ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន បញ្ជា​ឲ្យ​​ត្រួត​ពិនិត្យ​ពលករ​ខ្មែរ​ឆ្លង​ពី​ថៃ​ឲ្យ​​ហ្មត់​ចត់ ខណៈ​​​ពលករ​១៤​នាក់​ឆ្លង​កូវីដ​១៩


លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅ​ក្នុង​​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់ តភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះពេជ្រ ទៅ​កាន់​ទីក្រុង​រណប​កោះ​នរា ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី ២៦ ខែតុលា ឆ្នាំ២០២០។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បញ្ជា​ឲ្យ​កម្លាំង​ទាំង​អស់​ចាត់​វិធាន​ការ​តឹងរ៉ឹង​នៅ​តាម​ព្រំដែន ​ដើម្បី​ធានា​ថា​ ពលករ​ខ្មែរ​មិន​រត់​គេច​ពី​ការ​យកសំណាកទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩។

ការ​ចេញ​បញ្ជា​របស់​លោក ​ហ៊ុន សែន ​ខណៈ​ក្រសួង​សុខាភិបាលកម្ពុជា​បាន​រាយការណ៍​ថា ​ពលករ​ខ្មែរ​ ១៤ ​នាក់ ​ឆ្លង​ជំងឺ​កូវីដ​១៩​ ក្រោយ​ឆ្លង​ចូល​កម្ពុជា​ពី​ប្រទេស​ថៃ​ដែល​កំពុង​ប្រឈម​ការ​ឆ្លង​សហគមន៍​ក្នុង​ប្រទេស។

ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ប្រកាស​ថា​ ពលករ​ខ្មែរ​ជា​ស្រ្តី​ ១២ ​នាក់​ទៀត ​ត្រូវ​បាន​ធ្វើ​តេស្ត​មាន​ផ្ទុក​ជំងឺ​កូវីដ​១៩ ក្រោយ​ពួក​គេ​ឆ្លង​ពី​ថៃ។ រហូត​មក​ដល់​ពេល​នេះ ​ពលករ​ខ្មែរ​សរុប​ ១៤ ​នាក់​ហើយ​ ដែល​ឆ្លង​ជំងឺ​កូវីដ​១៩​នេះ បន្ទាប់​ពី​មាន​ការ​ឆ្លង​ដំបូង​ចំនួន​ ២ ​ករណី ​ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១ ខែមករា ​ឆ្នាំ​២០២១ ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា ​ស្រ្តី​ទាំង​នោះ​មាន​អាយុ​ចន្លោះ​ពី​ ២៤ ​ឆ្នាំ​ដល់​ ៣៩​ ឆ្នាំ​ ដែល​ជា​ពលករ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ ២​ នាក់​ជា​ស្រ្តី​មាន​អាសយដ្ឋាន​ស្នាក់​នៅ​ក្នុង​ខេត្ត​បាត់​ដំបង ​និង ​១០ ​នាក់​ក្នុង​ខេត្ត​ប៉ៃ​លិន​។ ពួកគេ​ទាំង​នោះ​មក​ដល់​កម្ពុជា​ ចន្លោះ​ថ្ងៃ​ទី​ ២៨ ​ដល់​ថ្ងៃទី​ ៣០​ ខែ​ធ្នូ ឆ្នាំ​២០២០។

កាល​ពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​ថ្លែង​នៅ​ក្នុង​សារ​អាត់​សំឡេង​មួយ​ដោយ​បញ្ជា​កម្លាំង​ទាំង​អស់​នៅ​តាម​ព្រំដែន​គ្រប់គ្រង​ «ឲ្យ​បាន​ហ្មត់​ចត់​ជា​ទីបំផុត» នៅ​តាម​ច្រក​ព្រំដែន​ធំ​តូច​ទាំង​អស់​ ដោយ​ធានា​ថា​ ពលករខ្មែរ​ដែល​ចូល​ម​ក​កម្ពុជា​ពី​ប្រទេស​ថៃ ត្រូវ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ​និង​ធ្វើ​តេស្ត​សំណាក​រក​ជំងឺ​កូវីដ​១៩។

លោក​ហ៊ុន សែន ​ថ្លែង​ថា៖​ «ដាច់​ខាត​មិន​ឲ្យ​មាន​ការ​លួច​ឆ្លង​ហើយ​ចូល​មក​ផ្ទៃ​ក្នុង​ប្រទេស ដោយ​មិន​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ មិន​បាន​យក​សំណាក​និង​ធ្វើ​ចត្តាឡីស័កនោះ​ទេ»។

