បាតុកម្មអហិង្សាថ្ងៃដំបូងបានបញ្ចប់ដោយគ្មានហិង្សានិងគ្មានការរំខានធំដុំ
មហាបាតុកម្មលើកដំបូងរបស់គណបក្សសង្គ្រោះជាតិបានបិទបញ្ចប់ទៅតាមការគ្រោងទុកដោយមិនមានការដើរហែក្បួនកណ្តាលទីក្រុងភ្នំពេញទេ។ គណបក្សសង្គ្រោះជាតិបានកំណត់យកថ្ងៃសៅរ៍នេះជាថ្ងៃដំបូងនៃការធ្វើមហាបាតុកម្មជាលើកដំបូងដោយអហិង្សាដើម្បីទាមទារឲ្យរដ្ឋាភិបាល គណៈកម្មការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញ បង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីក្រោយការបោះឆ្នោតដោយមានការចូលរួមពីអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក។ មេដឹកនាំគណបក្សសង្គ្រោះជាតិបានសន្យាចំពោះក្រុមបាតុករថា លោកនឹងដាក់ជីវិតដើម្បីទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោត ប្រសិនណាបើការទាមទាររបស់ខ្លួនបានទទួលបរាជ័យ។ លោកហេង រស្មី នៃវីអូអេ រាយការណ៍ពីរាជធានីភ្នំពេញ៕