ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកកាសែត​ខ្មែរ​ម្នាក់​ទៀត ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១ឆ្នាំ​កន្លះ ក្រោយ​រិះគន់​លោក ហ៊ុន សែន


រូបឯកសារ៖ លោក រស់ សុឃិត ចាងហ្វាង​កាសែត​ជាតិ​ខ្មែរ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២០ ពី​បទ​«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ (ទំព័រហ្វេសប៊ុក)
រូបឯកសារ៖ លោក រស់ សុឃិត ចាងហ្វាង​កាសែត​ជាតិ​ខ្មែរ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២០ ពី​បទ​«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ (ទំព័រហ្វេសប៊ុក)

តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ​នេះ បាន​សម្រេច​កាត់​ទោសអ្នក​សារព័ត៌មាន​ម្នាក់ ឈ្មោះ រស់ សុឃិត ឲ្យ​ជាប់ពន្ធនាគារមួយ​ឆ្នាំ​កន្លះ ក្រោយ​លោក​ត្រូវ​បាន​ឃុំ​ខ្លួន ​ចាប់​តាំង​ពី​ខែ​មិថុនា។

លោក រស់ សុឃិត ចាងហ្វាង​សារ​ព័ត៌មាន​ជាតិ​ខ្មែរ​ ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់ពីបទ«ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​តាម​ប្រព័ន្ធ​សង្គម​ហ្វេសបុ៊ក​ រិះគន់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។

លោក សំ សុគង់ មេធាវី​របស់​លោក រស់ សុឃិត មាន​ប្រសាសន៍​ថា កូនក្តី​របស់​លោក​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៨ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល។ លោក​បន្ត​ថាកូនក្តី​របស់​លោក​ចាត់​ទុកការ​ផ្តន្ទា​ទោស​នេះ ​ជា​រឿង​អយុត្តិធម៌​មួយ ហើយ​លោក​សម្រេច​ឲ្យប្តឹង​ឧទ្ធរណ៍។

លោក​មេធាវី​ចាត់​ទុក​ការ​បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​របស់​កូនក្តី​របស់លោក​ ជា​ការ​បញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ​ ហើយ​កម្ពុជា​មិន​ទាន់​មានច្បាប់បទ​ឧក្រិដ្ឋ​ទាក់ទង​នឹង​សារព័ត៌មាននោះ​ទេ ដូច្នេះ​មិន​គួរ​មាន​ការ​ប្រើ​ប្រាស់​ក្រម​ព្រហ្មទណ្ឌ​មក​ចោទ​ប្រកាន់​នោះ​ទេ​។

លោក​ថ្លែង​ប្រាប់​ VOA ​ថា៖ «ខ្ញុំ​យល់​ឃើញ​ថា​ការ​ផ្តន្ទា​ទោស​ហ្នឹង ទីមួយ​ យើងអត់​មាន​ច្បាប់​ជាក់​លាក់។ ទីពីរ​ការ​ដែល​គាត់​បញ្ចេញ​មតិ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ហ្នឹង ជា​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ហ្នឹង​ក្នុង​ការ​បញ្ចេញ​មតិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ»។

ហ្វេសប៊ុក​របស់​លោក​ រស់ សុឃិត ​ចាប់​ពី​ថ្ងៃ​ទី​២៣​ ដល់​ថ្ងៃ​ទី​២៥ ​ខែ​មិថុនា ឆ្នាំ​២០២០ ពេល​ដែល​លោក​ត្រូវ​បាន​ចាប់​ខ្លួន​នោះ មាន​ការ​បង្ហោះ​សារ​រិះគន់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ និង​កូន​ប្រុស​របស់​លោក​ គឺ​លោក​ ហ៊ុន ម៉ាណែត។

ក្នុង​ចំណោម​នោះ​មាន​ការ​បង្ហោះ​សារ​មួយ​ដែល​លើក​ឡើង​ថា៖​ «លោក ​ហ៊ុន សែន កំពុង​ទ័ល​ច្រក​រឿង​ពលរដ្ឋ​ធ្លាក់​ខ្លួន​ក្រីក្រ ​គ្មាន​លុយ​សង​ធនាគារ​ ក៏​លើក​ទឹក​ចិត្ត​ឲ្យ​ធនាគារ​រឹបអូស​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ​ណា​ស្តាប់​តាម​ក្រុម​ប្រឆាំង​ មិន​ព្រម​សង​លុយ​ឲ្យ​ធនាគារ»។ នេះ​ជា​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មិថុនា ឆ្នាំ​២០២០។​

លោក​ ហ៊ុន សែន ​មាន​ប្រសាសន៍​កាល​នោះ​ថា៖ «ប៉ុន្តែ​ខ្ញុំ​នឹង​គាំទ្រ​ឲ្យ​មាន​ការ​រឹប​អូស​ ប្រសិន​បើ​អ្នក​ដែល​ជំពាក់​ធនាគារ​បន្ត​ការ​ឃោសនា​ចលនា​អ្នក​ដទៃ​ខ្លួនឯង​ ក៏​មិន​បង់​ស្អី​ ក៏​មិន​បង់ ​អ៊ីចឹង​ធនាគារ​ប្តឹង​រឹប​អូស​តែ​ម្តង​ទៅ!»។​

ចំណែក​ការ​បង្ហោះ​មួយ​ទៀត​នៅ​លើ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក ​រស់ សុឃិត ​មាន​អត្ថន័យ​ថា៖​«លោក​ ហ៊ុន សែន ​នឹង​បាត់បង់​អ្វីៗ​ទាំង​អស់ ​បើ​នៅ​តែ​ចចេស​ចង់​លើក​បន្តុប​កូន​ខ្លួន​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​នោះ!​ យួន​មិន​គាំទ្រ ​ហ៊ុន ម៉ាណែត​ឡើយ»។​

ការ​ផ្តន្ទា​ទោស​លើ​លោក រស់ សុឃិត ជា​ករណី​ទីពីរ​ក្នុង​រយៈ​ពេល​ថ្មីៗ​នេះ​នៃ​ការ​កាត់​ទោសអ្នក​សារ​ព័ត៌មាន ​ដែល​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ​សង្គម​ហ្វេស​ប៊ុក​របស់​ពួកគេ។ កាល​ពី​ខែ​តុលា តុលាការ​បាន​កាត់​ទោស លោក សុវណ្ណ រិទ្ធី​ ដែល​ជា​អ្នក​សារ​ព័ត៌មាន​របស់​TVFB​ ​ឲ្យ​ជាប់​ពន្ធនាគារ​១ឆ្នាំ​កន្លះ​ ដោយ​សារ​តែ​ការ​ដក​ស្រង់​ពាក្យ​សម្តី​របស់​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បង្ហោះ​តាម​ហ្វេស​ប៊ុក​របស់​លោក រឿង​ដែល​នាយក​រដ្ឋមន្រ្តី​ឲ្យ​លក់​ម៉ូតូ​ទប់​ទល់​នឹង​ជីវភាព​សិន ប្រសិន​បើ​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូវីដ​១៩ ព្រោះ​រដ្ឋាភិបាល​មិន​អាច​ជួយ​ប្រជាពលរដ្ឋ​គ្រប់គ្នា​ទេ។ ប៉ុន្តែទោស​របស់​លោក សុវណ្ណ រិទ្ធី ​ដែល​នៅ​សេស​សល់ ត្រូវ​បាន​ព្យួរ មានន័យ​ថា​លោក​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ។

ចំណែក​លោក​ សុខ ឧត្តម ​ដែល​ជា​អ្នក​សារ​ព័ត៌មាន​នៅ​ខេត្ត​កំពង់ឆ្នាំង​មួយ​រូប ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ដូច​គ្នា​ចំពោះ​សេចក្តី​រាយការណ៍​របស់​លោក​ទាក់ទង​នឹង​ជម្លោះ​ដីធ្លី ដែល​ត្រូវ​បាន​ប្តឹង​ដោយ​មន្រ្តី​យោធា​ជាន់​ខ្ពស់។ ក្រសួង​ព័ត៌មាន​ក៏​បាន​សម្រេច​បិទ​ស្ថានីយ​វិទ្យុ​របស់​លោក​ផង​ដែរ។ សាលក្រម​របស់​លោក សុខ ឧត្តម នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០។​

លោក អ៊ិត សូធឿត នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ចាត់​ទុក​ការ​កាត់​ទោសអ្នក​សារព័ត៌មាន​ជា​បន្ត​បន្ទាប់​ ជា​សញ្ញា​នៃ​ការ​រឹត​ត្បិត​កាន់​តែ​ខ្លាំង​លើ​សេរីភាព​របស់​អ្នក​សារព័ត៌​មាន​ ដែល​នឹង​នាំ​ឲ្យ​ពួកគេ​ខ្លាច​ក្នុង​ការ​បញ្ចេញ​មតិ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា​ការ​កាត់​ទោស​ទៅ​លើ​អ្នក​កាសែត​ជា​បន្ត​បន្ទាប់​នេះ ចង់​មិន​ចង់ វា​អាច​លេច​ចេញ​ជា​រូប​ភាព​គំរាម​កំហែង​មួយ​ទៅ​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត ក្នុង​ការ​បំពេញវិជ្ជាជីវៈ​របស់​គាត់»។

កាល​ពីដើម​ខែ​វិច្ឆិកា អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​(Human Rights Watch) ​និង​បណ្តុំ​សមាគម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​ជាង​៥០ទៀត បាន​អំពាវនាវ​រួមគ្នា​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​យាយី​សារ​ព័ត៌មាន​ឯករាជ្យ​និង​ផ្តល់​សេរី​ភាព​ពេញលេញ​ដល់​ពួកគេ។ ពួកគេ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​អ្នក​សារព័ត៌មាន ​ដែល​ពួកគេ​ថា«គ្មាន​មូលដ្ឋាន​និង​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ហេតុផល​នយោ​បាយ»។

ជា​ការ​ឆ្លើយ​តប នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយក្រសួង​ព័ត៌មាន​លើក​ឡើង​ថា​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​គឺ«​អនុវត្ត​ទៅ​តាម​អង្គ​ហេតុ និង​អង្គ​ច្បាប់» មិន​មែន​រំលោភ​បំពាន និង​បំបិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នោះ​ទេ៕

XS
SM
MD
LG