លោក ហ៊ុន សែន បញ្ជា​ឲ្យ​កម្លាំង​ទាំង​អស់​ផ្អាក​ដឹក​ពលករ​ខ្មែរទៅ​តាម​បណ្តា​ខេត្ត​នានា ដោយ​រក្សា​ទុក​ពួកគេ​នៅ​កន្លែង​ចត្តាឡីស័ក​តាម​ព្រំដែន ដើម្បី​បញ្ចៀស​ការ​ឆ្លង​រាល​ដាល​ចូល​សហគមន៍។ លោក​ក៏​បាន​បញ្ជា​ឲ្យ​ក្រសួង​សុខាភិបាល​ផ្គត់ផ្គង់​សម្ភារៈ​និង​ថវិកា​ ហើយ​ក៏បន្ថែម​គ្រូ​ពេទ្យនៅ​តាម​ព្រំដែន​ប្រសិន​បើចាំបាច់។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា៖ «ក្រសួង​សុខា​ភិបាល​ត្រូវ​ធ្វើ​សកម្មភាព​បន្ទាន់ ​ដើម្បី​នឹងបន្ថែម​សម្ភារៈ​ថវិកា​សម្រាប់​ការ​ធ្វើ​ចត្តាឡីស័ក​ ក៏​ដូច​ជា​ការ​ធ្វើ​តេស្ត​យក​សំណាក។ ហើយ​បង្កើន​ល្បឿន​នៃ​ការ​ធ្វើ​តេស្ត​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ។ សំខាន់​គឺ​ការ​ដឹក​ជញ្ជូន​សំណាក់​ពី​បណ្តា​ខេត្ត​ទាំង​នោះ មក​កាន់​វិទ្យាស្ថាន​ប៉ាស្ទ័រ ព្រោះ​យើង​មិន​ទាន់​មាន​ទី​កន្លែង​ធ្វើ​តេស្ត​នៅ​តាម​ខេត្ត​នៅ​ឡើយ​ទេ»។

លោក​នាយករដ្ឋមន្រ្តីបញ្ជា​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ត្រូវ​ត្រួត​ពិនិត្យ​មើល​នៅ​តាម​មូលដ្ឋាន ​ថា​តើ​មាន​ពល​ករ​ប៉ុន្មាន​នាក់​ចូល​ដល់​ផ្ទះ ដើម្បី​ធានា​ថា​មិន​មាន​ការ​គេច​ខ្លួន​របស់​ពួកគេ។ លោក​អំពាវនាវ​ឲ្យពលករ​ខ្មែរ​បន្ត​ស្នាក់​នៅ​ក្នុងប្រទេស​ថៃ ដើម្បី​ឲ្យ​អាជ្ញា​ធរ​ថៃ​ពិនិត្យ​ព្យាបាល​នៅ​ទីនោះ។ លោក​អំពាវនាវ​ឲ្យ​ពលករយោគ​យល់​ករណី​នេះ។

រូបឯកសារ៖ ពលករចំណាកស្រុកក្នុងប្រទេសថៃកំពុងនិយាយជាមួយបុគ្គលិកសុខាភិបាលថៃ ខណៈមានការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២០។
រូបឯកសារ៖ ពលករចំណាកស្រុកក្នុងប្រទេសថៃកំពុងនិយាយជាមួយបុគ្គលិកសុខាភិបាលថៃ ខណៈមានការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២០។

ប្រទេស​ថៃ​កំពុង​ទប់​ទល់​នឹង​ការ​ឆ្លង​រាល​ដាល​កូវីដ​១៩​ ក្នុង​សហគមន៍​ដែល​ករណី​ឆ្លង​មាន​ទៅ​ដល់​រាប់​រយ​នាក់​ជិត ​២ ​សប្តាហ៍​កន្លង​មក​នេះ។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២០ ​អាជ្ញាធរ​ថៃ​បាន​ប្រកាស​ថា ​ខ្លួន​រក​ឃើញករណី​វិជ្ជមាន​កូវីដ​១៩​ លើ​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ត្រូវ​បាន​រាយ​ការណ៍​ថាលួច​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ។

ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២០ បណ្ដា​ខេត្ត​កម្ពុជា​ជាប់​ព្រំដែន​ថៃ​បាន​ប្រុង​ជើង​ការ​តាម​បញ្ជា​របស់​លោក ​ហ៊ុន សែន ឲ្យ​មាន​ការ​យាមកាម​ត្រៀម​ទទួល​ពលករ​ដែល​មក​ពី​ប្រទេស​ថៃ ដោយ​រៀប​ចំធ្វើ​តេស្ដ​រក​កូវីដ​១៩ និង​ធ្វើ​ចត្តាឡីស័ក​នៅ​ទី​ដ្ឋាន​ដែល​អាជ្ញាធររៀប​ចំ​ឲ្យ​។


