ ដែល​បាន​ចុះ​ផ្សាយ​ការ​ដើរ​តួនាទី​ជា​ចៅក្រម​កាត់​សេចក្តី​នូវ​រឿង​ទំនាស់​បញ្ហា​ដីធ្លី ការ​ផ្សព្វផ្សាយ​ព័ត៌មានក្លែង​ក្លាយ​បំភ្លៃ​ការ​ពិត​បំប៉ោង​សភាពការណ៍ ជេរប្រមាថ​ញុះញង់ និង​បំពុល​បរិយាកាស​សង្គម ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ដែល​ប្រាស​ចាក​ពី​វិជ្ជាជីវៈ​សារព័ត៌មាន»។

លោក ហ៊ុន សែន​ សង្កត់​ធ្ងន់​ក្នុង​លក្ខណៈ​ព្រមាន​ចំៗ​លើ​អ្នក​សារព័ត៌មាន​ថា៖ «រាជ​រដ្ឋាភិបាល​នឹង​មិន​អត់​ឱន​ដល់​អ្នក​សារព័ត៌មាន​ដែល​បំពាន​ច្បាប់​មិន​គោរព​វិជ្ជាជីវៈ​ ហើយ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ជ្រក​ក្រោម​ស្លាក​សារព័ត៌មាន​ បម្រើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់​ធ្នាប់​របៀប​រៀបរយ​សង្គម​ឡើយ»។

អតីត​ការី​និពន្ធរបស់​វិទ្យុ​អាស៊ី​សេរី​គឺ​លោក យាង​ សុធារិន្ទ ដែល​ជាប់​ពាក្យ​បណ្តឹង​នៅ​តុលាការ​អូស​បន្លាយ​ជា​យូរ​ឆ្នាំ​មក​ហើយ យល់​ថា ​ការ​ប្រកាន់​ខ្ជាប់​របស់​រដ្ឋាភិបាល​ក្នុង​ការ​ចាត់​វិធានការ​ច្បាប់​ព្រហ្ម​ទណ្ឌ​ប្រឆាំង​នឹងអ្នក​កាសែត​ គឺ​ជា​រឿង​គួរ​ឲ្យ​បារម្ភ​មួយ​សម្រាប់​អ្នក​ដែល​កំពុង​បំពេញ​ការ​ងារ​ក្នុងវិ​ស័យ​សារព័ត៌មាន។

លោក​បន្ត​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ ដែល​បាន​រំខាន​ជីវិត​ប្រចាំ​ថ្ងៃ​របស់​លោក​និង​ជា​ឧបសគ្គ​សម្រាប់​លោក​ក្នុង​ការ​បន្ត​សរសេរ​ព័ត៌មាន។

លោក​មាន​ប្រសាសន៍​ថា៖ «ងាក​មក​រឿង​ខ្ញុំ​វិញ​ជាមួយ​លោក​ អ៊ួន​ ឈិន [សហការី​របស់​លោក យាង សុធារិន្ទ] គឺ​យើង​មិន​បាន​ប្រព្រឹត្ត​កំហុស​ព្រហ្មទណ្ឌ​អី​ ដូច​ការ​ចោទ​ប្រកាន់​ដែល​ឈាន​ទៅដល់​ការ​ដូច​ថា​ កាត់​ទោស​រហូត​ដល់​ក្បត់​ជាតិ​ដូច្នោះ​ទេ។ ហើយ​យើង​មិន​បាន​ប្រព្រឹត្ត​កំហុស​ ហើយ​អ៊ីចឹង​នៅ​តែ​ទទូច​ទាម​ទារ​ឲ្យ​មាន​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​មក​លើ​យើង​ខ្ញុំ​ទាំង​ពីរនាក់​ដដែល​ហ្នឹង​បាទ»។

ស្ថាន​ភាព​សេរីភាព​សារព័ត៌​មាន​នៅ​កម្ពុជា ត្រូវ​អ្នក​តស៊ូ​មតិ​ក្នុង​វិស័យ​សារ​ព័ត៌មាន បាន​រិះគន់​ថា​ មាន​ការ​រឹតត្បិត ក្នុង​នោះ​មាន​ការ​កាត់​ទោស​អ្នក​សារ​ព័ត៌មាន​ ៣​ នាក់​កាល​ពី​ឆ្នាំ​មុន ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ «ញុះញង់» ដែល​ជា​ការ​ចោទ​ប្រកាន់​ត្រូវ​បាន​រិះគន់​ថា​ដើម្បី​បំបិទ​សំឡេង​ប្រឆាំង។

លោក សុវណ្ណ រិទ្ធី ស្ថាបនិក​សារព័ត៌មាន​អនឡាញ​ TVFB ត្រូវ​បានកាត់​ទោសកាល​ពី​ខែ​តុលា ​ឆ្នាំ​២០​២០ ឲ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ​កន្លះ ចំពោះការ​បង្ហោះ​សារ​លើ​ហ្វេសប៊ុក ដោយ​ដក​ស្រង់​សម្តី​របស់​លោក ហ៊ុន សែន។

ប៉ុន្តែ​ទោស​របស់​លោក​ត្រូវ​បាន​ព្យួរ ដោយ​លោក​ត្រូវ​បាន​ដោះ​លែង​រហូត​មក​ដល់​ពេល​នេះ។ ចំណែក​ចាង​ហ្វាង​កាសែត «​ជាតិ​ខ្មែរ»​ លោក រស់​ សុឃិត ក៏​ត្រូវ​បាន​កាត់​ទោស​ជាប់​ពន្ធនាគារ​១៨​ខែ​ពី​បទ«ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​តាម​ប្រព័ន្ធ​សង្គម​ហ្វេស​ប៊ុក​រិះគន់​លោក ហ៊ុន សែន និង​កូន​ប្រុស​ច្បង​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត។

ចំណែកម្ចាស់​ស្ថានីយ៍​វិទ្យុ​ម្នាក់​នៅ​ខេត្ត​កំពង់​ឆ្នាំង គឺ​លោក សុខ ឧត្តម ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២០​ខែ ពី​បទ​ញុះញង់​ដូចគ្នា

លោក ណុប វី​ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ខេមបូចា​ យល់​ថា​ រដ្ឋាភិបាល​កម្ពុជា​គួរ​រួម​ចំណែក​បណ្តុះបណ្តាល​អ្នក​សារព័ត៌មាន​ ដែល​មិន​ទាន់​យល់​ច្បាស់​ពី​តួនាទី​របស់​ខ្លួន​ ក្នុង​ការ​ធ្វើ​សេចក្តី​រាយការណ៍​ជា​ជាង​ប្រកាន់​យក​វិធានការ​ផ្លូវ​ច្បាប់ ​ដែល​នឹង​មិន​អាច​លើក​ស្ទួយ​លម្ហ​សេរីភាព​សម្រាប់​ការបំពេញ​វិជ្ជាជីវៈ​សារព័ត៌មាន​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «សម្រាប់​ខ្ញុំ​ ខ្ញុំគិត​ថា​ យើង​គួរ​តែ​ផ្តោត​ចាប់​យក​នូវ​ការ​លើក​កម្ពស់​ការ​យល់​ដឹង ឬ​មួយ​ក៏​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ ជា​ជាង​យើង​បន្ត​ចាត់​វិធានការ​ដោយ​ប្រើ​ប្រាស់​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ ដែល​ច្បាប់​មួយ​កំពុង​តែ​ត្រូវ​បាន​ប្រើប្រាស់​ពេញ​និយម​ប្រឆាំង​ជាមួយ​នឹងអ្នក​សារព័ត៌មាន។ មួយ​វិញ​ទៀត​ គួរ​តែ​ចាប់​យក​នូវ​ការ​អនុវត្ត​ដោយ​ប្រើ​ប្រាស់​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ឲ្យ​បាន​ត្រឹម​ត្រូវ​ នូវ​រាល់​សកម្មភាព​ទាំង​ឡាយ​ណា ​ដែល​មាន​ការ​ចោទ​ប្រកាន់​ប្រឆាំង​ជាមួយ​នឹង​អ្នកសារព័ត៌មាន»។

ដោយ​ឡែក​លោក ​Phil Robertson ​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watch ថ្លែង​តាម​សារ​អ៊ីមែល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ស្ទើរ​តែ​លែង​មាន​ទៅ​ហើយ ជា​ពិសេស​គឺការ​ធ្វើ​សេច​ក្តី​រាយការណ៍​ជា​ភាសា​ខ្មែរ ដោយ​លោក​ថារ ​ដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​គំរាម​កំហែង ឬ​ទិញ​យកស្ថានីយ៍​ទូរទស្សន៍​ធំៗ​វិទ្យុ​ និង​កាសែត ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ជម្រើស​តិច​តួច ហើយ​ពួកគេ​ស្តាប់​តែ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​រង​ឥទ្ធិពល​ពី​រដ្ឋាភិបាល​ ឬ​ក៏​គ្រប់គ្រង​ដោយ​រដ្ឋាភិ​បាល។

