ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ព្រលយ​ថា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​បច្ចុប្បន្ន​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ម្នាក់


រូបឯកសារ៖ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​អំពី​ទីផ្សារ​មូលប័ត្រ​កម្ពុជា នៅ​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ នៅ​រាជធានី​ភ្នំពេញ។ (វីអូអេ)
រូបឯកសារ៖ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​អំពី​ទីផ្សារ​មូលប័ត្រ​កម្ពុជា នៅ​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ នៅ​រាជធានី​ភ្នំពេញ។ (វីអូអេ)

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ផ្ទាល់​មាត់​ថា ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​នេះ គឺ​លោក អូន ព័ន្ធ​មុនីរ័ត្ន ដែល​លោក​ថា លោក​«បាន​បណ្តុះ​បណ្តាល​តាំង​ពី​នៅ​ជា​លេខា​ផ្ទាល់​»​របស់​លោក ជា​បេក្ខ​ភាព​សម្រាប់​តំណែងនាយក​រដ្ឋមន្ត្រី។

អ្នក​វិភាគ​លើក​ឡើង​ថា ​បើ​ទោះ​ជា​អ្នក​ណា​ជា​នាយក​រដ្ឋមន្ត្រី​ក៏​ដោយ ឲ្យ​តែ​លោក ហ៊ុន សែន នៅ​មាន​ប្រាជ្ញា​ស្មារតី​ពេញ​លេញ លោក​នៅ​តែ​ជា​អ្នក​នៅ​ពី​ក្រោយ​ដែល​មាន​អំណាច។

កាល​ពី​ថ្ងៃ​អង្គារ ក្នុង​ការ​ថ្លែង​មួយ​ដែល​មាន​រយៈ​ពេល​ជិត​៤​ម៉ោង ទាក់ទង​នឹង​ស្ថានការណ៍​ជំងឺ​កូវីដ​១៩​ឆ្លង​ក្នុង​សហគមន៍ និង​ការ​បញ្ជា​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​រាត​ត្បាត​នេះ លោក ហ៊ុន សែន បាន​ឆ្លៀត​លើក​ឡើងអំពី​អនាគត​អ្នកដឹកនាំ​កម្ពុជា បន្ទាប់​ពី​រូប​លោក ដែល​កាន់​អំណាច​៣៥​ឆ្នាំ​មក​ហើយ​ រហូត​មក​ដល់​ពេល​នេះ។

លោក​បាន​ថ្លែង​ថា ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា លោកខ្លួន​ឯង​ផ្ទាល់​ចាត់​ចែងឲ្យ​លោក អូន ព័ន្ធ​មុនីរ័ត្ន ​តំណាងឲ្យរូប​លោកនៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​តាម​ប្រព័ន្ធ​អន​ឡាញ នៅពេលដែល​នាយក​រដ្ឋមន្ត្រី ស្ថិតក្នុង​ការ​ដាក់​ខ្លួន​ឲ្យនៅ​ដាច់ដោយ​ឡែក ដោយ​សារ​បារម្ភ​ឆ្លង​ជំងឺ​កូវីដ​១៩។

លោក​មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​ការ​រៀបចំ​របស់​លោក ដែល​មាន​បំណង​បង្ហាញ​សារ​មួយ​ឲ្យ​គេ​ដឹង។ លោក​បន្ត​ថា​ គណបក្ស​ប្រជា​ជន​កម្ពុជា ដែល​លោក​ជា​ប្រធាន​គណ​បក្ស​ បានរៀបចំ​«​៣​ឬ​៤​ខ្សែ​ត្រៀម»សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី ដែល​លោក​ថាខ្សែ​ត្រៀម​ទីមួយ គឺ​មនុស្ស​ក្នុង​ជំនាន់របស់​លោក។ លោក​បន្ថែម​ថា​ ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស​ថា ​លោក អូន ព័ន្ធ​មុនីរ័ត្ន ជា​បេក្ខ​ភាព​ម្នាក់​ក្នុង​តំណែង​នាយករដ្ឋមន្ត្រី ​ជា​ការ​ចុះ​ផ្សាយ​ត្រឹម​ត្រូវ។