លោក​ហ៊ុន សែន បញ្ជា​ឲ្យចូល​តាម​ច្រក​ព្រំដែន​អន្តរ​ជាតិ​ចំនួន ​៣ ​ប៉ុ​ណ្ណោះ ​គឺ​ច្រក​ដូង​ក្នុង​ខេត្ត​បាត់​ដំបង​ ច្រក​ប៉ោយ​ប៉ែត​ក្នុង​ខេត្ត​បន្ទាយមានជ័យ ​និង​ច្រក​អូរស្មាច់​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ។

លោកស្រី​ បាន ស្រីមុំ​ អភិបាល​ខេត្ត​ប៉ៃលិន​ដែលទើប​ចូល​កាន់​តំណែង​ ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០​២០ ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ស្ថានភាព​នៅ​ពេល​នេះ អាច​គ្រប់គ្រង​បាន ​ខណៈ​អ្នក​ឆ្លង​តាម​ព្រំដែន​ក្នុង​ខេត្ត​របស់​លោក​ស្រី មាន​ប្រមាណ​ ៧០ ​នាក់​តែ​ប៉ុណ្ណោះ​។ លោកស្រី​បន្ត​ថា ​ករណី​ពលករខ្មែរ​ជា​ស្រ្តី​ ១០ ​នាក់​ដែល​រស់​នៅក្នុង​ខេត្ត​ប៉ៃ​លិន​ឆ្លង​ជំងឺ​កូវីដ១៩​ ជា​ករណី​ឆ្លង​ពី​ប្រទេស​ថៃ មិន​មែន​ឆ្លង​ផ្ទាល់ក្នុង​ខេត្ត​ប៉ៃលិន​នោះ​ទេ។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សូម​ជម្រាប​ថា​ ពាក្យ​ថា​ឆ្លង អត់​មាន​ឆ្លង​ទេ​នៅ​ប៉ៃលិន។ គឺ​ចំនួន​ ១០​ នាក់​ ដែល​មានវិជ្ជមាន​នោះ ពួក​គាត់​ជា​ពលករ​ឆ្លង​មក​ពី​ប្រទេស​ថៃ។ អញ្ចឹង​គាត់​ឆ្លង​មក​ដល់​ភ្លាម គឺ​ខាង​ក្រុម​ការងារ​ហើយ​និង​មន្រ្តី​សុខាភិបាល​ បាន​យក​គាត់​ទៅ​គ្រប់​គ្រង​ទៅ​ធ្វើ​សំណាក។ គាត់​ចូល​មក​តាំង​ពី​ថ្ងៃ​២៩ [ខែ​ធ្នូ]»។

អភិបាល​ខេត្ត​ដែល​ជា​អតីត​តំណាងរាស្រ្ត​ខេត្ត​ប៉ៃលិន​រូប​នោះ​ឲ្យ​ដឹង​ទៀត​ថា ​អាជ្ញាធរ​ខេត្ត​បាន​ត្រៀម​សណ្ឋាគារ​មួយក្នុង​ខេត្ត​ប៉ៃលិន ឲ្យ​ពលករ​ស្នាក់​នៅ ដែល​លោកស្រី​ថា​ រហូត​មក​ដល់​ពេល​នេះ មាន​ពលករ​ជាង​ ៤០​ នាក់​ កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​ទីនោះ​។ លោកស្រី​បន្ត​ថា ​អាជ្ញាធរ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ តាំង​ពី​ពេល​ផ្ទុះ​ជំងឺ​កូវីដ​១៩ ​ក្នុង​ប្រទេស​ថៃ​ដំបូង​ កាល​ពី​ជិត​ ២​ សប្តាហ៍​មុន។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «យើង​បាន​គ្រប់​គ្រង​បាន​ចំពោះ​ពលករ​ដែល​គាត់​ចូល​មក​ភ្លាម​ គឺ​យើង​ពិនិត្យ​សុខភាព​ភ្លាម​ ហើយ​ដាក់​ធ្វើ​ចត្តា​ឡីស័ក ​១៤ ​ថ្ងៃ។ ទាល់​តែ​ថា​ច្បាស់​ថា​ គាត់​មាន​សុខភាព​ល្អ​មិន​មាន​មេ​រោគ​ទេ គ្រប់​ ១៤ ​ថ្ងៃ ទើប​យើងឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ»។

លោកស្រី​បន្ថែម​ថា​ ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​នេះ អាជ្ញាធរ​ក៏​បាន​ឧបត្ថម្ភ​ប្រាក់​និង​ផ្គត់​ផ្គង់​អាហារ​ដល់​ពលករ​ផង​ដែរ។ លោកស្រី​អំពាវនាវ​កុំ​ឲ្យ​ពលករ​រត់​គេច​ពី​ចត្តាឡីស័ក ​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល។

