ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​មហាក្សត្រ​អាច​​ដោះស្រាយ​វិបត្តិ​នយោបាយ​មុន​កោះប្រជុំ​សភា​ថ្ងៃ​ដំបូង​ឬ​ទេ?


ព្រះ​មហាក្សត្រ​នរោត្តម​សីហមុន្នី និង​សម្តេច​ម៉ែ​បាន​យាង​មក​ដល់​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ។​
ព្រះ​មហាក្សត្រ​នរោត្តម​សីហមុន្នី និង​សម្តេច​ម៉ែ​បាន​យាង​មក​ដល់​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ។​
នៅ​ពេល​ដែល​ព្រះ​មហាក្សត្រ​សម្តេច​ព្រះ​បរមនាថ ​នរោត្តម​ សីហមុនី​យាង​ពី​ទីក្រុង​ប៉េកាំង​មក​ដល់​រាជ​ធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ​កែវ​ភ្នែក​របស់​អ្នក​នយោបាយ​កម្ពុជា ​និង​មន្ត្រី​សង្គម​ស៊ីវិល​បាន​សម្លឹង​ទៅ​រក​ព្រះអង្គ។

ពួក​គេហាក់​ដូចជា​បាន​ទម្លាក់​បាល់​នៅ​ពី​មុខ​ព្រះ​បាទព្រះ​មហាក្សត្រ​ដើម្បី​ទម្លាយ​សំណាញ់​វិបត្តិ​នយោបាយ​ដែល​ហាក់​ដូចជា​កំពុង​រំកិល​ទៅ​រក​ភាព​ជាប់​គាំង​នយោបាយ​ ប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយ​នៅ​មុន​កាល​កំណត់​នៃ​កិច្ច​ប្រជុំ​សភា​ដំបូង​ទេ​នោះ។ ​ព្រះ​មហាក្សត្រ​បាន​កំណត់​ថ្ងៃ​ប្រជុំ​សភា​ដំបូង​នៅ​ថ្ងៃទី​២៣​ខែ​កញ្ញា​នេះ​ដើម្បី​ផ្តល់​សុពល​ភាព​ដល់​សភា​និតិកាល​ទី​៥​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា ​និង​ដើម្បី​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី។​

ក៏​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​កាន់​អំណាច​ជិត​បី​ទសវត្ស​មក​ហើយ​ ហើយ​និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រ​ង្ស៊ី ​និង​លោក​កឹម សុខា​ ដែល​បើក​ទូលាយ​រក​គោល​ការណ៍​ប្រជាធិបតេយ្យ ​មិនទាន់​ចុះ​សម្រុង​គ្នា​ដើម្បី​ចូល​អង្គុយ​បើក​កិច្ច​ប្រជុំ​សភា​នោះ​ទេ។

គណបក្ស​ជំទាស់​រក្សា​ជំហរ​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ឲ្យ​បាន​ជា​ដាច់​ខាត​ ជាពិសេស​ការ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ ​បើ​ពុំ​នោះ​ទេ​ខ្លួន​នឹង​មិន​ចូល​ប្រជុំ​សភា​នោះ​ទេ។​ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាន់​ជំហរ​ដាច់​ខាត​របស់​ខ្លួនដែរ​ថា ​បើ​ទោះ​ជា​ពុំ​មាន​សមាជិក​សភា​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​ខ្លួន​អាច​ប្រជុំ​សភា​ជា​ឯកបក្ស​ក្រោម​ព្រះ​រាជ​អធិបតី​ភាព​របស់​ព្រះ​មហាក្សត្រ​បាន​ដែរ។ ​មួយ​វិញ​ទៀត​ការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ និង​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ សម្រាប់​គណបក្ស​កាន់​អំណាច​ជា​ការហួស​ពេល​ទៅ​ហើយ​ ក្រោយ​ពី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​អាទិត្យ។

ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ ​ធម្មិកោ​ សមាជិក​គណៈ​កម្មការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​បន្ទូល​ថា​ ការ​យាង​និវត្តន៍​ពី​ប្រទេស​ចិន​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នឹង​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ក្នុង​ពេល​នេះ។

«យើង​មាន​សេចក្តី​សង្ឃឹម​ថា​ សេ្តច​យាង​មក​វិញ​នេះ ​ព្រះ​អង្គ​នឹង​អាច​ជួយ​រក​ដំណោះ​ស្រាយ​ក្នុង​ការ​កោះ​ប្រជុំ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ក្រោម​ព្រះ​រាជ​អធិបតី​ភាព​របស់​លោក​ដើម្បី​ដោះស្រាយ​បញ្ហា​ជុំវិញ​ការ​បោះឆ្នោត»។
​កាល​ពី​ដើម​សប្តាហ៍​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្ញើ​លិខិត​មួយ​ថ្វាយ​ព្រះ​មហាក្សត្រ​ដើម្បី​ទូល​ថ្វាយ​ព្រះ​អង្គ​ឲ្យ​កោះ​ប្រជុំ​គណបក្ស​ទាំង​ពីរ។​ ក៏ប៉ុន្តែ​គេនៅ​មិន​ទាន់​ដឹង​ ថា​តើ​ព្រះ​មហាក្សត្រ​មាន​ព្រះ​រាជ​តម្រិះយ៉ាងណា​នៅ​ឡើយ​ទេ។

​យ៉ាងណា​ក៏ដោយ​ ព្រះ​មហាក្សត្រ​ទំនង​ជា​នឹង​អាច​កោះ​ប្រជុំ​គណបក្ស​ទាំង​ពីរ​មុន​កិច្ច​ប្រជុំ​សភា​និតិ​កាល​ថ្មី​នៅ​ថ្ងៃទី​២៣​ខែ​កញ្ញា​នេះ ​បើ​ពុំ​នោះ​ទេ​ ភាព​ជាប់​គាំង​នយោបាយ​អាច​នឹង​កើត​ឡើង។ ​បើ​ទោះ​ជា​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​៦៨​រូប​សម្រេច​ចិត្ត​អង្គុយ​បើក​កិច្ច​ប្រជុំ​សភាដំបូង​នោះ​ ឬ​បើ​ទោះ​ជា​ព្រះ​មហាក្សត្រ​សព្វ​ព្រះ​រាជ​ហឫទ័យ​យាង​ជា​ព្រះ​រាជ​អធិបតី​ក្នុង​ពិធី​នេះ​ក៏​ដោយ​ ប៉ុន្តែ​ចំណោទ​នឹង​កើត​ឡើង​ ថា​តើ​សភា​ថ្មី​នេះ​អាច​នឹង​មាន​មុខមាត់​ពេញ​លេញ​លើ​ឆាក​អន្តរ​ជាតិ ​និង​ស្រប​តាម​គតិ​ច្បាប់​ដែរ​ឬ​ទេ? ​ហើយ​ថា​ តើ​សហគមន៍​អន្តរ​ជាតិ​នឹង​ទទួល​ស្គាល់​រដ្ឋ​សភា​ និង​រដ្ឋា​ភិបាល​ដែល​មិន​ពេញ​មុខ​មាត់​នេះ​ដែរ​ឬ​យ៉ាង​ណា?​

បន្ថែម​ពី​នោះ​ទៀត ​ចំណោទ​ដែល​សំខាន់​បំផុត ​ប្រសិន​បើ​ពុំ​មាន​ជំនួប​កំពូល​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មុន​កិច្ច​ប្រជុំ​សភា​ថ្មី​លើក​ដំបូង​នោះ​ទេ ​តើ​ព្រះ​រាជ​កិត្តិយស​របស់​ព្រះ​មហាក្សត្រ​នឹង​អាច​ប្រឡាក់​ប្រឡូសដែរ ​ឬ​ទេ ​ប្រសិន​បើ​ព្រះ​អង្គ​យាង​បើក​កិច្ច​ប្រជុំ​សភា​ដែល​មាន​តែ​ការ​ចូល​រួម​ជា​ឯកបក្ស​របស់​គណបក្ស​កាន់​អំណាច​នោះ?​