លោក​ថ្លែង​ថា៖ «យើង​បណ្តុះ​បណ្តាល​ អូន ព័ន្ធ​មុនីរ័ត្ន តាំង​ពី​ធ្វើ​លេខា​ខ្ញុំ​ផ្ទាល់ រហូត​ដល់​ឡើង​ធ្វើ​ជា​ឧបនា​យក​រដ្ឋមន្ត្រី ហើយត្រូវ​ជំនួស​នាយក​រដ្ឋមន្ត្រី ដើម្បី​ចូល​រួម​ប្រជុំ​អាស៊ាន។ តើ​នោះ​ជា​សារ​អ្វី​ទៅ​? សូម​ជម្រាប​ជូន​ឲ្យច្បាស់​នូវ​ការ​រៀប​ចំ។ កុំ​ម្ង៉ៃ​ៗ​ ត្រៀម​តែ​ផ្ទេរ​អំណាច​ឲ្យ ​ហ៊ុន ម៉ាណែត​ៗៗ»។

លោក​ ហ៊ុន សែន បន្ត​ថា​ គណបក្ស​កាន់​អំណាច​មាន​ធន​ធាន​មនុស្ស​សំ​បូរ​បែប​ ហើយអ្នក​បញ្ចប់​ការ​សិក្សា​ខ្ពង់​ខ្ពស់កម្រិតថ្នាក់​បណ្ឌិត ​ក៏មាន​មិន​តិច​ដែរ។

VOA​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក អូន ព័ន្ធ​មុនីរ័ត្ន បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ ទាក់​ទិន​នឹង​ការ​ថ្លែង​របស់​នាយក​រដ្ឋ​មន្ត្រី។

លោក អូន ព័ន្ធមុនីរ័ត្ន អាយុ​៥៥​ឆ្នាំ ដែល​អាច​និយាយ​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់​ជំនាញ បាន​បញ្ចប់​ការ​សិក្សាថ្នាក់​បណ្ឌិត​ទស្សនវិជ្ជា វិទ្យាសាស្ត្រសង្គម និង​នយោ​បាយ​នៃសាកល​វិទ្យាល័យមួយ​ក្នុង​ប្រទេស​រុស្ស៊ី ឈ្មោះ​ថា ​Moscow State University កាល​ពី​ឆ្នាំ​១៩៩៣។ លោក​បាន​ធ្វើ​ជារដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាំង​ពី​ឆ្នាំ​២០១៣ បន្ទាប់​ពី​បំពេញ​ការងារ​ជា​រដ្ឋ​លេខាធិការ​ក្រសួង​នេះ អស់​រយៈ​ពេល​១០​ឆ្នាំ។

លោក​ក៏​ជា​តំណាងរាស្ត្រ​ខេត្ត​កណ្តាល​ផង​ដែរ ហើយ​ក៏​ជា​ប្រធាន​ក្រុម​កាងារ​ចុះ​ជួយ​ខេត្ត​កណ្តាល​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា។ លោក​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណ​បក្ស​ប្រជាជន ដែល​មាន​សមាសភាព​៣៤​រូប។ នេះ​បើ​តាម​វេប​សាយ​របស់​គណបក្ស​កាន់​អំណាច។

កាល​ពី​ខែ​តុលា ឆ្នាំ​មុន ទីភ្នាក់​ងារ​ព័ត៌មាន​បរទេស ​Reuters​ បាន​ចេញផ្សាយ​ការ​ស៊ើបអង្កេត​មួយ ដោយ​រក​ឃើញ​ថា ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច លោក អូន ព័ន្ធ​មុនីរ័ត្ន ​បាន​ស្នើ​សុំ​សញ្ជាតិ​ស៊ីប​ ដែល​ជាសមាជិក​មួយ​នៃ​សហ​ភាព​អឺរ៉ុប។ យោង​តាម​សារព័ត៌មាន​ Reuters ដើម្បី​ចូល​សញ្ជាតិ​ស៊ីប​បាន ​អ្នក​ស្នើ​សុំ​សញ្ជាតិ​ពី​ប្រទេស​ស៊ីប តម្រូវ​ឲ្យ​មាន​ទឹក​ប្រាក់​វិនិយោគ​ក្នុង​ប្រទេស​នេះ ​យ៉ាង​តិច ​២​លាន ​២​សែន​ដុល្លារ​អាមេរិក។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​ន​យោបាយ​នៅ​ប្រទេស​កម្ពុជា ​លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ​ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី​អំពី​បេក្ខភាព​នាយករដ្ឋមន្ត្រី​លោក អូន ព័ន្ធ​មុនីរ័ត្ន «គ្រាន់​តែជា​ឈ្នាន់»​ សម្រាប់​បង្ក្រាប​សំឡេង​ជំទាស់​ក្នុង​ជួរ​បក្ស​និង​គណបក្ស​ប្រឆាំង ខណៈ​មាន​ការលើក​ឡើងអំពី​គម្រោង​របស់​លោក ហ៊ុន សែន ក្នុង​ការ​តែង​តាំង​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង ជា​អ្នក​ស្នង​តំណែង។

លោក​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ «ខ្ញុំ​ផ្ទាល់​ខ្ញុំ​គិត​ថា​វា​អត់​មាន​អី​ភ្ញាក់​ផ្អើល​ទេ។ អា​នេះ​គ្រាន់​តែ​ជា​ការជ្រលរឆ្វេង​វាយ​ស្តាំ​ទេ។ គ្រាន់​តែ​ជា​យន្ត​ការ​មួយនៅ​ក្នុង​ការ​បង្ហាញ​ថា​ នាយករដ្ឋមន្រ្តីមាន​លទ្ធភាព មាន​សមត្ថ​ភាព​ស្នើ​បេក្ខជន​នយោបាយ​រូប​ណា​មួយ​ដែល​ជា​ឥស្សរជន​ថ្នាក់​ដឹកនាំ​នៅ​អនាគត»។

អ្នក​វិភាគ​រូបនេះ​បន្ត​ថា​ ការ​បោះ​ឆ្នោត​ដោយ​យុត្តិធម៌​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ជា​រឿង​សំខាន់ ប៉ុន្តែ​លោក​ថា បុគ្គល​ដែល​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ​បន្ទាប់​ពី​លោក ហ៊ុន សែន ក៏​ត្រូវ​ជា​មនុស្ស​ដែល​ប្រជា​ជន​កម្ពុជា​ទូទៅ​គាំទ្រ​ផង​ដែរ។

លោក​បន្ថែម​ថា៖ «ប្រសិន​បើ​គាត់​រើស​ចេញពី​ប្រភព​ណា​ក៏​ដោយ​ ដែល​មិនទាន់​ជា​បេក្ខជន​ដែល​មិន​ទាន់​ទទួល​បានទទួល​ការ​គាំទ្រ​ពី​មហា​ជន​ទូទៅ​ច្រើន​ទេ ពិបាកនៅ​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ណាស់»។

លោក​បន្ថែម​ថា ប្រសិន​បើ​ប្រធាន​គណបក្ស ​លោក ហ៊ុន សែន«ផ្ចុង​ផ្តើម»​បេក្ខភាព​នាយករដ្ឋមន្ត្រី នោះ​នឹង​មាន​ចរន្ត​នៃ​ការ​គាំទ្រ​លោក។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជានិង​ជា​ព្រឹទ្ធ​សមាជិក​មួយ​រូប​ មាន​ប្រសាសន៍​ថា​មុខ​សញ្ញា​នៃ​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច ​មិនមែន​មាន​តែ​មួយ​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «អាហ្នឹងគ្រាន់​តែមតិ​លើក​មុខ​សញ្ញា មិន​មែន​ជា​ការ​អត្តនោម័តិ​ចង្អុល​បង្ហាញថា​ត្រូវ​តែ​ឯក​ឧត្តម​ អូន ព័ន្ធ​មុនីរ័ត្ន​ឯ​ណា។ អត់​ទេ»។

បើ​តាម​លោក សុខ ឥសាន ការ​បោះ​ឆ្នោត​ជ្រើស​រើស​បេក្ខ​ភាព​នាយករដ្ឋមន្ត្រី ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​មហា​សន្និ​បាតរបស់​គណបក្ស ហើយ​អាច​មាន​ការ​ជ្រើស​រើស​បេក្ខ​ភាពប្រកួត​ប្រជែង ​ដែល​អាច​មាន​៣​ទៅ​៥​នាក់ សម្រាប់​ការ​បោះ​ឆ្នោត។ លោក​បន្តថា​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់ដឹង​ថា​មាន​បេក្ខភាព​ណា​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ជា​ពិសេស​ គឺ​ថ្នាក់​ដឹក​នាំ​លោក​សម្គាល់​ហើយ។ លោក​សម្គាល់ ​និយាយ​រួម ប៉ុន្តែគាត់​គ្រាន់​តែ​មិន[ទាន់​]​បញ្ចេញ ដើម្បី​ផ្សាយ​ជា​សាធារណៈ។ ក៏​ប៉ុន្តែ​ការ​កត់​សម្គាល់​ហ្នឹង គឺ​តាម​រយៈ​គុណ​សម្បត្តិ តាម​រយៈ​ស្នាដៃ​ការងារ​របស់​បេក្ខជន​ម្នាក់ៗ​ របស់​អ្នក​បន្ត​វេន​ម្នាក់ៗ»។

លោក សុខ ឥសាន បន្ត​ថា​អ្នក​បន្ត​វេន​ ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ សុខភាព​ល្អ កាយ​សម្បទា​មាំមួន ហើយមិន​មាន​ការ​កំណត់​អាយុ​នោះ​ទេ។

នៅ​ពេល​សួរ​អំពី​បេក្ខភាព​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ លោក ស ខេង ជា​នាយករដ្ឋមន្ត្រី លោក​ថា​លោកមិន​អាច​និយាយ​បាន​ទេ ដោយ​ថា​វាល្មើស​នឹង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គណបក្ស។

លោកប្រាប់ ​VOA ​ថា៖ «កាល​ណា​និយាយ យើង​ល្មើសលក្ខន្តិកៈ​គណបក្ស​ យើង​ល្មើស​បទ​បញ្ជា​ផ្ទៃ​ក្នុង​គណបក្ស»។

លោក​ អ៊ា សុផល ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​«ការ​ពឹង​ផ្អែក​ជំនួយ​ក្នុង​ប្រទេស​កម្ពុជា៖តើ​ជំនួយ​បរទេស​បំផ្លាញ​ប្រជាធិប​តេយ្យ​យ៉ាង​ណា?» មាន ប្រសាសន៍​ថា​លោក អូន ​ព័ន្ធ​មុនីរ័ត្ន ជា​អ្នក​បច្ចេក​ទេស​ដែល​ប្រឡូក​ក្នុង​នយោ​បាយ ជា​ជាង​អ្នក​នយោបាយ​តែ​មួយ​មុខ។

លោក​ទស្សន៍​ទាយ​ថាលោក អូន ព័ន្ធ​មុនីរ័ត្ន ដូច​ជា​លោក Goh Chok Tong អតីត​នាយករដ្ឋមន្ត្រី​សិង្ហបុរី​ពី​ចាប់​ឆ្នាំ​១៩៩០​ដល់​ឆ្នាំ​២០០៤ ដែល​ឡើង​កាន់​អំណាច បន្ទាប់​ពី​លោក Lee Kuan Yew បាន​ចុះ​ចេញ​ពី​តំណែង។ បន្ទាប់​មក​ លោក Lee Hsien Loong ដែល​ជា​កូន​ប្រុស​របស់​លោក Lee Kuan Yew បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ចាប់​ពី​ឆ្នាំ​២០០៤។

លោក អ៊ា សុផល អ្នក​វិភាគ​នៅ​សហរដ្ឋអាមេរិក បន្ត​ថា​លោក អូន ព័ន្ធ​មុនីរ័ត្ន ​គ្រាន់​ជា​អ្នក​កំដរ​ត្រៀម​សម្រាប់​តំណែង​របស់​លោក ហ៊ុន ម៉ាណែត ឬ​កូន​ប្រុសរបស់​លោក ហ៊ុន សែន ផ្សេង​ទៀត។

លោក​បន្ត​ថា​ការ​ដាក់​កូន​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី មើល​ទៅ​ជា​រូបភាព​អាក្រក់។ ទោះ​ជា​យ៉ាងណា លោក​ថា​លោក ហ៊ុន សែន នៅ​តែ​ជា​អ្នក​នៅ​ពី​ក្រោយ។

លោក​បាន​ប្រាប់​ VOA​ តាម​សារ​អ៊ីមែល​ថា៖ «មិន​មាន​ផ្លូវ​ដែល​លោក ហ៊ុន សែន ដើរ​ចេញ​នោះ​ទេ ល្គឹក​ណា​លោក​នៅ​តែ​មាន​ប្រាជ្ញា​ស្មារតី​ពេញ​លេញ។ លោក​នឹង​នៅ​តែ​ជា​មនុស្សរុញ​ខ្សែ​ញាក់​ពី​ក្រោយវាំង​នន»។

គួរ​បញ្ជាក់​ថា​លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ថា​លោក​នឹង​កាន់​អំណាច​មិន​តិច​ជាង​១០​ឆ្នាំ​ទៀត ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រៀម​ខ្លួន​កាន់​អំណាច ​ទៅ​ដល់​១០០​ឆ្នាំ​ទៀត៕

XS
SM
MD
LG