លោក​ផ្តល់​ការ​អធិប្បាយ​ថា​ អង្គភាព​ព័ត៌មាន​ដែល​នៅ​សេស​សល់​ហើយ​មាន​សេរីភាព​ ដើម្បី​ធ្វើ​សេចក្តី​រាយ​ការណ៍​ដោយ​ឯករាជ្យ​នោះ គឺ​ជា​អង្គភាព​ចេញ​ផ្សាយ​ដំណឹង​ជាភាសា​អង់​គ្លេស​មួយ​ចំនួន​តូច​តាម​បណ្តាញ​អ៊ិនធឺណិត តាម​រយៈ​ហ្វេសប៊ុក និង​បណ្តាញ​សង្គម​ផ្សេង​ទៀត​ក៏​ដូច​ជា​វិទ្យុ​បរទេស។

លោក​បន្ថែមថា៖ «ប៉ុន្តែ​រដ្ឋាភិបាល​ឥឡូវ​នេះ​កំពុង​ស្វះស្វែង​រឹត​បន្តឹង​សេរីភាព​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ តាម​រយៈ​ការអនុម័ត​ច្បាប់​ស្តី​ឧក្រិដ្ឋកម្មតាម​ប្រព័ន្ធ​អ៊ិនធឺណិត និង​អនុក្រឹត្យ​ដើម្បី​បង្កើត​ច្រក​អ៊ិនធឺណិត​តែ​មួយ​ ដែល​អាច​ជំរុញ​ឲ្យ​មាន​ការ​ចាប់​ពិរុទ្ធ​ខ្លួន​ឯង»។

លោក​សង្កត់​ធ្ងន់​ថា៖ «ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ដំណឹង​ គឺ​ជា​ផ្នែក​ស្នូល​មួយ​នៃ​កិច្ច​ខិត​ខំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដើម្បី​ពង្រឹង​អំណាច​ផ្តាច់​ការ​របស់​លោក​ថែម​ទៀត ​ដោយ​ការ​គ្រប់​គ្រង​នូវ​អ្វី​ដែល​ប្រជាជន​បាន​ឮ​តាម​ដំណឹង។ រូប​មន្ត​របស់​គាត់​ក្នុង​ការ​គ្រប់​គ្រង​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ​និង​ការ​គំរាម​កំហែង​អ្នក​កាសែត​គឺ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ ហើយ​វា​ត្រូវ​តែ​បញ្ឈប់»។

VOA ​មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពីលោក​ មាស​ សុភ័ណ្ឌ​ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​លោក​ សុខ ឥសាន មាន​ប្រសាសន៍​ថា​កម្ពុជា​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​រាប់​ពាន់​ ហើយ​រដ្ឋាភិបាល​មិន​បាន​ដាក់​សម្ពាធ​លើ​ប្រព័ន្ធផ្សព្វផ្សាយ​ណាមួយ​ឡើយ។

លោក​មាន​ប្រសាសន៍​ថា៖ «គាត់​និយាយ​នេះ​អ្នក​ណា​ចេះ​ជេរ​រដ្ឋាភិបាល ​អាហ្នឹង​បាន​ថា​ឯករាជ្យ​ឃើញ​ទេ។ ហើយ​ដល់​អ្នកណា​មិន​ចេះ​ជេរ​រាជ​រដ្ឋាភិបាល​ទេ​ អាហ្នឹង​មិន​ឯករាជ្យ​ទេ​ ជា​របស់​រដ្ឋាភិបាល ឬ​ជា​អាយ៉ង​របស់​រដ្ឋាភិបាល​ អាហ្នឹង​វា​អត់​ត្រឹមត្រូវ​ទេ។ អា​អ្នក​ថា​ហ្នឹង​ហើយ​ដែល​ជា​អ្នក​ដែល​មាន​និន្នាការ​នយោបាយ។ អ្នក​ថា​ហ្នឹង​ហើយ​ដែល​ជា​អ្នក​ដែល​វាអត់​មាន​ក្រម​សីលធម៌​ និងវិជ្ជាជីវៈ​ក្នុងការ​និយាយ​ស្តី»។​

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន ក្រសួង​ព័ត៌មាន​បាន​សេចក្តី​ថ្លែងការណ៍​មួយ ដោយលើក​ឡើង​ថា​ ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌​មាន​គឺ «អនុវត្ត​ទៅ​តាម​អង្គ​ហេតុ និង​អង្គ​ច្បាប់» មិន​មែន​រំលោភ​បំពាន និង​បំបិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នោះ​ទេ។

នេះ​ជា​ការ​ឆ្លើយ​តប​របស់​ក្រសួង​ព័ត៌មាន​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​របស់បណុំ​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ ​និង​អន្តរ​ជាតិ​ដែល​បាន​អំពាវនាវ​រួម​គ្នា​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​យាយី​សារ​ព័ត៌មាន​ឯករាជ្យ​ និង​ផ្តល់​សេរីភាព​ពេញ​លេញ​ដល់​ពួកគេ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​អ្នក​សារព័ត៌មាន៕

XS
SM
MD
LG