ព្រះ​អង្គម្ចាស់​ស៊ីសុវត្ថិ ​ធម្មិកោ​ហាក់​ដូច​ជា​មា​ន​បន្ទូល​ឆ្លើយ​ទៅ​នឹង​សំណួរ​ទាំង​នេះ។​

«បើ​សិន​ជា​ព្រះ​មហាក្សត្រ​សព្វ​ព្រះ​រាជ​ហឫទ័យ​ដោះ​ស្រាយ​គឺ​មាន​តែ​មុន​ប្រជុំ​សភា​ ដើម្បី​ទុក​លទ្ធ​ភាព​ឲ្យ​គណបក្ស​ទាំង​ពីរ​រក​ដំណោះ​ស្រាយ។ ​ហើយ​ដល់​ពេល​រក​ដំណោះ​ស្រាយ​បាន​ហើយ ​ពេល​នោះ​គឺ​កោះ​ប្រជុំ​សភា​ដោយ​មាន​ការ​ឯកភាព​របស់​គណបក្ស​ទាំង​ពីរ​ដែល​មាន​អាសនៈ​ក្នុង​សភា»។​

យោង​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា​ កិច្ច​ប្រជុំ​សភា​ដំបូង​ត្រូវ​ធ្វើ​ឡើង​យ៉ាង​យូរ​បំផុត​៦០​ថ្ងៃ​ក្រោយ​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ។​

មួយ​វិញ​ទៀត ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ចែង​ថា​ ព្រះ​មហាក្សត្រ​ទ្រង់​មាន​ព្រះ​រាជ​តួនាទី​ធានា​ដល់​ស្ថិរភាព ​និង​ការ​ឯក​ភាព​ជាតិ។​

ដោយ​ឈរ​លើ​មូលដ្ឋាន​នេះ ​លោក​អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អធិប្បាយ​ថា ​វា​ដល់​ពេល​វេលា​ដែល​ព្រះមហាក្សត្រ​ត្រូវ​កោះ​ប្រជុំ​កំពូល​គណបក្ស​ទាំង​ពីរ​ដែល​កំពុង​ស្ថិត​ក្នុង​អរិភាព​នឹង​គ្នា​នេះ​ជា​លក្ខណៈ​បន្ទាន់​បំផុត។​

«ខ្ញុំ​មើល​ទៅ​ព្រះ​ករុណា​គួរ​តែ​កោះ​ហៅ​មេ​ដឹក​នាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ​ដើម្បី​ជួប​ជុំ​គ្នា​ហើយ។​ បញ្ហា​ទាំង​អស់​នេះ​មិន​អាច​ដោះ​ស្រាយ​បាន​ក្រៅ​ពី​ដំណោះ​ស្រាយ​នយោបាយ​ទេ។ ​ហើយ​ដំណោះ​ស្រាយ​នយោបាយ​ធ្វើ​ទៅ​កើត​គឺ​មាន​តែ​គណបក្ស​ទាំង​ពីរ​ជួប​ជុំ​គ្នា ​និង​ជជែក​គ្នា​យក​ផល​ប្រយោជន៍​ជាតិ​ជា​ធំ»។​

លោក​ផៃ ​ស៊ីផាន ​រដ្ឋ​លេខា​ធិការ​ និង​ជា​អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ព្រះ​រាជ​វត្តមាន​របស់​ព្រះ​មហាក្សត្រ​នៅ​ពេលនេះ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​នយោបាយ​នៅ​កម្ពុជា។​

លោក​រំពឹង​ថា​ ​ព្រះអង្គ​នឹង​មាន​ព្រះ​រាជ​អន្តរាគមន៍​ក្នុង​វិបត្តិ​នៅ​ពេល​នេះ។​

«វា​ជា​វិជ្ជមាន​នៃ​ព្រះ​វត្តមាន​របស់​ព្រះ​មហាក្សត្រ។ ​ទាំង​អស់គ្នា​ដង្ហែ​តាម​ព្រះ​រាជ​តម្រិះរបស់​ព្រះ​មហា​ក្សត្រ។ ​ទាំង​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ដូច​ជា​គណបក្ស​សង្គ្រោះ​ជាតិ។ ​ដូច្នេះ​យើង​ទាំង​អស់​គ្នា​ចាត់​ទុក​ព្រះ​មហាក្សត្រ​ជា​ម្លប់​ដ៏​ត្រជាក់​មួយ​សម្រាប់​ប្រទេស​ជាតិ​របស់​យើង​តាម​រយៈ​សន្តិភាព​ ឯកភាព​ជាតិ»។​

គណបក្ស​សង្គ្រោះ​ជាតិបាន​ប្រកាស​ធ្វើ​មហា​បាតុកម្ម​បី​ថ្ងៃ​ជាប់គ្នា​ ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ចាប់​ពី​ថ្ងៃ​អាទិត្យ​ទី​១៥ ​ថ្ងៃ​ច័ន្ទ​ទី​១៦ ​និង​ថ្ងៃ​អង្គារ​ទី​១៧​ខែ​កញ្ញា​នេះ​ ដើម្បី​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត ​ខណៈ​ដែល​មិន​ទាន់​មាន​ដំណោះ​ស្រាយ​នយោបាយ​ណាមួយ​ដោយ​គណបក្ស​ទាំង​ពីរ​នោះ។ ​បាតុកម្ម​នេះ​អាច​ជា​កង្វល់​មួយ​ដែល​អាច​រុញច្រាន​វិបត្តិនយោបាយ​ឲ្យ​អូស​បន្លាយ​ទៅរក​ភាព​ជាប់​គាំង​បាន។​

ប៉ុន្តែ​លោក​សម ​រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ហាក់​ដូចជា​បង្ហាញ​ជំហរ​ទន់ភ្លន់ហើយ​រង់ចាំ​មើល​បាល់​ចេញ​ពី​ព្រះ​បាទរបស់​ព្រះ​មហាក្សត្រ។

«យើង​គោរព​ព្រះ​មហាក្សត្រ​ទាំង​អស់គ្នា។​ ដូច្នេះ​យើង​រង់ចាំ​ព្រះ​រាជ​បន្ទូល​យ៉ាង​ណា​ យើង​យក​ទៅ​គិត​ពិចារណា។ ​ចាំ​ទទួល​ព្រះ​រាជ​តម្រិះសិន​ សឹម​យើង​អត្ថាធិប្បាយ​ មិន​អាច​និយាយ​មុន​បាន​ទេ»។​

នៅ​ក្នុង​ពេល​នេះ ទាំង​គណបក្ស​ប្រជាជន​កម្ពុជា ​ទាំ​ង​គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​ដូច​ជា​នៅ​ទ្រឹង មិន​មាន​ការ​ចរចា​គ្នា​ណា​មួយ​ទៅ​រួចដើម្បី​ស្រាយ​ចំណង​នយោបាយ​នោះ​ទេ។

ដូច្នេះ​ការ​វិវត្ត​នយោបាយ​បែប​ណា​នោះ​គេ​នឹង​អាច​មើល​ឃើញ​តាម​រយៈ​ការ​ធ្វើ​មហា​បាតុកម្ម​ជា​លើក​ទី​២​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចុង​សប្តាហ៍​នេះ និង​តាម​រយៈ​ការ​សម្រេច​ព្រះ​ទ័យ​កោះ​អញ្ជើញ​ឲ្យ​មាន​ជំនួប​កំពូល​រវាង​មេ​ដឹក​នាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​តាម​សំណើ​របស់​គណបក្ស​ជំទាស់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG