តុលាការខេត្តកំពង់ឆ្នាំង នៅថ្ងៃអង្គារនេះ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ២០ខែលើអ្នកសារព័ត៌មានម្នាក់ ឈ្មោះ សុខ ឧត្តម ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ ក្នុងសំណុំរឿងជម្លោះដីធ្លី ដែលប្តឹងដោយមន្ត្រីយោធាជាន់ខ្ពស់ម្នាក់។
លោក សុខ ឧត្តម ដែលជាអតីតម្ចាស់ស្ថានីយវិទ្យុរិទ្ធិសែន ជាអ្នកសារព័ត៌មានទី៣ហើយ ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ភរិយារបស់លោក សុខ ឧត្តម គឺអ្នកស្រី នុត សុវន្ធូរ អាយុ៣៦ឆ្នាំ ដែលបានចូលរួមសវនាការនាព្រឹកថ្ងៃអង្គារ ដើម្បីស្តាប់សាលក្រម ប្រាប់VOAថានេះជាការសម្រេចទាំង«អយុត្តិធម៌ និងហួសហេតុបំផុត»។
អ្នកស្រីថាតុលាការមិនគួរចោទប្រកាន់ស្វាមីរបស់អ្នកស្រី ពីបទញុះញង់តាមក្រមព្រហ្មទណ្ឌក្នុងការរាយការណ៍អំពីរឿងដីធ្លី ដែលនាំឲ្យស្វាមីរបស់អ្នកស្រីត្រូវជាប់ពន្ធនាគារចំនួន២០ខែបែបនេះ និងត្រូវពិន័យជាប្រាក់ចំនួន២០លានរៀល ឬស្មើប្រមាណ៥ពាន់ដុល្លារអាមេរិក។
អ្នកស្រីដែលមានកូនតូច៣នាក់ មានប្រសាសន៍ថាប្រជាពលរដ្ឋបានហៅស្វាមីអ្នកស្រីឲ្យទៅជួយផ្សព្វផ្សាយជម្លោះដីធ្លីតែប៉ុណ្ណោះ ហើយក៏មានអ្នកសារព័ត៌មានជាច្រើនផ្សេងទៀត ដែលបានចុះទៅយកព័ត៌មាននៅទីនោះដែរ។
អ្នកស្រីមានប្រសាសន៍ថា៖ «ដល់ពេលអញ្ចឹង អយុត្តិធម៌ណាស់។ ខ្ញុំអស់ជំនឿលើប្រព័ន្ធតុលាការកម្ពុជា»។
អ្នកស្រីបន្ថែមថា៖ «ហើយគាត់មានបានទៅវាយអ្នកណាមួយដៃ។ ហើយទៅផ្សាយ(ជា)សាធារណៈតើ។ គាត់មានទៅបិទបាំងបំផុសបំផុលស្អី។ តាមការស្នើសុំរបស់ប្រជាពលរដ្ឋតើ។ ហើយអ្នកសារព័ត៌មានមិនមែនទៅតែម្នាក់គាត់ឯណា។ គឺទៅមួយខែ ឡើងម្ភៃសាមសែសិបអង្គភាពតើ»។
មេធាវីការពារឲ្យលោក សុខ ឧត្តម គឺលោក អ៊ុន ច័ន្ទថុល ប្រាប់VOAនៅថ្ងៃអង្គារនេះថាការសម្រេចនេះជាឆន្ទានុសិទ្ធិរបស់តុលាការដែលប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌ។ តែលោកថាករណីនេះគួរតែប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មាន ដែលជាការកែតម្រូវ ប្រសិនបើមានការមិនពេញចិត្តពីភាគីម្ខាងទៀត។
លោកមានប្រសាសន៍ថា៖ «អញ្ចឹងចំពោះខ្ញុំ ខ្ញុំយល់ថាអង្គហេតុហ្នឹង គាត់ជាអ្នកសារព័ត៌មាន គាត់មានវិជ្ជាជីវៈក្នុងការនិយាយអីៗអញ្ចឹង ប៉ុន្តែទៅលើខាងតំណាងអយ្យការក៏ដូចជាចៅក្រម គាត់យល់ឃើញផ្ទុយពីយើង អាហ្នឹងគាត់មានសិទ្ធិក្នុងការសម្រេចសេចក្តីតាមការយល់ឃើញរបស់គាត់»។
មាត្រា១០នៃច្បាប់ស្តីពីរបបសារព័ត៌មាន ចែងថាបើតុលាការរកឃើញថាការផ្សាយណាមានលក្ខណៈខុសពីការពិតតាមបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណី តុលាការអាចបង្គាប់ឲ្យសារព័ត៌មាននោះចុះផ្សាយនូវការកែតម្រូវ ឬសងជំងឺចិត្ត ឬចុះផ្សាយនូវការកែតម្រូវផង និងបង់ប្រាក់សងជំងឺចិត្តផង។
លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មានប្រសាសន៍ថានេះជាសញ្ញានៃការគំរាមលើអ្នកសារព័ត៌មានផ្សេងទៀត ស្របពេលដែលអ្នកកាសែត៣នាក់ហើយដែលត្រូវបានកាត់ទោសពីបទញុះញង់ ជាពិសេសករណីរាយការណ៍ពីបញ្ហាដីធ្លី ដែលមានជាប់ពាក់ព័ន្ធនឹងមន្ត្រីយោធាជាន់ខ្ពស់។
លោកមានប្រសាសន៍ថា៖ «គាត់[អាជ្ញាធរ]គួរតែស្វែងយល់អំពីតួនាទីរបស់អ្នកសារព័ត៌មានក្នុងការបំពេញតួនាទីភារកិច្ចរបស់គាត់ ជាជាងការមានបញ្ហាអី គាត់ប្តឹងដល់តុលាការ»។
លោកបន្ថែមថាការកាត់ទោសជាបន្តបន្ទាប់លើអ្នកសារព័ត៌មាន ដោយប្រើប្រាស់បទញុះញង់ដែលត្រូវបានរិះគន់នេះ បង្ហាញថាសេរីភាពសារព័ត៌មានរបស់កម្ពុជា បន្តធ្លាក់ចុះបន្ថែមទៀត។
លោក វណ្ណ វិចារ អ្នកសារព័ត៌មានឯករាជ្យម្នាក់ អាយុ៣៥ឆ្នាំ មានប្រសាសន៍ថាបទញុះញង់ត្រូវបានប្រើប្រាស់ ដើម្បីគំរាមដល់អ្នកសារព័ត៌មាន ដែលហ៊ានរាយការណ៍បញ្ហានានា ពាក់ព័ន្ធនឹងអ្នកមានអំណាច ឬមន្ត្រីជាន់ខ្ពស់។
អ្នកកាសែតដែលធ្វើការក្នុងវិស័យនេះប្រមាណ១០ឆ្នាំមកហើយ បញ្ជាក់ថា៖ «វាជាការព្រួយបារម្ភសម្រាប់ខ្ញុំជាអ្នកកាសែត ព្រោះថាយើងមិនដឹងថាតើអត្ថបទមួយណា តើសម្តីមួយណាដែលនិយាយហ្នឹង អាចនឹងត្រូវបានគេចោទពីបទញុះញង់ដោយប្រការណាមួយទេ»។
លោក វណ្ណ វិចារ បន្តថាករណីលោក សុខ ឧត្តម គួរតែមានការបកស្រាយពីអាជ្ញាធរ ជាជាងការប្រើប្រាស់ប្រព័ន្ធតុលាការ ដែលលោកថាអាជ្ញាធរតែងតែឈ្នះក្តីលើករណីនេះ។
បើតាមភរិយា លោក សុខ ឧត្តម អាយុ៣១ឆ្នាំ បានធ្វើការជាអ្នកសារព័ត៌មានក្នុងខេត្តកំពង់ឆ្នាំង តាំងពីឆ្នាំ២០១៤ ហើយត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ កាលពីខែឧសភា ឆ្នាំ២០២០ មួយថ្ងៃបន្ទាប់ពីលោកបានផ្សាយព័ត៌មានទាក់ទងនឹងទំនាស់ដីធ្លីក្នុងខេត្តកំពង់ឆ្នាំង។
លោក សុខ ឧត្តម ដែលមានទំព័រហ្វេសប៊ុកឈ្មោះ«ស្ថានីយព័ត៌មានវិទ្យុរិទ្ធិសែន» ត្រូវបានចោទប្រកាន់ថារាយការណ៍បែបញុះញង់ឲ្យប្រជាពលរដ្ឋកាន់កាប់ដីរដ្ឋក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
បើតាមមេធាវី កូនក្តីរបស់លោក គឺលោក សុខ ឧត្តម ត្រូវបានប្តឹងដោយឈ្មោះ នូ សំរិទ្ធិ ដែលគេស្គាល់ថាជាមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ក្នុងខេត្តកំពង់ឆ្នាំង។ លោកមេធាវីមានប្រសាសន៍ថាលោក នូ សំរិទ្ធ បានចោទកូនក្តីរបស់លោកថាបានធ្វើសកម្មភាពញុះញង់ បំផុសបំផុលឲ្យប្រជាពលរដ្ឋតវ៉ាយកដី ដែលជាកន្លែងបាញ់គ្រាប់ពិតរបស់រដ្ឋ។
VOAមិនអាចសុំការឆ្លើយតបពីលោក នូ សំរិទ្ធិ ដែលជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានសឹករងខេត្តកំពង់ឆ្នាំងបានទេ។ VOAក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ឡុង ស៊ីថា អ្នកនាំពាក្យរបស់តុលាការខេត្តកំពង់ឆ្នាំងបានដែរនៅថ្ងៃអង្គារនេះ។
លោក ចាប សុខន អាយុ៥២ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស ដែលមានដីប្រមាណ៦ហិកតានៅទីនោះ ប៉ុន្តែមិនមានឯកសារផ្លូវច្បាប់។ លោកមានប្រសាសន៍ថាកាលនោះ លោក សុខ ឧត្តម និងអ្នកសារព័ត៌មានផ្សេងទៀតបានទៅផ្សាយរឿងដីធ្លីនៅទីនោះ ខណៈប្រជាពលរដ្ឋប្រមូលផ្តុំគ្នានៅសាលាឃុំជៀប។ លោកបន្តថាលោក សុខ ឧត្តម មិនបានញុះញង់ប្រជាពលរដ្ឋនោះទេ។
លោកមានប្រសាសន៍ថា៖ «ក្នុងនាមជាប្រជាពលរដ្ឋ [ខ្ញុំយល់ថា]ម៉េចដាក់ទោសគាត់ដល់ថ្នាក់ហ្នឹង។ គាត់មិនមែនទៅញុះញង់ឲ្យទៅធ្វើបាបប្រជាពលរដ្ឋ ឬមួយក៏ធ្វើបាបអ្នកណា ឲ្យបែកក្បាលរបួសស្នាមឯណា! អត់ផងហ្នឹង»។
ភរិយារបស់លោក សុខ ឧត្តម មានប្រសាសន៍ថាការបិទស្ថានីយវិទ្យុរបស់ស្វាមីរបស់អ្នកស្រី ដោយក្រសួងព័ត៌មាន ក្រោយមានការចាប់ខ្លួនលោក សុខ ឧត្តម ធ្វើឲ្យជីវភាពរបស់គ្រួសារអ្នកស្រី ជួបការលំបាក ដោយសារស្ថានីយវិទ្យុលែងបានជួលម៉ោងផ្សាយ ដែលអ្នកស្រីថាក្នុងមួយថ្ងៃ កម្មវិធីវិទ្យុដំណើរការផ្សាយចាប់ពីម៉ោង៤ព្រឹកដល់ម៉ោង១១យប់។
អ្នកស្រី នុត សុវន្ធូរ បញ្ជាក់ថាអ្នកស្រីមិនមានប្រាក់រហូតដល់៥ពាន់ដុល្លារអាមេរិកសម្រាប់បង់តាមការពិន័យរបស់តុលាការនោះទេ៕