មន្ត្រី​សម្រប​សម្រួល​ផ្នែក​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​សង់​ត្រាល់ ​លោក​ ឃុន ថារ៉ូ​ មាន​ប្រសាសន៍​ថា​ នេះ​ជា​ការ​លំបាក​បន្ថែម​ទៀត​ដល់​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ទាំង​ស្រប​ច្បាប់​និង​មិន​ស្រប​ច្បាប់​ ដោយ​សារ​ពួកគេ​មិន​បាន​ចេញទៅ​ធ្វើ​ការ​ក្នុង​ពេល​ដែល​ថៃ​កំពុង​មាន​ការ​ឆ្លង​សហគមន៍។ លោកលើក​ទឹក​ចិត្ត​ឲ្យ​ពលករ​ខ្មែរ​បន្ត​ស្នាក់​នៅក្នុង​ប្រទេស​ថៃ​ ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​សហ​ការ​ជាមួយ​រដ្ឋាភិបាល​ថៃ ដើម្បីជួយ​ពលករ​ខ្មែរ​ឲ្យ​ដូច​ពលករ​ថៃ​ដែរ​។

លោក​មាន​ប្រសាសន៍​ថា៖ «អំពាវនាវ​ឲ្យ​រាជ​រដ្ឋាភិ​បាល​ហ្នឹងត្រូវស្នើ​ទៅ​ភាគី​ថៃ ​ថា​ធានា​យ៉ាងណា​ឲ្យ​ពលករ​ខ្មែរ​ហ្នឹងទទួល​បាន​នូវ​សេវា​សម​ស្រប ដូច​ប្រជាពលរដ្ឋ​ថៃ​ដែ​រ​»។

លោក ឃុន ថារ៉ូ​ បន្ត​ថា ​រដ្ឋាភិបាល​កម្ពុជាគួរ​ធានា​ការ​ជួយ​ពលករ​ត្រឡប់​មក​កម្ពុជា​វិញ តាម​រយៈ​បង្កើត​កម្មវិធីគោល​នយោបាយ​គាំពារ​សង្គម​រឹង​មាំ និងមាន​និរន្តភាព​ដើម្បី​កុំ​ឲ្យ​ពលករត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ពេល​បញ្ចប់​វិបត្តិ​ជំងឺ​កូវីដ​១៩ ​ដែល​លោក​ថា​ នឹងបន្ត​អូស​បន្លាយ​យូរ​ទៀត។

លោក​បញ្ជាក់​ថា៖ «គ្រាន់​តែ​ថា​មាន​បញ្ហា​ឡើង​យើង​បញ្ចេញ​តែ​កញ្ចប់​ថវិកា​ហើយ​ចប់​ទៅ ពួក​គាត់​ប្រឈម​ដដែល​ហ្នឹង។ ដូច​ពលករ​ហ្នឹង ​កាល​ណា​ស្ថានភាព​កូវីដ​វា​ប្រសើរ​ទៅ ​ដូច​ថា​[ស្ថានភាព​នៅ]ថៃ​វា​ប្រសើរ​ទៅ គាត់​នៅ​តែ​Risk[គ្រោះ​ថ្នាក់]​។ គាត់​នៅ​តែ​ប្រថុយ​ប្រថាន​ហានិភ័យ​ទៅ​ថៃ​ដូច​តែ​គ្នា។ អញ្ចឹង​មាន​ន័យ​ថា ​វា​អត់​មាន​និរន្តរភាព​ទេ។ គាត់​មក​វិញ​នេះ វា​គ្រាន់​តែ​ជា​កត្តា​ខាង​ក្រៅ​ទេ។ ប៉ុន្តែ​កត្តា​ខាង​ក្នុង​របស់​គាត់​ហ្នឹង គឺ​កត្តា​សេដ្ឋកិច្ច​និង​កត្តា​អត់​មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​ហ្នឹង​ហើយ»។

គួរ​បញ្ជាក់​ថា​ កម្ពុជា​បាន​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជា​លក្ខណៈ​សហគមន៍​លើក​ដំបូង​បង្អស់​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​ជា​ការ​ឆ្លង​នាំ​ឲ្យ​ពលរដ្ឋ​កាន់​តែ​ច្រើន​ព្រួយ​បារម្ភ​ខ្លាំង។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ មាន​ប្រសាសន៍​ថា​ ការ​ឆ្លង​នៅ​ក្នុង​សហគមន៍​នេះ​បាន​បញ្ចប់ ​ដោយសារ​ក្រសួង​សុខាភិបាល​រក​មិន​ឃើញ​ការ​ឆ្លង​បន្ត​ទៀត៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG