ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រះមហាក្សត្រ​កោះ​ហៅ​លោក​ហ៊ុន​ សែន ​និង​លោក​សម រង្ស៊ី​ដោះស្រាយ​រឿង​នយោបាយ​នៅ​ថ្ងៃ​សៅរ៍

  • សុខ ខេមរា

ព្រះមហាក្សត្រនរោត្តម​សីហមុនី​យាង​ពី​ក្រុង​ប៉េកាំង​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។​
ព្រះមហាក្សត្រខ្មែរ​សម្តេច​ព្រះ​បរម​នាថ​នរោត្តម​សីហមុនី​បាន​កោះ​ហៅ​មេ​ដឹកនាំ​គណបក្សកាន់​អំណាច​គឺ​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន ​និង​មេ​ដឹកនាំ​គណបក្សជំទាស់​គឺ​លោក​សម ​រង្ស៉ី​ជួប​ប្រជុំ​គ្នា ​មុន​ពេល​សភា​ប្រជុំ​ដើម្បី​ដោះស្រាយ​ បញ្ហា​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​នេះ។​

ការ​កោះប្រជុំ​នេះ​គឺ​ធ្វើ​ឡើង​មុនពេល​ប្រជុំ​សភា​លើកដំបូង​ដែល​គេ​គិត​ថា​ អាច​ធ្វើ​ឲ្យ​មាន​ការ​ទម្លុះ​ទម្លាយ​ភាព​ទល់ច្រក​នយោបាយ។​

នៅ​ក្នុង​លិខិត​ដាច់​ដោយ​ឡែកៗ​ដើម្បី​កោះ​អញ្ជើញ​ឥស្សរជន​នយោបាយ​ទាំងពីរ​នោះ​ ព្រះ​មហាក្សត្រ​សម្តេច​ព្រះ​នរោត្តម​សីហមុនី​មាន​ព្រះរាជ​ បន្ទូល​ថា៖​ «ខ្ញុំសូម​អញ្ជើញ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន សែន​ អនុ​ប្រធាន​គណបក្ស​ ប្រជាជន​កម្ពុជា​រួមនឹង​សហការី​ចំនួន​០២​រូប​ទៀត​ចូលរួម​ប្រជុំ​ក្រោម​ព្រះរាជ​អធិបតី​ភាព​នៃ​ខ្ញុំ​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​ជាមួយ​ថ្នាក់​ដឹក​នាំ​កំពូល​ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​សៅរ៍​ទី១៤​ខែ​កញ្ញា​ឆ្នាំ​២០១៣​ វេលា​ម៉ោង​០៩​ព្រឹក ​នៅ​ព្រះ​មហា​ប្រាសាទ​ខេមរិន្ទ​ ក្នុង​ព្រះបរម​រាជវាំង»។

ជាការ​ឆ្លើយ​តប​ភ្លាមៗ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​យល់​ព្រម​ទៅ​តាម​ការ​ កំណត់​ដោយ​ទូល​ថ្វាយ​ព្រះ​មហា​ក្សត្រ​បន្ថែម​ថា​ លោក​នឹង​ដឹក​នាំ​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​លោក​ ០២​នាក់​ទៀត​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​តាម​កាល​កំណត់។ ​មន្ត្រីទាំង​ពីរ​រូប​នោះ​គឺ​លោក​សាយ ឈុំ​ អគ្គលេខាធិការ​គណបក្ស​និង​លោក​ឧបនាយក​រដ្ឋមន្ត្រី​ស ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ។​

ព្រះ​មហាក្សត្រ​ខ្មែរ​បាន​ឡាយលិខិត​អញ្ជើញ​លោក​សម រង្ស៉ី​ដូចគ្នា​នេះ​ដែរ​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ។​

តែ​មន្ត្រី​គណបក្ស​ជំទាស់​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​យ៉ាងណា​ទេ។ ​លោក ​យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​សម្រេច​នៅ​ថ្ងៃ​សុក្រ​ក្រោយពី​កិច្ច​ប្រជុំ​គណៈ​អចិន្ត្រៃយ៍​គណបក្ស។​

ទោះជា​យ៉ាង​ណា​ក៏​ដោយ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ជំទាស់​ខ្លះ​បាន​អះអាង​ថា​ ពួកគេ​នឹង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ដែល​កោះ​អញ្ជើញ​ដោយ​ព្រះ​មហា​ក្សត្រ​តែ​ការ​ជួប​គ្ន​ានោះ​ពួកគេ​នៅតែ​ទាមទារ​ឲ្យ​មាន​ការ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​ដើម្បី​ស៊ើប អង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះឆ្នោត​ដែល​គណបក្ស​ជំទាស់​បាន​ច្រាន​ចោល​លទ្ធផល​បោះឆ្នោត​ដែល​គណបក្ស​ប្រជាជន​ឈ្នះ​នោះ។​

ការ​អញ្ជើញ​មេ​ដឹកនាំ​នយោបាយ​ជួប​ប្រជុំ​នេះ​កើត​ឡើង​ក្រោយ​ពេល​ដែល​គណបក្ស​ជំទាស់​ព្រមាន​មិន​ចូលរួម​ប្រជុំ​សភា​លើក​ដំបូង​ដែល​ពហិកា​នេះ​អាច​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ពិបាក​បង្កើត​សភា​និង​រដ្ឋាភិបាល​ថ្មី​មួយ​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ។​

ការ​កោះ​ប្រជុំ​នេះ​ធ្វើឡើង​ចំ​ពេល​ដែល​គណបក្ស​កាន់​ជំទាស់​ព្រមាន​ធ្វើ​បាតុកម្ម​បីថ្ងៃ​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ដែល​គ.ជ.ប.​បាន​ប្រកាស​ថា​ គណបក្ស​កាន់​អំណាច​ឈ្នះ​៦៨​អាសន:​ និង​គណបក្ស​ ជំទាស់​ឈ្នះ​៦៣​អាសន:។​

ព្រះ​មហា​ក្សត្រ​ត្រូវ​កោះប្រជុំ​សភា​ដំបូង​នៅ​ថ្ងៃ​ទី២៣​ខែ​កញ្ញា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG